មេធាវីការពារក្តីកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ពន្ធនាគារ ចាត់ទុកវីដេអូឃ្លីប រូបភាព និងឯកសារ ដែលមន្រ្តីនគរបាលនៃក្រសួងមហាផ្ទៃប្រមូលពីការបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកកន្លងទៅ ហើយយកមកដាក់បង្ហាញក្នុងសវនាការមិនមែនជាភស្តុតាងសម្រាប់ដាក់បន្ទុកក្នុងបទល្មើស ដើម្បីចោទប្រកាន់កូនក្ដីពីបទ «ញុះញង់ និងរួមគំនិតក្បត់» នោះទេ។ មេធាវី និងជនជាប់ចោទនៅតែយល់ថា សវនាការនេះតុលាការគ្មានភស្តុតាងរឹងមាំណាមួយក្នុងការចោទប្រកាន់ដដែល។
មុនពេលចូលបំភ្លឺនៅតុលាការក្រុងភ្នំពេញអ្នកជំនាញផ្នែកច្បាប់ និងវិទ្យាសាស្រ្តនយោបាយកញ្ញា សេង ធារី រួមជាមួយសកម្មជនសង្គមដែលទើបចេញពីពន្ធនាគារលោកស្រី សាត ផា និងសកម្មជនដីធ្លីនៅតំបន់បឹងកក់លោកស្រី ង៉ែត ឃុន ហៅយាយ ម៉ាមី បានស្រែកទាមទារយុត្តិធម៌នៅមុខតុលាការក្រុងភ្នំពេញ ដើម្បីឱ្យស្ថាប័នមួយនេះដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការដោយឥតលក្ខខណ្ឌ។ ពួកគាត់ក៏អំពាវនាវឱ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើកូដករណាហ្គាវើលដ៍ផងដែរ។ ក្រុមស្ត្រីទាំងនោះ បានតុបតែងខ្លួនខុសប្លែកពីលើកមុនៗ ដោយបានស្លៀកពាក់ឈុតអាវប៉ាក់ សំពត់ហូរផាមួងបែបប្រពៃណីខ្មែរ អមដោយដៃកាន់ទង់ជាតិខ្មែរ និងផ្កាឈូករ័ត្ន ដើម្បីបង្ហាញអំពីអត្តសញ្ញាណវប្បធម៌ខ្មែរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានបន្តសវនាការលើកទី៤ តាមការគ្រោងទុកនៅថ្ងៃទី២៨ ខែមីនា ដោយមានការចូលពីសាច់ញាតិអ្នកជាប់ឃុំ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានឯករាជ្យ និងតំណាងអង្គទូតប្រទេសប្រជាធិបតេយ្យមួយចំនួន។ សវនាការលើកនេះ គឺជាដំណាក់បង្ហាញភស្តុតាងពីមន្រ្តីគរបាលយុត្តិធម៌ និងផ្នែកប្រឆាំងអំពើភេរវកម្មដែលបានកសាងសំណុំរឿងបញ្ជូនមកតុលាការដើម្បីចោទប្រកាន់។ ទោះជាយ៉ាងណា មេធាវី និងជនជាប់ចោទសង្កេតឃើញថា តុលាការនៅតែគ្មានភស្តុតាងរឹងមាំណាមួយដើម្បីការចោទប្រកាន់ដដែល។
មេធាវីការពារក្ដីឲ្យកញ្ញា សេង ធារី និងសកម្មជនបក្សប្រឆាំង គឺលោក ជូង ជូងី ប្រាប់វិទ្យុអាស៊ីសេរី ក្រោយចប់សវនាការថា សមត្ថកិច្ចបានបង្ហាញភស្តុតាង បីផ្នែកអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដូចជាវីដេអូឃ្លីប រូបថតជួបជុំនៅក្រៅប្រទេស របាយការណ៍ស្តីពីរបៀបវារៈនិងលទ្ធផលនៃកិច្ចប្រជុំសម្រាប់ផែនការមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩។ លោកកត់សម្គាល់ថា ភស្តុតាងរបស់សមត្ថកិច្ចដាក់បង្ហាញក្នុងសវនាការដោយយកចេញពីហ្វេសប៊ុកដែលបង្ហោះជាសាធារណៈ មិនអាចដាក់បន្ទុកកូនក្តីរបស់លោកក្នុងបទល្មើសបានទេ ផ្ទុយទៅវិញភស្តុតាងទាំងនោះ គឺជាការបង្ហាញអំពីចលនាបែបសង្គមប្រជាធិបតេយ្យធានាដោយស្របច្បាប់៖ «អ្វីដែលបង្ហាញមកហ្នឹងធ្វើឱ្យកត់សម្គាល់ឃើញថា ទាំងវីដេអូឃ្លីប រូបភាពទាំងឯកសារជាលាយលក្ខអក្សរបង្ហាញឱ្យឃើញពីចលនាប្រជាធិបតេយ្យដែលឆ្ពោះទៅរកការដឹកនាំតាមបែបប្រជាធិបតេយ្យ ហើយធ្វើលក្ខណៈជាសាធារណៈមិនមានបិទបាំងទេ។ ការពង្រឹងពង្រីក ឬក៏ផ្សព្វផ្សាយសកម្មភាពចលនាប្រជាធិបតេយ្យវាអត់ខុសច្បាប់ទេ វាត្រឹមត្រូវដែលប្រទេសប្រជាធិបតេយ្យគេប្រកាន់យក»។
