ក្រុមប្រឹក្សាឃុំមកពីគណបក្សភ្លើងទៀនពីរនាក់នៅខេត្តពោធិ៍សាត់បដិសេធចូលតាមការកោះហៅរបស់សមត្ថកិច្ចស្រុកបាកានក្រោមហេតុផលសួរនាំរឿងផ្ទាល់ខ្លួន។ ពួកគេចាត់ទុកករណីនេះជារូបភាពបំបាក់ស្មារតី និងគំរាមកំហែងផ្នែកនយោបាយ នៅមុនការបោះឆ្នោតអសកលនៅពេលខាងមុខនេះ។
អធិការនគរបាលស្រុកបាកាន ខេត្តពោធិ៍សាត់បានកោះហៅក្រុមប្រឹក្សាឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនពីរនាក់គឺលោក សុខ ចាន់ថន និងលោក ស៊ឹម ម៉ៅ ដោយអះអាងថា សាកសួររឿងផ្ទាល់ខ្លួននៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា។ ប៉ុន្តែមន្ត្រីបក្សភ្លើងទៀនបដិសេធចូលបំភ្លឺ ដោយសារសមត្ថកិច្ចមិនបានបញ្ជាក់មូលហេតុត្រឹមត្រូវដើម្បីឱ្យពួកគេត្រៀមខ្លួនជាមុន។ ពួកគេស្នើដល់អាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញ ដាក់សម្ពាធលើអ្នកដែលមាននិន្នាការមិនស្របនឹងរដ្ឋាភិបាលតទៅទៀត ដើម្បីបើកលំហសេរីភាព និងស្តារប្រជាធិបតេយ្យឡើងវិញ។
ជំទប់ទី២ឃុំបឹងខ្នារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់ មកពីបក្សភ្លើងទៀនគឺលោក ស៊ឹម ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរីថា ប៉ូលិសបានប្រគល់លិខិតកោះហៅរបស់អធិការស្រុកបាកាននៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា។ លោកថា ការដែលសមត្ថកិច្ចហៅលោកទៅបំភ្លឺភ្លាមៗ និងមិនបញ្ជាក់អំពីមូលហេតុច្បាស់លាស់នេះបានរំខានផ្លូវចិត្តរបស់លោកដែលកំពុងបម្រើសេវារដ្ឋាបាលឃុំជូនពលរដ្ឋនៅមូលដ្ឋាន។
លោក ស៊ឹម ម៉ៅ៖ «ដោយសារកោះល្ងាចមិញឱ្យខ្ញុំចូលខ្លួនថ្ងៃនេះ ខ្ញុំត្រៀមខ្លួនណាទាន់ដើម្បីរកអ្នកច្បាប់ ឬរកមេធាវី គឺខ្ញុំរកអត់ទាន់ទេ។ សាកសួររឿងផ្ទាល់ខ្លួនវាធ្ងន់ធ្ងរណាស់ បើសិនលិខិតរបស់អធិការកោះរឿងច្បាប់ដាក់ឱ្យចំៗអាហ្នឹងខ្ញុំអត់សង្ស័យអ្វីទេ តែបើសាកសួររឿងផ្ទាល់ខ្លួនគឺខ្ញុំសង្ស័យថា ធ្វើម៉េចឱ្យបានចូលខ្លួនហើយគឺគេប្រព្រឹត្តទៅតាមអ្វីដែលគេចង់ធ្វើលើខ្ញុំ»។
ជាមួយគ្នានេះជំទប់ទី២ឃុំមេទឹក មកពីគណបក្សភ្លើងទៀន លោក សុខ ចាន់ថន ថ្លែងថាលោកសោកស្តាយចំពោះសមត្ថកិច្ចស្រុកបាកានចេញលិខិតកោះហៅសាកសួរទាំងលោកមិនដឹងរឿងនៅឡើយ ខណៈជនមិនស្គាល់អត្ថសញ្ញាណដែលតាមដាន និងប៉ុនប៉ងបង្កហិង្សាលើលោកកន្លងទៅសមត្ថកិច្ចខកខានក្នុងវែកមុខជនដៃដល់យកមកអនុវត្តទោសតាមច្បាប់។
លោក សុខ ចាន់ថន៖ «ខ្ញុំសូមអំពាវនាវដល់អាជ្ញាធរ ឬសមត្ថកិច្ចផ្សេងៗ បើសិនក្នុងនាមយើងជាខ្មែរ យើងជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យសូមទម្លាក់ចោលឥរិយាមារយាទមួយចំនួនពាក់ព័ន្ធការគាបសង្កត់ បិទសិទ្ធិសេរីភាព សូមគិតឡើងវិញយើងសហការគ្នាធ្វើការដើម្បីជាតិមាតុភូមិរបស់យើង»។
