តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​កិច្ច​ព្រមព្រៀង សន្តិភាព​ទី​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា

0:00 / 0:00

គ្រួសារ និង​មេធាវី​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​បដិសេធ បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន និង​កញ្ញា ភឹង សោភា និង​អ្នក​ផ្សេង​ទៀត​ថា ជា​រឿង​អយុត្តិធម៌។ សង្គម​ស៊ីវិល លើក​ឡើង​ថា ការ​បន្ត​ឃុំ​ខ្លួន​សកម្មជន​ទាំង​នេះ គ្មាន​អ្វី​ចំណេញ​ដល់​កម្ពុជា​នោះ​ទេ គឺ​មាន​តែ​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។

គ្រួសារ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ស្នើ​ឱ្យ​តុលាការ​មាន​ភាពឯករាជ អព្យាក្រឹត មិន​លំអៀង ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ មាន​ទំនុក​ចិត្ត​ខ្ពស់​ទៅ​លើ​តុលាការ។

ប្រពន្ធ​របស់​លោក ស្រ៊ុន ស្រ៊ន សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ ទី២៦ ខែវិច្ឆិកា​ថា ការ​បដិសេធ​របស់​តុលាការ​កំពូល ចំពោះ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និង​អ្នក​ផ្សេង​ទៀត គឺ​មិន​យុត្តិធម៌​នោះ​ទេ។ លោកស្រី​ថា តុលាការ​គួរ​តែ​ពិចារណា ឱ្យ​ពួកគាត់​នៅ​ក្រៅ​ឃុំ​ស្រប​តាម​ច្បាប់ ពីព្រោះ​បេសកកម្ម​របស់​ពួកគាត់ គឺ​ជា​ការ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ យល់​ពី​ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។

ចំណែក​មេធាវី​ការពារ​ក្ដី ឱ្យ​សកម្មជន​ទាំង​នេះ គឺ​លោក សឺន ជុំជួន សោកស្ដាយ ដែល​តុលាការ​តាំង​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ រហូត​ដល់​តុលាការ​កំពូល មិន​អនុញ្ញាត​ឱ្យ​កូន​ក្ដី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ ដោយ​សំអាង​ហេតុ​ថា ដើម្បី​រក្សា​ទុក​ជន​ត្រូវ​ចោទ ឱ្យ​តុលាការ​ដំណើរ​ការ​តាម​នីតិវិធី និង​រង់​ចាំ​សវនាការ​ជំនុំ​ជម្រះ ប៉ុន្តែ​លោក​មេធាវី​ថា តុលាការ​មិន​បាន​ពិចារណា​អំពី​ស្ថានភាព​ជាក់ស្ដែង​របស់​ពួក​គាត់​នោះ​ឡើយ។

លោក​មេធាវី​ឱ្យ​ដឹង​ថា កូន​ក្ដី​របស់​លោក កំពុង​មាន​បញ្ហា​សុខភាព ដោយសារ​ការ​រស់នៅ​ក្នុង​បន្ទប់​ឃុំឃាំង​ចង្អៀត​ណែន គ្មាន​អនាម័យ ចំណី​អាហារ​មិន​គ្រប់គ្រាន់ ក្នុង​ពេល ដែល​គ្រួសារ​របស់​ពួក​គេ​នៅ​ខាង​ក្រៅ​ឯណេះ​វិញ ក៏​មាន​ជីវភាព​ខ្វះខាត ជំពាក់​បំណុល​ធនាគារ មាន​បញ្ហា​សុខភាព និង​ប៉ះពាល់​ដល់​ការ​សិក្សា​របស់​កូន​ជា​ដើម។

