ក្រុមអ្នកវិភាគលើកឡើងថា នយោបាយផ្ដួលដៃគូប្រកួតនៅប្រទេសក្នុងតំបន់អាស៊ាន ប្រៀបដូចជាជំងឺកូវីដ១៩ដូច្នោះដែរ។ ក្រុមអ្នកនយោបាយដែលមានឥទ្ធិពលតែងតែប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីចាត់ការឬរំលាយគណបក្សដែលមានប្រជាប្រិយឬគណបក្សប្រឆាំង។
ក្រៅពីប្រទេសកម្ពុជា ភូមា ឬមីយ៉ាន់ម៉ា (Myanmar) ប្រើប្រាស់តុលាការដើម្បីកម្ចាត់អ្នកនយោបាយ ដែលមានឥទ្ធិពលនោះ ឥលូវនេះ បានរាលដាលដល់ប្រទេសថៃ។ គណបក្សដែលមានប្រជាប្រិយភាពទទួលបានសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២៣ គឺគណបក្សឆ្ពោះទៅមុខ (Moving forward) កំពុងតែប្រឈមនឹងតុលាការរំលាយ។
គណបក្សឆ្ពោះទៅមុខ (Moving forward)របស់លោក លោក ភិថា លិមចារើនរ៉ាត់ន៍ (Pita Limjaroenrat) កំពុងតែប្រឈមនឹងតុលាការរំលាយ ដោយសារតែគណបក្សនេះ បានដាក់គោលនយោបាយចង់ធ្វើវិសោធនកម្មមាត្រា១១២ នៃក្រមព្រហ្មទណ្ឌច្បាប់ប្រមាថព្រះមហាក្សត្រ។
ក្រុមអ្នកតាមដានកិច្ចការអន្តរជាតិលើកថា ក្រុមអ្នកនយោបាយនៅប្រទេសក្នុងអាស៊ានកំពុងតែឆ្លងជំងឺគ្នា ដូចជំងឺកូវីដ១៩ ដែលឆ្លងពីប្រទេសមួយទៅប្រទេសមួយក្នុងការប្រើប្រាស់តុលាការ ឧបករណ៍ដើម្បីកម្ចាត់គណបក្ស ដែលមានប្រជាប្រិយភាព ក្រោមលេសអនុវត្តច្បាប់។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា ជំងឺរំលាយគណបក្សនៅអាស៊ានកំពុងតែឆ្លងរាតត្បាតពីប្រទេសមួយទៅប្រទេសមួយទៀត។ លោកបញ្ជាក់ថា គណបក្សដែលមានអំណាចយោធា នៅពីក្រោយ តែងតែប្រើប្រាស់តុលាការជាឧបករណ៍ដ៏សំខាន់ ដើម្បីរំលាយគណបក្សប្រឆាំង ឬគណបក្សដែលមានប្រជាប្រិយភាព ដូចជា ករណីនៅថៃតុលាការកំពុងតែពិនិត្យបណ្ដឹងសុំរំលាយឆ្ពោះទៅមុខ។
បណ្ឌិត សេង សារី៖ «មនុស្សជំនាន់ថ្មីកាន់តែចង់បានប្រជាធិបតេយ្យ និងកាន់តែងើបនៅក្នុងការតស៊ូចង់បានប្រជាធិបតេយ្យ។ មនុស្សជំនាន់ចាស់ ដែលក្រាញអំណាច ដែលមានយោធានៅក្នុងដៃហ្នឹងតែងតែបង្ក្រាប ពិសេសប្រើប្រាស់តុលាការដើម្បីរំលាយគណបក្សរបស់មនុស្សជំនាន់ក្រោយ ដែលមានឥទ្ធិពលនោះផង»។
