កូនប្រុសរបស់មន្ត្រីបក្សប្រឆាំងកំពុងជាប់ពន្ធនាគារ ដែលត្រូវមិនជនមិនស្គាល់មុខព្រួតវាយក្បាលកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរដោយមានឈាមកកក្នុងខួរក្បាលនិងទើបដឹងខ្លួនកម្រើកបានតិចៗនៅឡើយ។ មន្ត្រីសង្គមស៊ីវិលថា ករណីកើតឡើងដដែលៗ បែបនេះអាចនឹងធ្វើឱ្យមានការរិះគន់ ឬចោទប្រកាន់ថា ពាក់ព័ន្ធនឹងរឿងនយោបាយ។
ក្រុមគ្រួពេទ្យនៅតែបន្តតាមដានស្ថានភាពរបួសកូនប្រុសរបស់អ្នកទោសនយោបាយ គឺយុវជន កែវ សុខសិរី ដោយយុវជនរូបនេះនៅតែឈឺចុកចាប់នៅមុខរបួសត្រង់ក្បាល។
លោក កែវ សួរ បងប្រុសលោក កែវ សុខសិរី ឱ្យអាស៊ីសេរីដឹងថ្ងៃទី១៤ ខែធ្នូថា ពេលនេះប្អូនលោកដឹងខ្លួនហើយ ប៉ុន្តែមិនទាន់អាចចងចាំ ឬនឹកឃើញនិងអាចរៀបរាប់ពីហេតុការណ៍ ដែលត្រូវជនមិនស្គាល់មុខវាយធ្វើបាបនោះទេ។ លោកថា ពេលនេះក្រុមគ្រូពេទ្យកំពុងតាមដាននៅឡើយ ហើយមិនទាន់អាចនិយាយពីលទ្ធផលនៃរបួសនេះថា យ៉ាងណានោះទេ៖ « ភ្លេចភ្លាំងហើយគាត់ ( កែវ សុខសិរី ) ឈឺពេញក្បាលហើយនិយាយមួយម៉ាត់ពីរម៉ាត់គាត់មានអាការៈធ្ងន់ធ្ងរត្រង់ក្បាលហើយលោកគ្រូពេទ្យកំពុងតាមដានជំងឺរបស់គាត់ » ។
យុវជន កែវ សុខសិរី អាយុ ១៦ឆ្នាំ ត្រូវមិនស្គាល់មុខជិះម៉ូតូមានគ្នាមានគ្នាបីនាក់ យកដំបងព្រួតវាយចំក្បាលពេលជិះកងហាត់ប្រាណតាមផ្លូវ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១២ ខែធ្នូ។ លោក កែវ សួរ ប្រាប់ថា តាមសាក្សី ដែលទៅហាត់ប្រាណជាមួយប្អូនលោកដែលឃើញហេតុការណ៍ប្រាប់ថា ជនដៃដល់នោះមានអាយុចន្លោះពី ៣០ ទៅ ៤០ឆ្នាំ ហើយជិះម៉ូតូគ្មានស្លាកលេខនោះទេ។
លោក កែវ សួរ និយាយថា ក្រុមគ្រួសារលោកកំពុងរៀបចំដាក់ប្ដឹងទៅអាជ្ញាធរស្រុកបរិបូរណ៍ឱ្យជួយស្រាវជ្រាវ។ លោកក៏ស្នើទៅអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិឱ្យតាមដាន និងឃ្លាំមើលករណីនេះ។
យុវជន កែវ សុខសិរី ជាកូនប្រុសរបស់អ្នកទោសនយោបាយលោក កែវ ថៃ ដែលកំពុងជាប់ពន្ធនាគារព្រៃស។ តុលាការក្រុងភ្នំពេញចោទប្រកាន់ប្រធានគណបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំង លោក កែវ ថៃ ពីបទរួមគំនិតក្បត់ជាតិញុះញង់ឱ្យបង្កអសន្តិសុខនៅក្នុងសង្គមសង្គម និងបទញុះញង់ឱ្យយោធាមិនស្ដាប់បង្គាប់កាលពីខែមីនា។
ភរិយាលោក កែវ ថៃ គឺលោកស្រី សំ ចិន្ដា និងប្រពន្ធកូនរបស់សកម្មជនគណបក្សសង្គ្រោះជាតិផ្សេងទៀតតែងតែចេញមុខទាមទារនៅមុខតុលាការក្រុងភ្នំពេញឱ្យដោះលែងស្វាមីពួកគេជារៀងរាល់ថ្ងៃសុក្រ។ អាជ្ញាធរ និងក្រុមសន្តិសុខក្រុងភ្នំពេញតែងតែរារាំង និងបង្ក្រាបបណ្តាលឲ្យពួកគេរងរបួសជាបន្តបន្ទាប់។ លើសពីនេះ កាលពីពេលថ្មីៗ នេះ ក្រុមស្ត្រីតវ៉ាអះអាងថា មានអាជ្ញាធរតាមដានសកម្មភាពពួកគាត់ជាប្រចាំ និងគំរាមកំហែងឲ្យបញ្ឈប់ការតវ៉ា។ ទន្ទឹមគ្នានោះ ក៏មានប្រពន្ធបក្សប្រឆាំងកំពុងជាប់ឃុំមួយរូប ត្រូវបានជនមិនស្គាលមុខធាក់ម៉ូតូផ្ដួលបណ្ដាលឲ្យរងរបួស។ រីឯកូនប្រុសបក្សប្រឆាំងម្នាក់ទៀត គឺកុមារា កាក់ សុវណ្ណច្ឆ័យ ក៏ត្រូវបានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ឃុំខ្លួនពីរថ្ងៃ ហើយកុមារារូបនោះអះអាងថា សមត្ថកិច្ចបានវាយដំលើរាងកាយផងដែរ។
ទោះជាយ៉ាងណា លោក កែវ សួរ មិនទាន់ហ៊ានសន្មតថា ករណីហិង្សាជារឿងបុគ្គល ឬរឿងនយោបាយដោយរង់ចាំការស៊ើបអង្កេតសិន ប៉ុន្តែលោក កែវ សួរ និយាយថា ប្អូនលោកទើបអាយុ ១៦ឆ្នាំមិនគួរមានជម្លោះ ដែលមនុស្សដែលអាយុច្រើនពីខ្លួនដូច្នេះនោះទេ៖ «ក្នុងករណីជនមិនស្គាល់មុខវាយយើងមិនអាចសន្និដ្ឋានជាអ្នកណា ការវាយនេះខុសប្រក្រតី បើសិនក្មេងស្ទាវដូចគ្នាវាយតបមិនអីទេ តែនេះខុសអាយុគ្នា » ។
ទាក់ទងករណីនេះអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺពីស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ខូវ លី អធិការនគរបាលស្រុកបរិបូណ៌ លោក ជាង សុវណ្ណារិទ្ធិ និងអ្នកនាំពាក្យនគរបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយទេ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា កត់សម្គាល់ឃើញថា កន្លងមកមានការធ្វើទុក្ខម្នេញបង្ករបួសស្នាមលើសកម្មជនគណបក្សប្រឆាំងជាច្រើនករណី ហើយករណីបែបនេះកើតម្ដងហើយម្ដងតែសមត្ថកិច្ចមិនទាន់រកឃើញជនប្រព្រឹត្តិនៅឡើយទេ។ មន្រ្តីសិទ្ធិមនុស្សរូបនេះនិយាយថា ករណីកើតឡើងដដែលៗ បែបនេះ អាចនឹងធ្វើឱ្យមានការរិះគន់ ឬចោទប្រកាន់ថា ពាក់ព័ន្ធនឹងរឿងនយោបាយ៖ «ករណីនេះជៀសមិនផុតទេអំពីការចោទប្រកាន់ពីមតិសាធារណៈជាតិ អន្តរជាតិហើយយើងនឹងកាត់យល់ថា ខាងសហគមន៍អន្តរជាតិគេព្រួយបារម្ភអំពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយរាប់ចាប់ពីសកម្មជននយោបាយមកដល់ក្រុមគ្រួសាររបស់គេ»។
គិតមកដល់ពេលនេះ មានសកម្មជនគណបក្សសង្គ្រោះជាតិជាង ២០នាក់ហើយ ដែលត្រូវជនមិនស្គាល់មុខលួចវាយឲ្យរបួសតែសមត្ថកិច្ចមិនទាន់បានបំបែកសំណុំរឿងណាមួយបាននៅឡើយទេ។ អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ដែលតាមដានករណីនេះលើកឡើងថា ជនរងគ្រោះក្នុងសំណុំរឿងវាយធ្វើបាបទាំងនេះមិនទទួលបានការគាំទ្រពីផ្នែកវេជ្ជសាស្ត្រ និងចាប់ខ្លួនជនល្មើសទៅផ្ដន្ទាទោសពីស្ថាប័នយុត្តិធម៌ និងអាជ្ញាធរសមត្ថកិច្ចឡើយ។
លោក ស៊ឹង សែនករុណា ទទូចទៅស្ថាប័នអនុវត្តច្បាប់ជាន់ថ្នាក់ត្រួតពិនិត្យករណីទាំងនេះឡើងវិញ។ លោកថា បើនៅតែរកមិនឃើញជនប្រព្រឹត្តនឹងធ្វើឱ្យបាត់បង់ការជឿជាក់លើប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។