មេដឹកនាំបក្សប្រឆាំងអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវការកម្លាំងយោធាចិន ដើម្បីការពារអំណាចរបស់ខ្លួន ដូច្នេះបានជាលោកដាក់កម្ពុជានៅក្រោមអាណានិគមរបស់ចិន។ របបក្រុងភ្នំពេញបានច្រានចោលការលើកឡើងនេះ និងថា លោក សម រង្ស៊ី ទំនងជាមានបញ្ហាខួរក្បាលទើបបានជាថ្លែងសារបែបនេះ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មានប្រសាសន៍ថា មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន សប្បាយចិត្តក្នុងការដាក់កម្ពុជាក្រោមការគ្រប់គ្រងរបស់ចិន ដោយសារមូលហេតុ ២យ៉ាង។ ទីមួយ លោក ហ៊ុន សែន ខ្ចីបំណុលពីចិនច្រើនពេក ហើយគ្មានលទ្ធភាពសង ដូច្នេះលោកគ្មានអ្វីក្រៅពីប្រគល់ទឹកដីខ្មែរឱ្យទៅចិនគ្រប់គ្រងនោះឡើយ។ ទីពីរ លោក ហ៊ុន សែន ត្រូវការកម្លាំងយោធារបស់ចិន ដើម្បីត្រៀមបង្ក្រាបកម្លាំងខ្មែរអ្នកស្នេហាជាតិ ដែលចង់ទាមទារសេរីភាព យុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ ឬក្រុមអ្នកចង់ទម្លាក់លោកចេញពីអំណាច។
លោកយល់ថា លោក ហ៊ុន សែន បានជ្រុលខ្លួនក្នុងរឿងនេះហើយ ទើបមិនអាចដកខ្លួនចេញពីកណ្ដាប់ដៃរបស់ចិនបាន។ លោកបន្តថា អ្វីដែលចិនចង់បានខ្លាំងជាងគេពីកម្ពុជានោះ គឺមូលដ្ឋានយោធា សម្រាប់គំរាមកំហែង ឬឈ្លានពានប្រទេសជិតខាង។ មេដឹកនាំបក្សប្រឆាំងរូបនេះជឿជាក់ថា ដើម្បីឱ្យចិនបញ្ឈប់ការសាងសង់មូលដ្ឋានទ័ពរបស់ខ្លួននៅកម្ពុជា សហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរ ត្រូវតែដកលោក ហ៊ុន សែន ចេញពីតំណែងជាបន្ទាន់។ លោកបន្ថែមថា ការធ្វើបែបនេះ ក៏ដើម្បីឱ្យកម្ពុជាប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យភាពរបស់ខ្លួន ស្របតាមកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ផងដែរ។
លោក សម រង្ស៊ី ថ្លែងបែបនេះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅថ្ងៃទី២២ កក្កដា បន្ទាប់ពីសារព័ត៌មានដ៏ធំមួយរបស់សហរដ្ឋអាមេរិកឈ្មោះ Wall Street Journal បានចុះផ្សាយថា របបលោក ហ៊ុន សែន បានចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួយរដ្ឋាភិបាលចិន កាលពីប៉ុន្មានខែមុននេះ ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងក្នុងមូលដ្ឋានទ័ពជើងទឹករាមរបស់កម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន សម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ។ លោកថា ការឡើងកាន់អំណាច ឬរក្សាអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើងតាមរយៈការបោះឆ្នោត។ លោកបន្តថា ការអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងពលរដ្ឋខ្មែរដកនាយករដ្ឋមន្ត្រីចេញពីអំណាចនោះ គឺជាគំនិតបែបវិកលចរិត។ លោកទទួលស្គាល់ថា កម្ពុជាខ្ចីលុយច្រើនពីប្រទេសចិនមែន ក៏ប៉ុន្តែកម្ពុជាមានលទ្ធភាពសងចិនវិញ មិនមែនយកអធិបតេយ្យជាតិទៅប្ដូរនោះឡើយ៖ «ការលើកឡើងនេះ វាបង្ហាញពីលក្ខណៈរបស់ សម រង្ស៊ី លែងជាអ្នកនយោបាយហើយ ទៅជាអ្នកវិកលចរិតនយោបាយទៅវិញ ដ្បិតការរក្សាអំណាច ការឡើងទៅកាន់អំណាចតាមរយៈការបោះឆ្នោតនៃការជ្រើសរើសរបស់មហាជន មិនមែនដោយសារបរទេសណានោះទេ។ ខុសប្លែកពីសម រង្ស៊ី ដែលតែងតែយកបរទេសដើម្បីឱ្យគេជូនមក ដើម្បីឱ្យខ្លួនឯងកាន់អំណាច»។
