លោក ស ខេង បន្ត​គំរាម​ចាត់​ការ​តាម​ច្បាប់​​លើ​​អ្នក​​ចូលរួម​​តវ៉ា​​ជាមួយ​​បក្ស​​ប្រឆាំង​​ផ្ដួល​​របប​​ខ្លួន

0:00 / 0:00

គិត​មកដល់​ថ្ងៃ​ទី​២៩ ខែ​សីហា​នេះ នៅ​សល់តែ ៧២​ថ្ងៃ​ទៀត​ទេ ដល់​ពេល​កំណត់​ដែល​លោក សម រង្ស៊ី សន្យា​ថា​នឹង​វិលត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ​។ ទន្ទឹម​គ្នា​នេះ​មន្ត្រី​ជាន់ខ្ពស់​របប​ក្រុង​ភ្នំពេញ​​ឯណោះ​វិញ ក៏​បន្ត​ថ្លែង​គំរាមកំហែង​បង្កើល​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន ដើម្បី​រារាំង​មិន​ឱ្យ​ពួកគេ​ទៅ​ចូលរួម​អម​ដំណើរ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​នេះ​វិញ។ លោក ស ខេង ព្រមាន​ថា សមត្ថកិច្ច​នឹង​​ចាត់វិធានការ​ទៅលើ​ជន​ណា ដែល​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បដិវត្តន៍​ពណ៌​ខុសច្បាប់។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា ការ​ជួប​ប្រជុំគ្នា​ឈឺឆ្អាល​រឿង​កិច្ចការ​នយោបាយ​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ទេ គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ដោយ​ស្របច្បាប់។

ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង អះអាង​ជាថ្មី​ថា អាជ្ញាធរ​របប​លោក​ក៏​ជា​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ ស្រឡាញ់​ប្រជាធិបតេយ្យ ចង់បាន​សុខ​សន្តិភាព និង​ចង់​ឱ្យ​ប្រទេស​មានការ​រីក​ចំរើន​ជឿនលឿន​ដែរ។ លោក​រដ្ឋមន្ត្រី​រូប​នេះ បញ្ជាក់​ថា សមត្ថកិច្ច​នឹង​ចាត់វិធានការ​លើ​ប្រជាពលរដ្ឋ​ណា ដែល​ចង់​បំផ្លាញ​សុខ​សន្តិភាព និង​ស្ថិរភាព​នៅ​សង្គម​។ លោក​ចាត់​ទុក​ការ​ប្រមូល​ផ្ដុំគ្នា​របស់​ពលរដ្ឋ​ដែល​ត្រៀម​ទៅ​ទទួល​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌​ខុស​ច្បាប់៖ «គឺថា​សកម្មភាព​នយោបាយ​ដើម្បី​កសាង​កម្លាំង​ដើម្បី​ត្រៀម​កម្លាំង​បោះ​ឆ្នោត​​ឆ្នាំ​២០២២ ​និង ​២៣ ប៉ុន្តែ​បើ​សកម្មភាព​នយោបាយ​ដែរ ប៉ុន្តែ​ក្រោម​ផ្លាក​គណបក្ស​ដែនលបាន​រំលាយ ឬក៏​អង្គការ​ចាត់តាំង​ខុសច្បាប់ ហើយ​ប៉ុនប៉ង​ដើម្បី​ប្រមូល​កម្លាំង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ផ្ដួល​រំលំ​រដ្ឋាភិបាល​គឺ​ខុសច្បាប់ ខុស​នឹង​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ»។

លោក ស ខេង ថ្លែង​បែបនេះ នៅក្នុង​វេទិកា​រាជរដ្ឋាភិបាល ជួប​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​លើក​ទី​៣ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ សីហា។