គណបក្សឆ្ពោះទៅមុខ គឺជាគណបក្សដែលមានប្រជាប្រិយភាពបំផុតនៅក្នុងប្រទេសថៃ នាពេលបច្ចុប្បន្ន កំពុងតែប្រឈមនឹងការរំលាយចោលពីតុលាការធម្មនុញ្ញ។ គណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើមបណ្ដឹង ចោទប្រកាន់ថាគណបក្ស នេះថា មានគោលនយោបាយចង់ធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រនោះ ថាជាប្រមាថរបបរាជានិយម។ គណបក្សឆ្ពោះទៅមុខ គឺជាគណបក្សកើតចេញពីអតីតគណបក្សអនាគតថ្មី។ កាលពីឆ្នាំ២០២០ តុលាការថៃបានរំលាយគណបក្សអនាគតថ្មី (Future forward Party) ដែលធ្វើឱ្យពលរដ្ឋផ្ទុះការតវ៉ាជាទ្រង់ទ្រាយធំនៅលើដងផ្លូវ។ ក្រោយមក” គណបក្សអនាគតថ្មី” នេះ ក៏កែឈ្មោះ គណបក្សថ្មី ដោយដាក់ឈ្មោះថាគណបក្សឆ្ពោះទៅមុខ (Moving forward) ដឹកនាំដោយលោក ភីថា លិមចារើនរ៉ាត់ន៍ (Pita Limjaroenrat) ដែលវ័យឆ្លាត និងមានប្រជាប្រិយ។
គណបក្សឆ្ពោះមុខរបស់សេដ្ឋីវ័យក្មេងនេះ ទទួលជោគជ័យលើការបោះឆ្នោតឆ្នោតកាលពីឆ្នាំ២០២៣ ដោយទទួលបានសំឡេងច្រើនជាងគេ គឺ ១៥១អាសនៈ ប៉ុន្តែលោកមិនបានធ្វើនាយករដ្ឋមន្ត្រីទេ ដោយសារមានការរាំងខ្ទប់ពីសមាជិកព្រឹទ្ធសភាដែលនិយមយោធានៅក្នុងដំណើរការជ្រើសតាំងនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋសភា។
គណបក្សឆ្ពោះទៅមុខរបស់លោក ភីថា ដែលសមាជិកភាគច្រើនមានវ័យក្មេង បានសន្យាជាមួយម្ចាស់ឆ្នោតអំឡុងពេលឃោសនារកសំឡេងឆ្នោតថា ពេលឈ្នះឆ្នោត និងបានកាន់អំណាច គណបក្សនឹងកែច្បាប់ប្រមាថព្រះមហាក្សត្រ ដោយបន្ថយទោសជាប់ពន្ធនាគារមកនៅត្រឹម១ឆ្នាំខ្ពស់បំផុត។ សម្រាប់អ្នកមានសិទ្ធិដាក់ពាក្យបណ្ដឹងវិញ គឺមានតែព្រះមហាក្សត្រ និងសមាជិកសាច់សាលោហិតរបស់ព្រះមហាក្សត្រតែប៉ុណ្ណោះ ដែលអាចប្ដឹងនរណាម្នាក់បានពីបទប្រមាថព្រះមហាក្សត្រ។ លោក ភិថា អះអាងថា ការធ្វើស្នើកែច្បាប់យ៉ាងនេះ ក៏ដើម្បីចៀសវាងមិនឱ្យពួកអ្នកនយោបាយទុច្ចរិត និងអ្នកមានអំណាចប្រើព្រះនាមព្រះមហាក្សត្រជាឧបករណ៍នយោបាយ។
ច្បាប់ថៃស្ដីអំពីការប្រមាថព្រះមហាក្សត្របច្ចុប្បន្ន មាត្រា១១២ ចែងថា ជនណាបង្ខូចកេរ្តិ៍ឈ្មោះ ប្រមាថ ឬគំរាមកំហែងដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះមហាក្សត្រិយានី ឬ អ្នកស្នងរាជ្យ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ឆ្នាំ ទៅ១៥ឆ្នាំ។ ហើយធ្ងន់ធ្ងរជាងនេះទៅទៀតនោះ ច្បាប់នេះអនុញ្ញាតឱ្យអ្នកណា ក៏អាចប្ដឹងជំនួសព្រះមហាក្សត្រ និងញាតិរាជវង្សបានដែរ។
