ព្រឹទ្ធសភានឹងបញ្ជូនឈ្មោះភរិយារបស់លោក ហុង សុខហួរ គឺអ្នកស្រី គុណ លំអង ថ្វាយព្រះមហាក្សត្រដើម្បីអាចឲ្យអ្នកស្រីចូលស្បថក្នុងព្រះបរមរាជវាំង ក្លាយទៅជាសមាជិកសភាពេញសិទ្ធិរបស់ព្រឹទ្ធសភា។ សំណើនេះ បន្ទាប់ពីព្រឹទ្ធសភាសម្រេចទទួលស្គាល់អ្នកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៣ មណ្ឌលភូមិភាគ៤ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា។
អគ្គលេខាធិការនៃព្រឹទ្ធសភា លោក អ៊ុំ សារិទ្ធ ឲ្យដឹងថា ការសម្រេចទទួលស្គាល់ភរិយារបស់លោក ហុង សុខហួរ គឺអ្នកស្រី គុណ លំអង ជាសមាជិកព្រឹទ្ធសភាថ្មី ធ្វើតាមការសម្រេចពី គ.ជ.ប និងតាមសំណើពីគណបក្ស សម រង្ស៊ី។ លោកថា ការសម្រេចរបស់ព្រឹទ្ធសភាបែបនេះ គឺក្រោយពេលគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ថ្ងៃទី២៧ ខែមិថុនា។
លោកឲ្យដឹងទៀតថា ក្រោយពេលអ្នកស្រី គុណ លំអង បានក្លាយជាសមាជិកព្រឹទ្ធសភាពេញសិទ្ធិក្រោយចូលស្បថនៅព្រះបរមរាជវាំងហើយនោះ ព្រឹទ្ធសភានឹងរៀបចំរបៀបវារៈបោះឆ្នោតដើម្បីបញ្ចូលបេក្ខភាពអ្នកស្រី គុណ លំអង ទៅជាសមាជិកគណៈកម្មការទី១០ នៃព្រឹទ្ធសភា ដែលការបោះឆ្នោតនោះ ទាមទារឲ្យមានការចូលរួមបោះឆ្នោតតាមរូបមន្តស្វែងរកសំឡេងគាំទ្រភាគច្រើនដាច់ខាត ឬ ៥០+១ (ហាសិបបូកមួយ) ដែលត្រូវមានការគាំទ្រពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា៖ «យើងដឹងហើយថា គណបក្ស សម រង្ស៊ី ត្រូវមានវត្តមាននៅក្នុងគណៈកម្មការទី១០ ប៉ុន្តែសព្វថ្ងៃនេះនៅខ្វះមួយ អ៊ីចឹងទេជាធម្មតាតាមនីតិវិធីគេត្រូវបោះឆ្នោតអ៊ីចឹងហើយ ប៉ុន្តែយើងមិនអាចទស្សន៍ទាយការបោះឆ្នោតនោះបានទេ?»។
សមាជិកព្រឹទ្ធសភាថ្មី អ្នកស្រី គុណ លំអង និយាយថា ការទទួលបានជាសមាជិកព្រឹទ្ធសភានេះ មិនមែនជាការទទួលបានតួនាទីរបស់ស្វាមីរបស់អ្នកស្រីទេ ប៉ុន្តែនេះជាគោលការណ៍ច្បាប់ និងគោលការណ៍គណបក្ស និងលំដាប់លេខរៀងរបស់អ្នកស្រីផង។ អ្នកស្រីបញ្ជាក់ថា ការដែលគណបក្សចំហទុកចោលសមាជិកព្រឹទ្ធសភា ទោះមានការលាលែងរបស់លោក ហុង សុខហួរ ដែលជាស្វាមីរបស់អ្នកស្រី ព្រោះគណបក្សនៅរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ សិន៖ «អារម្មណ៍ការងារតួនាទីទទួលបានដោយរីករាយ ប៉ុន្តែបើទទួលដោយលុបបំបាត់អ្នកណាមិនថា ស្វាមី ឬអ្នកផ្សេងទេ ក៏អត់ចង់បានដែរ»។
ចំពោះការរំពឹងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា នឹងចូលរួមបោះឆ្នោតផ្ដល់សំឡេងគាំទ្រទៅជាសមាជិកគណៈកម្មការទី១០ នៃព្រឹទ្ធសភានោះ អ្នកស្រី គុណ លំអង មិនទាន់ធ្វើអត្ថាធិប្បាយយ៉ាងណានោះទេ។
ចំណែកប្រធានស្ដីទីនៃគណបក្ស សម រង្ស៊ី លោក ទាវ វណ្ណុល មានឲ្យដឹងថា ផ្នែកតាមកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៤ ក៏មានការកំណត់ទាក់ទងនឹងសមាសភាពនៅព្រឹទ្ធសភាដែរ។ លោកបន្តថា កិច្ចព្រមព្រៀងនោះ គឺផ្ដល់ឲ្យគណបក្ស សម រង្ស៊ី ធ្វើប្រធានគណៈកម្មការទី១ និងគណៈកម្មការទី១០ នៃព្រឹទ្ធសភាដែលកាលនោះ លោក ហុង សុខហួរ ជាប្រធានគណៈកម្មការទី១០ ប៉ុន្តែពេលនេះ លោក ហុង សុខហួរ កំពុងជាប់ឃុំទើបតម្រូវជ្រើសរើសបេក្ខភាពថ្មីមកជំនួស។
លោក ទាវ វណ្ណុល រំពឹងថា ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ នឹងអនុវត្តកិច្ចព្រមព្រៀងនេះ ដែលសមាជិកព្រឹទ្ធសភាគណបក្សប្រជាជននឹងបោះឆ្នោតគាំទ្រអ្នកស្រី គុណ លំអង ជាសមាជិកគណៈកម្មការទី១០នៃព្រឹទ្ធសភា៖ «គិតថា មិនមានជាបញ្ហាអីទេ នៅពេលយើងស្នើលោកជំទាវទៅគណៈកម្មការទី១០ហ្នឹង យើងឃើញសម្ដេចគាត់អត់មានចោទជាសំណួរអីទេ»។
លោក ហុង សុខហួរ ដែលមានសញ្ជាតិបារាំង បានលាលែងពីសមាជិកព្រឹទ្ធសភាកាលពីខែកុម្ភៈ ឆ្នាំ២០១៧ គឺរយៈពេល ៦ខែ ក្រោយពេលដែលរូបលោកត្រូវចាប់ឃុំខ្លួននៅពន្ធនាគារ។ លោកត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ៧ឆ្នាំ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមបទចោទចំនួន ៣បទល្មើស ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
រីឯអ្នកស្រី គុណ លំអង មានវ័យជាង ៥០ឆ្នាំ អ្នកស្រីមិនខុសពីស្វាមីដែរ គឺមានសញ្ជាតិបារាំង។ សព្វថ្ងៃនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្ស សម រង្ស៊ី មានចំនួន ១១រូបប៉ុណ្ណោះ នៃចំនួនសមាជិកសរុបចំនួន ៦១ នៅក្នុងព្រឹទ្ធសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។