ក្រសួង​មហាផ្ទៃ​ចេញ​សេចក្ដី​ប្រកាស​ការពារ​ការ​រិះគន់​ករណី​តែងតាំង​មន្ត្រី​តាម​សែស្រឡាយ

0:00 / 0:00

ក្រសួង​មហាផ្ទៃ​ច្រាល​ចោល​រិះគន់​របស់​អ្នកឃ្លាំមើល ទៅ​លើ​ការ​តែងតាំង និង​ផ្ទេរ​អំណាច​ឱ្យ​ក្រុម​គ្រួសារ​ក្នុង​រដ្ឋាភិបាល​ថ្មី របស់​ក្រុម​គ្រួសារ​លោក ស ខេង។ អ្នកឃ្លាំមើល​ចាត់​ទុក​ការ​ប្រតិកម្ម​របស់​​​ក្រសួង​មហាផ្ទៃ​ថា ជា​ការ​ចេញមុខ​ការពារ​អំពើពុករលួយ​នៃ​ការ​ឡើង​កាន់​តំណែង​សំខាន់​ៗ ​ក្នុង​ស្ថាប័ន​រដ្ឋ។

ក្រោយ​មាន​ការរិះគន់​ពី​អ្នកវិភាគ និង​អ្នកឃ្លាំមើល លើ​ការតែងតាំង​កូនប្រុស​ទាំងពីរ​របស់​លោក ស ខេង ឱ្យ​ឡើង​កាន់​តំណែង​កំពូល​នៅ​ក្រសួង​ស្ថាប័ន​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​មុខ​ច្រានចោល និង​បាន​ប្រមាថ​អ្នករិះគន់​ថា​មនុស្សវិកលចរិត ខណៈ​អ្នកឃ្លាំមើល និង​អ្នកវិភាគ​ថា​ ក្រសួងមហាផ្ទៃ​គួរ​មាន​ភាព​ខ្មាសអៀន​ទៅលើ​ការ​ប្រតិកម្ម​របស់​ខ្លួន​តាម​របៀប​នេះ។
ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា នៅ​ប្រទេស​ណ័រវ៉េ (Norway) ​លោក ម៉ែន ណាត លើកឡើង​ថា ក្រសួង​មហាផ្ទៃ គួរតែ​បើក​ចិត្ត​ទទួលយក​ការរិះគន់ ឬ​មតិ​យោបល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន ទៅ​ពិចារណា ហើយ​កែ​លម្អ មិនមែន​ងាក​មក​វាយប្រហារ ដៀលត្មះ​អ្នកវិភាគ​ថា ​ជា​មនុស្សវិកលចរិត​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «គួរណាស់តែ​ក្រសួង​ហ្នឹង អរគុណ​ដល់​អ្នកវិភាគ ក្រុម​អ្នកផ្ដល់​យោបល់ អរគុណ​គេ​ទៅ។ ទោះបី​គេ​ផ្ដល់​យោបល់​ក្នុង​ន័យ​វិជ្ជមាន​ក៏ដោយ ក្នុង​ន័យ​កែ​ទម្រង់​ក៏ដោយ ក្នុង​ន័យ​អវិជ្ជមាន​ទៅកាន់​ក្រសួង ឬ​រដ្ឋាភិបាល​ហ្នឹង គួរណាស់តែ​ថ្លែង​អំណរគុណ​គេ។ ដោយ​គ្រាន់​ថា ក្រសួង​នឹង​កែ​សម្រួល ពិនិត្យមើល ហើយ​ឆ្លើយតប​មកវិញ​ ដោយ​សេចក្ដីថ្លៃថ្នូរ ដោយ​សមរម្យ​បំផុត។ អា​ហ្នឹង​ទើប​យើង​អាច​ជជែក​គ្នា​បាន»។

ការ​ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ក្រោយ​ពេល​មាន​ការរិះគន់ ការ​តែងតាំង​កូនចៅ និង​សាច់ញាតិ លោក ស ខេង ស្អេកស្កះ​ក្នុង​ក្រសួង​មហាផ្ទៃ។ ក្រសួង​អះអាង​ថា ការតែងតាំង​កូនប្រុស​របស់​លោក ស ខេង គឺ​លោក ស រដ្ឋា ជា​អគ្គស្នងការ​រង នៃ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ គឺ​ផ្អែកលើ​ចំណេះ​ដឹង បទពិសោធន៍ និង​អតីតភាព​ការងារ​របស់​លោក មិនមែន​លោក ស ខេង ជា​ឪពុក​សម្រេច​តែងតាំង​កូន​ខ្លួនឯង​តាម​ចិត្ត​នោះ​ឡើយ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ អ្នកវិភាគ​នយោបាយ លោក គឹម សុខ លើក​ឡើង​ថា ការ​វាយប្រហារ​របស់​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ អ្នកវិភាគ គឺ​ដោយសារ​មន្ត្រី​ទាំងនោះ​បារម្ភ​ថា​ ការ​បក​អាក្រាត​ពី​អំពើទុច្ចរិត ពុករលួយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ដឹង។

លោក គឹម សុខ៖ «ហើយ​បរិយាកាស​ឧក្រិដ្ឋ និង​ការ​​​ដឹកនាំ​ដោយ​គ្មាន និង​គ្មាន​គុណធម៌​ចំពោះ​ប្រទេសជាតិ ចំពោះ​ប្រជាពលរដ្ឋ ក្រោម​ស្នាដៃ​លោក ហ៊ុន សែន រហូតដល់​លោក ហ៊ុន ម៉ាណែត នេះ ពេល​ដែល​ពលរដ្ឋ​យល់ វា​នឹង​ធ្វើ​ឱ្យ​ពួកគេ​ពិបាក​ទប់​អំណាច។ អ៊ីចឹង​ហើយ ទើប​គេ​ព្យាយាម​វាយបក​មក​វិទ្យុ​អាស៊ី​សេរី មក​អ្នកវិភាគ»។

អ្នកវិភាគ​ស្នើ​ឱ្យ​ក្រសួងមហាផ្ទៃ គួរ​គិតគូរ​ពង្រឹង​ប្រព័ន្ធ​រដ្ឋបាល សន្តិសុខ​សង្គម និង​អភិបាល​កិច្ច​ជូន​ប្រជា​ពលរដ្ឋ ជាពិសេស​គួរ​ទទួលយក​មតិ​រិះគន់​ពី​មហាជន ដើម្បី​សិក្សា​ពី​កំហុស ជាជាង​ប្រកែក ​ដើម្បី​ការពារ​គ្រួសារ​ថ្នាក់​ដឹកនាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។