គិតមកដល់ថ្ងៃទី២៥ ខែសីហានេះ នៅសល់តែ ៧៦ ថ្ងៃទៀតទេ ដល់ពេលកំណត់ ដែលលោក សម រង្ស៊ី ថា នឹងវិលចូលស្រុកវិញតាមការសន្យា ដែលគណបក្សសង្រ្គោះជាតិ បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ។ រីឯក្រុម ប្រជាពលរដ្ឋមួយចំនួនដែលស្រឡាញ់ប្រជាធិបតេយ្យនាំគ្នាតាមដានបញ្ហានយោបាយ របស់ស្រុកទេស ជាពិសេសតាមដានយ៉ាងដិតដល់អំពីការវិលត្រឡប់មកកម្ពុជារបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីនេះ។ ពួកគាត់សង្ឃឹមថា លោក សម រង្ស៊ី វិលចូលស្រុក នឹងមានមានដំណោះស្រាយនយោបាយនៅកម្ពុជាជាមិនខាន។
ប្រជាពលរដ្ឋដែលស្រលាញ់ប្រជាធិបតេយ្យនៅខេត្តសៀមរាប លោក ជា តុងហាន់ អះអាងនៅរសៀលថ្ងៃទី២៥ សីហាថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ កំណត់ថ្ងៃលោក សម រង្ស៊ី វិលចូលស្រុកវិញមក ធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងសៀមរាបសប្បាយចិត្ត ហើយតែងតែជួបប្រជុំគ្នាពិភាក្សារឿងនយោបាយនៅកម្ពុជាជាបន្តបន្ទាប់។
ពលរដ្ឋរូបនេះបន្តថា ទីកន្លែងដែលពួកគាត់ជួបជុំគ្នាញឹកញាប់ មានដូចជា នៅហាងលក់កាហ្វេ សួនហាក់ប្រាណតាមហាងគុយទាវ និងជជែកគ្នានៅលើរថយន្តពេលធ្វើដំណើរជាដើម៖ «អ្នកខ្លះថាសុខចិត្តទម្លាក់ការងារចោលដើម្បីចូលគាំទ្រលោក សម រង្ស៊ី ត្រឡប់មកវិញ។ ខ្ញុំគិតថា អ្នកចូលរួមមិនតិចទេ ច្រើនណាស់ពីខេត្តសៀមរាបទៅ អាចរាប់ម៉ឺននាក់ដូចកាលបុណ្យសពលោក បណ្ឌិត កែម ឡី អីចឹងហ្វេសប៊ុកជួយយើងបានច្រើន មានអ្នកខ្លះថា សុខចិត្តទៅនៅធ្វើបាតុកម្មរហូតក៏មានដែរ » ។
លោកបន្តថា មូលហេតុដែលប្រជាពលរដ្ឋតាម ដោយសារជំនឿថា នៅពេលដែលលោក សម រង្ស៊ី មកដល់កម្ពុជាវិញនោះ លោកសង្ឃឹមថា ស្ថានការណ៍នយោបាយនឹងមានការប្រែប្រួលពីស្ថានការណ៍អាក្រក់ទៅល្អ និងមានប្រជាធិបតេយ្យពេញលេញឡើងវិញជាមិនខាន។
ចំណែកប្រជាពលរដ្ឋនៅខេត្តបាត់ដំបងឯណោះវិញ លោក ខាន់ ប៊ុនផែង អះអាងថា នៅតំបន់ពួកគាត់រស់នៅក៏មិនខុសពីពលរដ្ឋនៅខេត្តសៀមរាបដែរ គឺប្រជាពលរដ្ឋហាក់ចាប់ផ្ដើមពុះកញ្ជ្រោល ទន្ទឹងរង់ចាំលោក សម រង្ស៊ី វិលចូលស្រុកវិញ ជាងពេលណាៗ ទាំងអស់។ ពលរដ្ឋរូបនេះបន្ថែមថា សព្វថ្ងៃពលរដ្ឋខ្លះអន្ទះសា រហូតដល់នាំគ្នារាប់ថយក្រោយម្ដងហើយម្ដងទៀត បន់ឱ្យដល់ថ្ងៃកំណត់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចូលស្រុកវិញ។ លោកបន្តថា ប្រជាពលរដ្ឋភាគច្រើនត្រៀមទៅចូលរួមអមដំណើរលោក សម រង្ស៊ី នៅគ្រប់ទីកន្លែងដែលលោកឈានជើងជាន់ដីកម្ពុជា៖ «អារម្មណ៍បោះខ្ញុំក៏សប្បាយដូចគ្នា សប្បាយត្រង់ថានឹងមានដំណោះស្រាយនយោបាយមិនមែនគាត់មកដោយឆៅៗទេ។ គាត់សប្បាយចិត្តត្រង់ថា បើសិនជាថ្នាក់ដឹកបក្សសង្គ្រោះជាតិនៅតែក្រៅវាអត់មានដំណោះស្រាយទេ គាត់ចូលមកស្រុកពិតជាមានដំណោះស្រាយ។ខ្ញុំព្រឹកឡើងជុំគ្នាតែងតែនាំ គ្នានិយាយថានៅសល់ប៉ុន្មានថ្ងៃទៀតដល់ថ្ងៃកំណត់លោក ប្រធានចូលស្រុក » ។
