អាជ្ញាធរ​​ខេត្ត​មួយ​ចំនួន​រារាំង​សកម្មជន​បក្ស​ប្រឆាំង​ធ្វើ​បុណ្យ​ខួប ៣​ឆ្នាំ​បណ្ឌិត កែម ឡី

0:00 / 0:00

អាជ្ញាធរ​មូលដ្ឋាន​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កំពង់ចាម​បាន​រារាំង​សកម្មជន​គណបក្សប្រឆាំង​មិន​ឱ្យ​ធ្វើបុណ្យ​រំលឹក​ខួប​គម្រប់ ​៣​ឆ្នាំ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ លោក បណ្ឌិត កែម ឡី ដែល​គ្រោង​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​ការ​រើសអើង​ផ្នែក​នយោបាយ​ដោយ​ខុសច្បាប់។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម អ្នកស្រី ទឹង សុភាព ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​កក្កដា​ថា ចៅសង្កាត់​វាលវង់ លោក ម៉ន ហេន កាល​ពី​រសៀល​ថ្ងៃ​ទី​៨ កក្កដា បាន​ទៅ​ប្រាប់​អ្នកស្រី​ដល់​ផ្ទះ ដោយ​​ហាម​ដាច់ខាត​មិន​ឱ្យ​អ្នកស្រី​ធ្វើបុណ្យ​គម្រប់​ខួប​៣​ឆ្នាំ​ជូន​វិញ្ញាណក្ខន្ធ​លោក បណ្ឌិត កែម ឡី ដោយ​សំអាង​ថា ជា​បញ្ជា​របស់​ថ្នាក់លើ។ អ្នកស្រី​អះអាង​ថា បើ​ទោះ​បីជា​អាជ្ញាធរ​រារាំង​យ៉ាង​នេះ​ក្ដី​ក៏​អ្នកស្រី​នៅតែ​បន្ត​ធ្វើ​បុណ្យ​ជូន​បណ្ឌិត កែម ឡី ឱ្យ​​ទាល់តែ​បាន ព្រោះ​បាន​អញ្ជើញ​ភ្ញៀវ​រួចរាល់​ហើយ៖ «បើ​ពួកគេ​មិន​ឱ្យ​ច្បាប់​ខ្ញុំ​សុំ​សរសេរ​ជា​លាយលក្ខណ៍អក្សរ​មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មិន​ឱ្យ​ធ្វើ​ទេ ខ្ញុំ​អស់ចិត្ត​ហើយ គាត់​ថា គាត់​គ្មាន​ច្បាប់​គ្មាន​អី​ឱ្យ​ទេ ព្រោះ​រឿង​នេះ​មិនបាច់​ត្រូវ​មាន​ច្បាប់​ទេ គ្រាន់តែ​ថា ថ្នាក់​លើ​​ប្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ជា​ចៅសង្កាត់​នៅ​ទីនេះ​ ខ្ញុំ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ទេ គាត់​ថា អីចឹង​​គាត់​​ដើរ។ ឥឡូវ​​ខ្ញុំ​​សម្រេច​​នៅ​តែ​​ធ្វើ​បុណ្យ​​មិន​​អាច​​អាក់​ខាន​​បាន​ទេ តាម​​ដំណើរ​​ទៅ​​ខ្ញុំ​​នៅ​តែ​ធ្វើបុណ្យ​ថ្ងៃ​ទី​១០ ស្អែក​នេះ ព្រឹក​ឡើង​និមន្ត​លោកសង្ឃ​ទាន​ ៤អង្គ ធ្វើតាម​ប្រពៃណី​ខ្មែរ ហើយ​ហៅ​អ្នកចូលរួម​ពិសា​បបរ​ទៅ»។

អ្នកស្រី​បន្ត​ថា បើ​តាម​គម្រោង​ពិធីបុណ្យ​នេះ ធ្វើ​នៅផ្ទះ​របស់​អ្នកស្រី​នៅ​ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា និង​បាន​ត្រៀម​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​ជាង ១០០​នាក់​ចូលរួម។

ចំណែក​នៅ​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​ឯណោះ​វិញ ក៏​មាន​ការរារាំង​មិន​ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​បុណ្យខួប​បណ្ឌិត កែម ឡី ដែរ។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​សង្កាត់​អូរអំបិល លោក សួន ហៀប ប្រាប់​អាស៊ីសេរី​ថា ចៅសង្កាត់​អូរ​អំបិល​អ្នកស្រី ធួ ណាគ្រី ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នោះ​ទេ។ លោក​បន្ត​ថា ពួកគាត់​បាន​ត្រៀម​មនុស្ស​ប្រមាណ ២០០​នាក់​ដើម្បី​ចូល​ក្នុង​ពិធី​បុណ្យ​នេះ៖ «អា​ច្បាប់​បើ​គេ​មិន​ឱ្យ​យើង​ធ្វើ​ហើយ​វា​ដូច​តែ​គ្នា​ហ្នឹង បើ​គេ​មិន​អនុញ្ញាត​វា​អត់​ដូចគ្នា​បាត់​ហើយ​ខ្ញុំ​ជូនដំណឹង​កាលពី​ថ្ងៃ​ទី៧ កក្កដា​គាត់​ដឹង​ហើយ តែ​គាត់​អត់​ឆ្លើយតប ពេល​ជិត​ថ្ងៃ​រៀបចំ​ហើយ​បាន​គាត់​ប្រែ​ក្រឡាស់​អីចឹង​វិញ។ គេ​បញ្ជាក់​ដែរ​ថា យើង​ផ្លូវ​ផ្សេងគ្នា​មែន តែ​យើង​រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ដូច្នេះ​មិនមែន​មាន​តែ​គំនិត​យើង​ម្នាក់​ទេ យើង​មាន​មេ​មាន​កើយ។ ខ្ញុំ​សោកស្ដាយ​យ៉ាង​ខ្លាំង​ធ្វើបុណ្យ​ទាន​ត្រូវ​បាន​អាក់ខាន ដូច​យើង​កុហក​ខ្លួន​យើង​អីចឹង​រឿង​នឹង»។

