លោក​ ទៀ បាញ់ ​បញ្ជា​ឲ្យ​កងទ័ព​បង្ក្រាប​សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ

0:00 / 0:00

ប្រមុខ​ការពារ​ជាតិ​របប​ក្រុង​ភ្នំពេញ ចេញ​បញ្ជា​ឲ្យ​កងទ័ព​សហការ​គ្នា ដើម្បី​ចាត់​វិធានការ​បង្ក្រាប​លោក សម រង្ស៊ី និង​អ្នក​គាំទ្រ ដែល​លោក​ចោទ​ថា ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដឹក​នាំ ដោយ លោក ហ៊ុន សែន។ សង្គម​ស៊ីវិល និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ថា បទ​បញ្ជា របស់​លោក ទៀ បាញ់ ជា​រឿង​ខុស​ច្បាប់ ព្រោះ​កងទ័ព​សម្រាប់​ការពារ​ជាតិ មិន​មែន​សម្រាប់​បង្ក្រាប ពលរដ្ឋ​ខ្មែរ​នោះ​ទេ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ចេញ​បញ្ជា​ឲ្យ​មេបញ្ជាការ មេបញ្ជាការ​រង និង​ពល​ទាហាន​នៃ​កងពល​តូច​លេខ៧០ ព្រម​ទាំង​កងទ័ព​ទាំង​អស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ចាត់​វិធានការ​បង្ក្រាប​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៉ី និង​អ្នក​គាំទ្រ​នៅ​គ្រប់​ទីកន្លែង​ទាំង​អស់។ លោក ទៀ បាញ់ ចោទ​លោក សម រង្ស៊ី ថា បាន​ឆ្លង​ផុត​បន្ទាត់​ក្រហម តាម​រយៈ​ការ​អំពាវនាវ​​​អូស​ទាញ​ពលរដ្ឋ និង​កង​កម្លាំង​ប្រដាប់​អាវុធ ឲ្យ​​ចូលរួម​​ក្រោក​​ឈរ​​តវ៉ា​​ក្នុង​​ចេតនា​​ប៉ុនប៉ង​​ធ្វើ​​រដ្ឋប្រហារ​​ទម្លាក់​​​លោក ហ៊ុន សែន។ បទ​បញ្ជា​ផ្ទាល់​មាត់​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ប្រារព្ធ​ខួប ២៥ឆ្នាំនៃថ្ងៃបង្កើតកងពល​​តូច​លេខ៧០ នៅ​​ព្រឹក​ថ្ងៃ​ទី១៤ ខែ​តុលា នៅ​ឯ​បញ្ជាការដ្ឋាន កងពល​តូច​លេខ​៧០ ដោយ​​មាន​ការ​​បង្ហាញ​​ក្បួន​​យោធា រថក្រោះ និង​​អាវុធ​​ធុន​​ធ្ងន់​​ដទៃ​​ទៀត៖ «»

រី​ឯ​មេបញ្ជាការ​រង​កងទ័ព​ជើង​គោក និងជាមេបញ្ជាការកងពលតូចលេខ៧០ លោក ម៉ៅ សុផាន់ បាន ប្រកាស​ប្ដេជ្ញា​ចំពោះ​មុខ​លោក ទៀ បាញ់ ថា កងពល​របស់​លោក​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​វាយ​កម្ទេច​រាល់​ការ​ឃុបឃិត ប៉ុនប៉ង​បំផ្លាញ​សន្តិភាព និង​ឧបាយកល​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ពណ៌​លើ​ទឹក​ដី​កម្ពុជា ព្រម​ទាំង​ប្រឆាំង​ដាច់ខាត ចំពោះ​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ៖ «»

