មេដឹកនាំសហជីពផ្ដល់ទស្សនៈថា របបក្រុងភ្នំពេញគួររក្សា EBA ជាជាងការខិតខំដើរបញ្ចុះបញ្ចូលប្រទេសតូចៗ ឲ្យជួយទិញសំលៀកបំពាក់ពីកម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីមេដឹកនាំរបបក្រុងភ្នំពេញ អះអាងថា ប្រធានាធិបតី ប្រទេសតាជីគីស្ថាន (Tajikistan) និង ប្រធានាធិបតីប្រទេសគៀគីស្ថាន (Kyrgyzstan) មានចំណាប់អារម្មណ៍ចង់ទិញក្រណាត់ និងសំលៀកបំពាក់ពីកម្ពុជា។ អ្នកវិភាគថា របបក្រុងភ្នំពេញ ចង់ស្រវាចាប់ប្រទេសតូចៗ ជំនួស អ៊ី.ប៊ី.អេ (EBA) របស់សហភាពអឺរ៉ុបនោះ នឹងគ្មានផលចំណេញអ្វីនោះទេ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា ជារឿងល្អ ដែលរដ្ឋាភិបាលរកទីផ្សារបន្ថែមសម្រាប់នាំចេញសំលៀកបំពាក់ ប៉ុន្តែលោកថា រដ្ឋាភិបាលមិនអាចយកទីផ្សារនាំចេញណា ជំនួសសហភាពអឺរ៉ុប ឬ ចំណេញជាងការរក្សា ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA) និងប្រព័ន្ធអនុគ្រោះពន្ធរបស់សហរដ្ឋអាមេរិក (GSP)ឡើយ។
លោក អាត់ ធន់ យល់ថា រដ្ឋាភិបាលគួរខិតខំរក្សា ទីផ្សារ ដែលមានស្រាប់ ជាជាងស្រវាចាប់ទីផ្សារថ្មី ដែលគ្មានភាពច្បាស់លាស់ និងគ្មានសក្ដានុពលដូចសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក៖ « ខាងរដ្ឋាភិបាលដើររកទីផ្សារថ្មីៗ ដើម្បីទាក់ទាញការវិនិយោគ ឬការនាំសំលៀកបំពាក់ចេញ វាជារឿងមួយល្អ ដែលកម្ពុជាត្រូវការទីផ្សារនាំចេញបន្ថែមទៀត។ ប៉ុន្តែខ្ញុំគិតថា ប្រទេសតាជីគីស្ថាន ឬប្រទេសតូចៗមួយហ្នឹង មិនអាច មានន័យថាការនាំចេញ វាមិនអាចមានចំនួនច្រើនរហូតដល់មិនចាប់អារម្មណ៍នឹងសហភាពអឺរ៉ុបនោះទេ ព្រោះនៅក្នុងសហគមន៍អឺរ៉ុបរហូតដល់២៧ប្រទេស ហើយជាប្រទេសអ្នកមាន មានស្តរ ( Store) រាប់ម៉ឺនកន្លែង » ។
លោក ហ៊ុន សែន អះអាងថា ក្នុងពេលលោកដឹកនាំគណៈប្រតិភូរបបក្រុងភ្នំពេញ ចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លោក បានជួបប្រធានាធិបតីប្រទេសតាជីគីស្ថាន (Tajikistan) និងគៀគីស្ថាន (Kyrgyzstan) ហើយពួកគេ បង្ហាញចំណាប់អារម្មណ៍ ចង់ទិញក្រណាត់ និងសំលៀកបំពាក់ពីកម្ពុជា។ ក្នុងដំណើរទស្សនៈកិច្ចនោះ លោក ហ៊ុន សែន ក៏បានជំរុញឲ្យប្រធានាធិបតីទាំងនោះ ដាក់ស្ថានឯកអគ្គរដ្ឋទូត នៅភ្នំពេញ ឡើងវិញ ដើម្បីពង្រឹងទំនាក់ទំនងការទូតជាមួយបណ្ដាប្រទេសទាំងនោះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ឲ្យដឹងថា កម្ពុជាមានលទ្ធភាពនាំចេញ តែសំលៀកបំពាក់ប៉ុណ្ណោះ។ ឯក្រណាត់វិញ កម្ពុជាបច្ចុប្បន្នក៏នាំចូលពីប្រទេសចិន និងប្រទេសជិតខាងដែរពីព្រោះកម្ពុជា មិនទាន់មានលទ្ធភាពផលិតក្រណាត់ ឬវត្ថុធាតុដើម ក្នុងវិស័យកាត់ដេរផ្សេងទៀត នៅឡើយទេ។
ទន្ទឹមគ្នានឹងលោក ហ៊ុន សែន ខិតខំបញ្ចុះបញ្ចូល ប្រទេសទាំងពីរ គឺ តាជីគីស្ថាន និង គៀគីស្ថាន ឲ្យទិញក្រណាត់ និងសំលៀកបំពាក់ពីកម្ពុជា របបលោក ហ៊ុន សែន បានធ្វើព្រងើយកន្តើយមិនព្រមស្ដារស្ថានភាពលទ្ធិប្រជាធិបតេយ្យ តាមការចង់បានរបស់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីថែរក្សាប្រព័ន្ធអនុគ្រោះ ដែលមានស្រាប់នោះទេ។ លោក ហ៊ុន សែន អះអាងថា មិនខ្វល់នឹងការផ្ដាច់ការប្រព័ន្ធអនុគ្រោះពន្ធទេ ដោយសារ របបលោក មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបើកប្រាក់ខែ ឲ្យមន្ត្រិរាជការ និងប្រាក់ឈ្នួលឲ្យកម្មករ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា រដ្ឋាភិបាលកំពុងងាកទៅចាប់ប្រទេសតូចៗ ដើម្បីជំនួសទីផ្សារនាំចេញសំលៀកបំពាក់ទៅសហភាពអឺរ៉ុប។ អ្នកវិភាគថា ភាគរយតិចណាស់ ដែលប្រទេសទាំងនោះ យល់ព្រមទិញសំលៀកបំពាក់ពីកម្ពុជា ហើយបើទោះ ប្រទេសទាំងនោះ យល់ព្រមជួយទិញផលិតផលក្នុងវិស័យកាត់ដេរ ឬ ជួយពង្រឹងពាណិជ្ជកម្មផ្សេង ក៏គ្មានសក្ដានុពលដូចទីផ្សាររបស់សហភាពអឺរ៉ុប ដែលជាទីផ្សារធំជាងគេលើពិភពលោកដែរ។
មុនពេល ជួបប្រធានាធិបតីប្រទេសតាជីគីស្ថាន និងគៀគីស្ថាន លោក ហ៊ុន សែន បានជួបមេដឹកនាំប្រទេសហុងគ្រី (Hungry) ហើយអះអាងថា ហុងគ្រី នឹងជួយបញ្ចុះបញ្ចូលសហភាពអឺរ៉ុប កុំឲ្យកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា។ កញ្ញា លី ស្រីស្រស់ យល់ថា សហភាពអឺរ៉ុប ភាគច្រើនជាបណ្ដុំប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ ដូច្នេះបើទោះហុងគ្រី ជួយនិយាយមែន ក៏មិនអាចកែប្រែការសម្រេចចិត្តរបស់សហភាពអឺរ៉ុបដែរ។ ដូច្នេះមានតែការកែប្រែស្ថានការរំលោភសិទ្ធិមនុស្សតាមការចង់បានរបស់សហភាពអឹរ៉ុប ទើបអាចបញ្ចៀសការផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ និងធ្វើឲ្យកម្ពុជាប្រសើរបាន៖ « អ៊ីចឹងបើយើងចំណាយពេលទាំងអស់ហ្នឹង រៀបចំ ធ្វើយ៉ាងណា ឲ្យមានការជជែកជាមួយសហភាពអឺរ៉ុប ឬការធ្វើសម្បទានចំណុចណាមួយ ទាក់ទងនឹងអ្វីដែលសហភាពអឺរ៉ុបលើកឡើង ខ្ញុំគិតថា អានេះ អាចជាយុទ្ធសាស្ត្រមួយស្រួលជាង ពីព្រោះយើងមិនចាំបាច់ទៅរកដៃគូផ្សេងទេ ព្រោះដៃគូផ្សេងនៅពេលដែលយើងមានទំនាក់ទំនង យើងត្រូវទៅរកកិច្ចព្រមព្រៀងជាច្រើនទាំងពីរ នៅពេលដែលសហភាពអឺរ៉ុប គឺយើងមានហើយ គ្រាន់តែយើងមានលទ្ធភាពក្នុងការស្ដារវា ដែរឬអត់ ? អ៊ឺចឹង ខ្ញុំមើលឃើញថា បើសិនជាយើងយកចិត្តទុកដាក់ ទៅលើធ្វើរឿងទាំងអស់នេះ វាអាចងាយស្រួលជាងទៅរកដៃគូថ្មីធ្វើពាណិជ្ជកម្ម » ។
សហភាពអឺរ៉ុបនឹងបិទបញ្ចប់ដំណើរការតាមដាន និងវាយតម្លៃស្ថានការណ៍កម្ពុជា នៅពាក់កណ្ដាលខែសីហាខាងមុខ។ បន្ទាប់ពីនេះ សហភាពអឺរ៉ុបនឹងចេញរបាយការណ៍ស្ដីពីរបកគំហើញ និងធ្វើសេចក្ដីសន្និដ្ឋាននៅខែវិច្ឆិកា។ ពេលនោះ សហភាពអឺរ៉ុបនឹងទុកពេល ១ខែ ឱ្យរបបលោក ហ៊ុន សែន ដើម្បីឆ្លើយតបនឹងរបាយការណ៍នេះ។ នៅខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុបនឹងសម្រេចចិត្តជាចុងក្រោយថា ត្រូវដក ឬរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធនេះ ហើយបើអឺរ៉ុបសម្រេចដកហូតមែន នោះការយកពន្ធលើទំនិញកម្ពុជានឹងត្រូវចាប់ផ្ដើមជាផ្លូវការនៅខែសីហា ឆ្នាំ២០២០ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។