មន្ត្រី​​វៀតណាម៖ លោក សម រង្ស៊ី ហាក់​ប្ដូរ​យុទ្ធសាស្ត្រ​ថ្មី​លើ​ជនជាតិ​វៀតណាម

0:00 / 0:00

ជនជាតិ​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា​មាន​ចំនួន​ភាគ​ច្រើន​ជាង​ជនជាតិ​ភាគ​តិច​ដទៃ​ទៀត ដែល​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​ខ្លះ​រស់​នៅ​ស្របច្បាប់ និង​ភាគច្រើន​ទៀត​រស់​នៅ​ជា​ជនអន្តោប្រវេសន៍​ខុស​ច្បាប់។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​ថា បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ កាន់​អំណាច​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​ឲ្យ​ជនជាតិ​វៀតណាម មាន​ដើម​កំណើត​កម្ពុជា មាន​សញ្ជាតិ​ស្រប​ច្បាប់។ តែ​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី នេះ បែរ​ជា​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម មិន​ចាប់​អារម្មណ៍​ទៅ​វិញ។

មន្ត្រី​នាំ​ពាក្យ​នៃ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លើក​ឡើង​ថា លោក សម រង្ស៊ី ហាក់​បី​ដូច​ជា​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ​នយោបាយ​ថ្មី​លើ​ជនជាតិ​វៀតណាម រស់​នៅ​លើ​ទឹក​ដី​កម្ពុជា។

​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់ថុង មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​ប្រសាសន៍​របស់​លោក សម រង្ស៊ី នៅ​ពេល​នេះ​ទេ។ លោក​បញ្ជាក់​ថា លោក សម រង្ស៊ី កន្លង​មក​បាន​យល់​ច្រឡំ​ជាច្រើន​អំពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា ហើយ​បញ្ហា​ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​វៀតណាម ឬ​យ៉ាង​ណា​នោះ វា​អាស្រ័យ​លើ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​របស់​ខ្លួន និង​ច្បាប់​អន្តរជាតិ ទោះ​បី​ជា​អ្នក​ណា​ដឹកនាំ​ប្រទេស​ក៏ដោយ៖ «ដូច្នេះ​បើ​ការ​លើក​ពី​ការ​ទទួល​ស្គាល់​សញ្ជាតិ​កម្ពុជា ជា​រឿង​មួយ ខ្ញុំ​គិត​ថា អ្នក​ណា​ជា​អ្នក​ដោះស្រាយ​ជា​អ្នក​ដឹក​នាំ គឺ​ត្រូវ​ដោះស្រាយ​យោង​ទៅ​លើ​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ»

​ការ​លើក​ឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា​នេះ នៅ​បន្ទាប់ពី​លោក សម រង្ស៊ី បាន​ផ្ដល់​បទសម្ភាសន៍​ដល់​កាសែត​បរទេស​មួយ​ថា បើ​លោក​ដឹកនាំ​ប្រទេស លោក​នឹង​ផ្ដល់​សញ្ជាតិ​ឲ្យ​វៀតណាម ដើម​កំណើត​កម្ពុជា។ លោក សម រង្ស៊ី មាន​ប្រសាសន៍​ថា ប្រជាជន​វៀតណាម ប្រមាណ ៥​សែន​នាក់ ក្នុង​នោះ​មាន​ប្រមាណ​ជា​ពាក់​កណ្ដាល​អាច​បំពេញ​បាន​លក្ខខណ្ឌ​ច្បាប់ ដើម្បី​ក្លាយ​ជា​ពលរដ្ឋ​កម្ពុជា។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី នេះ ចង់​បង្ហាញ​ថា លោក​មិន​ចាត់​ទុក​វៀតណាម ជា​សត្រូវ​ទេ និង​ចង់​ឲ្យ​វៀតណាម ស្ងប់​ចិត្ត ដើម្បី​ធានា​ថា នៅ​ពេល​រដ្ឋាភិបាល​ថ្មី​កាន់​អំណាច​មិន​មាន​ការ​រើសអើង​លើ​ជនជាតិ​វៀតណាម នោះ​ទេ៖ «មិន​មែន​តែ CPP ទេ​ដែល​ជួយ​វៀតណាម បក្ស​លោក (សម រង្ស៊ី) ក៏​ជួយ​ដែរ ពេល​ណា​លោក​ឈ្នះ​អំណាច ដើម្បី​អី ដើម្បី​ឲ្យ​វៀតណាម នៅ​កម្ពុជា ស្ងប់​អារម្មណ៍ កុំ​មាន​បញ្ហា​អី​ច្រឡោត​មិន​ទុក​ចិត្ត​លើ​បក្ស​ថ្មី ដែល​កាន់​អំណាច​ធ្វើ​ឲ្យ​ខ្លួន (វៀតណាម) គ្មាន​ជម្រក ឬ​ក៏​មាន​ការ​បណ្ដេញ​ចេញ»