អ្នកតាមដានស្ថានការណ៍នយោបាយតំបន់អាស៊ីអាគ្នេយ៍ លោក សេង វណ្ណលី មានប្រសាសន៍ថា បើគិតតាមផ្លូវច្បាប់ តុលាការធម្មនុញ្ញអាចពិបាកនឹងរំលាយគណបក្សឆ្ពោះទៅមុខ ពីព្រោះថា ដើមបណ្ដឹងគ.ជ.ប ធ្លាប់បានទទួលស្គាល់គោលនយោបាយរបស់គណបក្សឆ្ពោះទៅមុខ អំពីការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រមាត្រា១១២នេះរួចហើយ ក្នុងអំឡុងពេលបោះឆ្នោតឆ្នាំ២០២៣។ ពេលនេះ គ.ជ.ប ខ្លួនឯងងាកមកប្ដឹងគណបក្សឆ្ពោះទៅមុខ វិញ ដែលទំនងជាមិនអាចទៅរួចទេ ប៉ុន្តែបើសិនជាតុលាការកាត់សេចក្ដីផ្អែកទៅលើរឿងនយោបាយ ជាងរឿងអនុវត្តច្បាប់នោះ គណបក្សនេះអាចប្រឈមនឹងការរំលាយជាមិនខាន។
លោក សេង វណ្ណលី៖ «គ.ជ.ប ជាដើមបណ្ដឹង ទៅតុលាការធម្មនុញ្ញ ដើម្បីរំលាយបក្សឆ្ពោះទៅមុខ ទី១ បើសិនជារកឃើញថាMove forwardខុសគឺគណៈអចិន្ត្រៃយ៍មិនឱ្យធ្វើនយោបាយអាចមួយជីវិត ឬអាច១០ឆ្នាំ ដូច មេដឹកនាំគណបក្សអនាគត ថ្មី។ តែមើលទៅការប្ដឹងនេះ មិនត្រឹមតែ រំលាយ គណបក្ស នេះចោលទេ គឺអាចដាក់បម្រាមគណៈអចិន្ត្រៃយ៍មួយជីវិត ដែលជាបទចោទធ្ងន់ធ្ងរ»។
នៅកម្ពុជាវិញ លោក ហ៊ុន សែន ជាតួអង្គនយោបាយតែមួយគត់ ដែលមានឥទ្ធិពលគ្របដណ្ដប់លើស្ថាប័នជាតិសំខាន់ៗ ពិសេសគឺតុលាការតែម្ដង។ លោកបានបញ្ជាឱ្យតុលាការរំលាយគណបក្សសង្គ្រោះជាតិរំលាយគណបក្សសង្គ្រោះជាតិ និងចាប់មេបក្សប្រឆាំង លោក កឹម សុខា ដាក់ពន្ធនាគារថែមទៀតផង។
សហគមន៍ជាតិអន្តរជាតិ លើកឡើងថា ការរំលាយគណបក្សសង្គ្រោះជាតិនេះក៏ដោយសារតែអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន សម្លឹងមើលឃើញថា គណបក្សសង្គ្រោះជាតិមានប្រជាប្រិយខ្លាំង ដែលគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន អាចនឹងពិបាកប្រកួតប្រជែងការបោះឆ្នោតកាលពីឆ្នាំ២០១៨។ បញ្ហានេះហើយ លោក ហ៊ុន សែន ត្រូវរំលាយគណបក្សសង្គ្រោះជាតិជាមុន មុននឹងខ្លួនបរាជ័យលើការបោះឆ្នោត។
រីឯនៅប្រទេសភូមាវិញក៏មិនសូវជាខុសគ្នាដែរ។ របបសឹកក្រោយពីបានផ្ដួលរលំរដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់អ្នកស្រី អ៊ុង សានសូជី នោះ មេដឹកនាំយោធា ក៏ប្រើប្រាស់តុលាការ ដើម្បីកាត់ទោសមេដឹកនាំដ៏លេចធ្លោគឺអ្នកស្រី អ៊ុង សានសូជី។ អ្នកស្រី សូជី ត្រូវបានតុលាការចោទប្រកាន់ចំនួន១៩ករណី ក្នុងនោះ មានបទចោទ ប្រព្រឹត្តិអំពើពុករលួយ និងមិនគោរពច្បាប់កូវីដជាដើម។ តុលាការភូមា នៅក្រោមការក្ដោបក្ដាប់ដោយ លោក ម៊ីន អ៊ុងលាំង (Min AungHlaing) បានផ្ដន្ទាទោសអ្នកស្រី អ៊ុងសាន សូជី ចំនួន៣៣ឆ្នាំ។
