បក្ស​ប្រឆាំង​ចាត់​ទុក​សាលដីកា​តុលាការ​កំពូល ដែល​សម្រេច​ឱ្យ​លោក ថាច់ សេដ្ឋា បន្ត​ជាប់​ពន្ធនាគារ​ថា ជា​រឿង​អយុត្តិធម៌

0:00 / 0:00

តុលាការ​កំពូល​នៅ​ថ្ងៃ​ទី៣១ ខែឧសភា សម្រេច​តម្កល់​សាល​ក្រម​របស់​តុលាការ​ថ្នាក់​ក្រោម ដែល​ផ្ដន្ទាទោស​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ​កន្លះ​ដដែល ខណៈ​សំណុំ​រឿង​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ ដែល​តុលាការ​បើក​សវនាការ​នៅ​ថ្ងៃ​ទី៣១ ខែឧសភា នឹង​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី១០ ខែមិថុនា​ខាង​មុខ។

គ្រួសារ និង​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ទៅ​តុលាការ​ឱ្យ​ដោះលែង លោក ថាច់ សេដ្ឋា និង​លោក គា វិសាល ឱ្យ​មាន​សេរីភាព​វិញ ដើម្បី​ពួកគេ​មាន​សិទ្ធិ​ចូលរួម​ធ្វើ​នយោបាយ និង​ជួប​ជុំ​គ្រួសារ។

ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន នៅ​ថ្ងៃ​ទី៣១ ខែឧសភា បាន​ប្រកាស​សាល​ដីកា​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​ចំនួន ១៨ខែ ពី​បទ «មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍ ដែល​អាច​ជួញ​ដូរ​បាន ឬ​ចេញ​ឆែក​អត់​ប្រាក់» ដូច​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែរ។

ចៅក្រម​រូប​នេះ ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ថា ជា​រឿង​ត្រឹមត្រូវ។

ទោះ​ជា​យ៉ាង​ណា​ក្ដី ក្រុម​គ្រួសារ​របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ខក​ចិត្ត ហើយ​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌។

ប្រពន្ធ​លោក ថាច់ សេដ្ឋា គឺ​លោកស្រី ថាច់ សុខបូរ៉ានី ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ថ្ងៃ​ទី៣១ ខែឧសភា ថា ប្ដី​របស់​គាត់​នៅ​តែ​មាន​ជំហរ​រឹងមាំ ប៉ុន្តែ​លោកស្រី​នៅ​តែ​សោកស្ដាយ ដែល​តុលាការ​ជាន់​ខ្ពស់​មិន​ផ្ដល់​យុត្តិធម៌​ឱ្យ​ប្ដី​របស់​គាត់។

លោកស្រី​ស្នើ​ទៅ​តុលាការ​ឱ្យ​ទម្លាក់​បទ​ចោទ​ប្រកាន់ និង​ដោះ​លែង​ប្ដី​របស់​លោកស្រី និង​អ្នក​ទោស​មនសិការ​ផ្សេង​ទៀត​ឱ្យ​មាន​សេរីភាព​វិញ។

លោកស្រី ថាច់ សុខបូរ៉ានី៖ «សូម​ដោះលែង​អ្នក​ស្នេហា​ជាតិ ធ្វើ​ដើម្បី​ជាតិ​ដោះលែង​ពួកគាត់​ទៅ ឱ្យ​បាន​មក​ធ្វើ​ការ​រួបរួម​ជាតិ​ទាំងអស់​គ្នា​ទៅ​មុខ​ទៀត។ ឈប់​ទៅ ឈប់​ធ្វើ​បាប​ខ្មែរ​ទៅ ឈប់​ទៅ សុំ​តែ​ប៉ុណ្ណឹង​ទេ ឱ្យ​ពួក​ខ្ញុំ​បាន​ជួប​កូន​ជួប​ប្ដី​ផង ហើយ​មិន​ថា តុលាការ​មិន​ថា អ្នក​ដឹក​នាំ នៅ​ផ្ទះ​ជួប​ជុំ​គ្រួសារ​តែ​ពួក​ខ្ញុំ​បែក​បាក់​គ្រួសារ អាណិត​ពួក​ខ្ញុំ​ផង។ ចាស!សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ»។