អ្នកវិភាគ​ពន្យល់​ថា នៅ​ក្នុង​បរិបទ​នយោបាយ​សម័យ​បច្ចុប្បន្ន​គឺ​ខុស​ពី​កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៧៥ ដែល លន់ នល់ បាន​សម្លាប់​ជនជាតិ​វៀតណាម។ វៀតណាម​រត់​ចាក​ចេញពី​កម្ពុជា នៅ​ពេល​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ប្រទេស ក៏ប៉ុន្តែ​នៅ​ក្នុង​សតវត្ស​ទី​២១​នេះ​វិញ មិន​មែន​ជា​ការ​ផ្លាស់ប្ដូរ​របប​ទេ គឺ​ជា​ការ​ផ្លាស់ប្ដូរ​ថ្នាក់​ដឹកនាំ​នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ បញ្ហា​នេះ​មិន​អាច​ថា អ្នក​ដឹកនាំ​ប្រទេស ប្រើ​សិទ្ធិ​របស់​ខ្លួន​ដើម្បី​គាបសង្កត់ ឬ​ធ្វើ​បាប​ទៅ​លើ​ជាតិ​សាសន៍​ណាមួយ​បាន​ដូច​សម័យ ប៉ុល ពត នោះ​បាន​ឡើយ។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត សុខ ទូច បាន​លើក​ឡើង​ថា ការ​សំដែង​មិន​ចាប់​អារម្មណ៍​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម​នេះ ដោយសារ​តែ​លោក​គិត​ថា គណបក្ស​កុម្មុយនិស្ត​វៀតណាម បាន​ចង​សម្ព័ន្ធ​មិត្ត​យ៉ាង​រឹង​មាំ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៖ «គណបក្ស​មួយ​ទៀត​គេ​យល់​ថា គេ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ ហើយ​ជឿ​ទៅ​ថា គេ​នៅ​តែ​មាន​ភក្ដី​ភាព​ជាមួយ​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​មួយ​មាន​ឫសគល់ យើង​ដឹង​ហើយ​ថា គណបក្ស​កុម្មុយនីស្ត​កើត​ចេញ​ពី​វៀតណាម នៅ​ឆ្នាំ​១៩៣០ ហើយ​បាន​បំបែក​ខ្លួន​នៅ​ឆ្នាំ​១៩៥១ ហើយ​ក៏​នៅ​តែ​ជា​សម្ព័ន្ធ​មិត្ត​របស់​បក្ស​ឥណ្ឌូចិន​ដដែល»

​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មាន​ប្រសាសន៍​ពី​សហរដ្ឋអាមេរិក​មក​ថា ការ​ផ្ដល់​សញ្ជាតិ​ឲ្យ​ជនបរទេស​ណា​មួយ​​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ប្រទេស​នោះ គឺ​អនុវត្ត​ទៅ​តាម​ច្បាប់​សញ្ជាតិ​ដែល​មាន​ជា​ធរមាន​របស់​កម្ពុជា និង​ច្បាប់​អន្តោប្រវេសន៍។ ការ​អនុវត្ត​នេះ​មិន​សំដៅ​ទៅ​លើ​ជនជាតិ​ណា​មួយ​នោះ​ឡើយ៖ «សម្រាប់​ខ្ញុំ គឺ​យើង​អត់​និយាយ​ថា វៀតណាម ឬ​មិន​វៀតណាម ទេ យើង​គោរព​តាម​ច្បាប់​អន្តោប្រវេសន៍​របស់​យើង កាល​ណា​អ្នក​ណា​ចូល​មក​តាម​ច្បាប់ យើង​ត្រូវ​គោរព​តាម​ច្បាប់ អ្នក​ណា​មក​អន្តោប្រវេសន៍ មិន​ថា​ជនជាតិ​ណា​ទេ គឺ​យើង​មាន​ច្បាប់​របស់​យើង​តើ?»