គណបក្សសង្គ្រោះជាតិប្រកាសថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដែលចំថ្ងៃបុណ្យឯករាជ្យជាតិ។ ហើយគិតមកដល់ថ្ងៃទី២៥ សីហា គឺនៅសល់ជាងពីរខែ ឬ ៧៦ថ្ងៃទៀតទេ នឹងដល់ថ្ងៃកំណត់។ គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ដំណើរវិលត្រឡប់របស់លោកសម រង្ស៊ីនេះ ដើម្បីទៅដោះស្រាយការជាប់គាំងនយោបាយ និងបញ្ហាប្រឈមទាំងឡាយរបស់ជាតិ ដែលរបបលោក ហ៊ុន សែន មិនអាចដោះស្រាយបាន។ ទន្ទឹមគ្នានេះមន្ត្រីរបបលោកហ៊ុន សែន ស្ទើរគ្រប់ស្ថាប័ន ក៏បានត្រៀមចាត់វិធានមកលើលោក សម រង្ស៊ី នឹងអ្នកអមដំណើរផងដែរ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកគ្មានជំនឿថានឹងលោកសម រង្ស៊ី នឹងវិលត្រលប់មកស្រុកខ្មែរវិញទេ។ អ្នកនាំពាក្យរូបនេះហៅលោក សម រង្ស៊ី ថាជាមាន់សម្លនិយាយបានតែមាត់ ដើម្បីទាញយកប្រជាប្រិយរបស់ខ្លួនពីប្រជាពលរដ្ឋទៅវិញ។ លោកបន្ថែមថា កន្លងមកប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ប្រកូកប្រកាសជាច្រើនដងរួចមកហើយ តែលោកមិនបានចូលស្រុកដូចការសន្យានោះទេ។ ទោះជាយ៉ាងណាលោកគំរាមថា ពលរដ្ឋដែលទៅអមដំណើរនោះ អាចប្រឈមបញ្ហាផ្លូវច្បាប់ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមានដីកាចាប់ខ្លួនពីតុលាការ៖ «ហើយទី២ ទណ្ឌិតដែលទៅនឹងក្នុងនាមខ្លួនឯងជាប្រធានស្ដីទីគណបក្ស អីចឹងគណបក្សនឹងត្រូវរំលាយរួចហើយ វាអត់មានត្រូវច្បាប់ទេ ពីព្រោះយើងដឹងថាសាលដីការបស់តុលាការកំពូលជាសាលដីកាស្ថាពរនិងបិទផ្លូវតវ៉ា ដូច្នេះរាល់អ្នកណាគាំទ្រជនណាដែលមានដីកាពីតុលាការជននោះគឺ ផ្ទុយពីសាលដីកាតុលាការហើយ » ។
អ្នកសម្របសម្រួល និងអង្កេតអង្គការ ខុមហ្វ្រែល (comfrel) លោក កន សាវាង្ស លើកឡើងថា ការចូលរួមកិច្ចការនយោបាយ និងការចូលរួមធ្វើបាតុកម្មដោយសន្តិវិធី គឺជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ទទូចឱ្យមេដឹកនាំគណបក្សកាន់អំណាចនិងគណបក្សប្រឆាំងរកផ្លូវចរចាត្រូវរ៉ូវគ្នា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ ប្រសើរជាងទាស់ទែងគ្នានាំឱ្យខាតបង់ប្រយោជន៍ជាតិ៖ «គឺមានតែអ្នកនយោបាយទេដែលលោកអាចធ្វើការជជែក ជាពិសេសយើងមើលឃើញហើយការទាមទាររបស់សហគមន៍ជាតិនិងអន្តរជាតិ ទាក់ទងលើការងាររឿងសិទ្ធិមនុស្ស និងរឿងសិទ្ធិនយោបាយអីជាដើមនឹងដែលត្រូវគិតពិចារណាឡើងវិញ»។
មន្ត្រីសង្គមស៊ីវិលរូបបន្តថា ជម្លោះនយោបាយរបស់កម្ពុជាបានអូសបន្លាយពេលប្រមាណ ២ឆ្នាំមកនេះ បានប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងមានឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ ហើយកម្ពុជាអាចប៉ះពាល់កាន់តែខ្លាំងនៅពេលសហគមន៍អឺរ៉ុបផ្ដាច់ការអនុគ្រោះពន្ធEBA ជាផ្លូវការក្នុងពេលដ៏ខ្លីខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។