គេសង្កេតឃើញថា ការចោទប្រកាន់គ្នាពីគណបក្សនយោបាយមួយទៅគណបក្សនយោបាយម្ខាងទៀត បានកើតឡើងជាញឹកញាប់នៅពេលមុនបោះឆ្នោត។ ជាពិសេស គណបក្សប្រឆាំងតែងលើកឡើងថា បញ្ហានេះ កើតឡើងច្រើនតែអាជ្ញាធរភូមិ-ឃុំរបស់គណបក្សប្រជាជនកម្ពុជា គឺជាអ្នកញុះញង់ និងនៅពីក្រោយនៃការបំផ្លាញស្លាកគណបក្សរបស់ខ្លួន។
មន្ត្រីក្រសួងមហាផ្ទៃ អះអាងថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំដែលចង់ចាញ់ឈ្នះតាមរូបភាពការបំផ្លាញស្លាកគណបក្សនយោបាយ ដែលជាផ្នែកមួយនាំឲ្យរាំងស្ទះដល់ដំណើរការប្រសើរឡើងនៃប្រជាធិបតេយ្យនោះឡើយ តែផ្ទុយទៅវិញ គណបក្សគ្រប់គ្រងអំណាច តែងចាត់ទុកការជឿទុកចិត្ត និងសុឆន្ទៈនៅតាមមូលដ្ឋាន ថាជាផ្នែកមួយដែលត្រូវទទួលខុសត្រូវ និងពុំអាចខ្វះបានរបស់រដ្ឋាភិបាល។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងសម័យប្រជុំសភា នៅថ្ងៃទី៧ ឧសភា ថាយន្តការរបស់ក្រសួងមហាផ្ទៃ តែងពង្រឹង និងដាស់តឿនជាដរាបដល់មន្ត្រីភូមិ-ឃុំនៅថ្នាក់ក្រោមជាតិ ឲ្យគោរពគោលការណ៍អព្យាក្រឹត្យ។ លោកគិតថា បញ្ហាដែលតែងកើតមាននៅតាមមូលដ្ឋានក្នុងពេលបច្ចុប្បន្ន គឺកើតឡើងព្រោះតែបក្សប្រឆាំងតែងបំពានទៅលើទីតាំងហាមឃាត់ ឬដីកម្មសិទ្ធិរបស់ពលរដ្ឋ ដែលគេមិនអនុញ្ញាត។
បន្ថែមលើនេះ លោកចាត់ទុកថា ផ្ទុយទៅវិញ បក្សប្រឆាំងតែងប្រើប្រាស់ចំណុចទាំងនេះ ហើយចោទប្រកាន់រដ្ឋាភិបាលដើម្បីបានសំឡេងគាំទ្រ៖ «ដូចករណីនៅបាត់ដំបង អាស៊ីសេរី ផ្សាយព្រឹកមិញ មានប៉ុន្មានកន្លែងនោះ ខ្ញុំឆែកភ្លាម ខ្ញុំអត់មានប្រហែសទេ។ ឆែកទៅ ទីមួយយកទៅដាក់លើដីគេ ដល់គេព្យួរដីទៅវារលំ គេឲ្យមកដកមិនព្រមដក។ អ៊ីចឹង ជួនអីគាត់បង្ករឿងដែរ បង្ករឿងចង់ឲ្យតែព័ត៌មានហ្នឹងចោទថាអាជ្ញាធរហ្នឹងគាបសង្កត់ គំរាមកំហែងពីរឿងផ្លាក គឺភាពពិត យើងអ្នកបង្កដែរ មើលមើយើងដាក់ហ្នឹងមានកិច្ចសន្យាត្រឹមត្រូវ មុខផ្ទះគេឲ្យគេទទួលស្គាល់មើល ប្រជាពលរដ្ឋបើអ្នកណាទៅដក ខ្ញុំទទួលខុសត្រូវ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ពិតជាត្រូវគេចាប់បានភស្តុតាងគ្រប់គ្រាន់ ដែលរកឃើញថា បានបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។ លោកបន្តថា ជាក់ស្ដែងក្នុងពេលថ្មីៗនេះ នៅខេត្តកែប គណបក្សគ្រប់គ្រងអំណាច ត្រូវបង់ជំងឺចិត្តចំនួន ១០០ដុល្លារ ជាថ្នូរនឹងការចាញ់ក្ដីប្រឆាំងនឹងការបំផ្លាញស្លាកគណបក្សប្រឆាំង។
លោកបញ្ជាក់ថា អ្នកមិនគោរពគោលការណ៍ គឺជាគណបក្សប្រជាជនកម្ពុជា៖ «យើងមានភស្តុតាងដែលថាសមាជិកគណបក្សប្រជាជន បំផ្លាញផ្លាក ដូចជានៅខេត្តកំពត នៅខេត្តកែប ហើយប៉ូលិសចាប់បានទៀត។ ហើយមានករណីខ្លះទទួលស្គាល់ ហើយបានសងផ្លាកគណបក្ស សងជាលុយជាកាក់អីអ៊ីចឹងដែរ សងអីអ៊ីចឹងដែរ សងជាជំងឺចិត្តហ្នឹង។ ដូច្នេះ គ្រាន់តែកន្លែងខ្លះមានការរំលោភបំពាន ហើយអាងអំណាច អាងអាជ្ញាធរមូលដ្ឋានហ្នឹងជាបក្ខពួកខ្លួនឯង មិនដោះស្រាយទេ»។
ក៏ប៉ុន្តែ លោក ស ខេង បញ្ជាក់ថា តាមធម្មតាតំបន់ណាដែលពុំមែនជាទីដែលត្រូវហាមឃាត់ គឺគ្រប់គណបក្សនយោបាយ អាចមានសិទ្ធិដាក់ស្លាកគណបក្សរបស់ខ្លួនដោយសេរី។
មន្ត្រីគណបក្សសង្គ្រោះជាតិ និយាយថា គិតមកដល់ពេលនេះ យ៉ាងហោចណាស់ស្លាកគណបក្សរបស់ខ្លួនចន្លោះពី ៣០ ទៅ ៤០ស្លាក ត្រូវបានគេបំផ្លាញនៅទូទាំងប្រទេស។
មន្ត្រីអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលដំណើរបោះឆ្នោតនៅកម្ពុជា ចាត់ទុកថា នេះជាសញ្ញាគំរាមកំហែងផ្នែកនយោបាយ។ ក្នុងករណីគណបក្សគ្រប់គ្រងអំណាចនៅតែត្រូវគេរកឃើញថាមានកំហុស ដូចនេះវានឹងស្ថិតក្រោមសម្ពាធនៃការរិះគន់ និងអាចនាំឲ្យមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ដែលធានាពីសេរី ត្រឹមត្រូវ និងយុត្តិធម៌ដ៏ពិតប្រាកដមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។