សំណើសុំឈប់នេះត្រូវបានព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ពន្យល់ពីមូលហេតុក្នុងលិខិតថា ដោយសារតែព្រះអង្គបានចូលក្នុងឆាកនយោបាយ និងមិនចង់ឲ្យពាក់ព័ន្ធក្នុងស្ថាប័នព្រះមហាក្សត្រ ហើយកុំឲ្យប៉ះពាល់កិត្តិយស ព្រះកិត្តិនាមព្រះមហាក្សត្រ និងសម្ដេចម៉ែ ទើបព្រះអង្គសុំលាលែងពីតួនាទីជាព្រះរាជលេខាផ្ទាល់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានបន្ទូលនៅថ្ងៃទី៣០ ខែឧសភា ថា សម្ដេចម៉ែបានយល់ព្រមតាមសំណើសុំរបស់ព្រះអង្គរួចហើយ បន្ទាប់ពីលិខិតនោះបានទៅដល់មន្ទីររដ្ឋបាលព្រះបរមរាជវាំង៖ «បញ្ជូនទៅខាងរដ្ឋបាលរាជវាំងរួចហើយ ដើម្បីឲ្យធ្វើព្រះរាជក្រឹត្យ ព្រោះខ្ញុំទទួលការតែងតាំងដោយព្រះរាជក្រឹត្យ ដូច្នេះត្រូវតែមានព្រះរាជក្រឹត្យលុបការតែងតាំងរបស់ខ្ញុំ»។
អតីតលេខាផ្ទាល់ព្រះបរមរតនកោដ្ឋ សម្ដេចឪ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងជាព្រះរាជលេខាផ្ទាល់សម្ដេចម៉ែ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៣ បន្ទាប់ពីសម្ដេចឪបានសោយទិវង្គត។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក៏បានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលព្រះសីហនុ សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។