កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនចំនួន ៤នាក់ យកទៅស្នងការនគរបាលខេត្តដើម្បីសួរនាំ។ អ្នកនាំពាក្យគណបក្សភ្លើងទៀន សំណូមឱ្យរដ្ឋាភិបាលបញ្ឈប់ការគំរាមកំហែងសកម្មជនគណបក្សភ្លើងទៀន និងត្រូវដោះលែងសកម្មជនគណបក្សភ្លើងទៀនជាបន្ទាន់ ដើម្បីបង្ហាញពីការបើកលំហប្រជាធិបតេយ្យ។
កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនសរុប ៤នាក់ ក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ យកទៅសួរនាំនៅស្នងការដ្ឋានខេត្តបន្ទាយមានជ័យ។
ប្រពន្ធជំទប់ទី២ មកពីគណបក្សភ្លើងទៀន ឃុំគយម៉ែង ស្រុកមង្គលបុរី លោក វ៉ាន់ ស៊ុយអ៊ីវ គឺលោកស្រី ផែន ភុំ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែកញ្ញា ថា សមត្ថកិច្ចបានឃាត់ខ្លួនប្ដីរបស់លោកស្រីកាលពីម៉ោង១០យប់ ថ្ងៃទី៨ ខែកញ្ញា ដោយមិនមានដីកាកោះហៅនោះឡើយ។ លោកស្រីបន្ថែមថា លោកស្រីបានចូលសួរសុខទុក្ខប្ដីកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ទោះជាយ៉ាងណា លោកស្រីនៅតែមិនដឹងពីមូលហេតុ នៃការឃាត់ខ្លួនប្ដីរបស់លោកស្រីនោះឡើយ។
លោកស្រី ផែន ភុំ៖ «ខ្ញុំសូមសំណូមពរគាត់ដោះលែងព្រោះអីប្ដីខ្ញុំគាត់មិនដែលធ្វើអីឱ្យខុសផង គាត់មិនដែលមានរឿងរ៉ាវអីនឹងអ្នកណាទេ បានគាត់នៅធ្វើការទៅ បានប្រាក់ខែបន្តិចបន្តួចទៅគ្រាន់ទិញអង្ករ ទិញម្ហូបអីហូបដែរ តែគេចាប់យើងមិនដឹងខ្លួនអ៊ីចឹងទៀត ខ្ញុំវាឆ្ងល់ ខ្ញុំវាមិនអស់ចិត្ត»។
ទោះជាយ៉ាងណា លោកស្រី ផែន ភុំ អះអាងថាកន្លងមកប្ដីរបស់លោកស្រីបានប្រាប់ថាគណបក្សកាន់អំណាចបញ្ចុះបញ្ចូលឱ្យប្ដីរបស់លោកស្រីធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាផងដែរ ប៉ុន្តែប្ដីរបស់លោកស្រីនៅតែប្រកាន់ជំហររឹងមាំ មិនក្បត់ការគាំទ្ររបស់ប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រនោះឡើយ។
ដោយឡែក កម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យក៏បានឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនជាបន្តបន្ទាប់ ៣នាក់ផ្សេងទៀត នៅថ្ងៃទី៩ ខែកញ្ញា អ្នកទាំងនោះរួមមាន ប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ លោក ស៊ិន វុត្ថា អគ្គលេខាធិការគណបក្សភ្លើងទៀន ខេត្តបន្ទាយមានជ័យ លោក សួន ខេមរិន្ទ និងប្រធានប្រតិបត្តិគណបក្សភ្លើងទៀន ស្រុកមង្គលបុរី លោក ទួត វាសនា។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង ស្នងការខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានឡើយ នៅថ្ងៃទី៩ ខែកញ្ញា ដោយទូរស័ព្ទចូល ក៏ប៉ុន្តែមិនមានអ្នកទទួល។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ សោកស្ដាយចំពោះការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនទាំង៤នាក់ ដោយគ្មានដីកាកោះហៅ លោកចាត់ទុកការឃាត់ខ្លួនទាំងនេះ គឺជារូបភាពគំរាមកំហែងបន្ថែមទៀតមកលើសកម្មជនគណបក្សភ្លើងទៀន។ លោកអះអាងថា សកម្មជនគណបក្សភ្លើងទៀនទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួននោះមិនមានទោសកំហុសអ្វីនោះឡើយ ហើយលោកស្នើឱ្យរដ្ឋាភិបាលដោះលែងពួកគេជាបន្ទាន់ ដើម្បីបង្ហាញពីការបើកលំហប្រជាធិបតេយ្យ និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
លោក គីមសួរ ភីរិទ្ធ៖ «អំពាវនាវសុំឱ្យរក្សាភាពស្ងប់ស្ងាត់ផ្នែកនយោបាយ ព្រោះអីយើងបានបោះឆ្នោតរួចហើយ ហើយគណបក្សភ្លើងទៀនហ្នឹងក៏មិនបានចូលរួម ហើយក៏មិនបានធ្វើអ្វីដែលខុសច្បាប់ដែរ សូមឱ្យគិតគូរឡើងវិញអំពីការបើកលំហសេរីភាពនយោបាយ របស់អ្នកដឹកនាំខេត្តគណបក្សភ្លើងទៀន»។
ការឃាត់ខ្លួនសកម្មជនគណបក្សភ្លើងទៀនទាំង៤នាក់នេះ គឺផ្ទុយទៅនឹងការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដែលស្នើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកលំហប្រជាធិបតេយ្យ ក្នុងពេលប្រជុំអាស៊ាន (ASEAN) នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) កាលពីពេលថ្មីៗនេះ ហើយកត្តានេះ ក៏នឹងធ្វើឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត អាចប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលនឹងធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពប្រជាពលរដ្ឋបន្ថែមទៀតផងដែរ។
សមត្ថកិច្ចនៅមិនទាន់ដោះលែងសកម្មជនគណបក្សភ្លើងទៀនណាម្នាក់នោះឡើយ គិតមកត្រឹមម៉ោងផ្សាយវិទ្យុអាស៊ីសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។