តុលាការកំពូលនឹងប្រកាសសាលដីកាពាក់ព័ន្ធការស្នើសុំនៅក្រៅឃុំរបស់ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី នៅថ្ងៃទី២៩ ខែកក្កដា។ មេធាវីការពារក្ដីរំពឹងថាតុលាការជាន់ខ្ពស់សម្រេចក្ដីដោយយុត្តិធម៌ និងដោះលែងកូនក្តីឱ្យមានសេរីភាពឡើងវិញ។ មន្ត្រីសង្គមស៊ីវិលថា បើសិនតុលាការបន្តឃុំខ្លួនលោក ស៊ុន ចន្ធី រួមទាំងសកម្មជនបក្សប្រឆាំងផ្សេងទៀតនឹងធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពផ្នែកនយោបាយនៅកម្ពុជា និងរងការរិះគន់ពីសហគមន៍អន្តរជាតិថែមទៀត។
តុលាការកំពូលនៅព្រឹកថ្ងៃទី១៥ ខែកក្កដា បានបើកសវនាការលើបណ្ដឹងសាទុក្ខស្នើសុំនៅក្រៅឃុំរបស់ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធនឹងរឿងលោករិះគន់រដ្ឋាភិបាលចែកប័ណ្ណក្រីក្រថា គ្មានតម្លាភាពកន្លងមក។
សវនាការនៅលើកនេះ មន្ត្រីពន្ធនាគារបានដឹកលោក ស៊ុន ចន្ធី ពីពន្ធនាគារភ្នំក្រវ៉ាញ ក្នុងខេត្តពោធិ៍សាត់ ចូលរួមតាមនីតិវិធីនៅក្នុងសវនាការចំពោះមុខ ដែលនេះខុសពីសាលាឧទ្ធរណ៍ភ្នំពេញកាលពីខែមិថុនា បានបើកសវនាការ និងចេញសេចក្ដីសម្រេចដោយគ្មានវត្តមានជនជាប់ចោទ និងមេធាវីការពារក្ដី។
ក្នុងសវនាការ តុលាការមិនបានសួរដេញដោលអ្វីនោះទេ តែមេធាវី និងតំណាងអយ្យការបានឡើងធ្វើសេចក្ដីសន្និដ្ឋានដើម្បីលើកពីហេតុផលរៀងៗ ខ្លួនចំពោះការប្តឹងជំទាស់នឹងតុលាការថ្នាក់ក្រោមដែលបានសម្រេចឃុំខ្លួនលោក ស៊ុន ចន្ធី កន្លងមក។ មេធាវីជនជាប់ចោទ ស្នើតុលាការដោះលែងកូនក្ដីឱ្យបាននៅក្រៅឃុំ ពីព្រោះលោក ស៊ុន ចន្ធី មានអាសយដ្ឋាន ផ្ទះសម្បែង និងជាប្រធានបក្សពិតប្រាកដ។ ម្យ៉ាងទៀតការបន្តឃុំខ្លួនគាត់ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងផ្ទុយពីគោលការណ៍ច្បាប់ដែលធានាអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ បន្ទាប់មក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសម្រេចលើកពេលប្រកាសសាលដីកា ទៅថ្ងៃទី២៩ ខែកក្កដា។
មេធាវីការពារក្តីឱ្យលោក ស៊ុន ចន្ធី គឺលោក ជូង ជូងី ស្នើដល់តុលាការកំពូលឱ្យពិចារណាលើមាត្រា២០៣ នៃក្រមព្រហ្មទណ្ឌចែងអំពីគោលការណ៍ ដែលជនជាប់ចោទត្រូវមានសេរីភាព បើគ្មានករណីចាំបាច់ក្នុងការឃុំខ្លួន និងមាត្រា២២៣នៃក្រមព្រហ្មទណ្ឌដែលចែងអំពីការដោះលែងឱ្យជនជាប់ឃុំបាននៅក្រៅឃុំ ដោយដាក់លក្ខខណ្ឌឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ។
លោក ជូង ជូងី ថ្លែងថា បើផ្អែកតាមមាត្រាច្បាប់ទាំងនេះលោកសង្ឃឹមថាតុលាការកំពូលដោះលែងកូនក្ដីរបស់លោកឱ្យមានសេរីភាព នៅថ្ងៃប្រកាសសាលដីកានៅចុងខែកក្កដាខាងមុខ។
មេធាវី ជូង ជូងី៖ «មេធាវីការពារសិទ្ធិចង់ឱ្យតុលាការហ្នឹងពិចារណាទៅលើមាត្រា២០៣ ចែងថា ជនត្រូវចោទ ត្រូវមានសេរីភាព បើករណីចាំបាច់ណាមួយ មិនគួរឃុំខ្លួន ហើយមេធាវីស្នើសុំឱ្យតុលាការពិចារណាទៅលើមាត្រា២២៣ នៃក្រមព្រហ្មទណ្ឌ សូមដោះលែង លោក ស៊ុន ចន្ធី ឱ្យនៅក្រៅឃុំដោយដាក់លក្ខខណ្ឌ»។