Thach_Setha_brought_to_Supreme_Court_121523_Aun_Rasy.jpg
លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ពេល​អាជ្ញាធរនាំ​មក​ធ្វើ​សវនាការ នៅ​តុលាការ​កំពូល កាល​ពីថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០២៣។​ រូបពីពលរដ្ឋ

កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​លោក ថាច់ សេដ្ឋា ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១៨ខែ និង​ពិន័យ​ជា​ប្រាក់ ៣លាន​រៀល ពាក់ព័ន្ធ​នឹង​បទ​ចោទ​ចេញ​សែក​គ្មាន​សាច់​ប្រាក់​ចំនួន ៥សន្លឹក។ លើស​ពី​នេះ​ទៀត លោក​​ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​សង​បំណុល​មិន​ទាន់​សង​ចំនួន ៣៣.៤០០ដុល្លារ ទៅ​ឱ្យ​ដើម​បណ្ដឹង និង​សំណង​​ជំងឺចិត្ត​ចំនួន ៥លាន​រៀល​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាង​នេះ លោក ថាច់ សេដ្ឋា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា សែក​គ្មាន​សាច់​ប្រាក់​​ចំនួន ៥សន្លឹក ដែល​ដើម​បណ្ដឹង និង​តុលាការ​ថ្នាក់​ក្រោម​ចោទ​ប្រកាន់​នោះ មិន​មែន​ជា​របស់​លោក​ឡើយ។

ជាង​នេះ​ទៅ​ទៀត មេធាវី​ការពារ​ក្ដី​ឱ្យ​លោក ថាច់ សេដ្ឋា ធ្លាប់​អះអាង​ថា បំណុល​ប្រាក់​ចំនួន ២ម៉ឺន​ដុល្លារ ដែល​លោក ថាច់ សេដ្ឋា ខ្ចី​ពី​ក្រុម រិន ឆាយ ផន ហ្សប់ (Rin Chhay Pawn Shop)អំឡុង​ឆ្នាំ២០១១ និង​ឆ្នាំ២០១២ គឺ​បាន​ដោះស្រាយ​ជិត​ចប់​ទៅ​ហើយ ពោល​នៅ​សល់​ក្នុង​កម្រិត​តិច​តួច គឺ​មិន​ដូច​ពាក្យ​បណ្ដឹង ដែល​ក្រុមហ៊ុន​ប្ដឹង​ចោទ​ប្រកាន់​ឡើយ។

ក្រុមហ៊ុន រិនឆាយ ផនសប គឺ​ជា​របស់​លោក ហៃ វ៉ាន់រិន ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​មនុស្ស​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រួសារ​លោក ហ៊ុន សែន។

មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា គឺ​លោក ជូង ជូងី សោកស្ដាយ ដែល​តុលាការ​កំពូល​រក្សា​ការ​ផ្ដន្ទាទោស​កូនក្ដី​របស់​លោក​ដូច​តុលាការ​ថ្នាក់​ក្រោម។

លោក ជូង ជូងី៖ «ខ្ញុំ​ជា​មេធាវី​នៅ​តែ​មិន​អស់​ចិត្ត ពីព្រោះ​ថា ឆិក(Check)ដែល​ដើម​បណ្ដឹង​យក​មក​អះអាង​ហ្នឹង គឺ​អត់​មាន​ឆែក​ច្បាប់​ដើម​ទេ មាន​តែ​ឆែក​ថត​ចម្លង»។

ការ​ប្រកាស​សាល​ដីកា​សំណុំ​រឿង​លោក ថាច់ សេដ្ឋា នេះ ក៏​មាន​មន្ត្រី​គណបក្ស​ភ្លើង​ទៀន និង​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល បាន​ចូលរួម​ស្ដាប់ និង​តាម​ដាន​ដែរ។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ លើក​ឡើង​ថា លោក ថាច់ សេដ្ឋា មិន​បាន​បង្ក​ព្យសនកម្ម​ដល់​អ្នក​ណា​ឡើយ ប៉ុន្តែ​លោក​សោកស្ដាយ ដែល​តុលាការ​កំពូល​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។

