អ្នក​ជំនាញUNថា​ ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន​បាន​ក្លាយ​ជា​ទីតាំង​គ្មាន​សុវត្ថិភាព

(រូបថតឯកសារ) ជនជាតិ​ចិន ចំនួន ៦នាក់ ត្រូវបាន​អាជ្ញាធរ​ខេត្តកោះកុង​ឃាត់ខ្លួន រឿង​​ជំរិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទារប្រាក់ កាល​ពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
(រូបថតឯកសារ) ជនជាតិ​ចិន ចំនួន ៦នាក់ ត្រូវបាន​អាជ្ញាធរ​ខេត្តកោះកុង​ឃាត់ខ្លួន រឿង​​ជំរិត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទារប្រាក់ កាល​ពី​ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុកនគរបាលខេត្តកោះកុង)

0:00 / 0:00

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ព្រមាន​ថា តំបន់​អាស៊ី​អាគ្នេយ៍​ជា​តំបន់​ដែល​ហានិភ័យ​ខ្ពស់។ ការ​លើក​ឡើង​របស់​អ្នក​ជំនាញ​សិទ្ធិមនុស្ស​នេះ ស្រប​ពេល​កម្ពុជា​មាន​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និង​អំពើ​ចាប់​ជំរិត។ រីឯ​ប្រទេស​ភូមា​វិញ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​អសន្តិសុខ​គួរ​ឱ្យ​ព្រួយបារម្ភ។

ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ លើក​ឡើង​ថា បញ្ហា​អសន្តិ​សុខ​ហាក់​កំពុង​រាលដាល​នៅ​អាស៊ីអាគ្នេយ៍​ឬ​អាស៊ាន​កាន់​តែ​ខ្លាំង​ដោយសារ​តែ​និន្នាការ​ដឹកនាំ​របស់​ក្រុម​មេ​មេដឹកនាំ​មួយ​ចំនួន​ ងាក​ទៅ​ដឹកនាំ​ប្រទេស​បែប​ផ្ដាច់ការ។

ពួកគេ​លើក​ឡើង​ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដែល​លេចធ្លោ​រឿង​អសន្តិសុខ​ខ្លាំង​នោះ គឺ​កម្ពុជា​ និង មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា។

បេសកជន​ពិសេស​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ភូមា អ្នកស្រី ជួលី ប៊ីហ្សប (Jolie Bishop) មាន​ប្រសាសន៍​ថា ប្រទេស​ភូមា​បញ្ហា​អសន្តិសុខ​ នៅ​ពាស​ពេញ​ប្រទេស។ មេដឹកនាំ​យោធា​ដណ្ដើម​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​អ្នក​ស្រី អ៊ុង សាន សូជី (Aung San Suu kyi) កាល​ពី​ឆ្នាំ២០២១។ មកទល់​ពេលនេះ ភូមា​បាន​ក្លាយ​ជា​ប្រទេស​បង្ហូរ​ឈាម​គ្នា​រវាង​កង​កម្លាំង​តស៊ូ និង​កង​កម្លាំង​យោធា​ផ្ដាច់ការ​របស់​លោក ម៊ីន អ៊ុងលាំង (Min Aung Hlaing) ដែល​មាន​មនុស្ស​ស្លាប់​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។

វិបត្តិ​នយោបាយ​នៅ​ភូមា​បាន​អូស​បន្លាយ​ពេល​ជិត ៣ឆ្នាំ​ហើយ គិត​មក​ទល់​ពេល​នេះ។ អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​នេះ ដែល​បង្ក​ឡើង​ដោយ​ក្រុម​យោធា និង​ក្រុម​ចលនា​តស៊ូ បាន​រាល​ដាល​ពាស​ពេញ​ប្រទេស គួរ​ឱ្យ​ព្រួយបារម្ភ។

បេសកជន​ពិសេស​ទទួល​បន្ទុក​ផ្នែក​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​ភូមា អ្នក​ស្រី ជួលី ប៊ីហ្សប (Jolie Bishop) បាន​ថ្លែង​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​ កាល​ពី​ចុង​ខែ​តុលា​ថា ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) កំពុង​ស្ថិត​នៅ​ក្នុង​វិបត្តិ​ធ្ងន់ធ្ងរ​ ដោយសារ​តែ​ជម្លោះ​បាន​កើន​ឡើយ ហើយ​បណ្ដាញ​ឧក្រិដ្ឋកម្ម កាប់​សម្លាប់​មិន​អាច​គ្រប់​គ្រង​បាន។

មកទល់​ពេល​នេះ ពលរដ្ឋ​នៅ​ភូមា​ប្រមាណ ៥ម៉ឺន​នាក់​ហើយ ត្រូវ​បាន​របប​សឹក​សម្លាប់។ មនុស្ស​ប្រមាណ​ជាង ៣លាន​នាក់​ទៀត ត្រូវ​រត់​ភៀស​ខ្លួន ដើម្បី​សុវត្ថិភាព។

