តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សាទុក្ខ​របស់​លោក ថាច់ សេដ្ឋា នៅ​សប្ដាហ៍​ក្រោយ

0:00 / 0:00

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា ទាមទារ​ឲ្យ​តុលាការ​កំពូល លើកលែង​ការ​ចោទប្រកាន់ និង​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ក្នុង​ពេល​តុលាការ​បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​កក្កដា ហើយ​គ្រោង​ប្រកាស​សាលដីកា​នៅ​សប្តាហ៍​ក្រោយ​។ ប្រពន្ធ​របស់​លោក ថាច់ សេដ្ឋា និង​មន្ត្រី​សិទ្ធិមនុស្ស រំពឹង​ថា តុលាការ​កំពូល នឹង​ចេញ​សាលដីកា​មួយ​ដែល​មាន​យុត្តិធម៌​ដើម្បី​ឱ្យ​លោក ថាច់ សេដ្ឋា មាន​សេរីភាព​ជួបជុំ​គ្រួសារ ព្យាបាល​ជំងឺ និង​ធ្វើ​នយោបាយ​ឡើងវិញ។ ទន្ទឹម​គ្នា​នេះ​ក្រុម​ប្រពន្ធ​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ផ្សេង​ទៀត ក៏​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ស្ថានទូត​ប្រទេស​ធំៗ​ដើម្បី​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដោះលែង​ប្តី​របស់​ពួកគាត់​ផង​ដែរ។

បើទោះបីជា​តុលាការ​កំពូល ត្រូវ​បាន​គេ​មើលឃើញ​ថា ស្ថិត​ក្រោម​ឥទ្ធិពល​បក្ស​កាន់ អំណាច​និង​គ្មាន​ប្រវត្តិ​បន្ធូរ​បន្ថយទោស​ឬ​ដោះលែង​អ្នក​ទោស​នយោបាយ​បក្សប្រឆាំង​ក្តី ក៏​អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក ថាច់ សេដ្ឋា នៅតែ​ទាមទារ​ឲ្យ​តុលាការ​កំពូល​លុបចោល​ការ​ចោទប្រកាន់​និង​ប្រគល់​សេរីភាព​ជូន​លោក​វិញ។

ការ​ទាមទារ​របស់​លោក ថាច់ សេដ្ឋា នេះ ធ្វើឡើង​ក្នុង​ពេល​តុលាការ​កំពូល បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក​ដែល​ប្តឹង​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​សាលាដំបូង​និង​សាលាឧទ្ធរណ៍​ភ្នំពេញ។ តុលាការ​ជាន់​ទាប​ទាំងពីរ​នេះ សម្រេច​ឲ្យ​លោក​ជាប់​ពន្ធនាគារ ៣​ឆ្នាំ​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​ញុះញង់​ឱ្យ​មាន​ការរើសអើង​ពូជសាសន៍​» រឿង​លោក​និយាយ​រិះគន់​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ប្រវត្តិ​ថ្ងៃ​៧​មករា និង​ការ​សង់​ស្តូប​វៀតណាម​នៅ​កម្ពុជា ក្នុង​វេទិកា​ជួប​អ្នកគាំទ្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង(South-Korea)។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី ថ្លែង ថា កូន​ក្តី​របស់​លោក អះអាង​ថា ការ​បញ្ចេញមតិ​របស់​គាត់ គឺ​ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ពិតប្រាកដ និង​ដើម្បី​កុំ​ឲ្យ​ខ្មែរ​បែកបាក់​ជាតិ ពោល​គឺ​លោក​គ្មាន​បំណង​ញុះញង់​អ្វី​នោះ​ទេ។ មេធាវី​ការពារ​ក្តី​រូប​នេះ បញ្ជាក់​ថា តាម​ខ្លឹមសារ​ច្បាប់ ប្រសិន​បើ​កូន​ក្តី​របស់​លោក គ្មាន​ចេតនា​ប្រព្រឹត្ត​បទល្មើស ដូច្នេះ​គាត់​មិន​ត្រូវ​ជាប់ទោស​ឡើយ។

​លោក ជូង ជូងី៖ «គាត់​មិន​មាន​ចេតនា​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ ឬក៏​មិន​មាន​ចេតនា​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ពូជសាសន៍​ទេ ដូច​ការ​ចោទប្រកាន់​ទេ ដូច្នេះ​មេធាវី​ទាំង​៤​រូប​លើកលែង​ការ​ចោទប្រកាន់​លើ​លោក ថាច់ សេដ្ឋា»។

