គ្រួសារលោក ស ខេង កំពុងគ្រប់គ្រងក្រសួងមហាផ្ទៃតាមបែបគ្រួសារនិយម ។ កូនបង្កើតនិងកូនប្រសាររបស់លោក ស ខេង សុទ្ធតែកាន់តួនាទីធំៗនៅក្នុងក្រសួងមហាផ្ទៃ។ អ្នកឃ្លាំមើល ចាត់ទុកការបង្កើតគ្រួសារនិយមនៅក្នុងក្រសួងមហាផ្ទៃនេះ គឺជាគំរូអាក្រក់ និងនាំឲ្យមានអំពើពុករលួយធ្ងន់ធ្ងរ។
ក្រសួងមហាផ្ទៃដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់លោក ស ខេង ជាង៣ទសវត្សរ៍កន្លងមកមកនោះ នៅពេលនេះ ក្រសួងមហាផ្ទៃ បានក្លាយជាក្រសួងគ្រួសាររបស់លោកស្ទើរផ្តាច់មុខ។កូនៗរបស់លោក ស ខេង ទាំងកូនបង្កើតនិងកូនប្រសារ កំពុងក្តោបក្តាប់តួនាទីសំខាន់ៗពេញនៅក្នុងក្រសួងមហាផ្ទៃ បើទោះបីជាអតីតរដ្ឋមន្ត្រីរូបនេះ ក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គព្រះមហាក្សត្រក្តី។
កូនប្រុសច្បងគឺលោក ស សុខា កំពុងកាន់តែតួនាទីជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបន្តពីឪពុក ខណៈប្រពន្ធរបស់លោក គឺអ្នកស្រី កែ សួនសុភី ត្រូវបានតែងតាំងតួនាទីជាប្រធានកិត្តិយសក្រុមការងារយេនឌ័ររបស់ក្រសួងមហាផ្ទៃ។ អ្នកស្រី កែ សួនសុភី គឺជាអ្នកជំនួញដែលគ្រប់គ្រង ក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនវិនិយោគហិរញ្ញវត្ថុហ្គោលអេហ្វអិកស៍ អ៊ិនវេសម៉ិន (GoldFX investment co.,LTD)ដែលរងការប្តឹងពីអ្នកដាក់លុយវិនិយោគរាប់ពាន់ពាក់ព័ន្ធនឹងការឆបោកលុយប្រមាណ២៧លានដុល្លារអាមេរិក។
ចំណែកកូនប្រសារប្រុសរបស់លោក ស ខេង និងត្រូវជាប្អូនជីដូនមួយរបស់លោក គឺលោក ស ថេត វិញ លោក កំពុងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ខណៈប្រពន្ធរបស់លោកគឺអ្នកស្រី ស ស៊ីណា មានឋានន្តរសក្តិជាឧត្តមសេនីយ៍ទោ និងកាន់តែតួនាទីអនុប្រធាននាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃដែលមានអំណាចគ្រប់គ្រងលុយកាក់របស់ក្រសួងមួយនេះ។
ថ្មីៗនេះ អ្នកស្រី កែ សួនសុភី និងអ្នកស្រី ស ស៊ីណា រួមទាំងលោក ស ថេត ក្នុងឋានៈជាគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃបានអមដំណើរលោក ស សុខា ទៅ បំពេញទស្សនកិច្ចការងារនៅប្រទេសស្វីស (Switzerland) និងប្រទេសអាល្លឺម៉ង់(Germany) ដែលមើលទៅហាក់ដូចជាដំណើរកម្សាន្តបែបគ្រួសាររបស់លោក។
