សមាជិកព្រឹទ្ធសភាគណបក្សភ្លើងទៀន ដែលរបបឯកបក្ស បង្ខំឲ្យចុះចេញពីតំណែង លោក សោ ចាន់ដេត ប្រកាសជំហរថា លោកមិនរកមេធាវីទៅតតាំងក្ដីជាមួយមេធាវីតំណាងឲ្យរបបឯកបក្ស នៅក្នុងតុលាការកម្ពុជាឡើយ ព្រោះវាគ្មានន័យ។ អ្នកវិភាគថា បណ្ដឹងប្រឆាំងថ្នាក់ដឹកនាំគណបក្សប្រឆាំងពីក្រៅប្រទេស ជាយុទ្ធសាស្ត្រព្រមានពលរដ្ឋកុំឲ្យបញ្ចេញមតិរិះគន់រដ្ឋាភិបាល។
លោក សោ ចាន់ដេត ប្រាប់អាស៊ីសេរី ពីប្រទេសកាណាដាថា លោកមិនចាប់អារម្មណ៍នឹងការប្ដឹងរូបលោក រឿងជេរប្រមាថ និងញុះញង់ អ្វីឡើយ ព្រោះបណ្ដឹងនេះ គ្រាន់ជាចេតនារបស់របបក្រុងភ្នំពេញ ក្នុងការព្រមានអ្នកនយោបាយនៅក្រៅប្រទេស និងពលរដ្ឋក្នុងស្រុក ឲ្យបិទមាត់ ឈប់រិះគន់របបលោក ហ៊ុន សែន ដែលលោក ហៅថា ជារបបផ្ដាច់ការតែប៉ុណ្ណោះ។ លោក ជឿថា មេដឹកនាំរបបឯកបក្ស មិនអាចកាន់អំណាចយូរទៀតទេ ដូច្នេះ លោក ហ៊ុន សែន នឹងបញ្ចេញគ្រប់ល្បិចស្នៀត នៅមុនពេល លោក អស់អំណាច៖« ខ្ញុំមិនទៅតបតទេ។ មិនទៅបញ្ជូន ( មេធាវី ) ទេ គ្មានបានប្រយោជន៍អ្វី»។
ការប្រតិកម្មនេះ ធ្វើឡើងភ្លាមៗ បន្ទាប់ពីមេធាវីតំណាងដោយអាណត្តិរបស់របបក្រុងភ្នំពេញ បានដាក់ពាក្យប្ដឹងទៅតុលាការ ចោទលោក សោ ចាន់ដេត ពីបទជេរប្រមាថលោក ហ៊ុន សែន ជាសាធារណៈ តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) និងមានចេតនាញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា ៣០៧ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺ ពីមេធាវីដើមបណ្ដឹង គឺលោកមេធាវី គី តិច បានទេ ដោយសារអ្នកលើកទូរស័ព្ទជាជំនួយការប្រាប់ថា លោកមេធាវី គី តិច កំពុងជាប់រវល់។ ប៉ុន្តែ លោកមេធាវី គី តិច បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន ឈ្មោះហ្វ្រេសញូវ (Fresh News) ថា ពាក្យប្ដឹង បានដាក់ជូនតុលាការ នៅព្រឹកថ្ងៃទី១៨ មីនា ដោយលោកបញ្ជាក់ថា លោកមានភស្តុតាងចំនួន ៣២ទំព័រ ដែលស្រង់ចេញពីគណនីហ្វ្រេសប៊ុក (Facebook) ឈ្មោះ Sor Chandeth ដើម្បីដាក់ជូនតុលាការពិនិត្យ និងសម្រេច។
