គណបក្សនយោបាយមួយចំនួនបង្ហាញជំហរស្វាគមន៍ការប្រកាសរបស់គណបក្សភ្លើងទៀន ដែលចង់ឱ្យមានការចងសម្ពន្ធភាពនយោបាយនៃគណបក្សក្រៅរដ្ឋាភិបាល។ អ្នកឃ្លាំមើលនយោបាយយល់ថា បទពិសោធន៍នយោបាយនៃការបែកបាក់ក្រុមអ្នកប្រជាធិបតេយ្យ រហូតធ្វើឱ្យគណបក្សទាំងនោះមិនបានចូលរួមការបោះឆ្នោត ឬបានចូលរួមការបោះឆ្នោតតែគ្មានកៅអីនៅក្នុងរដ្ឋសភា គឺជាមេរៀនឱ្យគណបក្សក្រៅរដ្ឋាភិបាលអាចរៀនរស់ជាមួយគ្នាជាថ្មី។
យ៉ាងហោចណាស់មានគណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៣ ប្រកាសស្វាគមន៍គម្រោងការចងសម្ពន្ធភាពនយោបាយ ដែលផ្ដួចផ្ដើមឡើងដោយគណបក្សភ្លើងទៀន។ មេដឹកនាំ គណបក្សនយោបាយទាំងនោះ បង្ហាញជំហរថា គួរដល់ពេលអ្នកប្រជាធិបតេយ្យប្រមូលផ្ដុំគ្នាឡើងវិញហើយ។
ស្ថាបនិកនិងជាអនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី២៧ ខែកញ្ញា ថា ការរួមគ្នារបស់អ្នកប្រជាធិបតេយ្យគឺជារឿងល្អ និងចំណេញដល់ជាតិ។ លោកបន្តទៀតថា ប្រសិនបើអ្នកប្រជាធិបតេយ្យនៅរប៉ាត់រប៉ាយដូចសព្វថ្ងៃនេះ មិនបានផ្ដល់ផលល្អដល់ការបោះឆ្នោតនៅពេលខាងមុខនោះឡើយ។ លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យដឹងទៀតថា ក្រោយពេលលោកឃើញថា គណបក្សភ្លើងទៀន ប្រកាសរកគណបក្សនយោបាយធ្វើជាដៃគូដើម្បីចងសម្ព័ន្ធភាព លោករីករាយនឹងជជែកអំពីគម្រោងនេះ។
លោក អ៊ូ ច័ន្ទរ័ត្ន៖«នៅតែមានការប្រកួតប្រជែងរវាងគ្នាឯងអ្នកនៅក្រៅរដ្ឋាភិបាលខ្ញុំជឿថា មិនទទួលបានការគាំទ្រទេ លើកលែងតែយើងឱ្យក្លាយជាគណបក្សតែមួយខ្ញុំជឿថា អ្នកដែលនិយមប្រជាធិបតេយ្យអ្នកដែលនៅក្រៅរដ្ឋាភិបាលហ្នឹងគាំទ្រ»។
ស្រដៀងគ្នានេះដែរ ស្ថាបនិកគណបក្សកម្ពុជានិយម លោក អូក អ៊ី ឱ្យដឹងដែរថា លោកស្វាគមន៍ដែលគណបក្សភ្លើងទៀនប្រកាសរកគណបក្សនយោបាយ ដែលមានទស្សន: និងជំហរនយោបាយដូចគ្នា មកធ្វើជាសម្ព័ន្ធមិត្ត។ លោកបន្តថា គណបក្សរបស់លោកតែងតែមានជំហរចង់ឱ្យមានការរួបរួមគ្នាឡើងវិញនៃអ្នកប្រជាធិបតេយ្យ។
លោក អ៊ូ ច័ន្ទរ័ត្ន៖«ស្វាគមន៍សម្រាប់ការចងសម្ពន្ធភាពគ្នាហើយប្រសិនជាអាចមិនត្រឹមតែចងសម្ព័ន្ធទេ អាចជជែកគ្នាបើកផ្លូវជាគណបក្សប្រជាធិបតេយ្យមួយប្រឆាំងពិតប្រាកដអ៊ីចឹងណាដើម្បីដណ្ដើមអំណាចតាមរយៈការបោះឆ្នោត»។
គណបក្សកម្ពុជានិយម ធ្លាប់មានអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ធ្វើជាប្រធាន ប៉ុន្តែកាលពីការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា លោក យ៉ែម បុញ្ញឫទ្ធិ បានទៅចូលរួមនយោបាយជាមួយបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ តែក្រោយគណបក្សនេះ មិនទទួលបានសំឡេងឆ្នោតនៅក្នុងសភា លោក យ៉ែម បុញ្ញឫទ្ធិ ក៏សុំចាកចេញពីបក្សខ្មែររួបរួមជាតិ។ សព្វថ្ងៃ លោក យ៉ែម បុញ្ញឫទ្ធិ មិនទាន់ចូលដឹកនាំគណបក្សនយោបាយណាមួយនៅឡើយទេ។
ទាក់ទងករណីនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានឡើយ នៅថ្ងៃទី២៧ ខែកញ្ញា។ ចំណែកអតីតប្រធានគណបក្សឆន្ទៈខ្មែរ លោក គង់ មូនីកា ដែលសព្វថ្ងៃជាមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀនប្រាប់ថា ជំហរគណបក្សឆន្ទៈខ្មែរ គឺមានឆន្ទៈរួបរួមជាមួយអ្នកប្រជាធិបតេយ្យ។
