អ្នកអត្ថាធិប្បាយនយោបាយ ដ៏មានប្រជាប្រិយភាព លោក ស៊ន តារា ស្នើសុំឱ្យអាជ្ញាធរដោះលែងឪពុកឱ្យមានសេរីភាពវិញ ព្រោះឪពុកលោកគ្មានកំហុសដូចការចោទប្រកាន់។ លើសពីនេះ លោក ស៊ន តារា ថា អ្វី ដែលលោកបានធ្វើមិនពាក់ព័ន្ធនឹងឪពុករបស់លោកទេ។
សំណើរបស់លោក ស៊ន តារា នេះធ្វើឡើងបន្ទាប់ពីកម្លាំងរាជអាវុធហត្ថក្នុងខេត្តកំពង់ស្ពឺ បានចាប់ខ្លួន ឳពុក គឺលោក សុខ ស៊ុនណារ៉េត និងបានឃុំខ្លួនលោក នៅពន្ធនាគារខេត្តនេះ ដោយចោទអំពីបទពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។
លោក ស៊ន តារា បានបញ្ជាក់ជំហរចំនួន ២ចំណុចសំខាន់ គឺស្នើសុំឱ្យដោះលែងឪពុករបស់លោក និងសុំអភ័យទោសពីលោក ហ៊ុន សែន។
លោក ស៊ន តារា ក្នុងវីដេអូនៅលើហ្វេសប៊ុក (Facebook) ដែលមានរយៈពេលជាង ១៣នាទី ផ្សាយកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា បញ្ជាក់ថា អ្វីដែលលោកបានធ្វើ និងនិយាយតាមរយៈការអត្ថាធិប្បាយរបស់លោក នាពេលកន្លងទៅ មិនពាក់ព័ន្ធនឹងឪពុកម្ដាយ និងក្រុមគ្រួសាររបស់លោកឡើយ ហើយអ្វី ដែលគ្រួសាររបស់លោកបានធ្វើក៏មិនពាក់ព័ន្ធនឹងលោកដែរ។
លោក ស៊ន តារា បញ្ជាក់ថា លោកនឹងគ្រួសាររបស់លោក បានប្រកាសកាត់កាល់គ្នាជាយូរមកហើយ ដែលការណ៍នេះមិនប្រែប្រួលទេ រហូតមកដល់ពេលនេះ។
លោក ស៊ន តារា ស្នើសុំអាជ្ញាធរឱ្យដោះលែងឪពុករបស់លោក និងចាត់ទុករឿងនេះថា សាហាវពេកហើយ។
លោក ស៊ន តារា៖«រដ្ឋាភិបាលកម្ពុជាមិនគួរផ្ដល់រង្វាន់ឱ្យគាត់ ដោយសារតែរូបខ្ញុំ ស៊ន តារា ដែលគាត់ជាបុគ្គលធនធានដ៏ល្អរបស់គណបក្សប្រជាជន ហើយទោះជាគាត់ចូលនិវត្តន៍ ក៏ដោយ គឺគាត់ឆ្លើយតបរាល់តម្រូវការរបស់អង្គភាព។ ដូច្នេះ សម្ដេចសូមសម្ដេចឆ្ពោះមកខ្ញុំទៅចុះ។ សម្ដេចគួរតែផ្ដល់រង្វាន់ កាដូ ផ្ដល់បុណ្យស័ក្ដិ និងការលើកទឹកចិត្តដល់ឪពុករបស់ខ្ញុំ ដែលលីកាំភ្លើងចូលព្រៃគាំទ្រ បម្រើរដ្ឋាភិបាល និងគណបក្សប្រជាជនរហូត»។
លោកសុំអភ័យទោសពីលោក ហ៊ុន សែន ប្រសិនបើលោកមានខុសឆ្គងពាក្យសម្ដីណាមួយ។
លោក ស៊ន តារា ចេញវីដេអូស្នើឱ្យដោះលែងឪពុកនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងរាជអាវុធហត្ថក្នុងខេត្តកំពង់ស្ពឺ បានចាប់ខ្លួន លោក សុខ ស៊ុនណារ៉េត ឪពុក លោក ស៊ន តារា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ដោយចោទរឿងគ្រឿងញៀន។ មកដល់ពេលនេះ លោក សុខ ស៊ុនណារ៉េត ដែលមានវ័យ ៧០ឆ្នាំ កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ។
