ថ្នាក់ដឹកនាំរបបក្រុងភ្នំពេញ បង្ហាញក្ដីកង្វល់ជុំវិញការប្រកាសវិលចូលស្រុក របស់មេបក្សប្រឆាំង នៅខែវិច្ឆិកាខាងមុខនេះថា អាចនឹងនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាម និងធ្វើឲ្យបាក់បែកសង្គមជាតិ។ អ្នកវិភាគថា ការលើកឡើងនេះគ្រាន់តែជាសង្គ្រាមចិត្តរបស់របបក្រុងភ្នំពេញប៉ុណ្ណោះ ព្រោះលោក សម រង្ស៊ី គ្មានលទ្ធភាពណា អាចទៅបង្កើតកងកម្លាំងប្រដាប់អាវុធ និងទីតាំងភូមិសាស្ត្រ ដើម្បីតតាំងនឹងរបបក្រុងភ្នំពេញក្នុងរយៈពេលដ៏ខ្លីនេះបានឡើយ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង លើកឡើងថា គម្រោងវិលចូលប្រទេសកម្ពុជាវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ឆិកា ចំថ្ងៃបុណ្យឯករាជ្យខាងមុខនេះ មិនមែនជាដំណើរនាំយកប្រជាធិបតេយ្យ សុខសន្តិភាព និងភាពរីកចម្រើន ជូនប្រទេសជាតិនោះទេ។ ផ្ទុយទៅវិញ លោកថា មាតុភូមិនិវត្តន៍របស់មេបក្សប្រឆាំងរូបនេះ អាចនឹងបង្កឲ្យមានសង្គ្រាមរវាងខ្មែរនិងខ្មែរ ហើយបាត់បង់ឱកាសកសាងប្រទេសជាតិឲ្យរីកចម្រើន។
លោក ស ខេង បញ្ជាក់ទៀតថា លោក សម រង្ស៊ី បានដើរហួសបន្ទាត់ក្រហម ២លើករួចមកហើយ។ លោកថា បន្ទាត់ក្រហមទី១ ដែលមេបក្សប្រឆាំងនៅក្រៅប្រទេស ដើរហួសនោះ គឺការប្រមែប្រមូលថវិកាជួយផ្គត់ផ្គង់កងទ័ពដែលនឹងផ្ដាច់ខ្លួនទៅគាំទ្រខាងបក្សប្រឆាំង ហើយនិងទី២ គឺការប្រមាថព្រះមហាក្សត្រថា ជាអាយ៉ងរបស់បក្សកាន់អំណាច។
ការថ្លែងរបស់នាយករដ្ឋមន្ត្រីស្ដីទីរូបនេះ គឺធ្វើឡើងនៅពិធីបុណ្យអុំទូក ដែលប្រារព្ធនៅស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៣ ខែតុលា៖ «ឥឡូវនេះ យើងមានសុខសន្តិភាពហើយ។ ក៏ប៉ុន្តែដូចដែរប្រជាពលរដ្ឋយើងបានជ្រាបថា ក្រុមមួយដែលដឹកនាំដោយលោក សម រង្ស៊ី គាត់កំពុងតែប្រកាសដើម្បីវិលចូលស្រុក ក៏ប៉ុន្តែការវិលចូលស្រុករបស់គាត់នេះ គឺមិននាំមកនូវសុខសន្តិភាពទេ ព្រោះសុខសន្តិភាព កំពុងតែមាននៅសព្វថ្ងៃនេះហើយ។ ផ្ទុយទៅវិញ ការដែលគាត់ប្រកាសចូលស្រុក នាំមកនូវសង្គ្រាម ការបែកបាក់»។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក គឹម សុខ យល់ថា ការថ្លែងរបស់លោក ស ខេង នៅពេលនេះ គ្រាន់តែជាសង្គ្រាមចិត្តសាស្ត្រ របស់បក្សកាន់អំណាច ព្រោះថារាល់កម្លាំងប្រដាប់អាវុធទាំងអស់ គឺស្ថិតក្រោមការគ្រប់គ្រងរបស់របបក្រុងភ្នំពេញយ៉ាងតឹងរ៉ឹង។ លោកបន្តថា កងកម្លាំងប្រដាប់អាវុធគ្មានលទ្ធភាពទៅចុះចូលជាមួយបក្សប្រឆាំង តាមការអំពាវនាវរបស់មេបក្សប្រឆាំងបានឡើយ។
