ស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក អំពាវនាវដល់ស្ថាបនិក និងសមាជិកគណបក្សនេះ ចូលរួមសកម្មភាពនយោបាយជាមួយគណបក្សភ្លើងទៀន ក្រោយដែលគណបក្សនេះត្រូវក្រសួងមហាផ្ទៃបដិសេធការសុំចុះបញ្ជី និងត្រូវលុបចោលពីបញ្ជីគណបក្សនយោបាយបាយ។
លោក សៀម ភ្លុក បញ្ជាក់ថា ដោយសារការសម្រេចរបស់ក្រសួងមហាផ្ទៃបានធ្វើឱ្យគណបក្សលោក មិនអាចធ្វើសកម្មភាពនយោបាយ ចូលរួមប្រកួតប្រជែងតាមឆន្ទៈហេតុនេះ លោក ក៏សម្រេចគាំទ្រជំហរ និងសកម្មភាពនយោបាយគណបក្សភ្លើងទៀនវិញ។
លោក សៀម ភ្លុក បន្តថា ជំហរ និងសកម្មភាពរបស់គណបក្សភ្លើងទៀនស្របនឹងជំហរ និងគោលនយោបាយនៃគណបក្សបេះដូងជាតិ។
ក្រសួងមហាផ្ទៃសម្រេចមិនចុះបញ្ជីឱ្យគណបក្សបេះដូងជាតិ ក្រោមហេតុផលមានកំហុសពាក់ព័ន្ធនឹងស្នាមមេដៃអ្នកគាំទ្រគណបក្ស ដូចជាស្នាមមេដៃបុគ្គលមួយចំនួនខុសពីស្នាមមេដៃក្នុងអត្តសញ្ញាណប័ណ្ណ ការសង្ស័យពីការក្លែងស្នាមមេដៃ និងស្នាមមេដៃខូចគុណភាព មិនអាចធ្វើកោសល្យវិច័យបានជាដើម។ លើសពីនេះក្រសួងមហាផ្ទៃក៏បានចោទថាលក្ខន្តិកៈគណបក្សផ្ទុយនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។
ក្នុងរឿងនេះ កាលពីខែធ្នូ តុលាការកំពូលបានបដិសេធសំណើរបស់លោក សៀម ភ្លុក ដែលសុំឲ្យក្រសួងដកការសម្រេច ដែលមិនផ្តល់សុពលភាពដល់គណបក្សខ្លួន។ បន្ទាប់មកគឺកាលពីដើមខែមីនានេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចដកឈ្មោះគណបក្សចេញពីបញ្ជីគណបក្សនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។