ក្រោយ​បញ្ចប់​សវនាការ ចៅក្រម​តុលាការ​កំពូល សម្រេច​ថា នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​៩ ខែសីហា​ខាងមុខ។ សវនាការ​លើ​សំណុំរឿង​លោក ថាច់ សេដ្ឋា នេះ ក៏​មាន​ការចូលរួម​ឃ្លាំ​មើល​ពី​តំណាង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហភាព​អឺរ៉ុប តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា មន្ត្រី​សិទ្ធិមនុស្ស​ក្នុងស្រុក មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​ក្រុម​គ្រួសារ​លោក ថាច់ សេដ្ឋា ដែរ។

ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី រៀបរាប់​ថា លោកស្រី ខ្លោចចិត្ត​អាណិត​ប្តី​ដែល​ជា​អ្នកស្នេហាជាតិ​ម្នាក់​និង​និយាយ​តែ​ការពិត ប៉ុន្តែ​បែរ​ជា​តុលាការ ឃុំឃាំង​ខ្លួន​គាត់​ទាំង​អយុត្តិធម៌ ខណៈ​គាត់​កំពុង​មាន​ជំងឺលើសឈាម​និង​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ រហូត​ដើរ​អូស​ជើង​ដោយសារ​គ្មាន​ការ​ពិនិត្យ​សុខភាព និង​ថ្នាំសង្កូវ​ត្រឹមត្រូវ​។ លោកស្រី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្តី​ដើម្បី​ឲ្យ​គាត់​មាន​សេរីភាព​ជួយ​ដោះស្រាយ​បន្ទុកគ្រួសារ ព្យាបាល​ជំងឺ និង​ធ្វើ​នយោបាយ​ឡើងវិញ។

លោកស្រី ថាច់ សុខបូរ៉ានី៖ «ការ​ដាក់ទោស​គាត់​៣​ឆ្នាំ​គឺ​បំពាន និង​មិន​មាន​យុត្តិធម៌​ចំពោះ​គាត់​។ គាត់​អត់​បាន​ធ្វើ​អ្វី​សោះ​អត់​មាន​ធ្វើ​ខុស​សោះ គាត់​និយាយ​តាមតែ​សៀវភៅ​ប្រវត្តិសាស្ត្រ​។ បើ​ហាម​មិន​ឲ្យ​គាត់​និយាយ តើ​ឲ្យ​គាត់​និយាយ​ពី​ស្អី​វិញ»។

រីឯ​អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន លោក លី សុធារ៉ាយុទ្ធ វិញ យល់ថា ទោះបីជា​លោក ថាច់ សេដ្ឋា ជា​មនុស្ស​ស្អាតស្អំ​ក្តី ក៏​លោក​មិន​សូវ​សង្ឃឹមថា តុលាការ​កំពូល​នឹង​សម្រាល​ទោស ឬ​ដោះលែង​លោក​ឡើយ។

លោក លី សុធារ៉ាយុទ្ធ៖ «មក​ទល់​ពេល​នេះ គួរតែ​មាន​ស្មារតី​មួយ​ក្នុងនាម​យើង​ជា​ខ្មែរ ថ្វី​ដ្បិត​តែ​យើង​មាន​ជំហរ​គណបក្ស​ផ្សេងគ្នា តែ​យើង​ជា​ខ្មែរ​ទាំងអស់គ្នា ក្នុង​ស្មារតី​មួយ​បង្រួបបង្រួម​គ្នា ផ្សះផ្សា​គ្នា ធ្វើ​យ៉ាងណា​ឲ្យ​មាន​ស្មារតី​សាមគ្គី និង​ឯក​ភាពជា​ខ្មែរ​តែមួយ​។ ខ្ញុំ​គិតថា គួរតែ​មាន​ការ​បន្ធូរ​បន្ថយទោស​លោក កឹម សុខា និង​សម្រាប់​មន្ត្រី​បក្សប្រឆាំង​ផ្សេងទៀត​ដែល​កំពុង​រង​ការ​ចោទប្រកាន់»។