របបលោក ហ៊ុន សែន បានបដិសេធថា របបនេះមិនបានហត្ថលេខាជាសម្ងាត់ណាមួយជាមួយប្រទេសចិន ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជានោះឡើយ។ របបនេះបានចាត់ទុកការចុះ ផ្សាយព័ត៌មាននេះថា ជាការបំផ្លើសព័ត៌មានដើម្បីប្រឆាំងនឹងខ្លួន។
ទោះជាយ៉ាងណា កាសែត Wall Street Journal បានចុះផ្សាយដោយស្រង់សម្ដីមន្ត្រីសហរដ្ឋអាមេរិកថា សេចក្ដីព្រាងនៃកិច្ចព្រមព្រៀងបង្ហាញថា របបក្រុងភ្នំពេញបានផ្ដល់សិទ្ធិផ្ដាច់មុខឱ្យភាគីចិន កាន់កាប់ផ្ទៃដី ២៥ហិកតារនៃផ្ទៃដីសរុបជាង ៧០ហិកតារនៃមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។ សេចក្ដីព្រាងនេះបានអនុញ្ញាតឱ្យកងទ័ពចិនប្រើប្រាស់មូលដ្ឋានទ័ពនោះ រយៈពេល ៣០ឆ្នាំ ហើយកុងត្រានេះអាចបន្តទៀតដោយស្វ័យប្រវត្តិ ជារៀងរាល់ ១០ឆ្នាំម្តង បន្ទាប់ពីនោះ។ ប្រភពដដែលឱ្យដឹងទៀតថា របបលោក ហ៊ុន សែន បានអនុញ្ញាតឱ្យភាគីចិនដាក់កងទ័ព និងរក្សាទុកអាវុធយុទ្ធភណ្ឌ និងនាវាចម្បាំងរបស់ខ្លួននៅលើទីតាំងនោះទៀតផង។ ជាងនេះទៅទៀត របបក្រុងភ្នំពេញបានអនុញ្ញាតឱ្យមន្ត្រីយោធាចិនកាន់កាប់អាវុធ និងកាន់លិខិតឆ្លងដែនកម្ពុជា ហើយបើពលរដ្ឋខ្មែរណាចង់ចូលទៅទីតាំងដី ២៥ហិកតារក្រោមការគ្រប់គ្រងរបស់ចិនក្នុងមូលដ្ឋានទ័ពជើងទឹករាមនោះ គឺត្រូវតែសុំការអនុញ្ញាតពីភាគីចិនជាមុនសិន។
អនុប្រធានសមាគមបណ្ដាញយុវជនកម្ពុជា និងជាអ្នកសិក្សាផ្នែកសិទ្ធិមនុស្សអន្តរជាតិ លោក ស ម៉ូរី ថ្លែងថា កម្ពុជាជាប្រទេសយុទ្ធសាស្ត្រសំខាន់សម្រាប់ចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងបរិបទនៃជម្លោះសមុទ្រចិនខាងត្បូង។ លោកបន្តថា ការមានមូលដ្ឋានទ័ពនៅកម្ពុជា នឹងជួយពង្រីកឥទ្ធិពលរបស់ចិនកាន់តែខ្លាំងក្នុងការគ្រប់គ្រងតំបន់ជម្លោះ ហេតុដូច្នេះហើយទើបក្រុងប៉េកាំងផ្ដល់ជំនួយច្រើនសន្ធឹកសន្ធាប់ដល់រដ្ឋាភិបាលកម្ពុជា និងសន្យាជួយកម្ពុជាគ្រប់កាលៈទេសៈ ដើម្បីឱ្យកម្ពុជាជួយគាំទ្រចិនវិញ។
លោកបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពបែបនេះកម្ពុជារឹតតែត្រូវរក្សានូវអព្យាក្រឹត្យរបស់ខ្លួន ដោយមិនអាចបង្ហាញជំហរលម្អៀងខ្លាំងទៅរកក្រុងប៉េកាំង ដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើនោះឡើយ។ មូលហេតុ គឺដោយសារដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតនៅអាមេរិក និងអឺរ៉ុប មិនមែនចិនឡើយ ហើយក្រុមប្រទេសលោកខាងលិចទាំងនេះ កំពុងព្យាយាមរាំងខ្ទប់ឥទ្ធិពលរបស់ចិន ដែលកំពុងលេចត្រដែតឡើងលើឆាកអន្តរជាតិ។ លោកសង្កត់ធ្ងន់ថា បើកម្ពុជាជ្រើសរើសយកចិនជាខ្នងបង្អែកតែមួយ នោះមានន័យថា កម្ពុជានឹងត្រូវប្រឈមមុខជាមួយមហាអំណាចលោកខាងលិច ហើយកម្ពុជានឹងខាតបង់ប្រយោជន៍ជាតិរបស់ខ្លួនដោយសារតែជំហរបែបនេះ៖ «គោលនយោបាយការបរទេសដែលពឹងផ្អែកលើប្រទេសតែម្ខាង អត់ជោគជ័យទេ។ ទាល់តែយើងធ្វើយ៉ាងម៉េចធានាថា គោលនយោបាយការបរទេសរបស់យើង គឺត្រូវតែមានតុល្យភាពរវាងមហាអំណាចណាមួយ។ អ៊ីចឹងប្រវត្តិសាស្ត្រកន្លងមកនេះ អាចឱ្យយើងរៀនសូត្របានថា បើគោលនយោបាយរបស់យើងពឹងផ្អែកទៅលើប្រទេសមហាអំណាចណាមួយ គឺយើងអត់បានសុខនោះទេ។ អ៊ីចឹងហើយ ខ្ញុំគិតថា ប្រទេសកម្ពុជាត្រូវតែធ្វើកំណែទម្រង់ជាចាំបាច់ ហើយត្រូវធ្វើយ៉ាងម៉េចធានាតុល្យភាពរវាងគោលនយោបាយការបរទេសទាំងអស់ហ្នឹង»។
ជាងកន្លះសតវត្សមកនេះ មហាអំណាចកុម្មុយនិស្តចិនបានលូកដៃយ៉ាងជ្រៅក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចរបស់ខ្មែរ ហើយអន្តរាគមន៍របស់ចិនច្រើនតែផ្ដល់ទុក្ខទោស ជាជាងការនាំមកនូវប្រយោជន៍ពិតប្រាកដដល់ប្រជាជាតិដ៏កម្សត់មួយនេះ។
ជាឧទាហរណ៍ អំឡុងទសវត្សទី៧០ ក្រុងប៉េកាំងបានផ្ដល់ជំនួយដល់ក្រុមឧទ្ទាមខ្មែរក្រហមក្នុងការច្បាំងទល់នឹងទាហានសាធារណរដ្ឋខ្មែរ រហូតទទួលបានជ័យជំនះឡើងកាន់អំណាច។ ពេញមួយសម័យខ្មែរក្រហម ចិនគឺជាខ្នងបង្អែក ដែលផ្ដល់ទាំងលុយកាក់ និងគ្រឿងសព្វាវុធដល់របបអាវខ្មៅមួយនេះ ដែលបណ្ដាលឱ្យប្រជាពលរដ្ឋខ្មែររាប់លាននាក់ត្រូវស្លាប់បាត់បង់ជីវិត។ ក្រោយការដួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ចិនកុម្មុយនិស្តបានបន្តជួយក្រុមខ្មែរក្រហមនៅតាមព្រំដែនខ្មែរ-ថៃ ឱ្យច្បាំងទល់នឹងទាហានវៀតណាម និងទាហានរបប ហេង សំរិន រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសឆ្នាំ១៩៩១។
ឥទ្ធិពលរបស់ក្រុងប៉េកាំងលើកម្ពុជា ហាក់បានថមថយបន្តិចនៅអំឡុងទស្សវត្សទី៩០ ក៏ប៉ុន្តែបានលេចត្រដែតឡើងវិញ ក្រោយពេលលោក ហ៊ុន សែន កម្ទេចគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានដោយជោគជ័យ ហើយបានចាប់យកមហាអំណាចកុម្មុយនិស្តមួយនេះ ជាខ្នងបង្អែកដ៏រឹងមាំរបស់ខ្លួន។
នៅក្នុងដំណាក់កាលចុងក្រោយនេះវិញ ចិនបានប្រកាសគាំទ្ររបបក្រុងភ្នំពេញចំពោះចំណាត់ការចាប់ខ្លួនលោក កឹម សុខា រំលាយគណបក្សសង្គ្រោះជាតិ និងរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ ជាពិសេសមហាអំណាចកុម្មុយនិស្តមួយនេះ បានប្រកាសគាំទ្រការបោះឆ្នោតបែបបង្គ្រប់កិច្ច ដែលរបបក្រុងភ្នំពេញបានរៀបចំឡើង ដើម្បីប្រមូលយកអំណាចរដ្ឋទាំងអស់មកកាន់កាប់តែម្នាក់ឯង។
ទង្វើរបស់ក្រុងប៉េកាំងនេះ ត្រូវបានសហគមន៍អន្តរជាតិចាត់ទុកថា ថាជាការចូលដៃគាស់រំលើងគ្រឹះប្រជាធិបតេយ្យនៅកម្ពុជា ហើយតាមរយៈការជួយជ្រោមជ្រែងពីចិននេះឯង ទើបក្រុមមេដឹកនាំរបបក្រុងភ្នំពេញ ទទួលបានជោគជ័យក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសឯកបក្ស ប្រាសចាករដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។