ទោះជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនទាន់ឈានជើងជាន់ដីកម្ពុជាក៏ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបបក្រុងភ្នំពេញ ហាក់ភ័យខ្លាចទុកមុនបាត់ទៅហើយ។ ដោយបារម្ភខ្លាចពលរដ្ឋនាំគ្នាទៅចូលរួមធ្វើបាតុកម្មជាមួយមេដឹកនាំគណបក្សប្រឆាំង។ លោក ស ខេង អំពាវនាវដល់ប្រជាពលរដ្ឋថា កុំត្រចៀកស្រាល។ លោកបន្តថា ការធ្វើបាតុកម្ម នាំឱ្យប៉ះពាល់សន្តិសុខជាតិ។ ទន្ទឹមគ្នានេះពលករខ្មែរធ្វើការនៅប្រទេសថៃ អះអាងថា ពួកគេត្រៀមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីស្ដារប្រជាធិបតេយ្យនៅកម្ពុជាឱ្យបានប្រសើរឡើងវិញ។មន្ត្រីសង្គមស៊ីវិល លើកឡើងថា ការចូលរួមផ្នែកនយោបាយជាសិទ្ធិសេរីភាពរបស់ពលរដ្ឋដោយស្របច្បាប់។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង មានប្រសាសន៍ថា របបក្រុងភ្នំពេញកើតចេញពីការបោះឆ្នោតត្រឹមត្រូវ មានប្រជាធិបតេយ្យ ហើយមានការទទួលស្គាល់ពីបណ្ដាលប្រទេសច្រើននៅលើពិភពលោក។ លោកអំពាវនាវដល់ប្រជាពលរដ្ឋកុំត្រចៀកស្រាលឆាប់ជឿតាមការឃោសនារបស់មេដឹកនាំគណបក្សប្រឆាំង ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរបបដឹកនាំសព្វថ្ងៃអី ព្រោះលោកថា ជាអំពើខុសច្បាប់ និងបង្កអសន្តិសុខនៅសង្គមទៅវិញទេ៖ «អីចឹងហើយបានខ្ញុំថ្ងៃនេះខិតខំពង្រឹងសុខសន្តិភាពឱ្យរឹងមាំ ហើយការដែលបបួលដើម្បីផ្ដួលរដ្ឋាភិបាលតាមរយៈបាតុកម្មដូចវាអត់ត្រូវ។កាលណាយើងធ្វើបែបនេះ កម្ពុជាដូចរុះរើសាជាថ្មីឡើងវិញ ហើយរុះរើធ្វើសាជាថ្មីឡើងវិញ មិនដឹងថា ពេលណាយើងបានដូចដើមឡើងវិញទេ នេះជាការជាក់ស្ដែង ហើយរបបប្រជាធិបតេយ្យមានរបបបោះឆ្នោត ៥ឆ្នាំបោះឆ្នោតម្ដង ដូច្នេះពេលបោះឆ្នោតនាំគ្នាធ្វើឱ្យត្រឹមត្រូវតាមច្បាប់ទៅ»។
លោក ស ខេង ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ស្ពានឆ្លងស្ទឹងសង្កែនៅភូមិរូង ឃុំត្បែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៤ សីហា។
ផ្ទុយពីការលើកឡើងនេះ ពលករខ្មែរធ្វើការនៅប្រទេសថៃឯណោះវិញ អះអាងថា ទឹកឡើងជិតដល់ច្រមុះហើយទើបលោករដ្ឋមន្ត្រីរូបនេះ ធ្វើជាចិត្តល្អដាក់ពលរដ្ឋបែបនេះ។ លោកបន្តថា ការធ្វើជា និយាយល្អនេះ គឺជាការខំលួងចិត្តពលរដ្ឋកុំឱ្យតវ៉ា ដើម្បីបក្ខពួករបស់ខ្លួនបានបន្តអំណាចទៅមុខទៀតប៉ុណ្ណោះ។
