ប្រជាពលរដ្ឋមួយចំនួន និងមន្ត្រីបក្សប្រឆាំង បញ្ចេញទស្សនៈផ្សេងៗ គ្នាជុំវិញបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ពួកគាត់មិនរំពឹងថា លោក ហ៊ុន ម៉ាណែត ក្លាយជាមេដឹកនាំល្អ និងធ្វើឲ្យកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ និងការគោរព សិទ្ធិមនុស្សពេញលេញនោះទេ។
ប្រជាពលរដ្ឋមួយចំនួន និងមន្ត្រីបក្សប្រឆាំង លើកឡើងស្របគ្នាថា កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មានចរិតផ្ដាច់ការមិនខុសពីឪពុករបស់លោកនោះទេ ទោះបីជាលោក បានរៀនសូត្រខ្ពង់ខ្ពស់នៅប្រទេសមហាអំណាចប្រជាធិបតេយ្យក្ដី។
ពលរដ្ឋមួយរូបរស់នៅខេត្តត្បូងឃ្មុំ ថ្លែងថា លោក ហ៊ុន ម៉ាណែត គ្មានសមត្ថភាពគ្រប់គ្រាន់នោះទេ ទើបលោក ហ៊ុន សែន ខំជួយជ្រោមជ្រែង។ លោកបន្តថា ប្រសិនបើមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីរូបនេះ ទំនងជាមិនអាចប្រកួតប្រជែងយកតំណែងកំពូលនេះបានទេ ព្រោះលោក មានស្នាដៃ និងប្រជាប្រិយភាពតិចតួចនៅឡើយ៖ «សញ្ញាប័ត្រ គ្រាន់តែជាការអួតអាង ឬបង្ហាញគេអ្នកផ្សេងៗ ថា មានសញ្ញាប័ត្រពីប្រទេសអាមេរិកពីមហាអំណាចប្រជាធិបតេយ្យ ប៉ុន្តែការអនុវត្ត និងការដឹកនាំរបស់គាត់បែបផ្ដាច់ការ ឬបែបពីឪពុកតកូននេះ គឺនៅតែដដែល។ ឪពុកម៉េច គឺកូនអ៊ីចឹង »។
ពលរដ្ឋម្នាក់ទៀត រស់នៅខេត្តស្វាយរៀង ថ្លែងថា ទោះបីជាលោក ហ៊ុន ម៉ាណែត ទទួលបានការអប់រំខ្ពស់ជាងឪពុករបស់លោកក្ដី ក៏លោកនៅមិនទាន់បង្ហាញសមត្ថភាព និងឆន្ទៈធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីឲ្យកម្ពុជា ដើរលើគន្លងប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សនោះទេ៖ «ខ្ញុំគិតថា គាត់មានគំនិត ឬទស្សនៈមិនខុសពីឪពុករបស់គាត់ប៉ុន្មានទេសម្រាប់ការដែលគាត់ដឹងនាំ។ យើងមើលអ្នកជុំវិញគាត់ ជាពិសេសយុវជនជំនាន់ក្រោយនេះ សុទ្ធតែអ្នកដែលអែបអប ដើម្បីត្រៀមនឹងទទួលតួនាទីអ្វីមួយ នៅពេលគាត់ឡើងជានាយករដ្ឋមន្ត្រី » ។
ជាមួយគ្នានេះ មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន សំណូមពរថា ប្រសិនបើលោក ហ៊ុន ម៉ាណែត ស្នងតំណែងពីឪពុកមែន លោកត្រូវបើកចិត្តឲ្យទូលាយ ទទួលយកមតិយោបល់ចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ និងគិតផលប្រយោជន៍ជាតិជាធំ។ លោក ក៏ស្នើឲ្យអ្នកនយោបាយជំនាន់ថ្មីរបស់បក្សកាន់អំណាច មានភាពក្លាហានក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ដែរ៖ «បើយើងនិយាយអំពីសមិទ្ធផលមួយចំនួនហាក់ដូចជា មិនទាន់ឃើញក្រៅអំពីយុទ្ធនាការពាក់ព័ន្ធនឹងបញ្ហាកូវីដ -១៩ ទេ។ ពាក់ព័ន្ធនឹងការទទួលយកនូវមតិយោបល់ ឬការបង្ហាញអំពីការធ្វើនយោបាយបែបថ្មី ដែលទទួល យកពហុយោបល់ ពហុគំនិត ពីគ្រប់ភាគីពាក់ព័ន្ធនេះ ហាក់មិនទាន់បង្ហាញចេញមក ខាងក្រៅទេ គ្រាន់តែអ្វីដែលគាត់ធ្វើនិងផ្សព្វផ្សាយកន្លងទៅ ជាការយល់ឃើញរបស់ខ្ញុំ គឺខ្ញុំគិតថា ហាក់បីដូចជា មិនសូវខុសគ្នាពីអ្នកនយោបាយជំនាន់ចាស់ទេ »។
