កញ្ញា សេង ធារី ថា​​មិន​​គួរ​​មាន​​គណបក្ស​ណា​មួយ​​ចូលរួម​​បោះឆ្នោតនោះ​​ទេ ក្នុង​​កាលៈទេសៈ​នេះ

0:00 / 0:00

អ្នក​​ជំនាញ​​ផ្នែក​ច្បាប់ និង​​នយោបាយ​អន្តរជាតិកញ្ញា សេង ធារី អំពាវនាវ​​ឲ្យ​គ្រប់​គណបក្ស​ប្រឆាំង​​ធ្វើ​ពហិការ​ការ​បោះឆ្នោត​​នៅ​ពេល​​ខាង​មុខ ដើម្បី​កុំ​ឲ្យ​ផ្ដល់​ភាព​​ស្រប​ច្បាប់​​ដល់​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ដែល​កញ្ញា​ថា កំពុង​​ដឹកនាំ​​ប្រទេស​បែប​ផ្ដាច់ការ។ កញ្ញា​សង្កេត​ឃើញ​ថា បរិយាកាស​នយោបាយ​ពេល​នេះ មិន​អាច​ឲ្យ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​បាន​ទេ។

អ្នក​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ​ជាង២០​ឆ្នាំ កញ្ញា សេង ធារី ថា បរិយាកាស​នយោបាយ​ដែល​មិន​អំណោយផល​ដល់​ការ​បោះឆ្នោត មាន​កត្តា​ជាច្រើន​ដូចជា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មិន​អាច​បើក​ដំណើរការ​ឡើង​វិញ ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​និង​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​តែ​ធ្ងន់ធ្ងរ ស្ថាប័ន​អាជ្ញាកណ្ដាល ​គ.​ជ.​ប ក៏​នៅ​តែ​មិន​ទាន់​ឯករាជ្យ​នៅ​ឡើយ។

កញ្ញា សេង ធារី បន្ត​ថា ការ​ចូលរួម​បោះឆ្នោត​ក្នុង​ស្ថានភាព​អាក្រក់​បែប​នេះ គឺ​ជា​ការ​ចូលរួម​លម្អ​សួន​ប្រជាធិបតេយ្យ ផ្ដល់​ភាព​ស្រប​ច្បាប់​ដល់​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន ឱ្យបន្ត​ក្រាញ់​អំណាច​ត​វង្ស​ត្រកូល​គ្មាន​ទី​បញ្ចប់៖ « ពេល​យើង​ថា ​ចូលរួម​យើង​ត្រូវ​ចូល​រួម​ឲ្យ​មាន​ក្ដី​សង្ឃឹម​ថា​ នឹង​ឈ្នះ បើ​សិន​ជា​អត់​ឈ្នះ​ទេ ​មិន​មែន​ជា​យុទ្ធសាស្ត្រ​ដែល​យើង​ថា ​ប្រសើរ​ទេ។ ខ្ញុំ​បាន​និយាយ​នៅ​ឆ្នាំ​២០១៨ ខ្ញុំ​ថា ធ្វើ​ពហិការ ពីព្រោះ​ពេល​វេលា​ហ្នឹង ​បើ​សិន​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ឆ្កែ​ខ្ញុំ​អា​ឌឺឡៃឡា ក៏​អាច​ឈ្នះ​លោក ហ៊ុន សែន ដែរ ពីព្រោះ​ទាំងអស់​គ្នា​ស្អប់ខ្ពើម​របប​ផ្ដាច់ការ​ហ្នឹង​ដល់​កម្រិត។ ប៉ុន្តែ​គេ​អត់​ឲ្យ​យើង​ឈ្នះ បើ​អ៊ីចឹង​យើង​រៀបចំ​ពេលវេលា​ហ្នឹង​រៀបចំ​ធ្វើ​ម៉េច​ឲ្យ​យើង​ម៉ាំ ដែល​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​ថា អាច​ឈ្នះ។ ក្នុង​ឆ្នាំ​ហ្នឹង​កុំ​គិត​ថា អាច​ឈ្នះ យើង​អត់​អាច​ទេ។ បើ​យើង​ចេះ​តែ​តៗ យើង​ខ្ជះខ្ជាយ​ឱកាស​ដែល​យើង​អត់​មាន ​ពីព្រោះ​វា​តូច​មែនទែន យើង​ត្រូវ​ការ​រង់ចាំ ១០​ឆ្នាំ​ទៀត ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ​ ដែល​ខ្ញុំ​ត្រូវ​ការ​និយាយ​ជា​សាធារណៈ »

