ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល យល់ថា ពិធីបុណ្យចូលឆ្នាំខ្មែរគ្មានវត្តមាន លោក ហ៊ុន ម៉ាណែត ចូលរួម នឹងធ្វើឲ្យពលរដ្ឋខ្មែរនៅអាមេរិក សប្បាយរីករាយ ព្រោះមិនបានបង្ហាញពីការបែកបាក់រវាងខ្មែរ និងខ្មែរ។ ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទនៅថ្ងៃទី២៧ ខែមីនា លោក ទូច វិបុល អះអាងថា ពលរដ្ឋខ្មែរ-អាមេរិកាំង ប្រឆាំងដាច់ខាតវត្តមាន លោក ហ៊ុន ម៉ាណែត ទោះបីជាលោកមិនចូលរួមធ្វើព្យុហយាត្រាក្ដី។
ប្រតិកម្មរបស់តំណាងពលរដ្ឋខ្មែរ-អាមេរិកាំង បែបនេះ បន្ទាប់ពី លោក ហ៊ុន ម៉ាណែត សម្រេចអញ្ជើញទៅចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនៅសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនចូលរួមកម្មវិធីព្យុហយាត្រាតាមការគ្រោងទុករបស់ពលរដ្ឋខ្មែរនៅទីនោះទេ ដោយលោកលើកហេតុផលមិនចង់ឃើញមានការខ្វែងគំនិតគ្នារវាងខ្មែរ និងខ្មែរ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល និយាយថា ព្រោះតែ លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់ លោក ហ៊ុន សែន និងជាមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល ដូច្នេះទោះបីជា លោក ហ៊ុន ម៉ាណែត នឹងទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរក្នុងរូបភាពអ្វីក៏ដោយ ក៏ លោក ហ៊ុន ម៉ាណែត នៅតែជាតំណាងរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន ដដែល។ លោក ទូច វិបុល ចោទប្រកាន់ថា រដ្ឋាភិបាលរបស់ លោក ហ៊ុន សែន សព្វថ្ងៃនេះ ជារដ្ឋាភិបាលផ្ដាច់ការ និងរំលោភសិទ្ធិមនុស្ស។ លោកបញ្ជាក់ថា គម្រោងបាតុកម្មទាំងបួនកន្លែងនៅសហរដ្ឋអាមេរិក មិនទាន់រំសាយនៅឡើយទេ៖ « គាត់អភ័ព្វព្រោះជាកូនរបស់ លោក ហ៊ុន សែន មានន័យថា គាត់មកចូលរួមក្នុងធម្មតា ឬមិនធម្មតា ពួកយើងបានដឹងថា លោកចូលរួមធ្វើការជាមួយមនុស្សខូច។ ដូច្នេះយើង មិនអនុញ្ញាតឲ្យចូលរួមបានឡើយ»។
កូនប្រុសច្បងរបស់ លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) នៅព្រឹកថ្ងៃទី២៧ ខែមីនា ពន្យល់ថា ការសម្រេចមិនចូលរួមព្យុហយាត្រានៅសហរដ្ឋអាមេរិក នោះ ព្រោះសកម្មជនពីររូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង និងលោក ប្រាឌី ណុយ យ៉ាំង (Brady Nuy Young) តែងប្រកាសធ្វើបាតុកម្មគ្រប់ទីកន្លែងប្រឆាំងវត្តមានលោក ក្នុងពិធីព្យុហយាត្រានោះ។
ជាថ្មីម្តងទៀត លោក ទូច វិបុល ច្រានចោលការចោទប្រកាន់របស់ លោក ហ៊ុន ម៉ាណែត ដែលថាលោកជាសកម្មជនគណបក្សសង្គ្រោះជាតិ នោះថាជារឿងមិនពិត។ លោកស្នើទៅអ្នកនយោបាយគ្រប់គណបក្សថា កុំយកកម្មវិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ទៅប្រឡូកប្រឡាក់នឹងរឿងនយោបាយ ហើយខ្មែរ-អាមេរិកាំង គ្មានគម្រោងណាមួយអញ្ជើញគណបក្សសង្គ្រោះជាតិ ចូលរួមនោះទេ៖« យើងខ្ញុំសុំអំពាវនាវទៅគណបក្សសង្គ្រោះជាតិ ក្តី គណបក្សប្រជាជនកម្ពុជា កុំយករឿងនេះធ្វើរឿងនយោបាយ មិនមែនជារឿងនយោបាយទេ ជារឿងសេចក្តីថ្លៃថ្នូររបស់ពលរដ្ឋខ្មែរយើង »។
ពលរដ្ឋខ្មែរ-អាមេរិកាំង តែងតែព្រមានធ្វើបាតុកម្មប្រឆាំងវត្តមានរបស់ លោក ហ៊ុន ម៉ាណែត និងឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ដែលគ្រោងចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃទី១០ ខែមេសា ខាងមុខនេះ។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ស្នើឲ្យ លោក ហ៊ុន ម៉ាណែត ពិនិត្យឲ្យច្បាស់សិន មុននឹងចោទប្រកាន់ថា គណបក្សសង្គ្រោះជាតិ មានជាប់ពាក់ព័ន្ធរឿងនេះ។ លោកបន្តថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ គ្មានគម្រោងចូលរួមហែព្យុហយាត្រានៅសហរដ្ឋអាមេរិក ទេ៖ «មុនគាត់និយាយស្តីអ្វីចេញទៅ ប៉ុន្តែគ្រាន់តែសុំឲ្យមើលផង ព្រោះថាគណបក្ស សង្គ្រោះ ជាតិ គ្មានគោលការណ៍ធ្វើបាតុកម្ម ឬប្រឆាំងគម្រោងលោកទៅក្រៅប្រទេសទេ »។
លោក ហ៊ុន ម៉ាណែត មុននឹងប្រកាសមិនចូលរួមកម្មវិធីព្យុហយាត្រាក្នុងពិធីបុណ្យចូលឆ្នាំនៅសហរដ្ឋអាមេរិក ពេលនេះ នៅបន្ទាប់ពីលោកធ្លាប់មានគម្រោងទៅចូលរួមពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងកម្មវិធីព្យុហយាត្រា ប៉ុន្តែក៏ស្នើឲ្យអ្នករៀបចំកម្មវិធី អញ្ជើញប្រមុខគណបក្សប្រឆាំងចូលរួមដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។