លោក សេង វណ្ណលី មានប្រសាសន៍ថា ក្នុងចំណោមប្រទេសទាំងបីនេះ ថៃ កម្ពុជា និងភូមា គឺមានតែថៃទេ ដែលតុលាការមិនអាចកាត់សេចក្ដីរឿងនយោបាយនេះតាមអំពើចិត្តនោះទេគឺមានស្ថាប័នឯករាជ្យ នៅចាំត្រួតពិនិត្យខុសពីកម្ពុជា។
លោក សេង វណ្ណលី៖«វាមានប្រព័ន្ធត្រួតពិនិត្យវាផ្សេងទៀត ដែលថាប្រព័ន្ធតុលាការពិបាកសម្រេចចិត្ត១០០%ទេ។ ដោយឡែកសម្រាប់កម្ពុជា និងភូមាវិញគេ ប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកម្ចាត់ដៃគូប្រកួតប្រជែងរបស់ខ្លួន ដែលគេអាចមើលឃើញថា ដៃគូប្រកួតប្រជែងនោះ អាចធ្វើឱ្យប៉ះពាល់ដល់អំណាចរបស់គេ»។
ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់គណបក្សប្រឆាំងដ៏ធំជាងគេនៅថៃ គឺអនាគតគណបក្សឆ្ពោះទៅមុខនៅពេលនេះ មិនទាន់ប្រាកដនៅឡើយទេ ថាតើគណបក្សនេះ តុលាការនឹងរំលាយទៅតាមអំណាចក្រុមអ្នកនិយមស្ដេចនោះឬយ៉ាងណាទេ។ តុលាការនឹងបើកសវនាការជំនុំជម្រះ ហើយនឹងធ្វើសេចក្ដីសម្រេចចិត្តនៅដើមខែកក្កដាខាងមុខនេះ។
សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស(APHR) អំពាវនាវឲ្យសហគមន៍អន្តរជាតិតាមដាន និងទប់ស្កាត់ នៅប្រទេសថៃ ដែលអាចនឹងប្រើប្រាស់តុលាការជាឧបករណ៍ ដើម្បីរំលាយគណបក្សឆ្ពោះទៅមុខនេះ។
សេចក្ដីថ្លែងការណ៍របស់សមាជិកសភាអាស៊ាន បានសរសេរថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃកំពុងដើរថយក្រោយ មិនត្រឹមតែដោយសាររដ្ឋប្រហារយោធាប៉ុណ្ណោះទេ ប៉ុន្តែដោយសារការប្រើប្រាស់ច្បាប់ប្រមាថព្រះមហាក្សត្រ ដើម្បីដាក់គោលដៅរឹតត្បិតគណបក្សប្រឆាំងថែមទៀតផង។
ប្រសិនបើគណបក្សឆ្ពោះទៅមុខ Move Forward ត្រូវតុលាការរំលាយ ដូចគណបក្សរៀមច្បង គឺគណបក្សអនាគតថ្មី កាលពីឆ្នាំ២០១៩ទៀតនោះ គឺវាស្មើនឹងតុលាការធម្មនុញ្ញថៃដកហូតសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋថៃចំនួន ១៤លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សឆ្ពោះទៅមុខ អ៊ីចឹងដែរ។ ពេលនោះហើយ ភាពចលាចលអាចនឹងកើតមាន ដើម្បីនឹងងើបឡើងដើម្បីប្រឆាំងនឹងការសម្រេចចិត្តរបស់តុលាការ ដែលធ្វើឲ្យប្រទេសថៃមានអស្ថិរភាព។ សមាជិកសភាអាស៊ាន ដើម្បីសិទ្ធិមនុស្ស បញ្ជាក់ថា «នេះមិនត្រឹមតែប៉ះពាល់ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងបំផ្លាញកេរ្តិ៍ឈ្មោះ និងកេរ្តិ៍ដំណែលរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នថែមទៀតផង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។