ការ​លើក​ឡើង​បែប​នេះ របស់​កញ្ញា សេង ធារី ធ្វើឡើង​ក្រោយ​ពេល​កញ្ញា​ប្រកាស​មិន​គាំទ្រ ការ​បើក​ដំណើរការ​របស់​គណបក្ស​ភ្លើង​ទៀន​ឡើង​វិញ ស្រប​ពេល​ដែល​ការ​ទាមទារ​គណបក្ស​សង្គ្រោះ​ជាតិ​មក​វិញ​មិន​ទាន់​ជោគជ័យ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ កញ្ញា​ថា ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​វិល​មក​វិញ​ក្ដី ក៏​មិន​អាច​ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​បាន​ផង ព្រោះ​គណបក្ស​នេះ​កំពុង​ហែកហួរ​គ្នា​ផ្ទៃ​ក្នុង។ កញ្ញា​បន្ថែម​ថា សូម្បី​តែ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ប្រជាប្រិយ​ខ្លាំង​នៅ​ពេល​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​លំបាក​ផ្សះផ្សា​គ្នា​ទៅ​ហើយ ចុះ​ទម្រាំ​គណបក្ស​តូចៗ ដ៏​ទៃ​ទៀត តើ​មាន​សង្ឃឹម​អ្វី​ ថា​នឹង​ឈ្នះ?

កញ្ញា សេង ធារី ស្នើ​ជា​យោបល់​ថា ពេល​នេះ​ គឺ​ជា​ឱកាស​មាស​សម្រាប់​អ្នក​ប្រជាធិបតេយ្យ ដូច្នេះ​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​គួរ​តែ​រួម​គ្នា​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន ទាមទារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ក្នុង​ស្ថានភាព​ដែល​មាន​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​ផង ក្នុង​ពេល​កម្ពុជា​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​ផង៖ « ខ្ញុំ​ចង់​ឲ្យ​ទាំងអស់​គ្នា​ឃើញ ឆ្នាំ២០២២ ជា​ឱកាស​មាស​ ជា​ឱកាស​ក្រ​ក្នុង​ការ​បង្កើត​ស្ពាន​អាសន្ន ក្នុង​ការ​រំខាន​ កុំ​ចូលរួម​អ្វី​ដែល​យើង​គិត​ថា​ ជា​នយោបាយ​ កុំ​ចូល​បោះឆ្នោត មិន​​ត្រឹម​តែ​ធ្វើ​ពហិការ​ថ្ងៃ​បោះឆ្នោត​ទេ ប៉ុន្តែ​មុន​ហ្នឹង​ទៀត កុំ​ធ្វើ​សកម្មភាព​ដែល​យើង​គិត​ធម្មតា​ថា ​សកម្មភាព​នយោបាយ​ក្នុង​ការ​ទាញ​អារម្មណ៍​ពិភពលោក​ថា នេះ​ជា​របប​ផ្ដាច់ការ យើង​អត់​ចូល​ដៃ​បាន​ទេ នៅ​ក្នុង​ការ​ប្រកួត​ប្រជែង​យើង​អត់​ទទួល​ស្គាល់​គាត់​ទេ»

កញ្ញា សេង ធារី ផ្ដល់​ជា​យោបល់​ដល់​អ្នក​ស្រលាញ់​ប្រជាធិបតេយ្យ​ឲ្យ​បន្ត​ការ​តស៊ូ​មតិ​ដោយ​អហិង្សា ប្រកាន់​គោលដៅ​ច្បាស់លាស់ ដើម្បី​យក​ឈ្នះ​គណបក្ស​កាន់​អំណាច​ដោយ​មិន​ត្រូវ​ងាក​រេ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។