អ្នក​ជំនាញ​វិទ្យា​សាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា អាស៊ាន​បាន​បរាជ័យ​លើ​ការ​រក្សា​សន្តិសុខ​នៅ​ក្នុង​តំបន់ ដោយសារ​តែ​ប្រទេស​នីមួយៗ អនុវត្ត​របប​នយោបាយ​ផ្សេង​គ្នា ជា​ពិសេស ប្រទេស​ដឹកនាំ​រដ្ឋ​បែប​ផ្ដាច់​ការ។ លោក​បន្ថែម​ថា សន្តិសុខ​ក្នុង​តំបន់ គឺ​ជា​សសរស្ដម្ភ​របស់​អាស៊ាន ក្នុង​ការ​អនុវត្ត​គ្នា ដើម្បី​រក្សា​សុវត្ថិភាព​ក្នុង​តំបន់ និង​ពលរដ្ឋ​របស់​ប្រទេស​នីមួយ។

លោក ឯម សុវណ្ណារ៉ា៖ «គោលការណ៍​មិន​ជ្រៀត​ជ្រែក​រឿង​សមាជិក​ហ្នឹង គឺ​ធម្មនុញ្ញ​អាស៊ាន ដែល​ជា​រនាំង​មួយ​មិន​អាច​ឱ្យ​រដ្ឋ​ជា​សមាជិក​លើក​ពី​បញ្ហា​អសន្តិសុខ ដូចជា​ភូមា​អស្ថិរភាព​ផ្នែក​អសន្តិសុខ និង​កម្ពុជា​ដូចជា​យើង​ថ្មីៗ នេះ រង​ចោទ​ការ​ចោទ​ថា ចាប់​ជំរិត​មនុស្ស និង​រឿង​ឆបោក​តាម​អនឡាញ​ជា​ដើម»។

សម្រាប់​នៅ​កម្ពុជា​វិញ បញ្ហា​សន្តិសុខ​រឿង​ចាប់​ជំរិត និង​អំពើ​ឆបោក​តាម​អនឡាញ​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់។ កាល​ពី​ចុង​ខែតុលា ឆ្នាំ២០២៤ នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ករណី​ចាប់​ជំរិត​មួយ នៅ​ឃុំ​វិហារលួង ស្រុក​ពញាឮ ដោយ​បាន​ឃើញ​រថយន្ត​ម៉ាក អាល់ផាត (Alphard) ចំនួន ២គ្រឿង ដែល​កំពុង​ចត នៅ​ក្នុង​ឃ្លាំង​ទុកចោល​មួយ​កន្លែង និង​មនុស្ស​ចំនួន ៣នាក់ បាន​រត់​ចេញ​ពី​កន្លែង​កើតហេតុ។ បន្ទាប់​មក​អាជ្ញាធរ​បាន​ចូល​ទៅ​ពិនិត្យ​រថយន្ត​ទាំង​ពីរ ហើយ​បាន​រក​ឃើញ​ជនរងគ្រោះ​ចំនួន ២នាក់ ដែល​កំពុង​ជាប់​ខ្នោះ​ដៃ ហើយ​ចង​ភ្ជាប់​នៅ​ក្នុង​រថយន្ត។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​ពីរ មាន​ជន​រងគ្រោះ​ម្នាក់​ជា​ជនជាតិ​ចិន ស្នាក់​នៅ​ក្នុង​កាស៊ីណូ​ម៉ាកាវ នៅ​ខេត្ត​ស្វាយរៀង និង​ជន​រងគ្រោះ​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ មាន​មុខរបរ​ជា​អ្នក​បើកបរ រស់នៅ​ខេត្ត​កណ្ដាល។

ក្រៅពី​ករណី​ចាប់​ជំរិត​នេះ ក៏​មាន​ករណី​ឆបោក​តាម​អនឡាញ​ដែរ។ ជាក់ស្ដែង ទូរទស្សន៍ ស្កាយ ញូស៍ (Sky News) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស (England) បាន​រាយការណ៍​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ទីក្រុង​បាវិត​ខេត្ត​ស្វាយរៀង​សម្បូរ​ទៅ​ដោយ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​មាន​ជន​រងគ្រោះ​រាប់​ពាន់​នាក់​ក្លាយ​ជា​ទាសករ​តាម​ប្រព័ន្ធ​អ៊ីនធឹណិត​ដោយសារ​តែ​ការ​ចាញ់​បោក​បញ្ឆោត​ជនល្មើស​តាមរយៈ​ការ​ឃោសនា​ការងារ​ដែល​រក​ចំណូល​បាន​ខ្ពស់។ មជ្ឈមណ្ឌល​ឆបោក​ជា​ច្រើន​នៅ​ក្រុង​បាវិត​ជាទូទៅ​គ្រប់គ្រង​ដោយ​ក្រុម​ម៉ាហ្វីយ៉ា (Mafia) ចិន និង​មាន​ជនរងគ្រោះ​រាប់​ពាន់​នាក់​មក​ពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភព​លោក​មក​បម្រើ​ការ​ងារ​នៅ​ទីនោះ។

