ក្រុមពលករ និងគ្រួសារខកចិត្តចំពោះប៉ូលិសថៃហាមឃាត់សាច់ញាតិ មិត្តភ័ក្ដិចូលសួរសុខទុក្ខជនភៀសខ្លួនខ្មែរ នៅពន្ធនាគារក្នុងទីក្រុងបាងកក ស្របពេលពួកគេអះអាងថា ជនភៀសខ្លួនទាំងនោះនៅតែព្រួយបារម្ភពីសុវត្ថិភាព។ មន្ត្រីសិទ្ធិមនុស្សយល់ថាសហគមន៍អន្តរជាតិគួរបន្តជំរុញដល់រដ្ឋាភិបាលថៃគោរពកាតព្វកិច្ចអន្តរជាតិជាពិសេសគោរពសិទ្ធិជនភៀសខ្លួន។
គ្រួសារ និងក្រុមពលករខ្មែរមិនពេញចិត្តនឹងអាជ្ញាធរថៃអនុវត្តវិធានការរឹងត្អឹងចំពោះអ្នកចូលជួបជនភៀសខ្លួននៅក្នុងពន្ធនាគារ។ ពួកគេចាត់ទុកការអនុវត្តរបស់អាជ្ញាធរថៃបែបនេះជារឿងមិនត្រឹមត្រូវ ដោយសារកន្លងទៅពួកគេអាចជួបអ្នកជាប់ឃុំដោយគ្មានការរឹតត្បិតឡើយ។
តំណាងពលករ និងជាជនភៀសខ្លួននៅប្រទេសថៃ លោក សុះ សល់ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមការងាររបស់លោកបានផ្ញើម្ហូបអាហារ និងសម្ភារៈប្រើប្រាស់មួយចំនួនដល់ជនភៀសខ្លួនខ្មែរកំពុងឃុំនៅថ្ងៃទី៩ ខែកុម្ភៈ។ ប៉ុន្តែលោកខកចិត្តចំពោះប៉ូលិសនៅពន្ធនាគារអន្តោប្រវេសន្តសួនភ្លូ (Suan Phlu) បានហាមមិនឱ្យចូលជួបជនភៀសខ្លួន បើទោះបីពួកលោកមានឯកសារត្រឹមត្រូវដូចលើកមុនយ៉ាងណាក្តី។ លោកស្នើដល់ប៉ូលិសថៃពិចារណាឡើងវិញដើម្បីកុំឱ្យសាច់ញាតិ និងមិត្តភ័ក្ដិជនភៀសខ្លួនកាន់តែព្រួយបារម្ភ និងរងសម្ពាធផ្លូវចិត្ត។
លោក សុះ សល់៖ «ការចូលសួរសុខទុក្ខច្រើនដងដែរហើយបន្ទាប់ពីបងប្អូនយើងពីមុនរហូតដល់លោក ឆន សុខឿន និងកូននេះរឹតបណ្ដឹងថែមទៀត ប៉ូលិសថៃអត់ប្រាប់ពីហេតុផលអ្វីទេ ប៉ូលិសថៃប្រាប់មួយម៉ាត់ គឺដាច់ខាតតែម្ដងថាចាប់ពីពេលនេះទៅបងប្អូន ឬក៏អ្នកផ្សេងពុំមានសិទ្ធិជួបជាមួយជន ដែលគេត្រូវបានចាប់នោះទេ គឺមានតែយូអិន និងមេធាវីរបស់យូអិនតែម្ដងគត់អាចជួបបាន»។
ចំណែកប្រពន្ធជនភៀសខ្លួនផ្នែកពលករនៅថៃលោក ឆន សុខឿន គឺលោកស្រី ម៉េត ធានី រៀបរាប់ថាលោកស្រីបាយមិនបានដេកមិនលក់ពីរថ្ងៃមកហើយដោយសារបារម្ភខ្លាចអាជ្ញាធរថៃសហការជាមួយអាជ្ញាធរខ្មែរចាប់បញ្ជូនគ្រួសារលោកស្រីដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលកម្ពុជាត្រឡប់ទៅទទួលទោសស្រុកខ្មែរវិញ។ លោកស្រីថាចាប់តាំងពីសមត្ថកិច្ចថៃព័ទ្ធចាប់ប្តីនិងកូនប្រុសមកដល់ពេលនេះលោកស្រីពុំទាន់ទទួលដំណឹងពីពួកគេនៅក្នុងពន្ធនាគារនៅឡើយទេ ស្របពេលលោកស្រីត្រូវបានក្រុមពលករខ្មែរជម្លៀសដាក់ឱ្យនៅសម្ងំក្នុងបន្ទប់មួយកន្លែងដើម្បីគេចពីអាជ្ញាធរថៃចាប់ខ្លួន។
លោកស្រី ម៉េត ធានី៖ «ចា៎ខ្ញុំពិបាកចិត្ត ខ្ញុំគិតដល់កូន និងប្តី។ ខ្ញុំស្នើដល់យូអិនជួយអន្តរាគមន៍ដល់គ្រួសាររបស់ខ្ញុំធ្វើមិនឱ្យមានសុវត្ថិភាព ពីព្រោះពេលណាគេបញ្ជូនទៅខ្មែរវិញនឹងចប់ ហើយគេនឹងធ្វើបាបគាត់»។
