កញ្ញា សេង ធារី ប្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ

0:00 / 0:00

មេធាវី និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​អាម៉េរិកាំង ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​កញ្ញា សេង ធារី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ដើម​សប្ដាហ៍​នេះ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ពន្ធនាគារ ជា​ពិសេស នៅ​មណ្ឌល​អប់រំ​កែ​ប្រែ «ម២»។ នេះ​បើ​តាម​ការ​អះអាង​របស់​មេធាវី​ការពារ​ក្ដី​របស់​កញ្ញា។ ឆ្លើយ​តប​នឹង​រឿង​នេះ មន្ត្រី​ជាន់​ខ្ពស់​ពន្ធនាគារ​ អះអាង​ថា អគ្គនាយកដ្ឋាន​ជំនាញ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​កញ្ញា សេង ធារី រួច​ហើយ ហើយ​នឹង​ចុះ​ស្រាវជ្រាវ​ករណី​នេះ។

មេធាវី​ការពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី គឺ​លោក សឺន ជុំជួន សង្ឃឹម​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ នឹង​ចុះ​ស៊ើបអង្កេត​អំពី​ភាព​មិន​ប្រក្រតី​នៅ​ពន្ធនាគារ បន្ទាប់​ពី​ទទួល​បណ្ដឹង​ពី​កូន​ក្ដី​របស់​លោក។

លោក សឺន ជុំជួន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា ថា កូន​ក្ដី​របស់​លោក គឺ​កញ្ញា សេង ធារី ដែល​ជា​អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ បាន​ដាក់​បណ្ដឹង កាល​ពី​ដើម​សប្ដាហ៍​នេះ។

លោក សឺន ជុំជួន៖ «ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ផ្លូវ​ចិត្ត ផ្លូវ​កាយ ពាក់ព័ន្ធ​នឹង​ទារុណកម្ម​ផ្លូវ​ចិត្ត​របស់​គាត់ ហើយ​ទាក់ទង​នឹង​ប្រហែល​ជា​អាច​ជា​រឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ផ្សេងៗ ហ្នឹង ជា​ការ​ដែល​គាត់​ប្រាប់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​មិន​អាច​បក​ស្រាយ​ឱ្យ​បាន​លម្អិត​បាន​ទេ។ ពាក្យ​បណ្ដឹង​គាត់​បាន​ដាក់​ប្ដឹង​ទៅ​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​រួច​ហើយ។ គាត់​ស្នើ​សុំ​ឱ្យ​ផ្នែក​ខាង​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ធ្វើ​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់លាស់ ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី ចំពោះ​រឿង​គាត់»។

អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ​លោក ឃៀង សុណាឌីន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែវិច្ឆិកា​ថា នាយកដ្ឋាន​ជំនាញ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​កញ្ញា សេង ធារី កាល​ពី​ថ្ងៃ​ទី៨ ខែវិច្ឆិកា និង​មាន​គម្រោង​បង្កើត​ ក្រុម​ការងារ​ចុះ​ស្រាវជ្រាវ​រឿង​នេះ។

លោក ឃៀង សុណាឌីន៖ «ចំពោះ​ពាក្យ​បណ្ដឹង​ជន​ជាប់​ឃុំ​ឈ្មោះ សេង ច័ន្ទធារី ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​មក​អគ្គនាយកដ្ឋាន​ពន្ធនាគារ បើ​តាម​ការ​បញ្ជាក់​ពី​នាយកដ្ឋាន​ជំនាញ ដែល​ទទួល​កិច្ច​ការងារ​នេះ គឺ​ពាក្យ​បណ្ដឹង​នេះ បាន​មក​ដល់​នាយកដ្ឋាន​ជំនាញ​នៅ​ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ បើ​តាម​ការ​បញ្ជាក់​របស់​នាយកដ្ឋាន​ជំនាញ​គឺ​គម្រោង​នឹង​ស្នើ​សុំ​គោល​ការណ៍​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​បង្កើត​ក្រុម​ការងារ​មួយ​ចុះ​អង្កេត​ស្រាវជ្រាវ​ករណី​នេះ»។

អ្នក​ជំនាញ​ច្បាប់ និង​កិច្ចការ​អន្តរជាតិ​កញ្ញា សេង ធារី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់​ឱ្យ​មាន​ទោស​ជាប់​ពន្ធនាគារ ៦ឆ្នាំ ពី​បទ​ចោទ «រួម​គំនិត​ក្បត់» ក្នុង​សំណុំរឿង​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ កាល​ពី​ឆ្នាំ២០១៩។

ក្រោយ​ពី​ការ​សម្រេច​នោះ នៅ​ខែកក្កដា ឆ្នាំ២០២២ មេធាវី​របស់​កញ្ញា សេង ធារី បាន​ដាក់​ពាក្យ​ប្ដឹង​ជំទាស់​ទៅ​សាលាឧទ្ធរណ៍ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ សាលាឧទ្ធរណ៍​មិន​ទាន់​បើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​នៅ​ឡើយ​ទេ។