នេះ​ជា​លើក​ទី​២ ហើយ ដែល​លោក ស ខេង ព្រមាន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ធ្វើ​ឱ្យ​ភ័យខ្លាច កុំ​នាំគ្នា​ទៅ​ចូលរួម​ធ្វើបាតុកម្ម​ផ្ដួល​រំលំ​របប​ដឹកនាំ​សព្វ​ថ្ងៃ​នោះ​។ កាលពី​ថ្ងៃ​ទី​២៥ សីហា កន្លងទៅ មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បាន​គំរាមកំហែង​បែប​ចំអកឡកឡឺយ រឿង​ជាប់គុក​ច្រវាក់​ដាក់​លោក សម រង្ស៊ី ដែរ ប្រសិនបើ​លោក​ហ៊ាន​វិល​ចូល​ស្រុក​វិញ​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា។ ចំណែក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ទៀ បាញ់ ក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​ឱ្យ​ចាញ់បោក​ក្រុម​បក្ស​ប្រឆាំង​ចូលរួម​ផ្ដួល​រំលំ​របប​លោក​ដែរ។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រជាពលរដ្ឋ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​យល់ថា ការ​ទៅ​អម​ដំណើរ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​នៅពេល​ខាងមុខ គឺជា​សិទ្ធិសេរីភាព​របស់​ពួកគាត់ ដើម្បី​ចូលរួម​ស្ដារ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​បាត់ដំបង លោក សុខ សុភ័ក្រ អះអាង​ថា បើ​ទោះ​បី​ជា​មានការ​ព្រមាន​ពី​លោក ស ខេង បែបនេះ​ក្ដី​ក៏​មិន​អាច​រារាំង​ប្រជាពលរដ្ឋ​ទៅ​ទទួល​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន​ដែរ ពីព្រោះ​របប​ដឹកនាំ​សព្វថ្ងៃ​បាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្វើ​ឱ្យ​ប្រទេស​មានឈ្មោះ​អាក្រក់​នៅ​ឆាក​អន្តរជាតិ ជាពិសេស​ឱ្យ​ប្រជាពលរដ្ឋ​រាប់​សែន​នាក់​ប្រឈម​នឹង​អត់​ការងារ​ធ្វើ ដោយសារ​សហភាព​អឺរ៉ុប​ផ្ដាច់​ប្រពន្ធ​អនុគ្រោះ​ពន្ធ​EBA នៅ​ខាងមុខ៖ «រដ្ឋាភិបាល​ខ្លួនឯង​នឹង​ត្រូវ​ពិនិត្យ​មើល​ថា​តើ​ដើម្បី​បញ្ចៀស​ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ឬ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ដើម្បី​បញ្ចៀស​ទាំងអស់​នឹង​តើ​រដ្ឋាភិបាល​គួរ​ធ្វើ​ម៉េច ត្រូវ​គិត​អីចឹង​វិញ​ទៅ មិនបាច់​ទៅ​ព្រួយបារម្ភ​ប្រជាពលរដ្ឋ​ទៅ​ទទួល​លោក សម រង្ស៊ី ទេ ព្រោះ​វា​ជា​ទឹកចិត្ត​មនោសញ្ចេតនា​មិន​អាច​កាត់ផ្ដាច់​បាន​ទេ»។

ចំណែក​អ្នកគាំទ្រ​គណបក្សប្រឆាំង​នៅ​ខេត្ត​បាត់ដំបង​ម្នាក់ទៀត លោក សួន ចំរើន ថ្លែង​ថា លោក ស ខេង ប្រហែលជា​ភ័យ​កាន់តែ​ខ្លាំង​ហើយ បានជា​ចេញមុខ​គំរាម​ពលរដ្ឋ​ជា​ញឹកញាប់​នោះ​។ លោក​បន្ត​ថា ប្រសិនបើ​លោក​រដ្ឋមន្ត្រី​រូបនេះ​មិន​ចង់ឱ្យ​ប្រជាពលរដ្ឋ​ទៅ​អមដំណើរ​លោក សម រង្ស៊ី ទេ សូម​លោក​ប្រញាប់​ទៅប្រាប់​ចៅហ្វាយ​របស់ខ្លួន​ឱ្យ​គោរព​សិទ្ធិមនុស្ស និង​ស្ដារ​ប្រជាធិបតេយ្យ​ឱ្យ​រស់​ឡើងវិញ​មក ពួកគេ​នឹង​មិន​ទៅ​ចូលរួម​នោះ​ទេ៖ «គណបក្ស​ត្រូវ​បាន​រំលាយ​គឺ​ម្នាក់​គ្រាំគ្រា​ចិត្ត​ហើយ ទន្ទឹង​ចាំ​ផ្លូវ​ថ្នាក់ដឹកនាំ​ដូច​ចាំ​ម្ដាយ​មក​ពី​ផ្សារ ហើយ​មួយ​ថ្ងៃៗ​ទន្ទឹង​ចាំ បើ​មិន​ហ៊ាន​និយាយ​ក៏​គេ​សម្ដែង​ទឹកមុខ​នៅ​ពេល​ជួបជុំគ្នា​ដែរ។ អ្នកដទៃ​ទៀត​ដែល​គាត់​ហ៊ាន​សម្ដែង​មតិ​រឿង​ថ្នាក់ដឹកនាំ​ត្រឡប់​មក​កម្ពុជា​នៅ​ពេល​ឆាប់ៗ​នេះ គឺ​ទឹកចិត្ត​របស់​ពួកគាត់​ពុះកញ្ជ្រោល​ខ្លាំង ហើយ​ទាំង​ខ្ញុំ និង​អ្នក​ដទៃ​គឺ​មាន​ចិត្ត​រំភើប»។