ឆ្លើយតបរឿងនេះ អធិការស្រុកបាកានលោក នាង វុធ ប្រាប់វិទ្យុអាស៊ីសេរីថា ការកោះហៅជំទប់ទី២របស់បក្សភ្លើងទៀនមកសួរនាំជារឿងតូចតាច ដោយមិនពាក់ព័ន្ធចាប់ខ្លួន ឬទាក់ទងរឿងនយោបាយនោះទេ។ លោកបញ្ជាក់ថា ការដែលពួកគេខកខានចូលតាមការអញ្ជើញរបស់សមត្ថកិច្ចគឺជាសិទ្ធិ ហើយលោកមិនមានចំណាត់ការបន្តទៀតដែរ បើសិនគ្មានបទបញ្ជាពីថ្នាក់លើនោះ។
លោក នាង វុធ៖ «ជាសិទ្ធិរបស់គាត់ បើសិនជាគាត់ចូលបំភ្លឺ ខ្ញុំគ្រាន់តែប្រាប់អ៊ីចេះៗទេ វាអត់ត្រូវមានទោសមានទណ្ឌទេ បើនិយាយឱ្យចំទៅគ្រាន់តែនិយាយការងារផ្សេងៗផ្ទាល់ខ្លួនគាត់ទេ បើគាត់អត់ចូលមកខ្ញុំក៏អត់មានចំណាត់ការអ្វីបន្តទៀតទេ»។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តពោធិ៍សាត់ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ការកោះហៅក្រុមប្រឹក្សាឃុំមកពីបក្សភ្លើងទៀនក្នុងស្ថានភាពនយោបាយបែបនេះនឹងធ្វើឱ្យមហាជនរិះគន់ថា ជាការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញ ពីព្រោះពួកគេជាអ្នកនយោបាយ ជាពិសេសជាអង្គបោះឆ្នោតដ៏សំខាន់សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សាខេត្ត ស្រុក ក្រុងនៅឆ្នាំ២០២៤ ខាងមុខនេះ។ លោកព្រួយបារម្ភថា បញ្ហាបែបនេះនឹងនាំឲ្យស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិនយោបាយរបស់ពលរដ្ឋកាន់តែរឹតត្បិត។
លោក ស៊ុំ ច័ន្ទគា៖ «ចេញលិខិតដោយគ្មានមូលហេតុបែបនេះវាប្រាកដណាស់ទោះបីក្នុងរូបភាពណាក៏ដោយ ក៏គេចាត់ទុកថាជារូបភាពនៃការគំរាមកំហែងដែរ បើសិនការអនុវត្តទៅតាមច្បាប់ក្នុងលិខិតត្រូវបញ្ជាក់អំពីបទចោទដើម្បីឱ្យសាមីខ្លួនត្រៀមលក្ខណៈក្នុងការឆ្លើយដោះសា ឬឆ្លើយបំភ្លឺជុំវិញការចោទហ្នឹងបានជាគោលការណ៍ច្បាប់»។
កន្លងទៅអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រួមទាំងគណបក្សប្រឆាំងតែងតែផ្តល់អនុសាសន៍ជាច្រើនជុំវិញការរំលោភសិទ្ធិ និងប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការលើកស្ទួយសិទ្ធសេរីភាពផ្នែកនយោបាយ ការជួបជុំ និងសេរីភាពក្នុងការបញ្ចេញមតិឱ្យស្របតាមស្តង់ដារអន្តរជាតិដែលកម្ពុជាទទួលស្គាល់។ ប៉ុន្តែមកទល់ពេលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅមិនទាន់បង្ហាញជំហរដោះស្រាយបញ្ហាសំខាន់ៗដូចជាវិបត្តិនយោបាយនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។