ខុទ្ទកាល័យលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា លោកបានវិលត្រឡប់ពីប្រទេសបារាំងមកដល់កម្ពុជាវិញហើយ កាលពីថ្ងៃទី៦ ខែកញ្ញា ម្សិលម៉ិញ។ សេចក្ដីជូនដំណឹងរបស់ខុទ្ទកាល័យដដែលបញ្ជាក់ថា លោក ស ខេង បានទៅកាន់ប្រទេសបារាំងចំនួន២សប្ដាហ៍ ក្នុងធុរៈផ្ទាល់ខ្លួន ដើម្បីពិនិត្យសុខភាព និងទទួលការវះកាត់ពីគ្រូពេទ្យបារាំង។
កន្លងទៅមានព័ត៌មានលេចឮមួយចំនួនពីដំណើរទៅប្រទេសបារាំងរបស់លោក ស ខេង នេះ។ មន្រ្តីបក្សសង្រ្គោះជាតិមួយចំនួនរំពឹងថា នឹងមានការសម្របសម្រួលកិច្ចសន្ទនានយោបាយរវាងលោក ស ខេង និងគណបក្សនេះដើម្បីបន្ធូរបន្ថយស្ថានការណ៍នយោបាយដែលតានតឹងចាប់តាំងពីក្រោយការរម្លាយគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧មក។ ចំណែកប្រធានស្ដីទីគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានបង្ហោះសារតាមហ្វេសប៊ុកដោយលើកឡើងថា ការបង្កើតរដ្ឋាភិបាលបង្រួមបង្រួមជាតិ ដែលមានលោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវមួយ។
ងាកទៅព័ត៌មានទាក់ទងនឹងគណបក្សសង្រ្គោះជាតិវិញលោក សម រង្ស៊ី ដែលជាប្រធានស្ដីទីគណបក្សនេះបានបើកសិក្ខាសាលាបណ្ដុះបណ្ដាលពីផែនការយុទ្ធសាស្រ្តនិងភាពជាអ្នកដឹកនាំទៅដល់ថ្នាក់ដឹកនាំសាខាគណបក្សនេះនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី៤ និងទី៥ ខែកញ្ញា។
សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សឱ្យដឹងថាការបណ្ដុះបណ្តាលនោះមានតំណាងថ្នាក់ដឹកនាំសាខាបក្សប្រចាំទីក្រុងនិងរដ្ឋនានាក្នុងសហរដ្ឋអាមេរិកចំនួន៧៤នាក់ចូលរួម។
ប្រភពដដែលបញ្ជាក់ថា លោក សម រង្ស៊ី នឹងទៅបណ្ដុះបណ្ដាលថ្នាក់ដឹកនាំសាខាបក្សនេះនៅប្រទេសកាណាដា (Canada) អូស្រ្តាលី (Australia) ណូវ៉ែលហ្ស៊ឺឡង់ (Newzealand) និងនៅទ្វីបអឺរ៉ុប ក្រោមប្រធានបទដូចគ្នានេះ។
លោក សម រង្ស៊ី បានចេញដំណើរពីប្រទេសបារាំងទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៨ ខែសីហា ដើម្បីបំពេញបេសកកម្មរយៈពេលមួយខែ។ លោក សម រង្ស៊ី គ្រោងជួបជាមួយមន្រ្តីក្រសួងការបរទេសអាមេរិក តំណាងរាស្ត្រ សមាជិកព្រឹទ្ធសភានិងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀតដើម្បីពិភាក្សាពីស្ថានភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជា។ ក្នុងនោះ លោក សម រង្ស៊ី ក៏នឹងលើកឡើងពីការធ្វើទុក្ខបុកម្នេញការលួចវាយដំនិងការចាប់ឃុំខ្លួនសម្មជនគណបក្សប្រឆាំងដាក់ពន្ធនាគារ ជាបន្តបន្ទាប់។ ជាមួយគ្នានោះលោកក៏នឹងជំរុញការអនុម័តសេចក្តីស្នើច្បាប់របស់សហរដ្ឋអាមេរិកដើម្បីដាក់ទណ្ឌកម្មរបបលោក ហ៊ុន សែន ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។