គណបក្សភ្លើងទៀនកាលពីថ្ងៃទី២៥ ខែកញ្ញា បានប្រកាសចងសម្ពន្ធភាពជាមួយគណបក្ស ដែលមានទស្សន: និងជំហរនយោបាយដូចគ្នានៅពេលខាងមុខ។ គណបក្សភ្លើងទៀន បង្ហាញជំហរបែបនេះ ក្រោយពេលគណបក្សនេះ ត្រូវបាន គ.ជ.ប ហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ដោយចោទប្រកាន់ថា គណបក្សនេះគ្មានលិខិតចុះបញ្ជីច្បាប់ដើម។ គណបក្សភ្លើងទៀន ដែលមានសមាជិកក្រុមប្រឹក្សាជាង២.០០០(ពីរពាន់)ទូទាំងប្រទេស ក៏ប្រឈមនឹងបញ្ហាមិនអាចចូលរួមការបោះឆ្នោតអសកលឆ្នាំ២០២៤ និងការបោះឆ្នោតខាងមុខផ្សេងៗ ទៀតផងដែរ ក្នុងករណីគ្មានលិខិតចុះបញ្ជីច្បាប់ដើមនេះ។
ជុំវិញគម្រោងរួបរួមរបស់គណបក្សភ្លើងទៀននេះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងបែបចំអកថា គណបក្សនយោបាយក្រៅរដ្ឋាភិបាលដែលមានបំណងរួបរួមគ្នា គ្រាន់តែជាក្រុមអនាធិបតេយ្យរត់ចាប់ដៃជាមួយអ្នកអនាធិបតេយ្យដូចគ្នាប៉ុណ្ណោះ។
បើទោះមន្ត្រីបក្សកាន់អំណាចអះអាងបែបនេះ ប៉ុន្តែរដ្ឋាភិបាលសព្វថ្ងៃដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែផ្ដល់តួនាទី និងឋានៈដល់សកម្មជន ឬមន្ត្រីគណបក្សប្រឆាំង ឬក៏គណបក្សក្រៅរដ្ឋាភិបាល នៅពេលអ្នកទាំងនោះទៅចុះចូលជាមួយគណបក្សកាន់អំណាច។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត សង្កេតឃើញថា ស្ថិតក្នុងស្ថានភាពដ៏តានតឹង ដែលគណបក្សប្រឆាំងពិបាកចូលរួមការបោះឆ្នោតនៅកម្ពុជា គណបក្សប្រឆាំងគួរមានភាពបត់បែន និងភាពឈ្លាសវៃ ដើម្បីគេចចេញពីការដាក់សម្ពាធ ឬវិធីសាស្ត្រនានា ដែលរារាំងមិនឱ្យគណបក្សនេះបានចូលរួមការបោះឆ្នោត។ លោកបន្តទៀតថា បទពិសោធន៍នយោបាយកន្លងមក ដែលអ្នកនយោបាយរឹងរូស ឬបត់បែនមិនទាន់ស្ថានការណ៍នយោបាយ នឹងធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងនោះអាចទទួលបានបទពិសោធន៍ ហើយរៀនរស់ជាមួយគ្នាឡើងវិញ។
លោក វ៉ន ចាន់ឡូត៖«ជាក់ស្ដែងបទពិសោធន៍សង្គ្រោះជាតិ គឺស្លាប់ដោយសាលដីការបស់តុលាការការស្លាប់ទី២ដែលភ្លើងទៀន ដែលយើងអាចនិយាយថា ជាការស្លាប់ដូចគ្នាទៅចុះ ទោះបីជាមានឈ្មោះនៅក្នុងក្រសួងមហាផ្ទៃ ប៉ុន្តែគណបក្សនយោបាយដែលមិនអាចចូលរួមប្រកួតបានគឺមានន័យថា គណបក្សនយោបាយនោះ គឺស្លាប់នេះ គឺពិសោធន៍ ហើយខ្ញុំគិតថា នៅចំពោះមុខនាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត គណបក្សប្រឆាំង គឺត្រូវមានភាពបត់បែនខ្ពស់»។
កាលពីចុងឆ្នាំ២០២២ គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ បានជជែកគ្នាពីការចង់សម្ពន្ធភាពនយោបាយជាមួយគ្នាដែរ តែគម្រោងនេះមិនទទួលបានជោគជ័យទាំងស្រុងនោះទេ ហើយទីបំផុតគឺគណបក្សឆន្ទៈខ្មែរប្រកាសរស់ក្រោមដំបូលជាមួយគណបក្សភ្លើងទៀន ចំណែកគណបក្សខ្លះទៀតទៅចូលរួមការបោះឆ្នោតតែឯកឯង ហើយគណបក្សផ្សេងទៀត ក៏មិនចូលរួមការបោះឆ្នោត ចំណែកគណបក្សភ្លើងទៀន ក៏ត្រូវបាន គ.ជ.ប ហាមឃាត់មិនឱ្យចូលរួមការបោះឆ្នោត ដែលជាលទ្ធផលធ្វើឱ្យគណបក្សទាំងនោះគ្មានសំឡេងនៅក្នុងរដ្ឋសភា។
អ្នកឃ្លាំមើលនយោបាយវ័យក្មេង លោក វ៉ន ចាន់ឡូត ផ្ដល់ទស្សនៈថា ដើម្បីអាចឱ្យគណបក្សក្រៅរដ្ឋាភិបាលទាំងនោះធ្វើការជាមួយគ្នាបាន លុះត្រាតែពួកគេលះបង់គំនិតអញនិយម លះបង់ចោលប្រយោជន៍ផ្ទាល់ខ្លួន និងកែទម្រង់របៀបដឹកនាំគណបក្សដោយកុំផ្ដោតលើបុគ្គលនិយម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។