ងាកមកមើលកូនប្រុសពៅរបស់លោក ស ខេង គឺលោក ស រដ្ឋា វិញ លោក ក៏ទទួលបានតួនាទីជាន់ខ្ពស់នៅក្នុងក្រសួងមហាផ្ទៃលឿនស្លេវមិនចាញ់បងៗរបស់លោកឡើយ។ លោក ស រដ្ឋា កំពុងកាន់តួនាទីជាអគ្គស្នងការរងនគរបាលជាតិផង និងជាស្នងការនគរបាលខេត្តព្រះសីហនុផង ដែលត្រូវបានគេចាត់ទុកថា ជាខេត្តខ្លាញ់មួយសម្រាប់មន្ត្រីគ្រាក់ៗមួយចំនួន រកលុយដាក់ហោប៉ៅតាមបែបពុករលួយ។ រីឯប្រពន្ធរបស់លោក ស រដ្ឋា គឺអ្នកស្រី កាំង ណៃកួយ គឺជាអ្នកជំនួញផ្នែកអចលនទ្រព្យ។
មិនខុសពីក្រុមគ្រួសាររបស់លោក ហ៊ុន សែន និងមន្ត្រីកំពូលៗរបស់បក្សកាន់អំណាចផ្សេងទៀតនោះទេ ក្រុមគ្រួសារលោក ស ខេង គឺមួយក្រុមជាអ្នកកាន់អំណាចគ្រប់គ្រងកងកម្លាំងនគរបាលជាតិលើវិស័យសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សាធារណៈ និងមួយក្រុមទៀតជាអ្នករកស៊ីដ៏មានឥទ្ធិពល។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំប្រទេសអូស្ត្រាលី លោក អ៊ិន ហេមរ៉ា រិះគន់ថា ករណីមន្ត្រីកំពូលៗរបស់បក្សកាន់អំណាច រួមទាំងលោក ស ខេង ដែលតែងតាំងកូនចៅ និងសាច់ញាតិនៅក្នុងក្រសួងមហាផ្ទៃ និងស្ថាប័នរដ្ឋនេះ គឺជាគំរូអាក្រក់ និងជាអំពើពុករលួយ ដែលធ្វើឲ្យប្រទេសជាតិ មិនអាចអភិវឌ្ឍទៅមុខបាន និងមានអំពើរំលោភសិទ្ធិមនុស្សកាន់តែធ្ងន់ធ្ងរ។លោកបន្តថា នៅក្នុងប្រទេសប្រជាធិបតេយ្យ ដូចជាអូស្ត្រាលីជាដើម ពុំអាចអនុវត្តបែបនេះបាននោះទេ។
លោក អ៊ិន ហេមរ៉ា៖ «ទី១ ជាគំរូអាក្រក់ និងខុសច្បាប់ ។ ហើយទី២ ទៀត គឺពលរដ្ឋខ្មែរដែលមានសមត្ថភាព និងចំណេះដឹងខ្ពង់ខ្ពស់ គឺបាត់បង់ឱកាស ក្នុងការទទួលបានការងារល្អ ។ហើយសម្រាប់ប្រសិទ្ធភាពការងារទៀត ដោយសារ ក្រសួងតែងតាំងគ្រួសារអ៊ីចឹងទៅ ប្រសិទ្ធភាពការងារគឺមិនអាចធ្វើដំណើរការទៅបាន តាមនីតិវិធីទេ ព្រោះតម្លាភាព(Check and balance )គឺមិនអាចទៅរួចទេ ព្រោះវាទាក់ទងនឹងគ្រួសាររួចទៅហើយ»។
លោក អ៊ិន ហេមរ៉ា បន្ថែមថា ការតែងតាំងកូនចៅរបស់លោក ស ខេង នៅពេលនេះ មិនមែនផ្អែកទៅលើសមត្ថភាពរបស់ពួកគេអស្ចារ្យជាងពលរដ្ឋ និងយុវជនខ្មែរផ្សេងទៀតនោះទេ តែជាការរៀបចំបែងចែកអំណាចដឹកនាំក្នុងជួរមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
ឆ្លើយតបនឹងរឿងនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ចាត់ទុក ការរិះគន់នេះថា មានគោលបំណងកេងចំណេញនយោបាយ។ លោកបន្តការពារថា កូនៗរបស់លោក ស ខេង មិនមែនទើបទទួលបានតួនាទី និងក្របខណ្ឌជានគរបាល និងជារដ្ឋបាលស៊ីវិល ក្នុងពេលលោក ស សុខា ឡើងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនោះទេ។ លោកអះអាងថា រឿងប្រសិទ្ធភាពការងារ និងរឿងអំពើពុករលួយនេះ មិនមែនសុទ្ធតែកើតចេញអំពីទំនាក់ទំនងសាច់ញាតិនោះទេ។