អ្នកនយោបាយបក្សប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា ការចាប់ខ្លួនឪពុក លោក ស៊ន តារា នេះ បង្ហាញពីយុទ្ធសាស្ត្រនយោបាយស្មោកគ្រោករបស់លោក ហ៊ុន សែន ដែលតែងតែធ្វើទុក្ខបុកម្នេញ អ្នកមាននិន្នាការនយោបាយប្រឆាំង។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរសារនៅលើហ្វេសប៊ុកថា រដ្ឋាភិបាលត្រូវដោះលែងឪពុកលោក ស៊ន តារា ដោយគ្មានលក្ខខណ្ឌ។ លោក សម រង្ស៊ី បន្តថា លោក ហ៊ុន សែន ត្រូវតែក្លាហានហ៊ានប្រឈមមុខនឹងការពិត ប្រឈមមុខនឹងអ្នករិះគន់ មិនមែនទៅចាប់សមាជិកគ្រួសារគេ ព្រោះតែគេរិះគន់របបនោះទេ។ លោកថា នេះជាការគាបសង្កត់ឆ្លងដែន ដែលរបបផ្ដាច់ការតែងតែធ្វើ ដើម្បីបំបិទសំឡេងអ្នកប្រឆាំង។
អ្នកវិភាគនយោបាយ លោក សេង សារី លើកឡើងថា នៅពេលកើតមានករណីចាប់ខ្លួនឪពុករបស់លោក ស៊ន តារា និងដោយពិនិត្យឃើញបទពិសោធន៍ ដែលកើតឡើងលើក្រុមគ្រួសាររបស់លោក ហៃ វណ្ណា សកម្មជនគណបក្សសង្គ្រោះជាតិនៅប្រទេសជប៉ុនបង្ហាញថា លោក ហ៊ុន សែន មិនខ្លាចនឹងប្រើយុទ្ធសាស្ត្រនយោបាយស្មោកគ្រោក ដើម្បីបានធ្វើទុក្ខបុកម្នេញអ្នកនយោបាយប្រឆាំង។ លោកថា លោក ហ៊ុន សែន នៅតែប្រើប្រាស់ផ្នែកមួយ នៃយុទ្ធសាស្ត្រ ឌីហ៊្វីដ (DIFID)។
លោក សេង សារី៖«ជាដំណើរនៃការអនុវត្តយុទ្ធសាស្ត្រ អាយអេហ្វ(IF)របស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានន័យថា កម្ទេចក្រុមអ្នកប្រឆាំងទាំងអស់ អ្នកមាននិន្នាការប្រឆាំង ធ្វើម៉េច អ្នកដែលជាដៃជើងសំខាន់ ជាឃោសនិកនយោបាយសំខាន់របស់ លោក សម រង្ស៊ី ឱ្យអស់។ មានន័យថា រុញធ្វើម៉េចមានចេតនាបញ្ចប់ជីវិតនយោបាយ របស់លោក សម រង្ស៊ី តែម្ដង។ នយោបាយ ដែលអតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាទូទៅគាត់មិនសូវខ្វល់អំពីរឿងថា តើត្រូវប្រើមធ្យោបាយបែបណាទេ ទោះប្រើវិធីស្មោកគ្រោកបែបណាក៏ធ្វើដែរ ធ្វើយ៉ាងណាឱ្យតែសម្រេចគោលដៅយុទ្ធសាស្ត្ររបស់គាត់»។