ចំណែកនៅក្រៅតុលាការវិញ គ្រួសារ ថ្នាក់ដឹកនាំ សកម្មជនគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រប្រមាណ ៣០នាក់ បានតាមឃ្លាំមើល និងលើកទឹកចិត្តទៅដល់លោក ស៊ុន ចន្ធី នៅមុខតុលាការផងដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ថា សុខភាព និងជំហរនយោបាយរបស់លោក ស៊ុន ចន្ធី នៅរឹងមាំដដែល។ លោកបញ្ជាក់ថាប្រសិនបើតុលាការសម្រេចក្ដីដោយឯករាជ្យ និងមិនជាប់ពាក់ព័ន្ធឥទ្ធិពលនយោបាយនោះ លោក ស៊ុន ចន្ធី នឹងទទួលបានសេរីភាព នៅថ្ងៃប្រកាសសាលដីកាខាងមុខ។
លោក រ៉ុង ឈុន៖ «គណបក្សកម្លាំងជាតិចង់ឱ្យរដ្ឋាភិបាលត្រូវតែស្ដារឡើងវិញនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីស្ដារមុខមាត់ក្នុងការស្រូបទាញការគាំទ្រពីអន្តរជាតិ ក៏ដូចជាជាតិ ពីព្រោះអំឡុងពេលចុងក្រោយនេះ កម្ពុជាយើងទទួលរងការប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះប្រទេសជាតិ ហើយបើសិនជាយើងមិនព្រមស្ដារឡើងវិញទេ វាប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច ជាពិសេស អ្នកទេសចរ និងអ្នកវិនិយោគគឺគេនឹងខ្លាចរអា»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បីសាកសួរជុំវិញរឿងនេះបានទេ នៅថ្ងៃទី១៥ ខែកក្កដា។
ជុំវិញរឿងនេះ មន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក យី សុខសាន្ត ដែលចូលរួមឃ្លាំមើលដំណើរការសវនាការនេះ កត់សម្គាល់ថា ការរិះគន់របស់លោក ស៊ុន ចន្ធី កន្លងមកជាផ្នែកមួយ នៃការបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យដែលធានាដោយរដ្ឋធម្មនុញ្ញ។លោកចង់ឃើញតុលាការកំពូលដោះលែងលោក ស៊ុន ចន្ធី ឱ្យនៅក្រៅឃុំដោយដាក់លក្ខខណ្ឌមួយចំនួនតាមការស្នើសុំរបស់មេធាវី ជាជាងបន្តឃុំខ្លួនមេដឹកនាំបក្សជំទាស់រូបនេះដាក់ពន្ធនាគារឱ្យរង់ចាំសវនាការ ដោយសារតែការបញ្ចេញមតិយោបល់។
លោក យី សុខសាន្ត៖ «ការរិះគន់នេះគួរតែយកទៅពិនិត្យមើល តើរឿងហ្នឹងវាពិត ឬអត់។ បើចាត់ទុកថា វាជារឿងនយោបាយ ហើយគាត់ជាប្រធានគណបក្សនយោបាយមួយដែរ រដ្ឋាភិបាលគួរតែដោះលែងឱ្យគាត់បាននៅក្រៅឃុំ តុលាការដោះលែងឱ្យនៅក្រៅឃុំ វារួចផុតពីការដាក់ទោសទណ្ឌ ឬហៅថា ការរិះគន់ពីមតិជាតិ និងអន្តរជាតិមកលើរដ្ឋាភិបាល បាទ»។
អាជ្ញាធរបានចាប់ខ្លួន ប្រធានបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី កាលពីថ្ងៃទី៩ ខែឧសភា។ មួយថ្ងៃបន្ទាប់មក គឺនៅថ្ងៃទី១០ ខែឧសភា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចឃុំខ្លួនលោក ស៊ុន ចន្ធី ដាក់ពន្ធនាគារក្នុងតំបន់ដាច់ស្រយាល ស្ថិតនៅជាប់ជើងភ្នំក្រវាញខេត្តពោធិ៍សាត់ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់រដ្ឋាភិបាលក្នុងការចែកប័ណ្ណក្រីក្រមានការរើសអើង។
ទោះជាយ៉ាងណា ក្ដី មន្រ្តីសិទ្ធិមនុស្ស និងប្រទេសប្រជាធិបតេយ្យធំៗ ថ្កោលទោស និងចាត់ទុកការ ចាប់ខ្លួន ចោទប្រកាន់លើសមាជិកបក្សជំទាស់ សកម្មជនសង្គម មេសហជីពកន្លងមកថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ ពួកគាត់ទាមទារឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការឱ្យមានសេរីភាពឡើងវិញ ដោយងាកមករួមគ្នាដោះស្រាយបញ្ហាសេដ្ឋកិច្ច និងបញ្ហាប្រឈមនានា របស់ពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។