លោក ទូច សុឃៈ៖ «មិនមែនទំនាក់ទំនងញាតិអីជាមួយគ្នាផង ប្រសិនបើមានគំនិតគិតតែផលប្រយោជន៍មិនគិតដល់អង្គភាពមិនគិតដល់ជាតិ ក៏នៅតែអាចប្រព្រឹត្តអំពើពុករលួយបានដដែលទេ។ អ៊ីចឹង កុំយកទំនាក់ទំនងនេះ មកវាយតម្លៃថា ការងារគ្មានប្រសិទ្ធភាពបង្កើតទៅជាប្រព័ន្ធអំពើពុករលួយ គឺអត់ទេ។ ប្រសិទ្ធភាពការងាររបស់ក្រសួងមហាផ្ទៃបច្ចុប្បន្ន គឺកំពុងតែហៅថា មានគុណតម្លៃ ឬគុណផល»។
ផ្ទុយពីការលើកឡើងនេះ អ្នកឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា កូនៗរបស់លោក ស ខេង ទទួលតួនាទីសំខាន់ៗក្នុងពេលក្រុមមេដឹកនាំបក្សកាន់អំណាច ផ្ទេរអំណាចជាប្រព័ន្ធដល់កូនចៅរបស់ពួកគេដោយគ្មានការប្រកួតប្រជែង។លើសពីនេះ លោក យល់ថា ការបកស្រាយការពារក្រុមមន្ត្រីជាន់ខ្ពស់ទាំងនោះថា មិនពាក់ព័ន្ធនឹងអំពើពុករលួយ គឺជារឿងមិនអាចជឿទុកចិត្តបានឡើយ ព្រោះគ្មានការស៊ើបអង្កេតទៅលើប្រភពទ្រព្យសម្បត្តិដ៏មហាសាលរបស់អ្នកទាំងនោះ ដែលមិនសមស្របជាមួយនឹងប្រាក់ខែរបស់ពួកគេ។
លោក ស៊ឹង សែនករុណា៖ «ខ្ញុំយល់ថា វាមិនមែនជាការធ្វើកិច្ចការងារបំពេញ កាតព្វកិច្ចក្នុងការជួយជាតិមាតុភូមិអ្វីទេ វាគ្រាន់តែជាការចាក់ស្រេះដើម្បីការពារអំណាច ឬក៏ធនធានទ្រព្យសម្បត្តិដែលពួកគេមានតែប៉ុណ្ណឹង។ វាហាក់ដូចជាមិនអាចឆ្លុះបញ្ចាំងអំពីការទទួលខុសត្រូវក្នុងនាមកាតព្វកិច្ចជាអ្នកដឹកនាំអ្វីទេ។អីចឹង ហើយបានជាយើងឃើញក្នុងអាណត្តិក្រោយនេះ បានដាក់កូនចៅសាច់ញាតិនៅក្នុងស្ថាប័នសំខាន់ៗស្នងតំណែងបន្តបន្ទាប់គ្នា។ វាជា អំពើមួយដែលយើងមិនដែលឃើញមាន នៅក្នុងប្រទេសដឹកនាំតាមបែបប្រជាធិបតេយ្យទេ»។
ក្រៅពីកូនៗលោក ស ខេង ដែលទទួលបានតួនាទីសំខាន់ៗនៅក្នុងក្រសួងមហាផ្ទៃនេះ កូនចៅមន្ត្រីកំពូលៗរបស់គណបក្សកាន់អំណាចផ្សេងទៀត ក៏ទទួលតំណែងសំខាន់ៗបន្តពីឪពុកម្តាយរបស់ពួកគេរៀងៗខ្លួន ប្រៀបដូចជាក្រុមហ៊ុនឯកជន ដូចជាក្រុមគ្រួសារលោក ហ៊ុន សែន គ្រួសារលោក ទៀ បាញ់ និងគ្រួសារអ្នកស្រី ម៉ែន សំអន ជាដើម។
អ្នកឃ្លាំមើល ចាត់ទុកថា ករណីនេះគឺជាគំរូអាក្រក់ដល់មន្ត្រីថ្នាក់ក្រោម និងបង្កើតផលប៉ះពាល់ធំធេងសម្រាប់ប្រទេសជាតិ និងប្រជាជន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។