មន្ត្រី​បក្ស​ប្រឆាំង​​ យល់ថា សកម្មជនរបស់ខ្លួនដែលគ្មានកំហុស គួរតែត្រូវព្រះមហាក្សត្រ ​លើក​លែង​ទោស​ដើម្បី​ផ្សះផ្សា​ជាតិ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​ស្នើ​រដ្ឋាភិបាល​ឱ្យ​ស្នើ​ទៅព្រះមហាក្សត្រ ដើម្បី​ផ្តល់​ការ​លើក​លែង​ទោស និង​លើក​លែង ដល់​មន្ត្រីបក្សប្រឆាំងដែលគ្មានកំហុស និងជាប់​បម្រាម​នយោបាយ​​ទាំងអស់​ ដើម្បី​ផ្សះផ្សា​ជាតិ​ និង​បើក​ផ្លូវ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ភ្លាមៗ ក្រោយ​ពី​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ប្រមុខ​រដ្ឋ​ស្ដីទី​ លោក សាយ ឈុំ អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស សម រង្ស៊ី គឺ​អ្នក​ស្រី ថាក់ ឡានី បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​នយោបាយ​បែប​នេះ​ទៅ​មន្ត្រី​បក្ស​ប្រឆាំង​ដទៃ​ទៀត។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ស្រី​ មូរ សុខហួរ​ មាន​ប្រសាសន៍​ថា​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់​គ្មាន​ទោសពៃរ៍​អ្វី​ទេ។ អ្នក​ស្រី​ថា របប​ក្រុង​ភ្នំពេញ​ត្រូវ​តែ​បញ្ចប់​​ការ​យក​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​​ជា​សត្រូវ​ ហើយ​ងាក​មក​រក​ការ​ផ្សះផ្សា​ជាតិ​ឡើង​វិញ៖ «ការ​អនុគ្រោះ ដើម្បី​ឱ្យ​មាន​ការ​ផ្សះផ្សា​ជាតិ ត្រូវ​មើល​ឱ្យ​ឆ្ងាយ មិន​មែន​សម្រាប់​មួយ​ករណី​ម្តងៗ ទេ គឺ​ដើម្បី​ការ​ផ្សះផ្សា​ជាតិ​នេះ​ជា​ព្រះរាជ​សិទ្ធិ និង​ជា​ព្រះ​រាជ​តួនាទី​របស់​ព្រះ​ករុណា នៅ​ក្នុង​ការ​ធានា ឱ្យ​មាន​ការ​ឯកភាព និង​ការ​ផ្សះផ្សា​ជាតិ»។

លោក សាយ ឈុំ ប្រមុខ​រដ្ឋ​ស្ដីទី​បាន​ចុះ​ហត្ថលេខា​លើ​ព្រះរាជ​ក្រឹត្យ​លើក​លែង​ទោស​ដល់​អ្នក​ស្រី ថាក់ ឡានី ​កាល​ពី​ថ្ងៃ​ទី៣ មីនា ប៉ុន្តែ​ព្រះរាជ​ក្រឹត្យ​នេះ ទើប​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៦ មីនា​ ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​លើក​លែង​ទោស​នោះ​ទេ។ ប៉ុន្តែ​​ព្រះ​រាជក្រឹត្យ​បញ្ជាក់​ថា គិត​ដល់​ខែ​មីនា ឆ្នាំ២០២១ នេះ អ្នកស្រី ថាក់ ឡានី បាន​ផុត​កំណត់​នៃ​ការ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ហើយ។

អនុប្រធាន​អង្គការ​លីកាដូ​ទទួល​បន្ទុក​សិទ្ធិមនុស្ស លោក អំ សំអាត ថា ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស​នេះ​គ្មាន​អ្វី​ប្លែក​ទេ ដោយសារ​របត់​នយោបាយ ហើយ​ធ្លាប់​បាន​ធ្វើ​រួច​មក​ហើយ​ទៅលើ​គណបក្ស​ប្រឆាំង៖ « ទាក់​ទង​នឹង​ព្រះ​រាជក្រឹត្យ​លើក​លែង​ទោស​នេះ វា​ទាក់ទង​សាមី​ខ្លួន​ផ្ទាល់ ទាក់ទិន​នឹង​ការ​ស្នើសុំ​ហ្នឹង ហើយ​នឹង​ការ​ពិនិត្យ​មើល​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មភាព​របស់​លោក​ស្រី ថាក់ ឡានី ហ្នឹង។ អ៊ីចឹង​ខ្ញុំ​គិត​ថា ដូច​ជា​អត់​មាន​អ្វី​ប្លែក​ដូច​លើក​មុនៗ ទេ ទាក់​ទង​នឹង​ការ​លើក​លែង​ទោស ពី​ព្រោះ​យើង​ឃើញ​មាន​អ្នក​នយោបាយ​ច្រើន​ដែរ​ដែល​ត្រូវ​បាន​លើក​លែង​ទោស​ពី​មុនៗ មក​នោះ »

តុលាការ​ក្រុង​ភ្នំពេញ ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៦ បាន​សម្រេច​ផ្ដន្ទាទោស​អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដាក់​ពន្ធនាគារ ១ឆ្នាំ ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិកាជាតិ​ ចំនួន ៨លាន​រៀល គឺ​ប្រមាណ ២ពាន់​ដុល្លារអាមេរិក ក្រោម​បទ​ចោទ​ថា ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ដល់​សន្តិសុខ​សង្គម តាម​បណ្ដឹង​លោក ហ៊ុន សែន។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្ដឹង​អ្នក​ស្រី ថាក់ ឡានី ជុំ​វិញ​ការ​អត្ថាធិប្បាយ​របស់​លោក​ស្រី​ ថា លោក ហ៊ុន សែន ជា​អ្នក​នៅ​ពី​ក្រោយ​នៃ​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។