មន្ត្រីបក្សប្រឆាំង និងពលរដ្ឋ ប្រតិកម្មនឹងមន្ត្រីជាន់ខ្ពស់ប៉ូលិសថា ប្រសិនបើពួកគេមិនយកចិត្តទុកដាក់លើបញ្ហានោះ ពួកគេមិនអាចធ្វើឱ្យប្រទេសជាតិរីកចម្រើនបានឡើយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន ព្រមានថា ការគាំទ្រ ឬការចូលរួមសកម្មភាពជាមួយលោក សម រង្ស៊ី ជាទង្វើខុសច្បាប់ដែលសមត្ថកិច្ចនឹងមានចំណាត់ការ តាមផ្លូវច្បាប់។ លោកអំពាវនាវទៅពលរដ្ឋកុំស្ដាប់តាមការអំពាវនាវរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប៉ុន្តែត្រូវខិតខំប្រកបមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនទើបជារឿងល្អ៖ «សូមប្រជាពលរដ្ឋកុំលោះលង់ល្ងង់ជឿទៅលើការអំពាវនាវរបស់ក្រុមឧទ្ទាមទៀត ព្រោះអំពើនេះជាអំពើខុសច្បាប់ គាត់ទៅគាំទ្រពួកនេះបានន័យខុសច្បាប់ហើយ បើខុសច្បាប់សមត្ថកិច្ចគេអនុវត្តតាមច្បាប់ អ៊ីចឹងសូមឱ្យពួកគាត់ពិចារណាកុំឱ្យចូលរួមមានមុខរបររកស៊ីអី ខិតខំរកស៊ីចិញ្ចឹមជីវិតទៅគឺល្អហើយ»។
ឆ្លើយតបនឹងលោក ឆាយ គឹមខឿន ពលរដ្ឋរស់នៅខេត្តព្រៃវែង ថន សុភាព យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យការចូលរួមរបស់ពលរដ្ឋក្នុងកិច្ចការនយោបាយមិនមែនជាទង្វើខុសច្បាប់ទេ។ លោកបន្តថា សង្គមមួយ ដែលរីកចម្រើនគឺត្រូវមានចូលរួមពីពលរដ្ឋ។
ពលរដ្ឋរូបនេះជំរុញទៅរដ្ឋាភិបាលត្រូវយកគំរូតាមប្រទេសក្នុងតំបន់អាស៊ាន ដែលគេលើកទឹកចិត្តឱ្យពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងកិច្ចការនយោបាយ ហើយប្រទេសទាំងនោះសុទ្ធតែមាន សេដ្ឋកិច្ចរីកចម្រើន៖ «ប្រទេសជិតខាងដូចជាប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រទេសថៃ គឺប្រជាពលរដ្ឋគេខ្វល់ខ្វាយពីបញ្ហានយោបាយបានអ្នកនយោបាយបោកគាត់មិនបាន កេងប្រវ័ញ្ចលើគាត់មិនបានដោយសារប្រជាពលរដ្ឋមានចំណាប់អារម្មណ៍លើនយោបាយ»។
លោក ហ៊ុន សែន ក្នុងកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្ត្រី ក៏ព្រមានចាត់វិធានការប្រឆាំងផែនការរដ្ឋប្រហារផ្ដួលរលំរបបរបស់លោកមិនឱ្យកើតឡើងជាដាច់ខាត។ លោក ហ៊ុន សែន ព្រមានទៀតថា រដ្ឋាភិបាលរបស់លោកនឹងអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះជនណា ចូលរួមប្រព្រឹត្តអំពើក្បត់ជាតិតាមបណ្ដាញទំនាក់ទំនងសង្គមនានា។
ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញលោក ម៉ន ផល្លា ដែលបង្ខំចិត្តនិរទេសខ្លួននៅក្រៅប្រទេសនិយាយថា របបលោក ហ៊ុន សែន កំពុងគំរាមកំហែងពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយ និងជាការបំភ័យធ្វើឱ្យពលរដ្ឋខ្លាចមិនហ៊ានមកចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។ លោកថា ការព្រមានបែបនេះជាទង្វើផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងជាការរំលោភសិទ្ធិមនុស្ស។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះយល់ថា ពលរដ្ឋនឹងមិនខ្លាចការព្រមានទាំងនោះទេ៖ «រូបភាពនៃការបំភិតបំភ័យប្រជាពលរដ្ឋនេះ គឺមិនមានប្រសិទ្ធភាពទេ ខ្ញុំជឿថា ប្រជាពលរដ្ឋខ្មែរលោកមានការយល់ដឹងទាក់ទងទៅនឹងរបត់នយោបាយ ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់គាត់»។
គិតមកដល់ថ្ងៃទី១១ ខែតុលា គឺនៅសល់តែ ២៩ថ្ងៃទៀតទេ ដល់ថ្ងៃកំណត់ដែលលោក សម រង្សី សន្យាវិលចូលប្រទេសកម្ពុជាវិញ។ ការវិលត្រលប់នេះត្រូវលោកអះអាងថា ដើម្បីស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។