បណ្ដឹងនេះ ធ្វើឡើងក្រោយលោក ហ៊ុន សែន ប្រកាសជាសាធារណៈ ៥ថ្ងៃ។ កាលពីថ្ងៃទី១៣ មីនា លោក ហ៊ុន សែន ប្រកាសពីខេត្តកោះកុងថា លោកបានបង្គាប់ឲ្យមេធាវីសិក្សាផ្លូវច្បាប់ ដើម្បីប្ដឹងរឹបអូសទ្រព្យសម្បត្តិ អ្នកជេរប្រមាថអាយុជីវិតលោក តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ពីក្រៅប្រទេស ដើម្បីឲ្យតុលាការចេញដីការឹបអូសទ្រព្យសម្បត្តិ ដែលមាននៅក្នុងប្រទេស។ លោក ហ៊ុន សែន ថា លោកបានបង្គាប់ឲ្យមេធាវីប្ដឹងទារជំងឺចិត្ត មិនក្រោម ២លានដុល្លារសហរដ្ឋអាមេរិកទេ ដើម្បីយកទៅចែកកុមារកំព្រា។
លោក សោ ចាន់ដេត អះអាងថា លោកគ្មានទ្រព្យសម្បត្តិនៅប្រទេសកម្ពុជាទេ ហើយបើមានមែន ក៏លោកមិនខ្លាចឲ្យរបបលោក ហ៊ុន សែន រឹបអូសដែរ។ លោក សោ ចាន់ដេត ហៅបណ្ដឹងប្រឆាំងរូបលោកថា ក្រៅពីការគំរាមកំហែងសិទ្ធិបញ្ចេញមតិ ក៏ជាចេតនារបស់ លោក ហ៊ុន សែន ចង់គំរាមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទៅសុំសិទ្ធិធ្វើនយោបាយពីរបបលោកឡើងវិញ ដើម្បីរបបឯកបក្ស មានហេតុផលទៅបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ ឲ្យទទួលស្គាល់ការបោះឆ្នោតបង្គ្រប់កិច្ចកន្លងមក។
អ្នកច្បាប់ពន្យល់ថា ប្រសិនបើមានបទល្មើសពីក្រៅប្រទេសមែន ក៏អំណាចតុលាការកម្ពុជាមិនអាចគ្របដណ្ដប់បានដែរ ព្រោះយុត្តាធិការ (ដែនសមត្ថកិច្ច) តុលាការ គ្រប់ដណ្ដប់តែដែនរដ្ឋបាលរបស់ខ្លួនប៉ុណ្ណោះ។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ យល់ថានៅកម្ពុជា គណបក្សប្រជាជនកម្ពុជា ពិសេស លោក ហ៊ុន សែន មានអំណាចខ្លាំង ក្នុងការធ្វើព្យុះធ្វើភ្លៀងគ្រប់ពេល ហើយបណ្ដឹងនេះ ទោះតតាំងក្ដីដល់តុលាការណា ក៏មិនអាចឈ្នះមេធាវីរបស់លោក ហ៊ុន សែន ដែរ។ ទោះជាយ៉ាងណា លោក ហង្ស វិទូ ថា រដ្ឋាភិបាលមិនអាចធ្វើអ្វីលោក សោ ចាន់ដេត បានទេ គ្រាន់តែលោក សោ ចាន់ដេត មិនអាចវិលត្រលប់ចូលកម្ពុជាវិញបាន៖ « អ៊ីចឹង ការដែលគាត់ ( លោក ហ៊ុន សែន ) ធ្វើព្យុះធ្វើភ្លៀង ចង់ប្ដឹង យ៉ាងណា ខ្ញុំគិតថា វាជានិច្ចជាកាលទេ ព្រោះអំណាចនៅលើដៃគាត់ទាំងស្រុងអ៊ីចឹងណា។ អានេះ ខ្ញុំគិតថា វាជាយុទ្ធសាស្ត្រមួយរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការធ្វើឲ្យអ្នកផ្សេងទៀត មានការភ័យខ្លាច មិនហ៊ានបញ្ចេញមតិ មិនហ៊ានបញ្ចេញសកម្មភាពប្រឆាំងណាមួយ ដែលអាចនឹងកើតមានឡើង អ៊ីចឹងណា»។
បើទោះយ៉ាងណា លោក សោ ចាន់ដេត អះអាងថា លោកនឹងត្រលប់ចូលកម្ពុជាវិញ នៅឆ្នាំ២០១៩ ដើម្បីអមដំណើរ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។