ឆ្លើយ​តប​នឹង​រឿង​នេះ​អ្នក​នាំ​ពាក្យ​រង​នៃ​ក្រសួង​មហា​ផ្ទៃ លោក ទូច សុឃៈ អះអាង​ប្រាប់​ថា រូបភាព​ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថាប័ន​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​បង្ហាញ​អំពី​ជនបរទេស​រង​អំពើ​ទារុណកម្ម​នៅ​លើ​ទឹកដី​កម្ពុជា​ជា​ការ​រៀបចំ​ជា​ប្រព័ន្ធ ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​មុខមាត់​របស់​កម្ពុជា។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ទទួល​ស្គាល់​ថា នៅ​ខេត្តស្វាយរៀង និង​ខេត្តព្រះសីហនុ រួម​ទាំង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​ជាប់​ព្រំដែន គឺ​មាន​បទល្មើស​អំពើ​ឆបោក​តាម​អនឡាញ (Online) និង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ឬ ខល សិនធើ (Call Center) ហើយ​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់។

លោក ទូច សុឃៈ៖«ក្នុង​ក្របខ័ណ្ឌ​នេះ​យើង​សង្កេត​ឃើញ​ថា មាន​ការ​កាត់​ត​ប្លង់​វីដេអូ​ផ្សេងៗ​យក​មក​បូក​បញ្ចូល​គ្នា​ការ​ថត​ក្នុង​បន្ទប់​អាច​ថត​បាន។ តើ​នោះ​គឺ​ជា​ការ​ឃុំឃាំង ឬ​ការ​ដាក់​ទណ្ឌកម្ម​អី​ផ្សេងៗ?ខ្ញុំ​បញ្ជាក់​ជូន​ថា វីដេអូ​នេះ​មាន​ចេតនា​មិន​ល្អ​ច្រើន​ជាង​ល្អ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ ហើយ​សូម​បញ្ជាក់​ថា សមត្ថកិច្ច​របស់​កម្ពុជា​យើង​បាន​អង្កេត​ស្រាវជ្រាវ​ឈាន​ដល់​ការ​កំណត់​ហើយ​ធ្វើ​ការ​បង្ក្រាប​ជា​បន្ត​បន្ទាប់។ យើង​រក​ឃើញ​គោលដៅ​មាន​ភាព​អវិជ្ជមាន​មួយ​ចំនួន ប៉ុន្តែ វា​មិន​ច្រើន​ដូច​ការ​បំផុស​បំផុល​ដូចជា​ការ​លាប​ពណ៌​លើ​កម្ពុជា​ទេ​បាទ»។

ជុំវិញ​នឹង​រឿង​នេះ អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា មូលហេតុ​ចម្បង​ដែល​ប្រទេស​កម្ពុជា​និង​មីយ៉ាន់ម៉ា​ដឹកនាំ​តាម​បែប​ផ្ដាច់ការ និង​គ្មាន​សុវត្ថិភាព​នោះ ដោយសារ​តែ​ការអនុវត្ត​របប​នយោបាយ​បែប​ផ្ដាច់ការ ហើយ​គ្មាន​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ត្រឹមត្រូវ​ និង​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ។

លោក សេង វណ្ណលី៖ «បញ្ហា​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​មិន​មាន​ការ​គ្រប់​គ្រង​បែប​នីតិរដ្ឋ​ដូចជា​មីយ៉ាន់ម៉ា និង​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​របប​នយោបាយ​គ្រប់​គ្រង​បែប​សន្តតិវង្ស​ជាដើម»។

អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច ហៅ​កាត់​ថា អ៊ី.អាយ.យូ (Economist Intelligence Unit) កាល​ពី​ពេល​ថ្មីៗ នេះ បាន​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជាប់​លេខ ១២១ ក្នុង​ចំណោម ១៦៧ប្រទេស និង​ដែនដី​សរុប​នៅ​លើ​សកលលោក។ របាយការណ៍​ដដែល​បញ្ជាក់​ថា ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ខាង​ត្បូង និង​អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ភូមា (Myanmar) បង់ក្លាដេស (Bangladesh) ប៉ាគីស្ថាន (Pakistan) ស្រីលង្កា (Sri Lanka) និង​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​ជា​បន្តបន្ទាប់។ អង្គភាព EIU ថា ការ​វាយតម្លៃ​នីមួយ​ផ្អែកលើ​ចំណុច​សំខាន់​មួយ​ចំនួន​រួមមាន​ដំណើរការ​បោះឆ្នោត មុខងារ​របស់​រដ្ឋាភិបាល ការ​ចូលរួម​នយោបាយ វប្បធម៌​នយោបាយ និង​សេរីភាព​សង្គម​ស៊ីវិល។

ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ នៅ​ក្នុង​ប្រទេស​ទាំង​នេះ បាន​ក្លាយ​ទៅ​ជា​ទីកន្លែង​គ្មាន​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។