លោក​មេធាវី សឺន ជុំជួន ស្នើ​ឱ្យ​តុលាការ​ពន្លឿន​នីតិវិធី​សវនាការ​ឱ្យ​បាន​ឆាប់ ពីព្រោះ​ការ​អូស​បន្លាយ​ពេល​យូរ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​កូន​ក្ដី​របស់​លោក។

លោក សឺន ជុំជួន៖ «ខ្ញុំ​បាន​ដាក់​ពន្លឿន​នីតិវិធី​ប្រហែង​ជា ២ខែ​មុន ប៉ុន្តែ​មក​ដល់​ពេល​នេះ ដូច​ជា​មិន​ទាន់​ឃើញ​មាន​ដាក់​កម្មវិធី​សវនាការ​នៅ​ឡើយ​ទេ អ៊ីចឹង​យើង​រង់​ចាំ​មើល​សិន។វា​ប៉ះពាល់​ដល់​សិទ្ធិ គឺ​សិទ្ធិ​ទទួល​បាន​ការ​ជំនុំ​ជម្រះ​លឿន​បំផុត វា​ប៉ះពាល់​ដល់​សិទ្ធិ​កន្លែង​ហ្នឹង»។

កញ្ញា សេង ធារី ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ពី​ពន្ធនាគារ​ខេត្ត​ព្រះវិហារ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ «ម២» នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី២៣ ខែ​កញ្ញា។ ការ​បញ្ជូន​កញ្ញា​ទៅ​ឃុំ​ខ្លួន​នៅ​ភ្នំពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​លំហ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ឡើង​វិញ ដើម្បី​ធានា​ថា ពលរដ្ឋ​ខ្មែរ​ទាំងអស់ អាច​ចូលរួម​ក្នុង​ដំណើរ​ការ​នយោបាយ​បាន​ដោយ​សេរី​។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​ថា អ្នក​ជាប់​ឃុំ​មាន​សិទ្ធិ​ប្ដឹង​ពី​ភាព​មិន​ប្រក្រតី ទាក់ទង​នឹង​អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​នៅ​ក្នុង​ពន្ធនាគារ។

លោក អំ សំអាត៖ «អ្វី​ដែល​សំខាន់ តើ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឬ​ក្រសួង​មហាផ្ទៃ​លោក​នឹង​ចាត់​វិធានការ​របៀប​ម៉េច ក្នុង​ការ​ធ្វើ​អធិការ​កិច្ច និង​ការ​ស៊ើបអង្កេត​ទៅ​លើ​ករណី​ហ្នឹង ពីព្រោះ​យើង​ដឹង​ហើយ​ជន​ជាប់​ឃុំ គាត់​អស់​សិទ្ធិ​មួយ​សិទ្ធិ​ដែល​តុលាការ​ដក​ហូត​ទេ និង​គោរព​តាម​គោល​ការណ៍​នៃ​ពន្ធនាគារ អ៊ីចឹង​សិទ្ធិ​ដទៃ​ទៀត មាន​ដូច​ពលរដ្ឋ​ដទៃ មិន​ត្រូវ​បាន​រំលោភ​បំពាន​ទេ។ បើ​សិន​មាន​ការ​រំលោភ​បំពាន អា​ហ្នឹង​ត្រូវ​តែ​អនុវត្ត​តាម​នីតិវិធី ហើយ​ផ្ដល់​កិច្ច​ការងារ​យុត្តិធម៌​សម្រាប់​ជន​ជាប់​ឃុំ​ទាំងអស់»។

គិត​ចាប់​តាំង​ពី​ខែ​មិថុនា ឆ្នាំ២០២២ ដល់​ខែ​វិច្ឆិកា ឆ្នាំ២០២៤ មេធាវី និង​ជា​អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​អន្តរជាតិ​ កញ្ញា សេង ធារី ជាប់​ពន្ធនាគារ​ជាង ២ឆ្នាំ​ហើយ។ ការ​កាត់​សេចក្ដី​ឱ្យ​កញ្ញា សេង ធារី មាន​ទោស​បែប​នេះ ត្រូវ​បាន​ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ សេរី ប្រជាធិបតេយ្យ រួមមាន អង្គការ​សហប្រជាជាតិ សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ជា​ដើម ចាត់​ទុក​ថា ជា​ចំណាត់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ។

ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​សហគមន៍​អន្តរជាតិ​សេរី​ប្រជាធិបតេយ្យ ធ្វើ​ការ​ជំរុញ​ជា​បន្ត​បន្ទាប់ ទទូច​ដល់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ឱ្យ​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​សញ្ជាតិ-ខ្មែរ​អាម៉េរិកាំង ​កញ្ញា សេង ធារី ព្រម​ទាំង​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ទាំង​អស់ ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​បញ្ចៀស​ការ​រិះគន់ និង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។