ប្រពន្ធ​លោក តូច ថឹង ស្នើ​បញ្ជូន​ប្ដី​ដែល​ទើប​វះ​កាត់​ភ្នែក​រួច​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​វិញ

0:00 / 0:00

ប្រពន្ធ​សកម្មជន​គណបក្ស​ប្រឆាំង​លោក តូច ថឹង នៅ​តែ​បារម្ភ​ពី​ស្ថានភាព​ភ្នែក​របស់​ប្ដី​លោកស្រី និង ស្នើ​ឱ្យ​ពន្ធនាគារ​បញ្ជូន​ប្ដី​របស់​លោកស្រី ឱ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​វិញ។ មេធាវី​ការពារ​ក្ដី​ឱ្យ​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្តកំពង់ចាម លោក តូច ថឹង យល់​ឃើញ​ថា មន្ត្រី​ពន្ធនាគារ​គួរតែ​បញ្ជូន​លោក តូច ថឹង សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ជាជាង​បន្ត​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដែល​មិន​មាន​អនាម័យ​ល្អ។

បើ​ទោះបីជា​គ្រូពេទ្យ​ណែនាំ​ឱ្យ​លោក តូច ថឹង ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ពី៣ ទៅ​៤សប្ដាហ៍​ក្ដី ក៏​មន្ត្រី​ពន្ធនាគារ​បាន​បញ្ជូន​លោក តូច ថឹង យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ​កាល​ពី​ថ្ងៃទី៣០ ខែសីហា បន្ទាប់​ពី​លោក​បាន​វះកាត់​ភ្នែក​រួច។

ប្រពន្ធ​របស់​លោក តូច ថឹង គឺ​លោកស្រី សុ វណ្ណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា បើ​ទោះបីជា​គ្រូពេទ្យ​បាន​វះកាត់​ជំងឺ​ធ្លុះ​បាត​ភ្នែក​របស់​ប្ដី​លោក​ស្រី​ដោយ​ជោគជ័យ​ក្ដី ប៉ុន្តែ​លោកស្រី​នៅ​តែ​បារម្ភ​ពី​សុខភាព​ភ្នែក​របស់​ប្ដី។ លោកស្រី​បន្ថែម​ថា ប្ដី​របស់​លោកស្រី​មិន​មាន​តែ​ជំងឺ​ភ្នែក​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេង​ទៀត ដូចជា​ជំងឺ​ទឹកនោម​ផ្អែម និង​លើស​ជាតិ​អាស៊ីដ​ផង​ដែរ ដូច្នេះ​លោក​ស្រី នៅ​តែ​ទទូច​ស្នើ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​របស់​លោកស្រី​ឱ្យ​មាន​សេរីភាព​មក​វិញ។

លោកស្រី សុ វណ្ណា៖ «សុខភាព​ប្ដី​ខ្ញុំ​មិន​ដឹង​ម៉េច​ទេ ខ្ញុំ​ចង់​ឱ្យ​ពន្ធនាគារ​ហ្នឹង​សុំ​ឱ្យ​ប្ដី​ខ្ញុំ​មក​នៅ​ក្រៅ​ឃុំ​តែ​ម្ដង​ទៅ ព្រោះ​ខ្ញុំ​មើល​ថែ​គាត់​២ថ្ងៃ​ហ្នឹង គាត់​ពិបាក​ណាស់ ព្រោះ​គាត់​ដេក​ផ្កាប់​មុខ​រហូត​អ៊ីចឹង»។

លោក តូច ថឹង គឺជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កំពង់ចាម។ អាជ្ញាធរ​ក្រុង​ភ្នំពេញ​បាន​ឃាត់​ខ្លួន​លោក កាល​ខែមីនា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ជាមួយ​លោក សៀម ភ្លុក និង​លោក ឃឿន វីរ៉ាត់ ដែល​តុលាការ កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ៦ខែ ពី​បទ​ក្លែង​បន្លំ​ឯកសារ​ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាល​ពី​ឆ្នាំ២០២១។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុអាស៊ីសេរី​ថា មន្ត្រី​ពន្ធនាគារ​មិន​បាន​ទទួល​វេជ្ជបញ្ជា​ពី​គ្រូ​ពេទ្យ​ដែល​តម្រូវ​ឱ្យ​លោក តូច ថឹង សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នោះ​ឡើយ។ ទោះ​ជា​យ៉ាងណា លោក​បញ្ជាក់​ថា មន្ត្រី​ពន្ធនាគារ​បាន​ឃុំ​ខ្លួន​លោក តូច ថឹង នៅ​អគារ​មន្ទីរពេទ្យ​ដាច់​ដោយ​ឡែក​ពី​អ្នក​ជាប់​ពន្ធនាគារ​ទូទៅ។

