អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតប នឹងចុះផ្សាយរបស់វិទ្យុអាស៊ីសេរីដែលដកស្រងសម្ដីមន្ត្រីបក្សប្រឆាំងថា ក្រុមប្រឹក្សាប្រឆាំងប្រឆាំងតិចតួចប៉ុណ្ណោះដែលបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន បានបង្ហាញតួលេខដែលលោកអះអាងថា ជាតួលេខពិតប្រាកដថា មានអ្នកចុះចូលបក្សកាន់អំណាចជិត ៣ពាន់នាក់។ ប៉ុន្តែ អ្នកវិភាគយល់ថា ការអះអាងពីការចុះចូលរបស់មន្ត្រីបក្សកាន់អំណាចនៅពេល នេះគ្រាន់តែល្បិចបន្លប់ស្ថានការណ៍ប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បន្តអះអាងថា ពិតមានការចុះចូលពីមន្ត្រីបក្សប្រឆាំងទៅគណបក្សកាន់អំណាចពិតប្រាកដមែន។
អ្នកនាំពាក្យរូបនេះ បានសរសេរនៅលើប្រព័ន្ធតេឡេក្រាមផ្សាយកាលពីថ្ងៃទី២៨ ធ្នូ ដោយអះអាងថា សមាជិកបក្សប្រឆាំងដែលមករួមរស់ជាមួយគណបក្សកាន់អំណាចក្រោយបក្សប្រឆាំងត្រូវរំលាយនោះ មានចាប់តាំងពីតំណាងរាស្ត្រ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុងស្រុក និងក្រុមប្រឹក្សាឃុំ-សង្កាត់ដែលសរុបទាំងអស់ចំនួន ២.៦២២នាក់ ហើយអ្នកចុះចូលជាមួយគណបក្សកាន់អំណាចច្រើនជាងគឺក្រុមប្រឹក្សាឃុំ-សង្កាត់ដែលមានរហូតទៅដល់ជិត២ពាន់ ៥០០នាក់។
អាស៊ីសេរីមិនទាន់អាចទាក់ទងមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលមានតួលេខនៃការចុះចូលឲ្យពិតប្រាកដនៅឡើយទេ នៅថ្ងៃទី២៩ ធ្នូនេះ។ ប៉ុន្តែ ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិខេត្តបាត់ដំបងលោក ជា ជីវ នៅតែយល់ថា តួលេខបក្សប្រជាជនកម្ពុជាជាព័ត៌មានបោកប្រាស់៖ «យើងខ្ញុំចង់ដឹងពីការពិតសុំឲ្យឯកឧត្ដម សុខ ឥសានសុំបង្ហាញក្រុមប្រឹក្សាឃុំសង្កាត់ណាខ្លះដែលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា»។
ដោយឡែក ប្រធានប្រតិបត្តិរបស់គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ឲ្យអាស៊ីសេរីដឹងថា បើបក្សកាន់អំណាចចង់ដឹងថា ក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគណបក្សសង្គ្រោះជាតិនៅ ស្មោះត្រង់នឹងគណបក្សប៉ុន្មាននាក់នោះ បក្សកាន់អំណាចនឹងបានឃើញពេលមានវត្តមានលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅប្រទេសកម្ពុជា៖ «បើសិនជាវត្តមានគណបក្សសង្គ្រោះជាតិ មាននៅថ្ងៃស្អែកកម្លាំងនិងរចនាសម្ព័ន្ធរបស់យើងនឹងចេញមកបញ្ជាក់នៅស្អែកហើយអាចវាយតម្លៃកម្លាំងរបស់យើងនៅតែខ្លាំងក្លា»។
អ្នកវិភាគវ័យក្មេងលោក បុង ដែត យល់ថា ការបង្ហាញតួលេខនេះគ្រាន់តែល្បិចទុច្ចរិតរបស់បក្សកាន់អំណាចទេ។ លោកបន្តថា ការចុះចូលរបស់សមាជិកបក្សប្រឆាំងណាមួយគឺជារឿងបុគ្គលប៉ុណ្ណោះទេ។ អ្នកវិភាគវ័យក្មេងរំលឹកថា អ្វីដែលគណបក្សប្រឆាំងត្រូវបន្តធ្វើគឺការរក្សាដួងព្រលឹងនិងរចនាសម្ព័ន្ធគណបក្សនេះឲ្យបានរឹងមាំ៖ «អ្នកដែលត្រូវគណបក្សប្រជាជនកម្ពុជាអាចអូសទាញអ្នកណាបានគឺរឿងបុគ្គលប្រជាពលរដ្ឋគាត់ដឹងច្បាស់លាស់ហើយដូងព្រលឹងគណបក្សសង្គ្រោះជាតិនៅតែមាន»។
ក្រុមប្រឹក្សាបក្សប្រឆាំងដែលសុខចិត្តបាត់បង់តំណែងមិនក្បត់ឆន្ទៈម្ចាស់ឆ្នោតបានផ្តាំទៅ លោក សុខ ឥសាន ថា កុំព្យាយាមធ្វើរបាយការណ៍ភូតកុហកទៅថ្នាក់ដឹកនាំគណបក្សនេះឲ្យសោះ ព្រោះអាចធ្វើឲ្យគណបក្សនេះគ្រោះថ្នាក់បាត់បង់ប្រជាប្រិយភាពទៅវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។