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា លំហូរ​នៃ​ជនអន្តោប្រវេសន៍​វៀតណាម​មក​កម្ពុជា បាន​បង្ក​បញ្ហា​ជា​ច្រើន ដូចជា​អំពើ​អសន្តិសុខ​សង្គម បញ្ហា​រំលោភ​បំពាន​ព្រំដែន និង​ការ​ដណ្ដើម​មុខ​របរ​រក​ស៊ី​របស់​ខ្មែរ​ជាដើម។

​ច្បាប់​សញ្ជាតិ​មាត្រា ៨ ចែង​ថា ជន​បរទេស​ដែល​អាច​សុំ​សញ្ជាតូបនីយកម្ម​បាន​ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​ត្រូវ​មាន​លិខិត​បញ្ជាក់​ថា មាន​គំនិត​មាយាទ និង​សីលធម៌​ល្អ ដែល​ចេញ​ដោយ​មេ​ឃុំ ឬ​ចៅសង្កាត់​នៃ​លំនៅឋាន​របស់​ខ្លួន។ មាន​លិខិត​ថ្កោលទោស​បញ្ជាក់​ថា ពុំ​ដែល​មាន​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ មាន​លិខិត​បញ្ជាក់​ថា ជន​នោះ​មាន​លំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ស្នាក់​នៅ​ជាប់ ៧​ឆ្នាំ ដែល​គិត​ពី​ថ្ងៃ​ដែល​បាន​ទទួល​ប័ណ្ណ​ស្នាក់​នៅ​ចេញ​ឲ្យ​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​ស្ដីពី​អន្តោប្រវេសន៍។ មាន​ទីលំនៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ពេល​ដាក់​ពាក្យ​ស្នើសុំ​សញ្ជាតូបនីយកម្ម។ ចេះ​និយាយ​ភាសា​ខ្មែរ ចេះ​អក្សរ​ខ្មែរ និង​យល់ដឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​ខ្លះៗ ហើយ​បង្ហាញ​ភស្តុតាង​ច្បាស់​ថា ខ្លួន​អាច​រស់នៅ​ក្នុង​សង្គម​ខ្មែរ​ដោយ​សុខដុម ព្រមទាំង​ទទួល​បាន​នូវ​ទំនៀម​ទម្លាប់ និង​ប្រពៃណី​ល្អ​របស់​ខ្មែរ។ មាន​បញ្ញា និង​កាយសម្បទា​ដែល​មិន​នាំ​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​នាំ​ឲ្យ​មាន​បន្ទុក​ដល់​ជាតិ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ពន្យល់​ថា ជនបរទេស​គឺ​ជា​បញ្ហា​មួយ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ មិន​ថា​ជនជាតិ​អ្វី​ទេ​ដែល​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ការ​អនុវត្ត​ច្បាប់​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ជា​រឿង​ចាំបាច់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា ទោះ​បី​ជា​អ្នក​ណា​ដឹក​នាំ​ប្រទេស​ក៏ដោយ ក៏ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា កម្ពុជា​មិន​ទាន់​បាន​អនុវត្ត​ច្បាប់​នេះ​ឲ្យ​បាន​ពេញលេញ​នៅ​ឡើយ៖ «ចិន ក៏​អ៊ីចឹង​ដែរ ចិន ចូល​មក​យើង​ច្រើន​ណាស់ អ្នក​ខ្លះ​ចូល​សញ្ជាតិ​ខ្មែរ​យើង បរទេស​ចូល​សញ្ជាតិ​ខ្មែរ ដើម្បី​ទិញ​ដី​ទិញ​អី អា​ហ្នឹង​ដោយសារ​អំពើ​ពុក​រលួយ ខ្ញុំ​មើល​ទៅ​ជា​បញ្ហា​មែន​ទែន អា​ហ្នឹង​ទាល់​តែ​យើង​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ឲ្យ​បាន​ច្បាស់​លាស់»

​ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​កម្ពុជា គឺ​ជា​ប្រធានបទ​ក្ដៅ​មួយ​ដែល​គណបក្ស​ប្រឆាំង​ចោទ​ប្រកាន់​កន្លង​មក​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​វៀតណាម រស់​នៅ​ខុសច្បាប់​នោះ។ អង្គការ​ការពារ​ជនជាតិ​ភាគ​តិច​បាន​រក​ឃើញ​ថា ជនជាតិ​វៀតណាម ចូល​មក​កម្ពុជា មាន​បី​សណ្ឋាន ទី​១ វៀតណាម​មាន​និន្នាការ​សេរី រត់​គេច​ពី​ការ​តាម​ចាប់​ខ្លួន​ពី​រដ្ឋាភិបាល​កុម្មុយនិស្ត​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា ឬ​អាច​បន្ត​ទៅ​ប្រទេស​ទី​បី។ ទី​២ ចូល​មក​សួរ​សុខទុក្ខ​បងប្អូន ឬ​ចូល​មក​ក្នុង​នាម​ជា​ភ្ញៀវ​ទេសចរ និង​ទី​៣ ជនជាតិ​វៀតណាម​ចូល​កម្ពុជា ដើម្បី​ប្រកប​មុខ​របរ​រក​ស៊ី និង​ប្រកប​អាជីវកម្ម​ផ្សេងៗ ក្នុង​នោះ​ក៏​មាន​អ្នក​រក​ស៊ី​ខុស​ច្បាប់​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។