លោក នុត សវនា៖ «យើង​មាន​គ្រែ​សម្រាប់​ឱ្យ​ពួកគាត់​សម្រាក​យ៉ាង​សមរម្យ​ដូច​ក្នុង​មន្ទីរពេទ្យ​អ៊ីចឹង មាន​ឧបករណ៍​សម្ភារៈ​សុខាភិបាល​ប្រចាំការ​នៅ​ហ្នឹង​ទេ អ៊ីចឹង​ការ​សម្រាក​វា​ធានា​សន្តិសុខ​សណ្ដាប់​ធ្នាប់ ហើយ​កម្លាំង​របស់​យើង​មិន​បាច់​ចំណាយ​ពេល​នៅ​ក្រៅ ចាំ​យាម​ជា​ប្រចាំ​នាំ​ខាត​កម្លាំង ព្រោះ​កម្លាំង​យើង​ក៏​ខ្វះ​ដែរ»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សកម្មជន​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​លើក​ឡើង​ថា អគារ​មន្ទីរពេទ្យ​នៅ​ក្នុង​ពន្ធនាគារ​មិន​មាន​អនាម័យ​ល្អ​នោះ​ឡើយ ព្រោះ​អ្នក​ទោស​មួយ​ចំនួន​នៅ​តែ​ជក់​បារី​នៅ​ក្នុង​បន្ទប់ ខណៈ​អ្នក​ទោស​ក្រីក្រ​ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន មិន​បាន​ទទួល​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុក​ដាក់​គ្រប់គ្រាន់​នោះ​ឡើយ។

ជុំវិញ​រឿង​នេះ​ដែរ មេធាវី​ការពារ​ក្ដី​លោក តូច ថឹង គឺ​លោក សឺន ជុំជួន ប្រាប់​វិទ្យុអាស៊ីសេរី​ថា ស្ថានភាព​ជំងឺ​ធ្លាយ​បាត​ភ្នែក​របស់​លោក តូច ថឹង គឺ​មាន​សភាព​ធ្ងន់ធ្ងរ ហើយ​កូន​ក្ដី​របស់​លោក​នេះ ក៏​មាន​ជំងឺ​ប្រចាំ​កាយ​ផ្សេងៗ​ផង​ដែរ។ លោក​បញ្ជាក់​ថា លោក​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​ឱ្យ​លោក តូច ថឹង នៅ​ក្រៅ​ឃុំ​ទៅ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​នៅ​ដើម​សប្ដាហ៍​ក្រោយ។

អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​ដែល​អនុញ្ញាត​ឱ្យ​ជន​ជាប់​ឃុំ បាន​ទទួល​ការ​ព្យាបាល​នៅ​ពេទ្យ​ខាង​ក្រៅ​ពន្ធនាគារ​ដោយ​ស្មើ​ភាព​គ្នា​រវាង​អ្នក​ជាប់​ឃុំ ដែល​ជា​អ្នក​មាន​លុយ​មាន​អំណាច និង​សកម្មជន​នយោបាយ​នោះ​ឡើយ។ ជាក់​ស្ដែង​បើ​ទោះបីជា​គ្រូពេទ្យ​បាន​ពិនិត្យ​ឃើញ​ថា បាត​ភ្នែក​របស់​លោក តូច ថឹង បាន​ធ្លាយ និង​ឈឺ​ចុក​ចាប់ ដែល​តម្រូវ​ឱ្យ​វះកាត់​ជា​បន្ទាន់​តាំង​ថ្ងៃ​ទី១៤ ខែ​សីហា ក្ដី ក៏​ប៉ុន្តែ​អាជ្ញាធរ​មិន​បាន​អនុញ្ញាត​ឱ្យ​លោក តូច ថឹង ទទួល​បាន​ការ​វះកាត់​ភ្លាមៗ​នោះ​ឡើយ ដោយ​រង់ចាំ​រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​សីហា ទើប​លោក​ទទួល​បាន​ការ​វះកាត់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។