តុលាការកំពូលនឹងប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីបក្សភ្លើងទៀនពីរនាក់នៅថ្ងៃទី១០ ខែវិច្ឆិកាខាងមុខនេះ។ មេធាវីការពារក្ដី និងគ្រួសារ ស្នើសុំតុលាការកំពូលដោះលែងសកម្មជនទាំងនោះឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងថា ពួកគេមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ និងកំពុងមានបញ្ហាសុខភាពនៅក្នុងពន្ធនាគារជាដើម។ មន្ត្រីសង្គមស៊ីវិលថា បើសិនតុលាការបន្តឃុំខ្លួនលោក ចៅ វាសនា និងលោក តូច ថឹង រួមទាំងសកម្មជនផ្សេងទៀតនឹងប៉ះពាល់លំហសេរីភាពនយោបាយនៅកម្ពុជា។
តុលាការកំពូលនៅថ្ងៃទី៦ ខែវិច្ឆិកា បានបើកសវនាការលើបណ្ដឹងស្នើសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សភ្លើងទៀនប្រចាំក្រុងប៉ោយប៉ែត លោក ចៅ វាសនា ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើងពាក់ព័ន្ធនឹងរឿងធ្វើយុទ្ធនាការឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដា និងសវនាការក្នុងសំណុំរឿងរបស់មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាមម្នាក់ទៀតគឺលោក តូច ថឹង ពីបទក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិកាលពីឆ្នាំ២០២១។
សវនាការពីរដាច់ដោយឡែកពីគ្នានេះបានជជែកលើអង្គច្បាប់រយៈពេល៣០នាទី។ នៅពេលធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយតំណាងអយ្យការស្នើតម្កល់សាលដីការបស់សាលាឧទ្ធរណ៍បាត់ដំបង និងសាលាឧទ្ធរណ៍ភ្នំពេញទុកជាបានការដដែល ប៉ុន្តែភ្លាមនោះមេធាវីការពារឱ្យជនជាប់ចោទស្នើដល់តុលាការកំពូលបដិសេធសាលដីការបស់សាលាឧទ្ធរណ៍ និងស្នើសុំដោះលែងកូនក្តីបាននៅក្រៅឃុំបណ្ដោះអាសន្ន។ ទន្ទឹមនឹងនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក យូរ ប៊ុនឡេង បានសម្រេចលើកពេលប្រកាសសាលដីកាលើបណ្ដឹងសុំនៅក្រៅឃុំក្នុងសំណុំរឿងទាំងពីរនេះទៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា។
នៅក្នុងដំណើរការសវនាការនេះ មេធាវីការពារក្ដីលោក ចៅ វាសនា គឺលោក សំ សុគង់ បានស្នើសុំឱ្យតុលាការកំពូល ដោះលែងកូនក្ដីរបស់លោកមានសេរីភាពវិញ ដោយសំអាងថា កូនក្ដីរបស់លោកគ្មានចេតនាញុះញង់ឱ្យពលរដ្ឋគូសខ្វែងសន្លឹកឆ្នោតនោះទេ។ ម្យ៉ាងទៀតលោកថា ការឃុំខ្លួនកូនក្ដីរបស់លោកមិនមានភាពចាំបាច់ដោយសារសំណុំរឿងលើអង្គសេចក្ដីនៅតុលាការខេត្តបន្ទាយមានជ័យបានបិទបញ្ចប់ការស៊ើបសួរ និងបញ្ជូនទៅជំនុំជម្រះរួចហើយដែរ។ ជាមួយគ្នានេះលោកបញ្ជាក់ថាការដោះលែងឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំមិននាំឱ្យរាំងស្ទះដល់ដំណើរការកាត់ក្ដីទេ ដោយលោកស្នើសុំតុលាការកំពូលឱ្យដាក់លក្ខខណ្ឌមួយចំនួនលើលោក ចៅ វាសនា នៅពេលបានក្រៅឃុំ ជាជាងបន្តឃុំខ្លួនកូនក្ដីរបស់លោកគ្រាន់តែរង់ចាំសវនាការ។
លោក សំ សុគង់៖ «បើយើងមើលលើអង្គច្បាប់និងលក្ខខណ្ឌផ្សេងៗ ខ្ញុំរំពឹងថា តុលាការនឹងពិចារណាឱ្យកូនក្ដីបាននៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារកូនក្ដីរបស់ខ្ញុំ ក៏មានវ័យចំណាស់ ហើយការជាប់ឃុំនៅក្នុងពន្ធនាគារក៏ប៉ះពាល់ដល់សុខភាពរបស់គាត់ផងដែរ ហើយឃើញថាព្យសនកម្ម អំពើមិនមានអ្វីប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមទេ»។
ចំណែកមេធាវីការពារក្ដីឱ្យលោក តូច ថឹង គឺលោក សឺន ជុំជួន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចេញពីតុលាការថាផ្អែកតាមអង្គហេតុនិងអង្គច្បាប់នៅក្នុងសវនាការ ជាពិសេសពិនិត្យលើស្ថានភាពសុខភាពជាក់ស្ដែងរបស់លោក តូច ថឹង ដែលមានជំងឺភ្នែកធ្ងន់ធ្ងរ ដោយគួបផ្សំនឹងជំងឺប្រចាំកាយជាច្រើនមុខ និងមានវ័យចាស់ទៀតនោះ លោកសង្ឃឹមថាតុលាការកំពូលពិចារណាឱ្យកូនក្ដីរបស់លោកបាននៅក្រៅឃុំដើម្បីទទួលបានការពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យខាងក្រៅ ព្រមទាំងទទួលបានការយកចិត្តទុកដាក់ថែទាំឱ្យបានត្រឹមត្រូវពីគ្រួសារ។
លោក សឺន ជុំជួន៖«ដោយស្ថានភាពសុខភាពភ្នែករបស់គាត់មានបញ្ហាធ្ងន់ធ្ងរ ខ្ញុំត្រូវការឱ្យគាត់បានសម្រាកព្យាបាលនៅមន្ទីរពេទ្យខាងក្រៅ ហើយត្រូវការឱ្យមានប្រពន្ធកូនរបស់គាត់ថែទាំងដោយផ្ទាល់ ហើយគាត់មានវ័យកាន់តែចាស់ជរាហើយ នេះជាស្ថានភាពធ្ងន់ធ្ងរមួយដែលយើងស្នើសុំឱ្យតុលាការហ្នឹងពិចារណា ដើម្បីអនុញ្ញាតឱ្យគាត់បាននៅក្រៅឃុំបណ្ដោះអាសន្ន»។
ជាមួយគ្នានេះ តុលាការបានអនុញ្ញាតឱ្យប្រពន្ធ និងកូនៗ រួមទាំងមន្ត្រីគណបក្សភ្លើងទៀនប្រមាណ ២០នាក់បានចូលស្ដាប់សវនាការ។ ទាក់ទងនឹងសវនាការ លើបណ្ដឹងសុំនៅក្រៅ ដែលតុលាការកំពូលនឹងប្រកាសសាលដីកានៅចុងសប្ដាហ៍នេះដែរក្រុមគ្រួសារក៏សង្ឃឹមថា សេចក្ដីសម្រេចរបស់តុលាការកំពូលនឹងមានការប្រែប្រួលប្រកបដោយយុត្តិធម៌ខុសពីសេចក្ដីសម្រេចរបស់តុលាការថ្នាក់ក្រោមនាពេលកន្លងមក។
កូនស្រីលោក ចៅ វាសនា គឺអ្នកស្រី ចៅ រតនៈ អះអាងថា ឪពុករបស់អ្នកស្រីមិនបានបង្ហោះសារជាសាធារណៈញុះញង់ដល់ពលរដ្ឋក្នុងរឿងគូសសន្លឹកឆ្នោតខ្វែងចោលដូចការចោទប្រកាន់នោះឡើយ។ អ្នកស្រីឱ្យដឹងថាការបាត់បង់សេរីភាព បានធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ឪពុកលោកស្រី និងជីវភាពគ្រួសារជាខ្លាំង ដូច្នេះអ្នកស្រីយល់ថាប្រសិនបើតុលាការកំពូលបំពេញការងារដោយឯករាជ្យពីរឿងនយោបាយនោះឪពុករបស់អ្នកស្រីនឹងបាននៅក្រៅឃុំនៅថ្ងៃប្រកាសសាលដីកាខាងមុខនេះ។
អ្នកស្រី ចៅ រតនៈ៖ «ស្នើឱ្យគាត់នៅក្រៅឃុំដោយសារយើងមានសម្អាង គឺគាត់មានសាច់ញាតិ មានគ្រួសារ មានទីលំនៅច្បាស់លាស់នៅក្នុងសង្កាត់ប៉ោយប៉ែត មិនមានអ្វីព្រួយបារម្ភ ដែលតុលាការយល់ថា គាត់ចាកចេញទៅក្រៅទេ ដោយមិនបានឡើងតុលាការនៅរាល់ពេលតុលាការដោះហៅនោះទេ ពីព្រោះខ្ញុំ និងឪពុករបស់ខ្ញុំបានប្ដេជ្ញានៅក្នុងសវនាការដែរថា នឹងប្រឈមតាមការកោះហៅនូវអ្វី ដែលតុលាការត្រូវការ»។
