មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងឲ្យដឹងថា នៅល្ងាចថ្ងៃទី១០ វិច្ឆិកាថា លោក វឿន វាសនា ហៅក្រញូងព្រៃឡង់ និងសកម្មជនបក្សប្រឆាំង លោក វឿង សំណាង ត្រូវបានអាជ្ញាធរថៃបញ្ជូនទៅកម្ពុជាវិញ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងដដែលបញ្ជាក់ថា មន្ត្រីអង្គការសហប្រជាជាតិបានប្រាប់ សមត្ថកិច្ចរបបលោក ហ៊ុន សែន សហការជាមួយអាជ្ញាធរថៃ បានចាប់ខ្លួន លោក វឿន វាសនា និង លោក វឿង សំណាងកាលពីថ្ងៃទី៨ វិច្ឆិកា។ ឥឡូវនេះ អាជ្ញាធរថៃបានបញ្ជូនទៅកម្ពុជា តាមសំណើរបស់របបក្រុងភ្នំពេញ។
ទាក់ទងនឹងការចាប់បញ្ជូនសកម្មជនគណបក្សសង្គ្រោះជាតិ ២នាក់ ត្រឡប់ទៅកម្ពុជាវិញនេះ វិទ្យុអាស៊ីសេរីនៅមិនទាន់អាចសាកសួរព័ត៌មានបន្ថែមពីអាជ្ញាធរថៃបាននៅឡើយទេ នៅថ្ងៃទី១០ ខែវិច្ឆិកា។
កាលពីថ្ងៃទី៩ ខែវិច្ឆិកា អនុប្រធានការិយាល័យប៉ូលិសអន្តោប្រវេសន៍ថៃ លោក ប៉ាត់ពុំពិប៉ាត់ សាចាប៉ាន់ ( Pakpumpipat Sajapand) ប្រាប់វិទ្យុអាស៊ីសេរី ( BenarNews) ថា សមត្ថកិច្ចប៉ូលិសថៃពុំទទួលបានព័ត៌មានរបស់អ្នកដែលត្រូវចាប់ខ្លួននោះទេ នៅពេលដែលអ្នកយកព័ត៌មានចោទសួរពីករណីបាត់ខ្លួន លោក វឿន វាសនា និង វឿង សំណាង កាលពីថ្ងៃទី៨ ខែវិច្ឆិកា
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានថ្កោលទោសចំពោះអាជ្ញាធរថៃ ដែលចាប់បញ្ជូនសកម្មជនសង្គម និងសកម្មជនគណបក្សសង្គ្រោះជាតិបញ្ជូនទៅឲ្យរបបលោក ហ៊ុន សែន វិញនេះ។
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភគ្រ ដើម្បីសួរអំពីបញ្ហានេះ បាននៅឡើយទេ មកទល់ការផ្សាយនេះ។
អាជ្ញាធររបបលោក ហ៊ុន សែន តាមចាប់ខ្លួន លោក វឿន វាសនា និង វឿង សំណាង នេះ ដោយសារតែពួកគេទាំងពីរបានរិះគន់របបក្រុងភ្នំពេញឥតសំចៃមាត់។
កាលពីថ្ងៃទី៩ ខែតុលាកន្លងទៅ ម្ចាស់ហ្វេសប៊ុកគ្រញូងព្រៃឡង់ លោក វឿន វាសនា បានចូលទៅបញ្ចេញមតិជាអត្ថបទកំណាព្យ (Comment) លើហ្វេសប៊ុកលោក ហ៊ុន សែន ដោយសរសេរកំណាព្យរិះគន់ថា លោក ហ៊ុន សែន កែច្បាប់បំផ្លាញជាតិនិងដឹកនាំប្រទេសធ្វើឲ្យរលាយទឹកដីព្រៃឈើ៖ «សំណូមពរទៅលោក ហ៊ុន សែន ការកាន់អំណាច រស់ក្នុងភាពមានបាន ស្ដុកស្ដម្ភស្កឹមស្កៃ ប្រសើរជាងរាស្ត្រ ដើរសុំទានតាមចិញ្ចើមថ្នល់វាលើសលុបទៅហើយ។ អ៊ីចឹង គួរណាស់តែលោក ហ៊ុន សែន ហ្នឹងយកអំណាច និងមាសប្រាក់ ទ្រព្យរបស់ខ្លួន ចែករំលែកឱ្យពលរដ្ឋរស់ផង។ លោកត្រូវចេះទទួលភាពរិះគន់ របស់ប្រជារាស្ត្រ »។
ក្រោយមកលោក ហ៊ុន សែន បានប្រកាសតាមចាប់ខ្លួនអតីតព្រះសង្ឃរូបនេះ។ លោក ហ៊ុន សែន ចាត់ទុកកំណាព្យរបស់សកម្មជនរូបនេះពោរពេញដោយហិង្សា ហើយត្រូវតែផ្ដាច់ប្ដូរបំបាត់ចោលទ្រឹស្ដី និងសកម្មភាពជ្រុលនិយមនេះឲ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ លោកបញ្ជាឲ្យនគរបាលស្វែងរកលោក វឿន វាសនា នៅប្រទេសថៃ។
ភ្លាមៗ ក្រោយពីបញ្ជារបស់មេដឹកនាំរបបឯកបក្ស ចៅក្រមអមសាលាដំបូងរាជធានីភ្នំពេញលោក ពេជ្រ វិជ្ជាធរ បានចេញដីកាបញ្ជាឲ្យសមត្ថកិច្ចតាមចាប់ខ្លួនលោក វឿន វាសនា ដោយចោទប្រកាន់ជាបទល្មើសតម្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ។ ចៅក្រមស៊ើបសួរបញ្ជាឲ្យកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ និងនាំខ្លួនលោក វឿន វាសនា មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។