គ្រួសារ​ស្នើសុំ​ដោះលែង​លោក នី ណាក់ មួយ​ថ្ងៃ មុន​តុលាការ​ប្រកាស​សាល​ក្រម​សំណុំ​រឿង​បរិហារកេរ្តិ៍ ប្ដឹង​ដោយ​លោក ហេង សួរ

0:00 / 0:00

តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​សំណុំរឿង «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» របស់​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ដែល​ប្ដឹង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។ ភរិយា​លោក នី ណាក់ សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ជិត​មួយ​ឆ្នាំ​មក​ហើយ​ដែល​អ្នក​ជំនាញ​កសិកម្ម លោក នី ណាក់ បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​ត្បូង​ឃ្មុំ ភរិយា​លោក នី ណាក់ លោកស្រី សុខ ស៊ីណែត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២០ ខែវិច្ឆិកា​នេះ​ថា ការ​ចាប់ខ្លួន​ប្ដី​លោកស្រី ដាក់​ពន្ធនាគារ​ជិត ១ឆ្នាំ​មក​នេះ គឺ​ធ្វើ​ឡើង​ដោយ​ពុំ​សម​ហេតុផល និង​អយុត្តិធម៌។

លោក​ស្រី​បន្ត​ថា អ្វី​ដែល​តុលាការ​យក​មក​ចោទ​ប្រកាន់ និង​ដាក់​បន្ទុក​កន្លង​ទៅ គឺ​ពាក់ព័ន្ធ​នឹង​រឿង​ដែល​លោក នី ណាក់ បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)បញ្ចេញ​មតិ​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​វិស័យ​កសិកម្ម និង​បញ្ហា​សង្គម​មួយ​ចំនួន។ លោក​ស្រី​ថា នេះ​គឺ​ជា​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ពុំ​មែន​ជា​បទល្មើស​ឡើយ។

លោក​ស្រី​ថ្លែង​បន្ត​ថា គ្រប់​សវនាការ​កន្លង​ទៅ ពាក់ព័ន្ធ​សំណុំ​រឿង​ដែល​ចោទ​មក​លើ​ប្ដី​លោក​ស្រី គឺ​ធ្វើ​ឡើង ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ ជា​ពិសេស តំណាង​អយ្យការ បាន​យក​សារ​បញ្ចេញ​មតិ​របស់​អ្នក​ដទៃ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក នី ណាក់ ធ្វើ​ជា​ភស្តុតាង។ លោក​ស្រី​ចាត់​ទុក​ថា ករណី​នេះ ពុំ​ឆ្លុះបញ្ចាំង​ពី​មតិ​ផ្ទាល់​ខ្លួន​របស់​លោក នី ណាក់ នោះ​ឡើយ។ ដូច្នេះ លោក​ស្រី​សូម​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ។

លោកស្រី សុខ ស៊ីណែត៖«គាត់(លោក នី ណាក់)មិន​បាន​ទៅ​ធ្វើ​អី​ខុស​ណាស់​ណា​នោះ​ទេ​។ គាត់​ថា​ ការណ៍​ដែល​គាត់​រិះគន់​ឯកឧត្ដម​រដ្ឋមន្ត្រី ក្រសួង​ការងារ​នេះ​ ដោយ​សារ​តែ​គាត់​ មើល​ឃើញ​ថា​ ការ​ដែល​កាត់​ដី​គម្រប​ព្រៃ​ឈើ​ជា​របស់​សាធារណៈ​ឱ្យ​ទៅ​ឯកជន​នេះ​ វា​ប៉ះពាល់​ទៅ​ដល់​ផលប្រយោជន៍​រួម ហើយ​វា​ជា​ការ​បញ្ចេញមតិ ជា​ទស្សនៈ​របស់​គាត់​។ គាត់​គ្មាន​ចេតនា​ទៅ​ញុះញង់ ​ដើម្បី​​ឱ្យ​មាន​ការ​រើសអើង​ដល់​ឯកឧត្ដម ដូច​ពាក្យ​ចោទ​នោះ​ទេ​។»

លោក នី ណាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៥ ​ខែ​មករា​ ​ក្រោម​បទ​ចោទ​«ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម បន្ទាប់​ពី​ការ​ផ្ដន្ទាទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង» ដែល​ប្ដឹង​ដោយ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ លោក ​ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​ បញ្ចេញមតិ​របស់​លោក នី ណាក់​​ លើ​បណ្ដាញ​សង្គម​​ហ្វេសប៊ុក​​ រឿង​អតីត​រដ្ឋាភិបាល​លោក ហ៊ុន សែន​​កាត់​ដី​ជិត​១០០​​ហិកតារ​នៅ​ខេត្ត​កំពត​ឱ្យ​ទៅ​បុគ្គល​ឈ្មោះ​ ហេង សួរ។

ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ ប្រពន្ធ​លោក នី ណាក់​ ឱ្យ​ដឹង​ថា​​​កន្លង​ទៅ​ តំណាង​អយ្យការ​បាន​អះអាង​​​ក្នុង​បន្ទប់​សវនាការ​ថា បុគ្គល​ឈ្មោះ​ ហេង សួរ ដែល​លោក​នី ណាក់ បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​នោះ​​ពុំ​មែន​​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ លោក​ហេង សួរ នោះ​ទេ ហើយ​តំណាង​អយ្យការ បាន​យក​ចំណុច​នេះ​ដើម្បី​ដាក់​បន្ទុក​មក​លើ ​លោក​នី ណាក់​​ ដោយ​ចោទ​ថា ​​​លោក​ នី ណាក់​​ ផ្សាយ​ព័ត៌មាន​មិន​ពិត​ មាន​ចេតនា​ទុច្ចរិត​ក្នុង​ការ​ញុះញង់ និង​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​កិត្តិយស​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​លោក ​ហេង សួរ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ និង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ ដើម្បី​ឆ្លើយ​តប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា។

ទាក់ទិន​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា សង្កេត​ឃើញ​ថា ករណី​លោក នី ណាក់ គឺ​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ​ជុំវិញ​បញ្ហា​វិស័យ​កសិកម្ម និង​បញ្ហា​សង្គម​មួយ​ចំនួន។ លោក​បន្ត​ថា ករណី​ការ​បញ្ចេញមតិ​ រដ្ឋាភិបាល ឬ​អាជ្ញាធរ​ពាក់ព័ន្ធ មិន​គួរ​ចាប់​ខ្លួន ឬ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​បែប​នេះ​ទេ។ លោក​ជំរុញ​ឱ្យ​តុលាការ​ពិចារណា​លើ​សំណុំ​រឿង​នេះ​ឱ្យ​បាន​ត្រឹម​ត្រូវ ហើយ​ទម្លាក់​ការ​ចោទ​ប្រកាន់​មក​លើ​លោក នី ណាក់ នៅ​ថ្ងៃ​ប្រកាស​សាល​ក្រម ដើម្បី​បើក​លំហ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ឱ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ។

លោក នី សុខា៖«វា​នឹង​ជះឥទ្ធិពល​មិន​ល្អ​ វា​ធ្វើ​ឱ្យ​មាន​ការ​បង្ខំ មាន​ការ​ភ័យ​ខ្លាច​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​សម្ដែង​មតិ​។ អាហ្នឹង វា​បណ្ដាល​ឱ្យ​ខាតបង់​សម្រាប់​រដ្ឋាភិបាល​ទៅ​វិញ​ទេ​។ អ៊ីចឹង​ទេ សម្រាប់​ខ្ញុំ​ទទូច និង​ចង់​ឃើញ​តុលាការ​សម្រេច​សេចក្ដី​មួយ​ឱ្យ​ លោក នី ណាក់​ បាន​រស់​នៅ​ក្រៅ​ឃុំ ដើម្បី​បង្ហាញ​ទៅ​ដល់​សាធារណៈ​មតិ​អំពី​ការ​បើកទូលាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​នូវ​សិទ្ធិ​សេរីភាព សិទ្ធិ​មនុស្ស​ ជា​ពិសេស​សិទ្ធិ​សេរីភាព​ក្នុង​បញ្ចេញ​មតិ»។

អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ឱ្យ​ជាប់​ពន្ធនាគារ ១៨ខែ​ម្ដង​រួច​មក​ហើយ​ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើស​អើង និង​ការ​ប្រមាថ​ជា​សាធារណៈ​ចំពោះ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បែប​ចំ​អក​របស់​លោក ទាក់ទង​នឹង​ការ​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់ ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។

ក្រោយ​ចេញ​ពី​ពន្ធនាគារ ​លោក នី ណាក់ នៅ​តែ​បន្ត​ការ​​អធិប្បាយ​ឥត​សំចៃ​មាត់ អំពី​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​សង្គម។ នៅ​ថ្ងៃ​ទី១២ ខែ​កញ្ញា ឆ្នាំ២០២៣ លោក​ក៏​ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ ប្រដាប់​ដោយ​ដំបង​ដែក​ព្រួត​គ្នា​វាយ​ទាំង​កណ្ដាល​ថ្ងៃ ក្នុង​ទី​ក្រុង​ភ្នំពេញ បណ្ដាល​ឱ្យ​បែក​ក្បាល ហូរ​ឈាម​ស្រោច​ខ្លួន សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង​តែ​រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​នៅ​មិន​ទាន់​ចាប់​ខ្លួន​ជន​ដៃ​ដល់​បាន​នៅ​ឡើយ បើ​ទោះ​ជា​មាន​ការ​ប្ដឹង​ផ្ដល់​ពី​លោក នី ណាក់ ​ក៏​ដោយ​។​

ប្រពន្ធ​លោក នី ណាក់ សង្ឃឹម​ថា តុលាការ​នឹង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខ័ណ្ឌ។ លោក​ស្រី​រំលឹក​ថ ​កាល​នៅ​មាន​សេរីភាព លោក នី ណាក់ បាន​ជួយ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​តាម​រយៈ​ការ​បង្រៀន​ពី​បច្ចេកទេស​ដាំដុះ​កសិកម្ម ដោយ​ក្នុង​មួយ​ថ្ងៃៗ មិន​ក្រោម ១០ ទៅ ២០នាក់​នោះ​ទេ​ ដូច្នេះ​លោក​ស្រី​ថា អាជ្ញាធរ​មិន​​​​គួរ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​ធ្វើ​ទុក្ខបុកម្នេញ​ប្ដី​លោកស្រី​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។