គណបក្ស​ភ្លើង​ទៀន​ខេត្ត​កំពង់ធំ​ចាប់ផ្ដើម​ប្រមូល​អ្នក​គាំទ្រ ខណៈ​គណបក្ស​ផ្សេង​បង្កើន​ការ​ចុះ​ពង្រឹង​មូលដ្ឋាន

0:00 / 0:00

គណបក្ស​ភ្លើងទៀន​នៅ​ខេត្តកំពង់ធំ ចាប់ផ្ដើម​ប្រមូល​សមាជិក​មូលដ្ឋាន​របស់​ខ្លួន​ឡើងវិញ​ហើយ ក្រោយ​ការ​ផ្អាក​សកម្មភាព​៤​ឆ្នាំ​ចុង​ក្រោយនេះ​។ ជាមួយគ្នា​នេះ គណបក្ស​នយោបាយ​ផ្សេងទៀត​ក៏​កំពុង​បង្កើន​ការ​ចុះ​ពង្រឹង​តាម​មូលដ្ឋាន​ដែរ ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​មានការ​ជួបជុំគ្នា​ឡើងវិញ។

ការ​ប្រមូល​សមាជិក​អ្នកនយោបាយ​មូលដ្ឋាន​នៃ​អតីត​គណបក្ស សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​មក​ចូលរួម​ក្នុង​គណបក្ស​ភ្លើងទៀន​វិញ គឺ​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ​២០២២ និង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣។

តំណាង​គណបក្ស​ភ្លើងទៀន​ប្រចាំ​ខេត្ត​កំពង់ធំ លោក ថោង វិបុលសុខុម ឲ្យ​ដឹង​ថា គណបក្ស​នេះ បាន​ជួបជុំគ្នា​ជាង​មួយរយ​(១០០)​នាក់​ជា​លើកដំបូង​ឡើងវិញ​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ក្នុង​ទិសដៅ​ប្រមូល​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ធំ ដែល​បែកខ្ញែក​គ្នា​ទាំងអស់ ឬ​ទៅ​ជ្រក​ក្នុង​គណបក្ស​ផ្សេង​ឲ្យ​មក​រួបរួម​គ្នា​ក្នុង​បក្ស​ភ្លើង​ទៀន​វិញ។

លោក​ជឿជាក់​ថា ក្រោយ​ពេល​រៀបចំ​រចនាសម្ព័ន្ធ​រួច គណបក្ស​ភ្លើងទៀន​នៅ​ខេត្តកំពង់ធំ​នឹង​រឹងមាំ ហើយ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ព្រោះ​គណបក្ស​នេះ​មាន​សមាជិក​ក្នុង​មូលដ្ឋាន​ស្រាប់​។ លោក ថោង វិបុលសុខុម ក៏​ស្វាគមន៍​ចំពោះ​អ្នកនយោបាយ​នៃ​គណបក្ស​ផ្សេង​មក​ចូលរួម​ដែរ ហើយ​លោក​នៅតែ​អំពាវនាវ​ឲ្យ​តុលាការ​ដោះលែង​អ្នកនយោបាយ​ទាំងអស់​ដើម្បី​ឲ្យ​ពួកគាត់​មក​ចូលរួម​ធ្វើ​នយោបាយ​ឡើងវិញ៖ «ពេល​ឥឡូវនេះ ខ្ញុំ​ចាប់ផ្ដើម​ពី​សូន្យ​ទៅ។ យើង​អត់​ទាន់​សន្និដ្ឋាន​បាន​ទេ ប៉ុន្តែ​កម្លាំង​ខ្ញុំ​រឹងមាំ​នៅ​មូលដ្ឋាន​។ អ៊ីចឹង​ប្រជាពលរដ្ឋ​រង់ចាំ​តែ​ពួក​ខ្ញុំ​ទៅ​ឈរឈ្មោះ​ដើម្បី​គាត់​ផ្ដល់​សេចក្ដីទុកចិត្ត និង​ផ្ញើ​វាសនា​ទៅលើ​គណបក្ស​ភ្លើងទៀន»។

គណបក្ស​ភ្លើងទៀន មាន​ឈ្មោះ​ដើម​ថា​គណបក្ស សម រង្ស៊ី។ គណបក្ស​នេះ​បាន​ប្ដូរ​ឈ្មោះ​តាម​រូប​សញ្ញា​ភ្លើងទៀន​វិញ កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧ ឲ្យ​ស្របតាម​វិសោធនកម្ម​ច្បាប់​នយោបាយ​ពេល​នោះ ហើយ​៤​ឆ្នាំ​មកនេះ​គណបក្ស​ភ្លើងទៀន​បាន​ផ្អាក​សកម្មភាព​ទាំងស្រុង និង​ពហិការ​រាល់​ការ​បោះឆ្នោត ព្រោះ​មិន​ពេញចិត្ត​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ចុង​ឆ្នាំ​២០១៧។

ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន​នេះ ក៏​រង​ការ​បិទ​ខ្ទប់​មិន​ឲ្យ​ចូល​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ដោយសារ​វា​ស្ថិតនៅ​ជាន់​ផ្ទាល់​ដី​នៃ​អគារ​គណបក្ស​សង្គ្រោះជាតិ​ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ​មានជ័យ។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា បាន​ស្នើ​សុំ​តុលាការ​ដក​បម្រាម​ហាម​ឃាត់​ការ​ចូល​ក្នុង​ទីស្នាក់ការ​គណបក្ស​ភ្លើងទៀន ដើម្បី​ពួកគាត់​អាច​ចូល​ធ្វើ​ការ​វិញ​។ ទោះជា​យ៉ាងណា លោក​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៤ វិច្ឆិកា ថា គណបក្ស​ភ្លើងទៀន​នឹង​នៅតែ​បន្ត​ធ្វើ​នយោបាយ​ក្នុង​នាម​គណបក្ស​ប្រឆាំង ហើយ​សកម្មភាព​នេះ​នឹង​មិន​ប៉ះពាល់​ដល់​គណបក្ស​ណា​ឡើយ​។ គណបក្ស​នេះ ក៏​នឹង​បន្ត​ការ​ជួបជុំ​ប្រមូល​សមាជិក​បក្ស​បន្ត​ទៀត ក្នុង​ខេត្ត​សៀមរាប នៅ​ថ្ងៃទី​១៥ វិច្ឆិកា។

ក្រៅ​ពី​នេះ​គណបក្ស​មួយ​ចំនួន​ទៀត ក៏​ចាប់ផ្ដើម​សកម្មភាព​ចុះ​ជួប​សមាជិក​ខ្លួន​វិញ​ដែរ ក្រោយពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ឲ្យ​ជួបជុំ​សកម្មភាព​នយោបាយ​ឡើងវិញ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​វិញ បាន​ចុះ​ជួប​សមាជិក និង​អ្នកគាំទ្រ​នៅ​ខេត្តកំពង់ធំ​ដែរ នៅ​ថ្ងៃទី​១៤ វិច្ឆិកា​។

អ្នកនាំពាក្យ​គណបក្ស​នេះ គឺ​លោក ឡឹក សុធារ សង្កេតឃើញ​ថា ទោះ​ជា​រដ្ឋាភិបាល​ប្រកាស​បើក​ឲ្យ​ជួបជុំគ្នា​វិញ​មែន តែ​អាជ្ញាធរ​នៅតែ​បន្ត​ការ​តាមដាន និង​ឃ្លាំមើល សកម្មភាព​ជួបជុំគ្នា​របស់​គណបក្ស​តាម​មូលដ្ឋាន។

ចំណែក​គណបក្ស​ខ្មែរ​ឈ្នះ​វិញ មិនទាន់​គិតគូរ​ដល់​ការ​ចុះ​មូលដ្ឋាន​ទេ ព្រោះ​គណបក្ស​នេះ​ត្រូវ​រៀបចំ​សមាជ​បក្ស​នៅ​សប្ដាហ៍​ក្រោយ​ដើម្បី​តែងតាំង​លោក សួង សុភ័ណ្ឌ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ឲ្យ​ដឹកនាំ​គណបក្ស​នេះ​បន្ត។ លោក សួង សុភ័ណ្ឌ អះអាង​គណបក្ស​ខ្មែរ​ឈ្នះ​នឹង​ចូលរួម​ទាំង​សកម្មភាព​នយោបាយ និង​សង្គម ដើម្បី​ទាមទារ​ផលប្រយោជន៍​ជូន​ពលរដ្ឋ។

រីឯ​គណបក្ស​កាន់​អំណាច​វិញ ក៏​តែងតែ​ចុះ​ជួប​សមាជិក និង​អ្នកគាំទ្រ​ដែរ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន យល់​ថា ការ​ធ្វើ​សកម្មភាព​ទាំងឡាយ​ជា​សិទ្ធិ​ស្របច្បាប់​របស់​គណបក្ស​នយោបាយ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ក្រសួង​មហាផ្ទៃ ហើយ​សកម្មភាព​ទាំងអស់​នោះ​នឹង​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយ​គណបក្ស​កាន់អំណាច​ឡើយ៖ «ជា​សិទ្ធិ​របស់​គណបក្ស​ផ្សេង​ដែល​គាត់​មាន​ច្បាប់​អនុញ្ញាត​ហើយ គឺ​គាត់​អាច​ធ្វើ​សកម្មភាព​បាន​ដោយ​សេរី​ហើយ ឲ្យ​តែ​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​ការណែនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិធានការ​សុខាភិបាល​ដើម្បី​ការពារ​កុំ​ឲ្យ​ថ្លោះធ្លោយ​មាន​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​ហ្នឹងហើយ»។

អ្នកឃ្លាំមើល​យល់ស្រប​នឹង​ការ​លើកឡើង​របស់​បក្ស​កាន់អំណាច​។ អ្នក​សិក្សា​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ថា ទោះជា​រដ្ឋាភិបាល​បើក​ឲ្យ​មានការ​ជួបជុំ និង​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ចូលរួម​ឆាក​នយោបាយ​វិញ ក៏​នៅតែ​មិនអាច​ប្រកួត​ជាមួយ​បក្ស​កាន់អំណាច​បាន​ដែរ​។ លោក​ជឿ​ថា គណបក្ស​ភ្លើងទៀន​អាច​ប្រមូល​សមាជិក​ខ្លួន​មក​ពង្រឹង​មូលដ្ឋាន​បាន​រឹងមាំ តែ​ពលរដ្ឋ​នៅតែ​ឲ្យ​តម្លៃ​លើ​សម្ព័ន្ធភាព​លោក សម រង្ស៊ី និង​លោក កឹម សុខា ដូច្នេះ​ទាល់តែ​អ្នកនយោបាយ​២​នាក់​នេះ ធ្វើការ​ជាមួយគ្នា​ទើប​គណបក្ស​សង្គ្រោះ​ជាតិ​មាន​លទ្ធភាព​ប្រកួត​ជាមួយ​គណបក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។