ស្រដៀងគ្នានេះដែរ ប្រពន្ធមន្ត្រីគណបក្សភ្លើងទៀន លោក តូច ថឹង គឺលោកស្រី សុ វណ្ណា ថ្លែងថា ការចាប់ខ្លួន និងផ្ដន្ទាទោសឱ្យប្ដីជាប់ពន្ធនាគារ ២ឆ្នាំ ជារឿងអយុត្តិធម៌។ លោកស្រីស្នើសុំឱ្យតុលាការកំពូលដោះលែងប្ដីឱ្យមានសេរីភាព ពីព្រោះប្ដីលោកស្រីមិនបានក្លែងបន្លំស្នាមមេដៃណាមួយក្នុងការចុះបញ្ជីបង្កើតគណបក្សនយោបាយកន្លងមកនោះទេ ហើយម្យ៉ាងទៀតសុខភាពប្ដីរបស់លោកស្រីកាន់តែទ្រុឌទ្រោមជាពិសេសជំងឺភ្នែកកំពុងធ្វើទុក្ខក្នុងអំឡុងពេលជាប់ពន្ធនាគារជិត ១០ខែមកនេះ។
លោកស្រី សុ វណ្ណា៖ «គាត់អត់មានខុសអ្វីទេ ដោះលែងគាត់ទៅទុកគាត់នៅក្នុងហ្នឹង ក៏ឈឺភ្នែកមានធ្វើអ្វីកើតទេ គាត់ចេញមកធ្វើការងារអ្វីអត់កើតដដែលហ្នឹង គាត់នៅតែនិយាយថាគាត់អត់ខុសទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល លោកស្រី ម៉ៅ ធីតា ដើម្បីសុំសេចក្ដីអត្ថាធិប្បាយបន្ថែមអំពីរឿងនេះបានទេ នៅថ្ងៃទី០៦ ខែវិច្ឆិកា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ទោះបីរដ្ឋធម្មនុញ្ញ និងបទដ្ឋានអន្តរជាតិដែលកម្ពុជាទទួលស្គាល់បានធានានូវការអនុវត្តសិទ្ធិសេរីភាពចូលសកម្មផ្នែកនយោបាយសម្រាប់ពលរដ្ឋយ៉ាងណាក្ដី តែមកដល់ពេលនេះកម្ពុជាមិនបានគោរពឱ្យបានត្រឹមត្រូវនៅឡើយ។ មន្ត្រីសិទ្ធិមនុស្សរូបនេះយល់ថាតុលាការកំពូលគួរអនុញ្ញាតឱ្យសកម្មជនទាំងនោះបាននៅក្រៅឃុំ ដើម្បីឱ្យពួកគេទទួលបានសេរីភាព សេវាសុខភាពមួយដែលត្រឹមត្រូវ និងដើម្បីបង្ហាញទៅសហគមន៍អន្តរជាតិថា កម្ពុជាពិតជាមានឆន្ទៈចង់បើកលំហប្រជាធិបតេយ្យ និងសេរីភាពរបស់ពលរដ្ឋឡើងវិញ។
លោក អំ សំអាត៖«មើលទៅវាជារឿងនយោបាយច្រើនជាងការអនុវត្តច្បាប់។ ដូច្នេះ នៅក្នុងករណីនេះ យើងជាអង្គការសង្គមស៊ីវិលមើលឃើញថាការនៅក្រៅឃុំរបស់អ្នកទាំងពីរ ក៏ជាភាពចាំបាច់ដែរ ពីព្រោះបញ្ហាសុខភាពរបស់ពួកគាត់ និងបញ្ហាផ្សេងទៀតដូចជាសេរីភាពរបស់គាត់ជាដើម គាត់សន្យាថាចូលរួមគ្រប់នីតិវិធីទាំងអស់ ហើយការនៅក្រៅឃុំ ក៏មិនប៉ះពាល់អ្វីដល់នីតិវិធីរបស់តុលាការដែរ»។
គិតត្រឹមដើមខែវិច្ឆិកា មានសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស សហជីព និងដីធ្លី ប្រមាណ៤០នាក់កំពុងជាប់ឃុំ។ តុលាការបានចោទប្រកាន់ពួកគេដូចៗ គ្នា ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមជាដើម ដែលសហគមន៍ជាតិ និងអន្តរជាតិផ្នែកសិទ្ធិមនុស្សចោទថា ជាការឃុំខ្លួនមិនត្រឹមត្រូវ ហើយតែងទទូចឲ្យមានការដោះលែងពួកគេដោយឥតលក្ខខណ្ឌ។
មន្ត្រីសង្គមស៊ីវិលយល់ថាការធ្វើទុក្ខបុកម្នេញ និងបន្តឃុំខ្លួនលើអ្នកដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាលមិនបានផលចំណេញអ្វីដល់កម្ពុជាឡើយ។ ផ្ទុយទៅវិញកម្ពុជាអាចនឹងរងទណ្ឌកម្មថែមទៀត ពីប្រទេសលោកខាងលិច ដែលអាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា និងផលប្រយោជន៍ពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។