អ្នកឃ្លាំមើលកម្ពុជាលើកឡើងថា ការសង់របងតាមព្រំដែនរបស់ថៃ ជាប់នឹងកម្ពុជា អាចនឹងមានផលប៉ះពាល់ដល់បូរណភាពទឹកដីកម្ពុជា ខណៈការកំណត់ព្រំដែននៃប្រទេសទាំង២ នៅក្នុងតំបន់មួយចំនួន មិនទាន់មានភាពច្បាស់លាស់នៅឡើយ។ គម្រោងសាងសង់របងតាមព្រំដែននេះ រដ្ឋាភិបាលថៃបានអះអាងថា ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដែលមានទីតាំងនៅលើទឹកដីកម្ពុជា ក្នុងតំបន់ក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត នៅតាមព្រំដែនកម្ពុជាអស់មួយរយៈ ពេលនេះបញ្ហាឧក្រិដ្ឋកម្មឆបោក ហាក់បានប្រែក្លាយទៅជាបញ្ហាព្រំដែនវិញម្ដង បន្ទាប់ពីរដ្ឋាភិបាលថៃ បានប្រកាសពីគម្រោងសាងសង់របងតាមព្រំដែនកម្ពុជា នៅខេត្តស្រះកែវ (Sakeo)។
«គម្រោងរបងព្រំដែន ព្រោះថៃមិនទុកចិត្តកម្ពុជា»
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៨ ខែមីនា ថា ទោះបីរដ្ឋាភិបាលថៃជាអ្នកផ្ដួចផ្ដើមគំនិត និងជាអ្នកចំណាយធនធានធ្វើរបងតាមព្រំដែនជាប់នឹងកម្ពុជាក្ដី ក៏ភាគីថៃមិនអាចធ្វើជាលក្ខណៈឯកតោភាគីបានឡើយ ព្រោះករណីនេះ ពាក់ព័ន្ធដល់អធិបតេយ្យ និងបូរណភាពរបស់កម្ពុជា។ ទោះយ៉ាងណា លោក ម៉ែន ណាត បញ្ជាក់ថា ការលើកឡើងពីគម្រោងធ្វើរបងតាមព្រំដែនកម្ពុជា របស់រដ្ឋាភិបាលថៃនេះ គឺជាសេនារីយូបង្ហាញពីការគ្មានទំនុកចិត្ត ទៅលើរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអ៊ីនធឺណិត ពីសំណាក់រដ្ឋាភិបាលថៃ។
លោក ម៉ែន ណាត៖«យើងមានការសង្ស័យ ពាក់ព័ន្ធនឹងរបងតាមព្រំដែន ដែលថៃគ្រោងធ្វើ តើនៅក្នុងដីថៃ ឬនៅជាប់បង្គោលព្រំដែនកម្ពុជាពីសម័យបារាំង ឬក៏ធ្វើរបងនៅតំបន់ដែលថៃរំកិលព្រំដែនចូលមកខាងខ្មែររួចហើយ»។
កាលពីថ្ងៃទី៣ ខែមីនា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក ជីរ៉ាយុ ហួងសាប់ (Jirayu Houngsub) បានប្រាប់អ្នកសារព័ត៌មាន ក្រោយបិទបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី ថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paethongthan Shinawatra) បានលើកឡើងពីគម្រោងសាងសង់របងជញ្ជាំងនៅតាមព្រំដែនកម្ពុជា ដើម្បីការពារការឆ្លងដែនខុសច្បាប់ របស់ឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន និងការដឹកជញ្ជូនទំនិញគេចពន្ធ ជាដើម។ អ្នកស្រី ផែផងថាន បញ្ជាក់ថា កិច្ចការសង់របងជញ្ជាំងនេះ នឹងប្រគល់ទៅឱ្យក្រសួងការបរទេស ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលថៃ ជាអ្នកទទួលខុសត្រូវ និងចរចាជាមួយភាគីកម្ពុជា ដោយសង្កត់ធ្ងន់ថា គម្រោងនេះ គ្រាន់តែជាការសិក្សាដើម្បីបិទច្រកចេញក្រៅប្រទេសថៃ។
ជាមួយគ្នានេះ នាយកដ្ឋានគយ ក្រសួងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ របស់ថៃ បានសិក្សាលើគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាព ដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬអេអាយ (AI) នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងការបំពាក់កាំរស្មីអ៊ិច (X-RAY) ដើម្បីត្រួតពិនិត្យការនាំទំនិញចេញចូល ក្នុងទឹកដីថៃ។
អត្ថបទដែលទាក់ទង៖
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី និងរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ កិច្ចការព្រំដែននៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ឡាំ ជា ដើម្បីសុំការបកស្រាយពីការឆ្លើយតបរបស់ភាគីកម្ពុជា ជុំវិញគម្រោងសាងសង់របងតាមព្រំដែន របស់រដ្ឋាភិបាលថៃនេះបានទេ នៅថ្ងៃទី៨ ខែមីនា។
«បើថៃនិងកម្ពុជាមិនចុះសម្រុងគ្នា ថៃនៅតែអាចធ្វើរបងដោយឯកតោភាគី»
ជុំវិញរឿងនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ក្នុងករណីដែលភាគីកម្ពុជា និងថៃមានភាពមិនចុះសម្រុងគ្នា ទៅលើគម្រោងធ្វើរបងក្នុងបន្ទាត់ខ្សែព្រំដែន ភាគីថៃនៅតែអាចធ្វើរបងជាឯកតោភាគីបាន ដោយសាងសង់ក្នុងទឹកដីថៃ ដែលមានចម្ងាយយ៉ាងតិច ១រយម៉ែត្រ (១០០) ពីបង្គោលព្រំដែនរបស់ប្រទេសទាំងពីរ។
លោក ឯម សុវណ្ណារ៉ា៖«ក៏ប៉ុន្តែនៅពេលដែលចរន្តសកលលោកមានការប្រែប្រួល អ្នកខ្លាំងគាត់ប្រើសិទ្ធិអំណាច លែងប្រើគោលការណ៍ច្បាប់ យើងក៏ពិបាកស្មានដែរ ទៅថ្ងៃអនាគត។ វាត្រូវការដោះស្រាយតាមគោលការណ៍ច្បាប់ បើគ្មានការឯកភាពទេ វាអាចបង្កទៅជាសង្គ្រាមឈ្លោះគ្នាដោយប្រដាប់អាវុធតាមព្រំដែនអ៊ីចឹងមិនល្អទេ សម្រាប់ប្រទេសជិតខាង»។
គម្រោងធ្វើរបងតាមព្រំដែនកម្ពុជានេះ ត្រូវបានផ្ដួចផ្ដើមឡើងក្នុងពេលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ (Phumtham Wechayachai) បានទៅត្រួតពិនិត្យប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ នៅខេត្តស្រះកែវ (Sakeo) កាលពីខែកុម្ភៈ ដោយកាលនោះ លោកភូមិថាំ បានលើកឡើងថា លោកនឹងលើកយកសំណើនេះ ទៅប្រជុំក្នុងគណៈរដ្ឋមន្ត្រី។ គម្រោងសាងសង់របងនេះ មានប្រវែងសរុប ១៦៥គីឡូម៉ែត្រ និងសង់ជញ្ជាំងដាក់បន្លាលួសនៅតំបន់ក្នុងស្រុកអារញ្ញប្រៈថេត (Aranyaprathet) ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រវែង ៥៥គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណជាង ៨លានដុល្លារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។