ឆ្លើយតប​នឹង​បញ្ហា​នេះ ចៅ​សង្កាត់​វាលវង់ លោក ម៉ន ហេន ប្រាប់​អាស៊ីសេរី​ថា មូលហេតុ​ដែល​លោក​ហាមឃាត់​មិន​ឱ្យ​ធ្វើ​បុណ្យ ដោយសារ​លោក​បណ្ឌិត កែម ឡី មិនមែន​ជា​សាច់ញាតិ​របស់​ម្ចាស់ផ្ទះ ហើយ​ម្យ៉ាងទៀត​អ្នក​ផ្ដើមបុណ្យ​ក៏​មិន​បាន​សុំច្បាប់​ពី​អាជ្ញាធរ​ធ្វើបុណ្យ​នោះ​ទេ៖ «គាត់​ថា​ធ្វើបុណ្យ​ឱ្យ កែម ឡី ណា​អី ហើយ​ខ្ញុំ​រឿង​ការងារ​គាត់ គឺ​មិនមែន​គាត់​នៅ​ទីកន្លែង​នោះ ហើយ​ជា​ផែនការ​ត្រូវ​ឱ្យ​គាត់​សុំច្បាប់។ គាត់​អត់​ច្បាប់​ហើយ គាត់​នៅតែ​ធ្វើ​វា​ជា​រឿង​មួយ​ផ្សេង​ខ្ញុំ​ដឹង​ដែរ ចំពោះ​ខ្ញុំ​បើ​យើង​ធ្វើ​អី​ដែល​មាន​មនុស្ស​ច្រើន​ត្រូវតែ​មាន​ការអនុញ្ញាត ប៉ុន្តែ​បើ​គាត់​ធ្វើ​ក្នុងនាម​បងប្អូន​មិន​មាន​បញ្ហា ប៉ុន្តែ​អ្នក​ឯណា​ផ្សេង​ជា​រឿង​របស់​គាត់​មិន​ដឹង​ដែរ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​អាដហុក (Adhoc) បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ពិធីបុណ្យ​តាម​បែប​សាសនា​មិន​ចាំបាច់​សុំច្បាប់​ពី​អាជ្ញាធរ​នោះ​ឡើយ ព្រោះ​ជា​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​គ្រប់រូប​អាច​ធ្វើ​ពិធី​បុណ្យទាន​បាន​ដោយ​មិនបាច់​សុំច្បាប់។ លោក​កត់សំគាល់​ថា ការ​ហាមឃាត់​នេះ គឺជា​ការរើសអើង​ផ្នែក​នយោបាយ​ដោយសារ​ម្ចាស់​ដើម​បុណ្យ​ជា​សកម្មជន​គណបក្ស​ប្រឆាំង៖ «អីចឹង​ឱ្យ​តែ​ពួក​គណបក្ស​​ប្រឆាំង​ធ្វើ​ពិធី​អី​មួយ​ជាស​ត្រូវ​របស់​ខ្លួន​រឿង​មួយ​យ៉ាងម៉េច យើង​ខ្មែរ​ដូចគ្នា​មិន​គួរ​យក​អ្នក​ដែល​គេ​គោរព​ធ្វើជា​សត្រូវ​របស់​យើង​ទេ គួរតែ​បើក​សិទ្ធិ​ទាំងអស់​គ្នា បើសិន​ជា​ប្រកាន់​ភ្ជាប់​របប​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ គេ​ស្រលាញ់​អ្នកណា​បោះ​​ពេល​ក្រោយ​គេ​ឈ្នះ​ឱ្យ​គេ​ទៅ ប៉ុន្តែ​បើសិនជា​បោះឆ្នោត​ចាញ់​តវ៉ា ឬក៏​រំលាយ​គណបក្ស​របស់​គេ​ហើយ នៅ​ពេល​ក្រុម​នោះ​ធ្វើបុណ្យ​ហើយ​ចាត់​ទុក​ពួកគេ​ជាស​ត្រូវ​មិនមែន​ការ​ល្អ​នៅ​កម្ពុជា​ទេ»។

អ្នកស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​នៅ​ក្នុង​ហាង​លក់ទំនិញ​ ស្តារម៉ាត (Star Mart) នៃ​ស្ថានីយ​លក់​ប្រេង​ឥន្ធនៈ​កាល់​តិច (Caltex) ក្បែរ​ស្តុប​បូកគោ រាជ​ធានី​​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ឆ្នាំ​២០១៦ កន្លងទៅ​។ គិត​មកទល់​ថ្ងៃ​ទី​១០​ខែ​កក្កដា​ឆ្នាំ​២០១៩ មាន​រយៈពេល​៣​ឆ្នាំ​ហើយ ដែល​លោក​បាន​ស្លាប់ ខណៈ​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង និង​ក្រៅ​ប្រទេស​ដែល​ស្រលាញ់​លោក​បណ្ឌិត ក៏បាន​នាំគ្នា​ធ្វើបុណ្យ​គម្រប់ ៣​ឆ្នាំ ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត នៅ​ជាច្រើន​កន្លែង។ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​ខេត្ត​មួយ​ចំនួន ក៏​គ្រោង​ធ្វើ​ពិធី​បុណ្យ​នេះ​នៅ​តាម​ខេត្ត​រៀងៗ​ខ្លួន នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ដែរ ដោយ​សង្ឃឹម​ថា អាជ្ញាធរ​មិន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ពួកគាត់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។