លោកលើកឡើងទៀតថា ប្រសិនបើមានការប៉ះទង្គិចគ្នាដោយអាវុធ នោះគឺជាកលវិធីរបស់របបក្រុងភ្នំពេញ ដែលធ្លាប់ប្រើកន្លងមក ហើយទទួលជោគជ័យ ក្នុងការតាមវាយកម្ទេចក្រុមខ្មែរក្រហម ក្នុង កំឡុងពេលដែលប្រទេសកម្ពុជាគ្រប់គ្រងដោយរបបកុម្មុយនិស្ត នាទសវត្សទី៨០។ លោក គឹម សុខ យល់ថា មេដឹកនាំរបបក្រុងភ្នំពេញ អាចនឹងល្បិចកលដដែលនេះ ដោយបង្កើតក្រុមមួយឲ្យប្រឆាំងនឹងខ្លួនវិញ ដើម្បីបានលេសបង្ក្រាបក្រុមបក្សប្រឆាំងថា ប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល៖ «សាររយៈពេលខ្លីរបស់លោក សម រង្ស៊ី អាចមានពេលឯណាទៅរៀបចំកម្លាំង និងគ្រប់គ្រងភូមិសាស្ត្រធ្វើសង្គ្រាមទៅកើត។ ដូច្នេះ ទៅមិនរួចទេ។ ហើយបើជាសង្គ្រាមទៅវិញ វាមានតែឆាកល្ខោនសង្គ្រាមនៃពួកកុម្មុយនិស្ត ដូចជាសម័យរដ្ឋកម្ពុជាជាដើម ដើម្បីកម្ចាត់ខ្មែរណាម្នាក់ គេប្រើវិធីនិងពាក្យថា ពួកនោះជាខ្មែរក្រហម ហើយទម្លាក់កំហុស និងកម្ចាត់ក្រុមហ្នឹងតែម្ដង ហើយក្រុមលោក ស ខេង និងលោក ហ៊ុន សែន បច្ចុប្បន្ន ប្រហែលជាគាត់ឃើញអំពីយុទ្ធវិធីមួយ គឺការប្រើឈ្មោះក្រុមលោក សម រង្ស៊ី ឬអ្នកប្រឆាំងផ្សេងៗ ថា ធ្វើរដ្ឋប្រហារអ៊ីចឹងទៅ ហើយបង្កើតឈុតឆាកជាសង្គ្រាម ដើម្បីគាត់ងាយស្រួលបន្តអំណាចខុសច្បាប់របស់គាត់» ។
កាលពីពេលថ្មីៗ នេះ លោក សម រង្ស៊ី អះអាងតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោក និងថ្នាក់ដឹកនាំគណបក្សប្រឆាំង គ្មានការរួញរា ចំពោះការវិលចូលស្រុកវិញនោះទេ បើទោះមានការគំរាមកំហែង និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងរាល់ថ្ងៃក៏ដោយ។ លោក ក៏អំពាវនាវជាថ្មីទៀតដល់កងកម្លាំងប្រដាប់អាវុធ ឲ្យត្រៀមខ្លួនចូលរួមជាមួយពលរដ្ឋ នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីកម្ចាត់មេដឹកនាំរបបក្រុងភ្នំពេញចេញពីអំណាច ដោយលោកហៅរបបសព្វថ្ងៃនេះថា ខុសច្បាប់ និងផ្ដាច់ការ។
អ្នកវិភាគនយោបាយ លោក គឹម សុខ នៅតែរំពឹងថា ដំណោះស្រាយនយោបាយនៅកម្ពុជាប្រាកដជាមាន ប្រសិនបើមេដឹកនាំបក្សនយោបាយទាំងពីរលះបង់មានៈរៀងៗ ខ្លួន ហើយងាកមករកការចរចាគ្នាវិញ ដោយសន្តិវិធី និងឈរលើគោលការណ៍នីតិរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។