លោកមេធាវី សឺន ជុំជួន៖ «កាល​ណា​ឃុំ​ខ្លួន​ពួកគាត់​ទៅ ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​ជន​ដទៃ​ទៀត ដែល​ជា​ជន​ពិការ ដែល​ជា​ជន​ក្រីក្រ ដែល​ពួកគាត់​កំពុង​តែ​ចិញ្ចឹម​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ជា​ដើម។ អ៊ីចឹង​នៅ​ពេល​ដែល​ពួកគាត់​ត្រូវ​បាន​ឃុំ​ខ្លួន ធ្វើ​ឱ្យ​ផល​ប្រយោជន៍​ទាំងអស់​ហ្នឹង ប៉ះពាល់​ទៅ​ដល់​ការ​សិក្សា​រៀន​សូត្រ​ដល់​ជន​ពិការ របស់​សិស្ស​ក្រី​ក្រ ដល់​ការ​សិក្សា​អប់រំ​នៅ​ក្នុង​គ្រួសារ​កូនៗ តូច​របស់​ពួកគាត់​ស្ថានភាព​សុខភាព ក្នុង​គ្រួសារ​មាន​ភាព​ខ្វះ​ខាត​ផង។ មាន​កូន​ក្ដី​ខ្លះ​មាន​ការ​ជាប់​បំណុល​ធនាគារ ដែល​ត្រូវ​ដោះ​ជា​ប្រចាំ​ខែ​ជា​ដើម»។

កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០២៤ សមត្ថកិច្ច​បាន​ចាប់ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ សន្តិភាព​ក្រុង​ប៉ារីស ៤នាក់ រួម​មាន​លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា លោក សាន សិទ្ធិ និង​លោក ចក់ បានមុន្នី នៅ​ស្រុកវ៉ារិន ខេត្ត​សៀមរាប អំឡុង​ពេល​ពួក​គាត់​កំពុង​រៀបចំ​បង្រៀន​ពលរដ្ឋ​អំពី​សិទ្ធិ​សេរីភាព។ ការ​ឃាត់​ខ្លួន​នេះ ធ្វើ​ឡើង​ ក្រោយ​ពី​លោក ស្រ៊ុន ស្រ៊ន បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម រិះគន់​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម CLV-DTA។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ថា ការ​ចោទ​ប្រកាន់​លើ​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស គឺ​ជា​បទ​មជ្ឈិម ហើយ​លក្ខខណ្ឌ​នៃ​ការ​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន អាច​នឹង​គ្រប់គ្រាន់ សម្រាប់​ការ​ពិចារណា​របស់​តុលាការ​ដូច្នេះ លោក​ថា ហេតុផល​របស់​តុលាការ​ដែល​រក្សា​ជន​ជាប់​ឃុំ​ទុក​ឱ្យ​ដំណើរ​ការ​តាម​នីតិវិធី មិន​សម​ហេតុផល​នោះ​ទេ។

លោក អំ សំអាត៖ «ពីព្រោះ​បើ​យើង​និយាយ​ពី​បញ្ហាCLVនេះ រាជរដ្ឋាភិបាល​ក៏​ដូច​ជា​រដ្ឋសភា បាន​សម្រេច​លុប​ចោល​កិច្ច​ព្រមព្រៀងCLVនេះ​ទៅ​ហើយ។ អ៊ីចឹង ចំពោះ​សកម្មជន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស ដែល​បាន​បញ្ចេញ​មតិ​ទាក់ទង​ជាមួយ​នឹងCLVនេះ ក៏​គួរ​ពិចារណា នៅ​ក្នុង​ការ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន»។

អ្នកឃ្លាំមើល​ទទូច​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ទាំងអស់​នេះ ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​ពួក​គេ​ថា រដ្ឋាភិបាល និង​សភា បាន​សម្រេច​អនុម័ត​ដក​កម្ពុជា ចេញ​ពី​គម្រោង CLV រួច​ហើយ តុលាការ​មិន​គួរ​នៅ​បន្ត​ឃុំឃាំង​ពួក​គេ ទាក់ទង​នឹង​បញ្ហា​នេះ​ទៀត​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។