លោក ថាច់ សេដ្ឋា វ័យ​៧០​ឆ្នាំ មាន​ដើមកំណើត​ខ្មែរក្រោម ហើយ​លោក​ជា​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន។ អ្នកនយោបាយ ដ៏​មាន​ថ្វីមាត់​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ក្រុងភ្នំពេញ​ចាប់ខ្លួន កាល​ពី​ថ្ងៃទី ១៦ ខែ​មករា ឆ្នាំ​២០២៣ ក្នុង​ពេល​រដ្ឋាភិបាល​របស់​ត្រកូល​’’​ហ៊ុន​’’​បើក​យុទ្ធនា​ការរារាំង និង​កម្ទេច​គណបក្សប្រឆាំង នៅមុន​ការបោះឆ្នោត​មួយ​ដែល​លោក ហ៊ុន សែន និង​ក្រុម​មេដឹកនាំ​កំពូលៗ​របស់​បក្ស​កាន់អំណាច ត្រៀម​ផ្ទេរអំណាច​ជា​ប្រព័ន្ធ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​ពួកគេ​។ លោក​ប្រឈម​ជាប់​ពន្ធនាគារ​រហូតដល់ ៤​ឆ្នាំ​៦​ខែ ក្នុង​សំណុំរឿង​ចំនួន​ពីរ​គឺ​សំណុំរឿង​ចេញ​សែក​អត់​លុយ និង​សំណុំរឿង​ញុះញង់។

ជុំវិញ​រឿង​នេះ មន្ត្រីជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក យី សុខសាន្ត ដែល​ចូល​ស្ដាប់​សវនាការ​ដែរ​នោះ កត់​សម្គាល់​ថា មូលហេតុ​ដែល​លោក ថាច់ សេដ្ឋា ចាត់ទុក​ការ​ដាក់ទោស​លោក​ជា​រឿង​អយុត្តិធម៌​នោះ ព្រោះ​លោក​អះអាង​ថា អ្វី​ដែល​លោក លើកឡើង​អំពី​ប្រវត្តិ​គណបក្ស​ប្រជាជន​កម្ពុជា ការ​សង់​ស្តូប​វៀតណាម​នៅ​កម្ពុជា និង​បញ្ហា​ការ​បោះឆ្នោត​នោះ គឺ​សុទ្ធ​តែ​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ និង​ស្ថានភាព​ពិត​ជាក់ស្តែង។

លោក យី សុខសាន្ត៖ «ក្នុងនាម​យើង​ជា​សង្គម​ស៊ីវិល យើង​ស្នើសុំ​ដោយ​ទទូច​ទៅ​រដ្ឋាភិបាល មេត្តា​បើក​លំហ​សេរីភាព​របស់​គណបក្ស​នយោបាយ សិទ្ធិ​នយោបាយ ដើម្បី​ស្ដារ​មុខមាត់​ប្រទេស​ជាតិ​យើង​ឡើងវិញ ព្រោះ​ថា អ្នក​នយោបាយ គឺ​សំខាន់​ជាងគេ សេរីភាព​បញ្ចេញមតិ វោហារ ស័ព្ទ​នៃ​ការ​បញ្ចេញ​មតិ»។

នៅ​ថ្ងៃ​ដដែល​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ដែល​កំពុង​ជាប់ឃុំ ក៏​ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​ដឹក​តាម​ឡាន​ជាមួយ​លោក ថាច់ សេដ្ឋា មក​ចូលរួម​ដំណើរការ​ក្តី​នៅ​តុលាការ​កំពូល​ដែរ ទំនងជា​ពាក់ព័ន្ធ​នឹង​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ ក្រោយ​សាលាឧទ្ធរណ៍​ភ្នំពេញ ទើប​បដិសេធ​សំណើ​របស់​លោក។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៣១ ខែកក្កដា​។

លោក កើត សារ៉ាយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ជា​លើក​ទី​២ កាលពី​ថ្ងៃទី​៥ ខែមេសា ក្រោយពី​លោក​បាន​ចុះទៅ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ដែល​រត់​ពួន​ក្នុង​ព្រៃ ដោយសារ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដុត​កម្ទេច​ផ្ទះ​ស្បែង និង​ដេញ​តាម​ចាប់ខ្លួន។

ក្រៅពី​រឿង​ក្តី​របស់​លោក ថាច់ សេដ្ឋា និង​លោក កើត សារ៉ាយ​នេះ ក្រុម​ប្រពន្ធ​មន្ត្រី បក្ស​ប្រឆាំង​ផ្សេងទៀត​ដែល​កំពុង​ជាប់ឃុំ រួមមាន​៖​ប្រពន្ធ​លោក កាក់ កុម្ភារ ប្រពន្ធ​លោក ខឿន វីរ៉ាត់ និង​ប្រពន្ធ​លោក ស៊ុន ចន្ធី ក៏​ស្វះស្វែង​ទៅ​ជួប​មន្ត្រី​ស្ថានទូត សហភាព​អឺរ៉ុប​ដែល​មាន​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​លើ​កម្ពុជា​នោះ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះលែង​ប្តី​របស់​ពួកគាត់។