ទាក់ទងនឹងរឿងលោក ស៊ន តារា នេះ កាលពីឆ្នាំ២០២៣ កន្លងទៅ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ធ្លាប់ព្រមានថា នឹងធ្វើទុក្ខបុកម្នេញគ្រួសារលោក ស៊ន តារា ដើម្បីជាការសងសឹក ដែលកាលនោះ លោក ស៊ន តារា មិនព្រមបញ្ឈប់រិះគន់រដ្ឋាភិបាលរឿងគ្មានលុយរៀបចំពិធីបុណ្យអុំទូក និងថា យកលុយទៅរៀបចំស៊ីហ្គេម ដោយមិនគិតគូរអំពីពលរដ្ឋក្រីក្រ។
លោក ហ៊ុន សែន៖«ជេរហ្អែងពីហ្នឹងទៅតែម្ដង អាក្មេងពាល ហើយផ្កាំទៅឪពុកម្ដាយ បងប្អូនថ្លៃ សុទ្ធតែបាននិយាយតាមវីដេអូយកមកឱ្យខ្ញុំហើយ បើអប់រំប៉ុណ្ណឹងមិនបាន ចេញពីការងារទៅ»។
កាលណោះ ឪពុក ម្ដាយ និងសាច់ញាតិរបស់លោក ស៊ន តារា បានប្រកាសកាត់កាល់លោក ស៊ន តារា និងសន្យាថា នឹងគាំទ្រគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ឥតងាករេថែមទៀត។
បើទោះជាមានរឿងនោះកើតឡើង ក៏លោក ស៊ន តារា នៅតែបន្តធ្វើអត្ថាធិប្បាយរិះគន់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនថមថយដដែល។
អ្នកវិភាគនយោបាយ លោក សេង សារី បន្តថា លោក ហ៊ុន សែន ប្រើយុទ្ធសាស្ត្រធ្វើទុក្ខបុកម្នេញក្រុមគ្រួសារសកម្មជននេះបានផល ដោយបានធ្វើទុក្ខបុកម្នេញក្រុមគ្រួសារលោក ហៃ វណ្ណា បន្ទាប់មក លោក ហៃ វណ្ណា បានសម្រេចចុះចូលជាមួយលោក ហ៊ុន សែន។ លោកថា ការសម្រេចយ៉ាងណា ក្នុងរឿងនេះ ជាសិទ្ធិរបស់លោក ស៊ន តារា។
លោក សេង សារី៖«បើសិនជាអាចសុំឱ្យលោក ស៊ន តារា តាំងស្មារតីឱ្យបានរឹងមាំព្យាយាមប្រឈមនឹងបញ្ហា ហើយធ្វើម៉េចបែងចែកឱ្យដាច់រវាងជាតិ ហើយនឹងគ្រួសារឱ្យបាន។ ហ្នឹងជារឿង ដែលអ្នកប្រជាធិបតេយ្យចង់បាន។ គ្រាន់តែថា អារម្មណ៍របស់អ្នកប៉ះពាល់ដោយផ្ទាល់ និងអ្នកផ្ដល់យោបល់នេះវាខុសគ្នា។ ខ្ញុំក៏យល់បីមនោសញ្ចេតនានេះដែរ»។
បើទោះជាយ៉ាងណាក្ដី វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការឆ្លើយតបរឿងនេះពីអាជ្ញាធរខេត្តកំពង់ស្ពឺ ទាក់ទងនឹងការចាប់ខ្លួនឪពុកលោក ស៊ន តារា នេះបានឡើយទេ នៅថ្ងៃទី១៤ ខែវិច្ឆិកា។
លោក សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា ធ្លាប់ជាទាហានសឹករងខេត្តកំពង់ស្ពឺ និងធ្លាប់មានតួនាទីជានាយរងសេនាធិការ និងបានចូលនិវត្តន៍នៅឆ្នាំ២០២២។ នៅឆ្នាំ២០២៣ គាត់ត្រូវបានក្រសួងមហាផ្ទៃហៅឱ្យទៅជួបម្ដង ដោយបញ្ជូនគាត់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។