ប្រតិកម្មរបស់ប្រជាពលរដ្ឋបែបនេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ បានប្រកាសគាំទ្រកូនប្រុសច្បងរបស់លោក ពេញទំហឹងឲ្យស្នងតំណែងនាយករដ្ឋមន្ត្រីបន្តពីលោក។លោក ថែមទាំងនិយាយអារកាត់តែម្នាក់ឯងថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាអនុប្រធានបក្ស លោក ស ខេង រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ និងឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មិនអាចឡើងធ្វើជានាយករដ្ឋមន្ត្រីបានទេ ព្រោះមានវ័យចំណាស់ដូចលោកដែរ៖ «កាសថ្ងៃហ្នឹងឱ្យច្បាស់ កុំឱ្យវាពិបាកវិភាគ ព្រោះវានៅបិទបាំងៗ ចុះឡើង។ ឥឡូវ អនាគតនៅពេលក្រោយ ហ៊ុន សែន គឺហ៊ុន ម៉ាណែត មួយជាបេក្ខភាពក្នុងចំណោមបេក្ខភាពជានាយករដ្ឋមន្ត្រី មិនមែនមានតែម្នាក់ទេ ប៉ុន្តែបានទទួលការគាំទ្រពីឪវាពេញលេញ គឺ ហ៊ុន សែន ! មើលអ្ហែងធ្វើអីអញ ? អញសួរអ្ហែង អ្ហែងធ្វើអីអញ ? អ្ហែងនិយាយចេញមក ! ហ៊ុន សែន វាមានថ្ងៃងាប់ ថ្ងៃចាស់ណា ! ហើយចុះបើមានកូន ម៉េចមិនឱ្យវាធ្វើតទៅតាមរយៈបោះឆ្នោត » ។
ក្រោយការប្រកាសរបស់លោក ហ៊ុន សែន បែបនេះ ក្រុមអ្នកដែលទទួលផលប្រយោជន៍ ឬក្រុមរណបលោក និងក្រុមអ្នកមានអំណាចគ្រាក់ៗ មួយចំនួនក្នុងគណបក្សប្រជាជនកម្ពុជា ក៏ចាប់ផ្ដើមចេញសារគាំទ្របេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ក្រុមលោក ស ខេង និងក្រុមលោក ទៀ បាញ់ មិនទាន់បង្ហាញសារគាំទ្រដល់បេក្ខភាពលោក ហ៊ុន ម៉ាណែត នោះទេ ខណៈកន្លងក្រុមអ្នកឃ្លាំមើល សង្កេតឃើញថា ក្រុមដែលមានអំណាចធំៗ ទាំងពីរនេះ ក៏កំពុងសម្លឹងមើលកៅអីតំណែងរបស់លោក ហ៊ុន សែន នេះដែរ។
ទោះជាយ៉ាងណា លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ជឿជាក់ថា លោក ហ៊ុន សែន មិនអាចឲ្យកូនរបស់គាត់ឡើងកាន់តំណែងជំនួសគាត់បានទេ។ លោក សម រង្ស៊ី បកស្រាយលើហ្វេសប៊ុក (Facebook) នៅល្ងាចថ្ងៃទី៣ ធ្នូ ថា លោក ហ៊ុន សែន ជួបឧបសគ្គកាន់តែច្រើនឡើងៗ ក្នុងការផ្ទេរអំណាចទៅឱ្យកូន ដូចជាក្នុងជួរគណបក្សប្រជាជនកម្ពុជា ក្រៅពីត្រកូល ហ៊ុន គ្មាននរណាចង់ឲ្យមានការបន្តវេនក្នុងគ្រួសារតែមួយនោះទេ។ លោកសរសេរទៀតថា លោក ហ៊ុន សែន យល់ច្បាស់ថា ដើម្បីឲ្យមានការផ្ទេរតំណែងដោយរលូន ត្រូវតែធ្វើឲ្យបរិយាកាសនយោបាយ មានការធូរស្រាលខ្លះ ប៉ុន្តែបើគាត់បន្ធូរការគាបសង្កត់តែបន្តិច គាត់នឹងប្រឈមបាត់បង់អំណាចទាំងស្រុង។ លោក សម រង្ស៊ី ថ្លែងទៀតថា ពេលវេលាក៏ជាកត្តាមួយដ៏សំខាន់ដែរ។ លោកថា លោក ហ៊ុន សែន អាយុកាន់តែច្រើនឡើង ហើយគាត់មិនអាចគេចផុតពីច្បាប់ធម្មជាតិបានទេ ហើយបើគាត់ចាំកាន់តែយូរ ហានិភ័យ នៃការជ្រួលច្របល់កាន់តែខ្លាំងឡើង។ មេបក្សប្រឆាំងរូបនេះ បន្ថែមទៀតថា លោក ហ៊ុន សែន ចង់ឲ្យកូនគាត់ឡើងកាន់តំណែងជំនួសគាត់ ពីព្រោះគាត់ត្រូវការឲ្យកូន ជួយធានានិទណ្ឌភាពសម្រាប់គាត់ នៅពេលគាត់បាត់បង់អំណាច។ បើមិនដូច្នេះទេ គាត់នឹងប្រឈមមុខតុលាការឯករាជ្យណាមួយ កាត់ទោសពីបទឧក្រិដ្ឋយ៉ាងច្រើន ដែលគាត់បានប្រព្រឹត្ត ក្នុងរយៈពេលកាន់អំណាច ៣៦ឆ្នាំមកដល់ថ្ងៃនេះ។