លោក លី សុធារ៉ាយុត្តិ៖ «តុលាការ​គួរ​ពិចារណា​ឡើង​វិញ ព្រោះ​គាត់​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ​ហើយ។ អ៊ីចឹង​គួរ​តែ​ពិចារណា និង​ពិនិត្យ​លើ​ករណី​គាត់​ឡើង​វិញ ហើយ​ឱ្យ​គាត់​រួច​ខ្លួន​ទៅ ទម្លាក់​បទ​ចោទ​ទាំងអស់​ទៅ ហើយ​ប្រគល់​សិទ្ធិ​សេរីភាព​ឱ្យ​គាត់​វិញ។ យើង​ឃើញ​ដែល​លោក ថាច់ សេដ្ឋា ជា​អ្នក​នយោបាយ​មួយ ប៉ុន្តែ​មិន​ដែល​បង្ក​ព្យសនកម្ម​ផ្ដល់​ទុក្ខ​ទោស​ឱ្យ​អ្នក​ណា​គេ​ទេ ឬ​ក៏​មិន​បង្ក​ឱ្យ​សង្គម​មាន​ភាព​វឹកវរ​អី​ទេ ឬ​សង្គម​វឹកវរ​អសន្តិសុខ​សង្គម​ដោយសារ​តែ​គាត់​ទេ។ មាន​ន័យ​ថា យើង​ជា​អ្នក​នយោបាយ​ទាំងអស់​គ្នា​ជា​អ្នក​នយោបាយ​បែប​ប្រជាធិបតេយ្យ»។

រីឯ​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ជាន់ខ្ពស់​នេះ​ថា ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក ថាច់ សេដ្ឋា ដែល​មិន​បាន​ប្រព្រឹត្ត​កំហុស។ លោក​បន្ត​ថា កន្លង​មក សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ចំណាត់​ការ​លើ​លោក ថាច់ សេដ្ឋា និង​មេ​ដឹក​នាំ ហើយ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សង្គម រួម​ទាំង​សហជីព​ផង​ថា ជា​រឿង​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

លោក រ៉ុង ឈុន៖ «យើង​ចង់​ឱ្យ​បញ្ចប់​ហើយ​ត្រូវ​ដោះលែង​អ្នក​នយោបាយ​ដូចជា លោក ស៊ុន ចន្ទី លោក ថាច់ សេដ្ឋា លោក កាក់ កុម្ភារ កញ្ញា សេង ធារី កញ្ញា ឈឹម ស៊ីថរ លោកប្អូន កើត សារ៉ាត ដូចជា​លោក ម៉ម រិទ្ធី ដែល​ជា​មេ​សហជីព ត្រូវ​ផ្ដល់​សេរីភាព​ឡើង​វិញ ដើម្បី​យើង​ស្ដារ​កេរ្តិ៍​ឈ្មោះ កិត្តិយស​កម្ពុជា​ឡើង​វិញ»។

ក្រៅ​ពី​សំណុំ​រឿង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ថាច់ សេដ្ឋា នៅ​ថ្ងៃ​ទី៣១ ខែឧសភា តុលាការ​កំពូល ក៏​បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​មន្ត្រី​គណបក្ស​កម្លាំង​ជាតិ លោក គា វិសាល ដែល​ប្ដឹង​មិន​សុខ​ចិត្ត ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាល​ពី​ថ្ងៃ​ទី៨ ខែឧសភា។

signal-2024-05-31-000125_008.jpeg
(កណ្ដាល) លោក គា វិសាល សកម្មជន​គណបក្ស​កម្លាំងជាតិ ពេល​អាជ្ញាធរនាំ​មក​ចូលរួម​សវនាការ​សុំ​នៅ​ក្រៅឃុំ នៅ​តុលាការ​កំពូល ថ្ងៃ​ទី៣១ ខែឧសភា ឆ្នាំ២០២៤។​

សំណុំ​រឿង​លោក គា វិសាល​នេះ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក គង់ ស្រ៊ីម សម្រេច​ប្រកាស​សាល​ដីកា​នៅ​ថ្ងៃ​ទី១០ ខែមិថុនា​ខាង​មុខ។

