តុលាការកំពូលនឹងប្រកាសសេចក្ដីសម្រេចសុំនៅក្រៅឃុំរបស់ស្ថាបនិកគណបក្សបេះដូងជាតិ នៅថ្ងៃទី២៧ កក្កដា។ មេធាវីការពារក្ដី លោក ជូង ជូងី ស្នើសុំតុលាការកំពូលដោះលែងលោក សៀម ភ្លុក ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងថា កូនក្ដីរបស់មិនបានប្រព្រឹត្តកំហុសនាំឱ្យប៉ះពាល់ដល់សង្គមឡើយ។ មន្ត្រីសង្គមស៊ីវិលថា ការបន្តឃុំខ្លួនលោក សៀម ភ្លុក នឹងប៉ះពាល់លំហសេរីភាពនយោបាយនៅកម្ពុជា។
តុលាការកំពូលបានបើកសវនាការលើការស្នើសុំនៅក្រៅឃុំរបស់លោក សៀម ភ្លុក នៅព្រឹកថ្ងៃទី២៥ កក្កដា ដោយបានអនុញ្ញាតឱ្យលោក សៀម ភ្លុក និងមេធាវីរបស់លោកមានពេលវេលាគ្រប់គ្រាន់ក្នុងការឆ្លើយបំភ្លឺទាក់ទងនឹងបណ្ដឹងសាទុក្ខនេះ។
លោក សៀម ភ្លុក បានស្នើសុំឱ្យតុលាការកំពូលដោះលែងលោកឱ្យមានសេរីភាព ដោយលោកថា លោកគ្មានចេតនាក្លែងបន្លំស្នាមមេដៃណាមួយ ក្នុងការចុះបញ្ជីបង្កើតគណបក្សកន្លងមកនោះទេ ហើយម្យ៉ាងទៀត លោកកំពុងមានជំងឺទឹកនោមផ្អែមដែរ។ ជាមួយគ្នានេះដែរ លោកបានស្នើសុំឱ្យមានអន្តរាគមន៍ពីតុលាការកំពូល ចំពោះសកម្មភាពរបស់មន្ត្រីនៅពន្ធនាគារ ដែលបានប្រព្រឹត្តសកម្មភាពមកលើរូបលោក ប្រៀបដូចជាជនមានទោស ខណៈលោកមិនទាន់ត្រូវបានកាត់ក្ដីថា មានទោសនៅឡើយ។
ឆ្លើយតបនឹងការស្នើសុំទាមទារឱ្យមានការគោរពសិទ្ធិក្នុងឋានៈលោកមិនមែនជាជនមានទោសរបស់លោក សៀម ភ្លុក នេះ តុលាការកំពូលលើកឡើងថា ការគ្រប់គ្រងជនជាប់ចោទ មិនមែនជាដែនសមត្ថកិច្ចរបស់តុលាការកំពូលនោះទេ ហើយតុលាការកំពូលបានឱ្យលោក សៀម ភ្លុក រកដំណោះស្រាយពីអយ្យការអមសាលាដំបូងភ្នំពេញវិញ។ ដោយឡែក ចំពោះសេចក្ដីសម្រេចលើបណ្ដឹងសាទុក្ខសុំនៅក្រៅឃុំរបស់លោក សៀម ភ្លុក តុលាការកំពូលនឹងប្រកាសនៅព្រឹក ថ្ងៃទី២៧ កក្កដា ខាងមុខ។
នៅក្នុងដំណើរការសវនាការនេះដែរ មេធាវីការពារក្ដីលោក សៀម ភ្លុក គឺលោក ជួង ជុងងី បានស្នើសុំឱ្យតុលាការកំពូល ដោះលែងកូនក្ដីរបស់លោកមានសេរីភាពវិញ ដោយសំអាងថា កូនក្ដីរបស់លោកជាមនុស្សស្អាតស្អំ ហើយ លោក សៀម ភ្លុក មិនមែនជាអ្នករៀបចំដោយផ្ទាល់ដៃក្នុងការដាក់ឯកសារទៅក្រសួងមហាផ្ទៃកន្លងមកនោះទេ។ ជាមួយគ្នានេះ ដើម្បីធានាថា ទោះបីជាកូនក្ដីរបស់លោកនៅក្រៅឃុំ ហើយមិននាំឱ្យរាំងស្ទះដល់ដំណើរការកាត់ក្ដី លោកបានស្នើសុំតុលាការកំពូលឱ្យដាក់លក្ខខណ្ឌមួយចំនួនមកលើលោក សៀម ភ្លុក នៅពេលនៅក្រៅឃុំ ជាជាងបន្តឃុំខ្លួនកូនក្ដីរបស់លោកដោយអយុត្តិធម៌៖ « ហើយម្យ៉ាងទៀតក្នុងករណីថា ឯកសារអស់ហ្នឹងមានការក្លែងបន្លំ ក៏បានផ្ដល់ព្យសនកម្មដល់ក្រសួងមហាផ្ទៃដែរ វាបានន័យថា អត់មានអ្នកខូចខាតប្រយោជន៍ ដោយសារតែភាពមិនប្រក្រតីនៃឯកសារអស់ហ្នឹងបាទ»។
វិទ្យុអាស៊ីសេរីបានទាក់ទងទៅអគ្គលេខាធិការតុលាការកំពូល លោកស្រី ម៉ៅ ធីតា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី២៥ កក្កដា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញករណីនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា លោក សៀម ភ្លុក មិនមានចេតនាណាមួយក្នុងការក្លែងបន្លំឯកសារឡើយ ដោយលោកចាត់ទុកថា ការផ្ដិតមេដៃមិនប្រក្រតី ដែលក្រសួងមហាផ្ទៃបានចោទមកលើលោក សៀម ភ្លុក នោះ គ្រាន់តែជាកំហុសឆ្គងមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវប៉ុណ្ណោះ៖ «ការដោះលែងឱ្យលោក សៀម ភ្លុក ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន វាជាការមួយ ជួយកាត់បន្ថយនៅភាពតានតឹង អើផ្នែកការរិះគន់ ទាក់ទងនឹងបញ្ហា បរិយាកាសនយោបាយ » ។
គិតមកដល់ថ្ងៃនេះ ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក បានជាប់ពន្ធនាគារអស់រយៈពេល ៣ខែមកហើយ ដោយលោកត្រូវបានសាលាដំបូងភ្នំពេញសម្រេចឃុំខ្លួនលោក កាលពីថ្ងៃទី២៨ មិថុនា កន្លងទៅក្រោមបទចោទប្រកាន់ ករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សបេះដូងជាតិ កាលពីឆ្នាំ២០២១។
សង្គមស៊ីវិល និងអង្គការអន្តរជាតិ កន្លងមកតែងលើកឡើងថា ការឃុំខ្លួនលោក សៀម ភ្លុក គឺជាការគំរាមកំហែង បំភិតបំភ័យ និងបំបាក់ស្មារតីផ្នែកនយោបាយទៅលើសកម្មជននយោបាយ ដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាល។ សង្គមស៊ីវិល បានស្នើសុំឱ្យមានការដោះលែងលោក សៀម ភ្លុក ឱ្យមានសេរីភាពវិញ ដើម្បីលើកកម្ពស់លំហសេរីភាពនយោបាយ មុនការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២០២៣ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។