កញ្ញា សេង ធារី ថ្លែងថា សវនាការនេះ គឺជាដំណើរការរឿងគួរឱ្យអស់សំណើច និងហូសចិត្តបំផុតចំពោះសមត្ថកិច្ចដែលយកវីដេអូឃ្លីប និងរូបភាពនៃការប្រើប្រាស់សិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ ធ្វើជាមូលដ្ឋានចោទប្រកាន់ពីបទឧក្រិដ្ឋ ដោយគ្មានមូលដ្ឋានត្រឹមត្រូវ។ អ្នកជំនាញផ្នែកច្បាប់រូបនេះយល់ថា ទោះបីសមត្ថកិច្ចគ្មានភស្តុតាងរឹងមាំយ៉ាងក្តី ក៏តុលាការត្លុកល្ខោនមួយនេះនឹងផ្តន្ទាទោស កញ្ញានិងសកម្មជនផ្សេងទៀតផ្អែកលើរឿងនយោបាយដដែល ប៉ុន្តែកញ្ញាថា នឹង ដើរតួជាមួយល្ខោននយោបាយរបស់តុលាការបែបនេះបន្តទៀត៖ «ពីព្រោះយើងចង់ឃើញអ្វីទៅដែលគ្រោះថ្នាក់ រហូតដល់ជាប់គុករយៈពេល១២ឆ្នាំពីឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ដូចជាការក្បត់ជាតិ យើងចង់ដឹងតើមានអ្វីទៅចោទប្រកាន់លើពួកយើង ចឹងបានទាំងអស់គ្នាចាប់អារម្មណ៍ ហើយអស់សំណើចអត់បានឃើញអ្វីដែលប៉ះពាល់ អត់មានសោះ។ ប្រទេសយើងធ្លាក់ដល់កម្រិតហ្នឹង អស្ចារ្យមែនទែន ផ្តាច់ការគ្រោះថ្នាក់ដល់ជាតិតែម្តង ខ្ញុំព្រួយបារម្ភ»។
តុលាការ បានចោទប្រកាន់កញ្ញា សេង ធារី ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងរឿងផែនការវិលចូលស្រុករបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ ក្រៅពីនេះបានចោទប្រកាន់សកម្មជនបក្សប្រឆាំងជិង៥០នាក់ផ្សេងទៀត ក្នុងនោះសមត្ថកិច្ចបានបញ្ជូនសកម្មជនគណបក្សប្រឆាំងបីនាក់ដែលកំពុងជាប់ឃុំ គឺលោក កាក់ កុម្ភារ លោក ហេង ច័ន្ទសុធី និងលោក ទុំ ប៊ុនថន មកសាកសួរផងដែរ។
ចំណែកនៅក្រៅរបងតុលាការវិញមានការឃ្លាំមើលពីសាច់ញាតិ និងមិត្រភ័ក្ត្រអ្នកជាប់ឃុំជិត១០នាក់ ដែលស្ថិតក្នុងការឃ្លាំមើល និងតឹងរ៉ឹង ពីក្រុមសមត្ថកិច្ច ដែលឈរជើងជុំវិញបរិវេនតុលាការ។ តុលាការនឹងបន្តសវនាការជាថ្មីទៀតនៅថ្ងៃទី៥ ខែមេសា ខាងមុខ ដើម្បីបង្ហាញភស្តុតាងពាក់ព័ន្ធទៅនឹងកញ្ញា សេង ធារី វិញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ ដើម្បីបញ្ជាក់ជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៨ ខែមីនា។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា សង្គមប្រជាធិបតេយ្យពិតប្រាដកពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញក្នុងការចូលរួមក្នុងជីវភាពនយោបាយ ចំណែកការបញ្ចេញមតិ ឬទស្សនៈរបស់ពលរដ្ឋដែលផ្ទុយពីការយល់ឃើញរបស់រដ្ឋាភិបាលវិញ គឺមិនមែនជាបទល្មើសដែលត្រូវចោទប្រកាន់តាមប្រព័ន្ធតុលាការនោះទេ។ យ៉ាងណាក្តី លោកសង្កេតឃើញថាការចាប់ខ្លួន ការចោទប្រកាន់ និងការផ្តន្ទាទោសចំពោះសកម្មជនគណបក្សប្រឆាំងកន្លងទៅ ពុំមានភស្តុតាងត្រឹមត្រូវទេ ពីព្រោះករណីនោះកើតចេញពីវិវាទផ្នែកនយោបាយ៖ «ខ្ញុំគិតថារឿងនេះមិនមែនជារឿងដែលត្រូវមកចាប់ទោសអូសដំណើរលើសកម្មជនទាំងអស់នោះទេ រួមទាំងកញ្ញា សេង ធារី ផងដែរ ក៏មិនមែនជារឿងបទល្មើសអីចំពោះសកម្មភាពទាំងនោះ តែរឿងនេះវាផ្តើមឡើងដោយវិវាទនយោបាយ វាមិនមែនវិវាទកំហុសព្រហ្មទណ្ឌ បទល្មើសផ្លូវច្បាប់អីហ្នឹងទេ»។
កន្លងមកអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័ន រួមទាំងស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗ បានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។