ការ​ចេញ​បទបញ្ជា​ជា​បន្ត​បន្ទាប់​របស់​ក្រុម​មេទ័ព​របប​ក្រុង​ភ្នំពេញ​នេះ គឺ​បន្ទាប់​ពី​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​វិល​ចូល​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​ថា តាម​ច្បាប់ គឺ​កងទ័ព​ត្រូវ រក្សា​អព្យាក្រឹតភាព មិន​កាន់​ជើង​គណបក្ស​ណាមួយ​ទេ ប៉ុន្តែ​លោក ទៀ បាញ់ កំពុង​ប្រើប្រាស់​កង ទ័ព​ជា​ឧបករណ៍​ការពារ​អំណាច​លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។ លោក​យល់​ថា លោក ទៀ បាញ់ គួរ​តែ​យក​កងទ័ព​ទៅ​ការពារ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង កុំ​ឲ្យ​បរទេស​ឈ្លាន​ទឹក​ដី​កម្ពុជា មិន​មែន​ប្រើ​កងទ័ព សម្រាប់​បាញ់​បង្ក្រាប​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ ដែល​គ្រាន់​តែ​អនុវត្ត​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន​នោះ​ទេ។ មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ បញ្ជាក់​ថា ការ​ប្រើប្រាស់​កង​កម្លាំង​ប្រដាប់​អាវុធ​ទៅ​បាញ់​បង្ក្រាប​ពលរដ្ឋ ដែល​អត់​មាន​អាវុធ​ក្នុង​ដៃ​នោះ គឺជា​អំពើ​ខុស​ច្បាប់​ធ្ងន់ធ្ងរ ហើយ​ក្រុម​មេ​ដឹក​នាំ​របប​លោក ហ៊ុន សែន នឹង​មិន​អាច​គេច​ផុត​ពី​សំណាញ់​ច្បាប់​អន្តរជាតិ​ឡើយ។

ដោយ​ឡែក​ពលរដ្ឋ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ថា របប​ក្រុង​ភ្នំពេញ គួរ​តែ​បញ្ឈប់​ការ​ប្រើ​ពាក្យ​វាយ​កម្ទេច​ត​ទៅ​ទៀត ព្រោះ​ពាក្យ​នេះ​ពួក​ខ្មែរ​ក្រហម​ធ្លាប់​ប្រើ និង​អនុវត្ត​លើ​​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ស្ទើរ​តែ​ផុត​ពូជ​ខ្មែរ​ម្ដង​រួច​មក​ហើយ។

មន្ត្រី​គម្រោង​នៃ​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​និង​សន្តិភាព លោក ហេង គឹមហុង ថ្លែង​ថា ស្ថានភាព​កម្ពុជា​បច្ចុប្បន្ន មិន​គួរ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ប្រើប្រាស់​កម្លាំង​យោធា​នោះ​ទេ ព្រោះ​កម្លាំង​យោធា​ប្រើ​សម្រាប់​តែ​ក្នុង​ពេល​មាន​ទំនាស់​តាម​ព្រំដែន និង​កន្លែង​ណា ដែល​ច្បាប់​អនុញ្ញាត ប៉ុណ្ណោះ។ លោក​យល់​ថា ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ល្មម​ដល់​ពេល​ជែក​ផ្សះផ្សា​គ្នា ដើម្បី​កុំ​ឲ្យ​បែក​បាក់​ជាតិ និង​កុំ​ឲ្យ​ពលរដ្ឋ​រង​គ្រោះ​ដូច​សម័យ​ខ្មែរ​ក្រហម​ម្ដង​ទៀត៖ «»

ទាក់ទង​នឹង​ករណី​នេះ ប្រធាន​វេទិកា​អនាគត លោក អ៊ូ វីរៈ ក៏​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ចៀសវាង​ប្រើ​ពាក្យពេចន៍ ដែល​រំលឹក​ដល់​អតីតកាល​ខ្មៅ​ងងឹត។

បើ​ទោះ​មានការ​គំរាមកំហែង និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​រាល់ថ្ងៃ​ក៏ដោយ មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី នៅ​តែ​រក្សា​ជំហរ​ថា លោក និង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង គ្មាន​ការ​រួញរា ចំពោះ​ការ​វិល​ចូល​ស្រុក​វិញ​នោះ​ទេ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា​។ លោក សម រង្ស៊ី អះអាង​ថា វត្តមាន​របស់​លោក ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​មានការ​ផ្លាស់​ប្ដូរ​ មាន​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ ​ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងឡាយ​របស់​ជាតិ​ ដែល​របប​លោក​ ហ៊ុន​ សែន​មិន​អាច​ដោះស្រាយ​បាន ​ជាពិសេស ​គឺ​ជួយ​កុំ​ឱ្យ​​មាន​ការ​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។