ចំណែកក្រុមអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកមួយចំនួនវិញ ពួកគាត់យល់ថាសាររបស់លោកហ៊ុន សែនដែលចង់លើកបន្តុបកូនប្រុស និងបញ្ចេញប្រតិកម្មក្រេវក្រោធទៅលើអ្នកចង់ប្រជែងអំណាចនោះ ទំនងជាចង់បញ្ជាក់និងផ្ញើសារទៅមន្ត្រីផ្ទៃក្នុងបក្ស ជាជាងទៅក្រុមបក្សប្រឆាំង។ លើសពីនេះ វាក៏អាចជាយុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន ដើម្បីកៀរគរកម្លាំងគាំទ្រក្នុងជួរបក្សសម្រាប់កូនប្រុសរបស់លោកផងដែរ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន ពិនិត្យឃើញថា លោក ហ៊ុន ម៉ាណែត កំពុងយកតម្រាប់តាមឪពុកជាច្រើនចំណុច តាំងពីអត្តចរិត និងសម្ដីសំដៅដែលបង្កប់នូវភាពផ្ដាច់ការ ដូចជា ការគំរាមកំហែង ការរើសអើង និងការលាបពណ៌លើពលរដ្ឋខ្មែរដែលមាននិន្នាការនយោបាយផ្សេង។ លោកយល់ថា បើក្លាយជាមេដឹកនាំមែន លោក ហ៊ុន ម៉ាណែត នឹងដើរតាមគន្លងផ្ដាច់ការរបស់លោក ហ៊ុន សែន៖ «ខ្ញុំយល់ថា គាត់នៅតែយកតាមលំនាំឪពុករបស់គាត់ គឺនៅតែផ្ដាច់ការដូចឪពុករបស់គាត់អីចឹង។យើងមើលលោក គីម ជុង អ៊ុន (Kim Jong un) ពេលគាត់ដឹកនាំ គាត់ផ្ដាច់ការជាងឪពុករបស់គាត់ទៀត ដោយសារពេលគាត់ដឹក នាំគាត់នៅវ័យក្មេង។ ដូច្នេះដើម្បីឲ្យមន្ត្រីថ្នាក់ក្រោមខ្លាចគាត់ គឺគាត់ត្រូវប្រើអំណាច ផ្ដាច់ការ បង្ក្រាប ឬយកទៅកាត់ទោសប្រហារជីវិត សូម្បីតែពូរបស់គាត់ក៏ដោយ។មន្ត្រីធំៗ មួយចំនួន ក៏កាត់ទោសប្រហារជីវិត ដើម្បីឲ្យមន្ត្រីខាងក្រោមខ្លបខ្លាច។ ដូច្នេះនៅពេលលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេស ហើយគាត់គ្មានសមត្ថភាពគ្រប់គ្រងមន្ត្រីចាស់ៗ គាត់ក៏ត្រូវប្រើអំណាចផ្ដាច់ការ ឬក៏កណ្ដាប់ដៃដែកនៅក្នុងគណបក្ស ក៏ដូចជាបង្ក្រាបទៅលើសកម្មជនគណបក្សប្រឆាំងផងដែរ » ។
ប្រជាពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងលើកឡើងថា ទោះបីជាលោក ហ៊ុន សែន ឲ្យកូនប្រុស របស់លោកឡើងកាន់អំណាច តាមរយៈការបោះឆ្នោតក្ដី ក៏មិនមែនជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះដែរ គឺគ្រាន់តែជាបោះឆ្នោតបែបបង្គ្រប់កិច្ចប៉ុណ្ណោះ។ ពួកគាត់បន្តថា សូម្បីតែលោក ហ៊ុន សែន មិនហ៊ានប្រកួតប្រជែងតាមវិធីត្រឹមត្រូវជាមួយបក្សសង្គ្រោះជាតិផង ដូច្នេះលោក ហ៊ុន ម៉ាណែត ក៏ច្បាស់ជាមិនហ៊ានប្រថុយប្រកួតប្រជែងដូចឪពុករបស់លោកដែរ។ ទោះជាយ៉ាងណា ពួកគាត់លើកឡើងថា ប្រសិនបើលោក ហ៊ុន ម៉ាណែត មានសមត្ថភាពពិតប្រាកដនោះ លោកគួរតែបើកឱកាសឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយស្មើភាព ឡើងវិញ ដើម្បីឈានទៅកាន់តួនាទីជានាយករដ្ឋមន្ត្រីប្រកបដោយកិត្តិយស និងស្របច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។