ប្រពន្ធ​លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា និយាយ​ថា ប្តី​លោកស្រី កំពុង​ជាប់ឃុំ​រងទុក្ខ​វេទនា​ក្នុង​ពន្ធនាគារ​ជាង​៤​ឆ្នាំ​ហើយ​ដោយសារតែ​រឿង​នយោបាយ។ លោកស្រី ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នោះ​លោកស្រី បាន​ស្នើ​សុំ​ឲ្យ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជជែក​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល ដើម្បី​ឲ្យ​ដោះលែង​អ្នកនយោបាយ​បក្ស​ប្រឆាំង សកម្មជន​សង្គម សកម្មជន​មាតា​ធម្មជាតិ និង​អ្នក​រិះគន់​ផ្សេងទៀត​។ ប្រពន្ធ​អ្នក​ទោស​នយោបាយ​រូប​នេះ បន្ត​ថា តំណាង​ស្ថានភាព​ទូត​សហភាព​អឺរ៉ុប បាន​ទទួលយក​សំណើ​ពួកគាត់ និង​សន្យា​លើក​រឿង​នេះ​ទៅ​ជជែក​ជាមួយ​មេ​ដឹក​រដ្ឋាភិបាល។

លោកស្រី ព្រុំ ចាន់ថា៖ «រដ្ឋាភិបាល​គួរតែ​ពិចារណា​ឡើងវិញ បើ​មិន​ចង់​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ​បន្ត​ទៀត ឬ​កុំ​ឲ្យ​ប៉ះពាល់​EBA​បន្ត​ទៀត ដូច្នេះ​គួរតែ​បើក​លំហ​នយោបាយ គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​ហើយ​ជាពិសេស​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់»។

ស្រដៀង​គ្នា​នេះ ប្រពន្ធ​របស់​លោក ស៊ុន ចន្ធី គឺ​លោកស្រី យាន ស្រីយ៉ាន ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់​វិញ​ដែរ។

លោកស្រី យាន ស្រីយ៉ាន៖ «ខ្មែរ​និង​ខ្មែរ​ដូចគ្នា​ទេ យើង​អាច​និយាយ​គ្នា​បាន​តើ​។ ដូច្នេះ​បើ​គ្រាន់តែ​និយាយ​អំពី​ភាព​អវិជ្ជមាន​នៅក្នុង​ប្រទេស​របស់​យើង​ដើម្បី ស្ថាបនា​តើ។ សូម​ស្នើសុំ​ឲ្យ​ប្រមុខ​ថ្នាក់ដឹកនាំ​ពិចារណា និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​ធ្វើ​ការ​ដោះលែង​ប្តី​ខ្ញុំ​និង​អ្នក​នយោបាយ​ផ្សេងៗ​ទៀត​ឲ្យ​មាន​សេរីភាព​ឡើងវិញ»។

មក​ទល់​ពេល​នេះ រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយចំនួន នៅតែ​បន្ត​ចាប់ និង​ឃុំខ្លួន​អ្នកនយោបាយ អ្នកការពារ​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន សកម្មជន​ដីធ្លី សហជីព អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន កើនឡើង​ដល់​ជាង​៦០​នាក់ ដោយ​ចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយចំនួន ដោយសារតែ​ភាព​សកម្ម​និយម ឬ​កា​បញ្ចេញមតិ​របស់​អ្នក​ទាំងនោះ។

កាលពី​ថ្ងៃទី​២៦ ខែកក្កដា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោក វិទិត ម៉ុនតាបន (Vitit Muntarbhorn)​លើកឡើង​ថា សកម្មជន​ទាំងអស់ ដែល​កំពុង​ជាប់ពន្ធនាគារ​នេះ មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ទាល់តែសោះ ដោយសារតែ​ប្រព័ន្ធ​តុលាការ​រង​សម្ពាធ​ពី​អ្នក​កាន់​អំណាច។ លោក វិទិត មុនតាប៊ន សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​នឹង​បោះបង់ចោល​ទម្លាប់​ដែល​ថា «​អ្វីៗ​ធ្វើឡើង​ស្របតាម​ច្បាប់​ជាតិ​» ហើយ​ងាក​មក​អនុវត្ត​ស្របតាម​«​ច្បាប់​អន្តរជាតិ​»​ដើម្បី​ធានា​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។