ប្រពន្ធ​របស់​លោក គា វិសាល គឺ​លោកស្រី ញ៉ែ សុខឿន ស្នើ​ទៅ​តុលាការ​កំពូល​រក​យុត្តិធម៌ និង​ដោះ​លែង​ប្ដី​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ ដោយ​ថា ប្ដី​របស់​លោកស្រី​មិន​បាន​ប្រព្រឹត្ត​ខុស​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោកស្រី ញ៉ែ សុខឿន៖ «សូម​លោក​ដោះលែង​គាត់​ទៅ ដើម្បី​ឱ្យ​ខ្ញុំ​ជា​គ្រួសារ​ទទួល​បាន​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម​ដែល​ថា ប្រជាធិបតេយ្យ ដែល​លោក​តែង​និយាយ​ថា សន្តិភាព​សម្រាប់​ពលរដ្ឋ​ឱ្យ​ពេញ​លេញ។ អ៊ីចឹង​សូម​ឱ្យ​តុលាការ​ដោះ​លែង​គាត់ ពី​ព្រោះ​អី​គាត់​មិន​មាន​កំហុស​ដូច​ដែល​ថា តុលាការ សាលាដំបូង ឬ​ដាក់​បន្ទុក​បន្ថែម ឥឡូវ​គ្រាន់​តែ​បន្ត​ការ​ឃុំ​ខ្លួន ដោយ​មិន​មាន​អី​ជា​ភស្ដុតាង​​ជាក់​ស្ដែង​វា​មិន​មាន»។

ចំណែក​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ដែល​ចូលរួម​តាម​ដាន​សវនាការ​នេះ សង្ឃឹម​ថា តុលាការ​កំពូល​នឹង​ដោះ​លែង​លោក គា វិសាល ឱ្យ​មាន​សេរីភាព​វិញ ពីព្រោះ​លោក​បាន​បញ្ជាក់​ជំហរ នៅ​ចំពោះ​មុខ​ប្រធាន​ប្រឹក្សា​ថា នឹង​សហការ​ជាមួយ​តុលាការ​គ្រប់​នីតិវិធី។

វិទ្យុ​អាស៊ី​សេរី បាន​ទាក់ទង​ទៅ​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល លោកស្រី ម៉ៅ ធីតា នៅ​ថ្ងៃ​ទី៣១ ខែឧសភា តែ​អ្នកស្រី​ប្រាប់​ថា ជាប់​ប្រជុំ។

បច្ចុប្បន្ន​មាន​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស មេ​សហជីព និង​អ្នក​បញ្ចេញមតិ​រិះគន់​ជាង ៦០ នាក់ ហើយ​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ពី​សំណាក់​តុលាការ​ក្រុង​ភ្នំពេញ។ ក្នុង​នោះ ចំនួន ៣០នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ចាប់​ដាក់​គុក ក្រោម​អំណាច​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត រយៈ​ពេល​ជិត ១០ខែ​មក​នេះ ខណៈ​សកម្មជន​ជា​ច្រើន​នាក់​ទៀត បាន​រត់​ភៀស​ខ្លួន បន្ទាប់​ពី​ពួក​គេ​ ទទួល​នូវ​ការ​គំរាម​កំហែង និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្សេងៗ។

ការ​ចាប់​ខ្លួន​ឃុំ និង​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ធ្វើ​ឡើង​ដើម្បី​បង្ក្រាប​សំឡេង​ប្រជាពលរដ្ឋ និង​សំឡេង​គណបក្ស​ប្រឆាំង។ ពួក​គេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ងាក​មក​គិត​គូរ​អំពី​ផល​ប្រយោជន៍​ជាតិ ដោយ​បញ្ឈប់​ការ​យក​ប្រព័ន្ធ​តុលាការ​មក​គាប​សង្កត់​លើ​អ្នក ដែល​មាន​មតិផ្ទុយ ហើយ​ដោះ​លែង​សកម្មជន និង​អ្នក​នយោបាយ​ប្រឆាំង​ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។