លោក សម រង្ស៊ី មាន​ប្រសាសន៍​ពី​ទីក្រុង ព្រីសបាន (Brisbane) ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃទី​២៤ សីហា ដោយ​អំពាវនាវ​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​ស្នេហា​ជាតិ បែរ​ចុង​កាណុង​សំដៅទៅ ហ៊ុន សែន វិញ បើ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ​បាញ់​ប្រហារ​មក​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់ ដែល​គ្រោង​ទៅ​ទទួល​លោក នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាង​មុខ​នេះ។

អ្នកនាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មាន​ប្រសាសន៍​ថា ប្រទេស​ប្រជាធិបតេយ្យ​ការ​ជួប​ប្រជុំគ្នា​ឈឺឆ្អាល​រឿង​នយោបាយ គឺជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ដោយ​ស្របច្បាប់​។ លោក​បន្ថែម​ថា គម្រោង​ជួប​ប្រជុំ​គ្នា​របស់​ពលរដ្ឋ​នៅ​ពេល​នេះ ក៏​មិនមែន​ជា​ការ​ធ្វើ​បដិវត្តន៍​ពណ៌​អ្វី​ដែរ ពីព្រោះ​ពួកគេ​មាន​គោល​នយោបាយ​ច្បាស់លាស់​របស់​ខ្លួន គឺ​ការ​ភ័យ​ព្រួយ​ខ្លាច​សហភាព​អឺរ៉ុប​ផ្ដាច់​ពន្ធEBA ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ និង​ចង់​ឱ្យ​មាន​ប្រជាធិបតេយ្យ​ពេញលេញ​នៅ​កម្ពុជា​ជាដើម៖ «ហើយ​រដ្ឋាភិបាល​ក៏​គួរតែ​ទទួលស្គាល់​ដែរ​ថា គណបក្ស​ដែល​ត្រូវ​បាន​រំលាយ​នឹង​មាន​ការ​គាំទ្រ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ដល់​ទៅ​រាប់​លាន​នាក់​ឯណោះ ហើយ​យើង​ពិបាក​ក្នុង​ការ​លុបបំបាត់​នៃ​ជំនឿ​ការ​ពេញចិត្ត​របស់​ពួកគាត់។ អីចឹង​ហើយ​យើង​មិន​អាច​ផាត់​ចេញ​ការ​ចូលរួម​ចំណែក​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​គាំទ្រ ឬ​ក៏​ជំនឿ​របស់​ពួកគាត់​បានទេ»។

ទោះជា​យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ចង់​ឱ្យ​មេដឹកនាំ​គណបក្ស​កាន់អំណាច និង គណបក្ស​ប្រឆាំង គិត​ពី​ប្រយោជន៍​ជាតិ​ជាធំ ហើយ​នាំគ្នា​ងាក​មក​រក​តុ​ចរចា​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ប្រសើរ​ជាង​ការ​ឈ្លោះ​ទាស់ទែង​គ្នា​នាំ​ឱ្យ​ខូច​ដល់​សេដ្ឋកិច្ច​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។