ពលករខ្មែរធ្វើការផ្នែកកាត់ដេរនៅទីក្រុងបាងកក លោក ចាន់ បូរី ប្រាប់អាស៊ីសេរីថា បើទោះបីជាមន្ត្រីរដ្ឋាភិបាលធ្វើជាចិត្តល្អយ៉ាងណាក៏ដោយ ក៏មិនអាចបោកបញ្ឆោតពលករខ្មែរនៅប្រទេសថៃមិនឱ្យអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកបានដែរ។ លោកបញ្ជាក់ថា ប្រជាធិបតេយ្យនៅកម្ពុជាបានស្លាប់បាត់ទៅហើយ ដោយសាររបបលោកហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងដ៏សំខាន់ជាមួយគណបក្សកានអំណាចនោះចោល ដូច្នេះប្រសិនបើពួកគេមិនចូលរួមស្ដារប្រជាធិបតេយ្យឡើងវិញទេ គឺកម្ពុជានៅតែជារបស់គ្រួសារលោកហ៊ុន សែន និងបក្សពួកគាត់លោក ជារៀងរហូតដដែល៖ «បើទោះបីជាលោក ស ខេង គាត់អំពាវនាវក៏ពិតមែន ប៉ុន្តែខ្ញុំនៅតែប្រកាន់ជំហរទៅជាមួយលោក សម រង្ស៊ី ព្រោះខ្ញុំមិនចង់ឱ្យប្រទេសយើងបាត់ប្រជាធិបតេយ្យទេ ព្រោះមើលទៅអនាគតកូនចៅខ្ញុំប្រហែលយ៉ាប់ហើយ បើស្ថានការណ៍បច្ចុប្បន្នយ៉ាប់យ៉ឺនយ៉ាងនេះ។ គាត់ថាស្រួលតែគាត់ទេ តែចំពោះពលករខ្មែរចេញមកថៃស្ទើរតែអស់ពីកម្ពុជាហើយ មានដល់រាប់ម៉ឺនរាប់រាននាក់ហើយមកថៃ»។
ចំណែកពលករនៅប្រទេសថៃម្នាក់ទៀត លោក ជីម ផាត ថ្លែងថា លោក ស ខេង មិនបាច់មកប្រដៅដល់ពលរដ្ឋខ្មែរឱ្យចេះគោរពច្បាប់នោះនេះ ព្រោះពលរដ្ឋបានត្រៀមប្រើប្រាស់សិទ្ធិរបស់ខ្លួនតាមរដ្ឋធម្មនុញ្ញមិនឱ្យខុសច្បាប់ឡើយ។ លោកសូមឱ្យតែអាជ្ញាធររបបលោក ហ៊ុន សែន កុំយកច្បាប់ទៅទ្រាប់អង្គុយហើយនាំគ្នាវាយធ្វើបាបដល់ពលរដ្ឋរបស់ខ្លួនទៅបានហើយ។ ពលកររូបនេះបន្ថែមថា ពលករខ្មែរនៅថៃរាប់ម៉ឺននាក់ ត្រៀមខ្លួនអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ ដើម្បីស្វែងរកដំណោះស្រាយនយោបាយនៅកម្ពុជា។ ម្យ៉ាងការរួមដំណើរនេះ បើទោះបីជាស្ថិតក្នុងភាពគ្រោះថ្នាក់បែបណាក៏ពួកគាត់មិនស្ដាយក្រោយដែរ៖ «បាទខ្ញុំក៏សុខចិត្តលះបង់ជីវិតដើម្បីជួយជាតិរបស់ដែរ ហើយខ្ញុំអត់ស្ដាប់ទេ ការអំពាវនាវរបស់មន្ត្រីបក្សកាន់អំណាចនេះ ហើយខ្ញុំអត់ខ្លាចទេ ខ្ញុំនៅតែជំរុញឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស និងប្រទេសថៃក៏ដោយបើសិនមានគេបើដៃឱ្យធ្វើបាតុកម្មនៅប្រទេសថៃបាន ហើយខ្ញុំក៏អំពាវនាវឱ្យពលករធ្វើបាតុកម្មនៅប្រទេសដែរ។ ប៉ុន្តែនៅថៃខាងមុខបើសិនមានការតវ៉ាទាមទារឱ្យមានការស្ដារប្រជាធិបតេយ្យ ឱ្យមានការដោះលែងលោក កឹម សុខា និងទាមទារឱ្យលោក ហ៊ុន សែន ធ្វើយ៉ាងម៉េចឱ្យប្រទេសជាតិរស់ឡើងវិញខ្ញុំនឹងចូលរួម»។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការចូលរួមកិច្ចការនយោបាយ និងការចូលរួមធ្វើបាតុកម្មដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ បន្តថា លោក ស ខេង អំពាវនាវដល់ពលរដ្ឋនេះ ដោយសារព្រួយបារម្ភខ្លាចសហភាពអឺរ៉ុបផ្ដាច់ប្រពន្ធអនុគ្រោះ EBA ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ជាពិសេសកម្មកររោងចក្រអត់ការងារធ្វើ ដែលធ្វើឱ្យពលរដ្ឋមួយចំនួនមិនពេញចិត្តរដ្ឋាភិបាលសព្វថ្ងៃ ហើយនាំគ្នាចូលរួមធ្វើបាតុកម្មជាមួយគណបក្សប្រឆាំង ស្របពេលដែលលោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញនៅឆ្នាំ២០១៩ និងបានអំពាវនាវពលរដ្ឋចូលរួមបាតុកម្មស្ដារប្រជាធិបតេយ្យនៅកម្ពុជានោះ៖ «អ៊ីចឹងរឿងសំខាន់ថា តើការបោះឆ្នោតកន្លងមកនឹងវាមានការសុខចិត្តពីភាគីពាក់ព័ន្ធហើយឬនៅ ហើយហេតុអីបានវាអាចកើតឡើងនូវបញ្ហារឿងនេះ។យើងត្រូវសម្របសម្រួលរឿងនឹងឡើងវិញ បើសិនជាវាមានបញ្ហាកើតឡើងលើរឿងនេះមិនសុខចិត្តលើរឿងនឹង ដោយពីណាគេត្រូវដោះស្រាយ ថាតើយើងដោះស្រាយរបៀបម៉េច គឺមានតែអ្នកនយោបាយនឹងទេដែលលោកអាចជជែក ជាពិសេសយើងមើលឃើញហើយសហគមន៍ជាតិនិងអន្តរជាតិទាក់ទងរឿងសិទ្ធិមនុស្សរឿងសេរីភាពនយោបាយជាដើមនឹង ដែលជាចំណុចត្រូវគិត និងស្ដារស្ថានការណ៍ឡើងវិញ»។
ថ្មីៗនេះក្រុមអង្គការសង្គមស៊ីវិល និងសហជីពពិនិត្យឃើញថា ស្ថានការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងប្រជាធិបតេយ្យនៅកម្ពុជា មានការវិវឌ្ឍតិចតួចបំផុត។ ការវិវឌ្ឍនោះ គឺរបបក្រុងភ្នំពេញបានទម្លាក់ចោលបណ្ដឹងមួយចំនួនប្រឆាំងថ្នាក់ដឹកនាំសហជីព និងបានកែប្រែច្បាប់គណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យមន្ត្រីគណបក្សសង្គ្រោះជាតិស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ ក៏ប៉ុន្តែ លក្ខខណ្ឌស្ដារប្រជាធិបតេយ្យ ដូចជា ការដោះលែងលោក កឹម សុខា ការអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិបើកដំណើរការ ការផ្ដល់អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ដល់មន្ត្រីបក្សប្រឆាំង និងរៀបចំការបោះឆ្នោតតាមបែបប្រជាធិបតេយ្យឡើងវិញនោះ របបលោក ហ៊ុន សែន មិនបានបង្ហាញចេតនាណាមួយក្នុងការដោះស្រាយឡើយ។ ចំណែកឯភាពស្របច្បាប់នៃរបបក្រុងភ្នំពេញវិញ ប្រទេសប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម មិនទទួលស្គាល់កម្ពុជាជាប្រទេសប្រជាធិបតេយ្យស្របច្បាប់នោះទេ ដោយសាររបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិ រួចបង្កើតឱ្យមានការបោះឆ្នោតក្លែងក្លាយ កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ដើម្បីបន្តដឹកនាំប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។