បច្ចុប្បន្ននេះ មានជនភៀសខ្លួនខ្មែរកំពុងជាប់ឃុំនៅប្រទេសថៃចំនួន១៧នាក់ក្នុងនោះក៏មានទាំងមនុស្សចាស់ និងកុមារផង។ ករណីសមត្ថកិច្ចថៃសម្រុកចុះចាប់ជនភៀសខ្លួន ពលករខ្មែរគាំទ្រគណបក្សប្រឆាំងទ្រង់ទ្រាយធំនេះគឺធ្វើឡើងអំឡុងពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចនៅប្រទេសថៃកាលពីថ្ងៃទី៧ ខែកុម្ភៈ។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅទីក្រុងបាងកក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អរគុណដល់រដ្ឋាភិបាលថៃ ដែលបានចាប់ខ្លួន និងរារាំងមិនឲ្យសកម្មជនបក្សប្រឆាំងប្រើប្រាស់ទឹកដីថៃ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថាជនជាប់ឃុំគ្រប់រូបនៅទីកន្លែងណា ក៏ដោយពួកគេមានសិទ្ធិប្រាស្រ័យទាក់ទងជាមួយគ្រួសារ មិត្តភ័ក្ដិដែលធានាដោយច្បាប់អន្តរជាតិ និងជាកាតព្វកិច្ចសិទ្ធិមនុស្ស សីលធម៌របស់ប្រទេសមួយៗ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ។ មន្ត្រីសិទ្ធិមនុស្សរូបនេះថាប្រទេសថៃលែងជាទីកន្លែងមានសុវត្ថិភាពសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន ឬជនភៀសខ្លួនដែលទទួលស្គាល់ដោយឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនទៀតហើយ ពីព្រោះអាជ្ញាធរថៃកំពុងអនុវត្តផ្ទុយពីអនុសញ្ញានៃជនភៀសខ្លួនដែលប្រទេសនេះ បានទទួលស្គាល់កន្លងទៅ។
លោក អំ សំអាត៖«បើអាជ្ញាធរថៃរំលោភសិទ្ធិជនភៀសខ្លួន អាហ្នឹងជៀសមិនផុតការរិះគន់ពីសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ពីព្រោះវាជាការធ្វើឱ្យប៉ះពាល់ និងរំលោភបំពានសិទ្ធិជនភៀសខ្លួន។ យើងដឹងហើយថាកម្ពុជា និងថៃមានកិច្ចសហប្រតិបត្តិល្អនឹងគ្នា ប៉ុន្តែថៃត្រូវគិតពីសិទ្ធិជនភៀសខ្លួនដែលធានា និងទទួលស្គាល់ដោយឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន»។
បច្ចុប្បន្នមានជនភៀសខ្លួនខ្មែរប្រមាណ៧០នាក់កំពុងភៀសខ្លួននៅប្រទេសថៃ ដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរខ្មែរ ដោយសារពួកគេរិះគន់ភាពអសកម្មរបស់រដ្ឋាភិបាលខ្មែរ និងគេចពីការបង្ខំចុះចូលជាមួយគណបក្សកាន់អំណាច។ កន្លងទៅភៀសខ្លួនទាំងនោះតែងតែរងនូវអំពើហិង្សាវាយធ្វើបាប ការគំរាមកំហែង និងប៉ុនប៉ងចាប់បញ្ជូនទៅដាក់ពន្ធនាគារនៅកម្ពុជាជាដើម។ ទង្វើនេះត្រូវអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិរិះគន់ ហើយទាមទាររដ្ឋាភិបាលកម្ពុជា និងថៃឱ្យបញ្ឈប់ការរំលោភបំពានសិទ្ធិជនភៀសខ្លួនជាបន្ទាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។