លោក​ ទៀ បាញ់​ គាំទ្រ​ការលើក​ឡើង​ថា ករណី​លោក សម រង្ស៊ី ជា​ដំប៉ៅ​​មហារីក​ដែល​ត្រូវ​កាត់យក​ចេញ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​គាំទ្រ​ ចំពោះ​គំនិត​របស់​មន្រ្តី​យោធា​ម្នាក់ ដែល​ប្រៀបធៀប​លោក​ សម រង្ស៊ី​ ទៅ​នឹង​ដំប៉ៅ​មហារីក​ដែល​ត្រូវ​កាត់​យក​ចេញ​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ។ មន្ត្រី​គណបក្ស​ប្រឆាំង​ធ្លាប់​បាន​អះអាង​ថា ពួក​គេ​មិន​ខ្លាច​នឹង​ការ​គំរាម​ពី​របប​លោក ហ៊ុន សែន ទេ ហើយ​បាន​សន្យា​ថា​ ដឹក​នាំ​កម្លាំង​មហាជន​អម​ដំណើរ​លោក សម រង្ស៊ី វិល ចូល​កម្ពុជា​ឲ្យ​ខាង​តែ​បាន​នៅ​ថ្ងៃ​ទី៩ វិច្ឆិកា។

លោក​ ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ ប្រាប់​អាស៊ីសេរី​កាល​ពី​ថ្ងៃទី​២៩​ តុលាថា​ ដំបៅ​មហារីក​ចាំបាច់​ត្រូវ​តែ​កាត់​ចេញ ​បើ​មិន​ដូច្នេះ​ទេ ​និង​មាន​គ្រោះ​ថ្នាក់​ទៅ​ពេល​ខាង​មុខ​នេះ៖ «ខ្ញុំ​គ្មាន​ទៅ​យល់​អ្វី​បើ​ធម្មតា​និយាយ​ពី​រឿង​មហារីក​បើ​វា​កើត​នៅ​កន្លែង​ណា​ក៏វាពិបាក​រស់​ដែរ​តាម​ខ្ញុំ​យល​ទេ​។មហារីក​បើ​វា​កើត​ចំកន្លែង​សំខាន់​វិញ​អាហ្នឹង​វា​កាន់​តែ​ទៅ​ហើយ​គ្រាន់​តែ​យូរ​នឹង​ឆាប់​ហ្នឹង​ឯង »

ការ​លើក​ឡើង​របស់​លោក​ ទៀ បាញ់ ​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​រដ្ឋលេខាធិការ​​ក្រសួង​ការពារ​ជាតិ​លោក​ នាយ​ឧត្ដមសេនីយ៍​ ម៉ឹង សំផន​ ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធិ​នឹង​របប​លោក​ហ៊ុន សែន​ថា លោក​គាំទ្រ​អត្ថបទ​មិត្ត​អ្នក​អាន​មួយ ដែល​បាន​ចុះ​ផ្សាយថា​ រដ្ឋាភិបាល​គណបក្ស​ប្រជាជន​គួរ​កាត់ «សាច់​ដំបៅ​មហារីក សម រង្ស៊ី» គ្រវាត់​ចោល​នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

អាស៊ីសេរី​មិន​អាច​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋលេខាធិការ​​ក្រសួង​ការពារ​ជាតិ​លោក​ នាយ​ឧត្ដមសេ​នីយ៍​ ម៉ឹង សំផន​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។តែ​ទោះ​ជាយ៉ាង​ណា​លោក​ ទៀ បាញ់​ បញ្ជាក់ថា​ ដំបៅ​មហារីក​ត្រូវ​តែ​យកចេញ។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​សេចក្តី​បំភ្លឺ​ពី​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​ ស្រី​ មូរ សុខហួរ​ បាន​ទេ​កាល​ពី​ថ្ងៃទី២៩ តុលា។ ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ធ្លាប់​បាន​ប្រកាស​ថា គម្រោង​វិល​ត្រឡប់​ទៅ​មាតុ​ប្រទេស​វិញ​នៅ​ថ្ងៃ​ទី៩ ខាង​មុខ​នេះ ​គ្មាន​អ្វី​ផ្លាស់​ប្តូរ​ទេ។ ​ ​

គិត​ត្រឹម​ថ្ងៃទី​៣០ ​តុលា​នេះ​នៅ​សល់​តែ ១១ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​ដល់​ថ្ងៃ​លោក សម រង្ស៊ី វិល​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។