គណបក្សភ្លើងទៀនថ្កោលទោសអាជ្ញាធរក្រុងភ្នំពេញចំពោះការចាប់ខ្លួនមន្ត្រីបក្សភ្លើងទៀនពីររូបដោយគ្មានមូលហេតុ។ គណបក្សនេះចាត់ទុកការចាប់ខ្លួននេះថា គឺជារូបភាពគំរាមកំហែងនៅមុនការបោះឆ្នោតព្រឹទ្ធសភាខាងមុខ។ មន្ត្រីសង្គមស៊ីវិលស្នើដល់រដ្ឋាភិបាល និងគណបក្សកាន់អំណាចបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការបង្ក្រាបទៅលើមន្ត្រីបក្សប្រឆាំង និងអ្នករិះគន់តទៅទៀត។
គណបក្សភ្លើងទៀននៅថ្ងៃទី១ ខែកុម្ភៈ ចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះអាជ្ញាធរក្រុងភ្នំពេញ ដែលបានចាប់ខ្លួនលេខាធិការគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌជ្រោយចង្វារ លោក ហាក់ កុសល និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខណ្ឌដូនពេញ លោក ម៉ា ចិន្តា កាលពីថ្ងៃទី៣១ ខែមករា។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា អាជ្ញាធរបានព័ទ្ធចាប់ខ្លួន លោក ហាក់ កុសល ដោយមិនមានបង្ហាញដីកា នៅតាមដងផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ខណៈដែលរូបលោកកំពុងបើកបរម៉ូតូដឹកប្រពន្ធ។ ចំណែកលោក ម៉ា ចិន្តា ក៏ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយមិនដឹងមូលហេតុដែរក្នុងថ្ងៃដដែល។
គណបក្សភ្លើងទៀនចាត់ទុកថាការចាប់ខ្លួនមន្ត្រីទាំងពីររូបនេះ គឺជារូបភាពគំរាមកំហែងថ្មីទៀត ក្នុងគោលដៅបំបាក់ស្មារតីពលរដ្ឋមិនឱ្យចូលរួមសកម្មភាពនយោបាយ ជាមួយគណបក្សភ្លើងទៀន និងធ្វើឱ្យបរិយាកាសនយោបាយ មុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខមានភាពអាប់អួថែមទៀត។
គណបក្សភ្លើងទៀនអំពាវនាវដល់អាជ្ញាធរដោះលែង លោក ហាក់ កុសល និងលោក ម៉ា ចិន្តា ឱ្យមានសេរីភាពឡើងវិញ បញ្ឈប់ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញតាមគ្រប់រូបភាពមកលើថ្នាក់ដឹកនាំ និងសកម្មជនគណបក្សភ្លើងទៀន។
វិទ្យុអាស៊ីសេរីមិនអាចសុំឆ្លើយតបជុំវិញរឿងនេះពី ក្រុមគ្រួសារមន្ត្រីបក្សភ្លើងទៀន លោក ហាក់ កុសល និងលោក ម៉ា ចិន្តា បានទេ នៅថ្ងៃទី១ ខែកុម្ភៈ។ វិទ្យុអាស៊ីសេរីក៏មិនអាចសុំការឆ្លើយតបរឿងនេះពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេ នៅថ្ងៃដដែលនេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា លើកឡើងថា ទាំងអង្គការសិទ្ធិមនុស្សជាតិ និងអង្គការអន្តរជាតិកត់សម្គាល់ឃើញថា សកម្មជន និងមន្ត្រីបក្សប្រឆាំងតែងត្រូវបានចាប់ខ្លួនដោយមិនមានភស្តុតាងច្បាស់លាស់ និងច្រើនជាករណីនយោបាយនៅមុនការបោះឆ្នោតមកដល់។ លោក ស៊ឹង សែនករុណា ស្នើដល់រដ្ឋាភិបាលបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកមន្ត្រីគណបក្សប្រឆាំង និងងាកមកស្ដារលទ្ធិប្រជាធិបតេយ្យដើម្បីផលប្រយោជន៍ពលរដ្ឋ។
លោក ស៊ឹង សែនករុណា៖«យើងអត់ចង់ឃើញបញ្ហាហ្នឹងចេះតែអូសបន្លាយពីមួយអាណត្តិ ទៅមួយអាណត្តិ ពីរដូវកាលនៃការបោះឆ្នោតទៅរដូវកាលនៃការបោះឆ្នោតមួយទៀតបន្តបន្ទាប់ហើយ គ្មានឃើញការបើកនូវលំហប្រជាធិបតេយ្យនោះទេ អ៊ីចឹងយើងចង់ឃើញណាស់អំពីអ្វីដែលជាការប្រកួតប្រជែងផ្នែកនយោបាយ គប្បីអ្នកនយោបាយហ្នឹងធ្វើយ៉ាងណាបើកនូវសិទ្ធិសេរីភាពទាំងអស់ឱ្យបានពេញលេញសមស្របតាមប្រទេស ដែលហៅថាប្រទេសប្រកាន់យកនូវរបបប្រជាធិបតេយ្យពិតប្រាកដ»។
សមាគមការពារសិទ្ធិមនុស្សអាដហុកថា គិតត្រឹមថ្ងៃទី១ ខែកុម្ភៈ មានអ្នកទោសមនសិការចំនួន ៣៥នាក់ ក្នុងនោះមានមេដឹកនាំ និងសកម្មជននយោបាយចំនួន២៤នាក់។ ក្នុងចំណោមសកម្មជននយោបាយដែលកំពុងជាប់ពន្ធនាគារយូរជាងគេរួមមាន សកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ីស្មាឯល ពិនអូស្មាន បានជាប់ឃុំខ្លួនអស់រយៈពេលជិត ៧ឆ្នាំ និងអតីតសមាជិកក្រុមប្រឹក្សារាជធានីគណបក្សសង្គ្រោះជាតិ កាក់ កុម្ភារ បានជាប់ឃុំខ្លួនអស់រយៈពេលជាង ៣ឆ្នាំ។
ចំណែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍ពិភពលោកប្រចាំឆ្នាំ២០២៤ ដោយលើកឡើងថាលោក ហ៊ុន ម៉ាណែត ឡើងកាន់អំណាចរយៈពេល ៤ខែមកនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅតែយ៉ាប់យឺននៅឡើយ។ អង្គការនេះបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានៅតែប្រើប្រាស់ប្រព័ន្ធតុលាការយាយីលើអ្នករិះគន់ រារាំងគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោត រឹតត្បិតប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងប្រើអំពើហិង្សាចាប់ចងអ្នករិះគន់ឥតស្រាកស្រាន្តជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។