អ្នកសារព័ត៌មានឯករាជ្យ និងអ្នកគាំទ្រលោក កឹម សុខា ជាច្រើននាក់ ត្រូវបានកងកម្លាំងប៉ូលិស និងសន្តិសុខ ដាក់បារ៉ាស់ រារាំងមិនឲ្យឈរនៅមុខសាលាឧទ្ធរណ៍ អំឡុងពេលដំណើរសវនាការរបស់ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា នោះទេ នៅថ្ងៃទី៨ ខែកុម្ភៈ។
ពុំមែនជារឿងថ្មីនោះទេ ដែលអាជ្ញាធរក្រុងភ្នំពេញ រឹតត្បិតមកលើអ្នកសារព័ត៌មាន និងសកម្មជនបក្សប្រឆាំង។ ជាក់ស្ដែងនៅថ្ងៃសវនាការលោក កឹម សុខា មានអាជ្ញាធរពង្រាយកម្លាំង សន្តិសុខ និងប៉ូលិសជាច្រើននាក់ ចាំយាមកាមនៅខាងក្រៅរបងសាលាឧទ្ធរណ៍ ហើយរួមទាំងបង្កប់ដោយជនស៊ីវិលឱ្យតាមថតរូប និងឃ្លាំមើល អ្នកសារព័ត៌មាន និងក្រុមសកម្មជនបក្សប្រឆាំង។
នៅពីក្រៅរបងសាលាឧទ្ធរណ៍ចម្ងាយជាង ១០០ម៉ែត្រ មានអ្នកមកគាំទ្រ លោក កឹម សុខា ប្រមាណជាង ៣០នាក់ ហាក់ព្រួយបារម្ភពីសុវត្ថិភាព រួមទឹកមុខក្រៀមក្រំ។
អ្នកគាំទ្រលោក កឹម សុខា ដែលកំពុងឈរនៅក្រៅរបងសាលាឧទ្ធរណ៍ ក្រោយពីអាជ្ញាធរពុំឱ្យចូលឃ្លាំមើលនៅមុខតុលាការ លោក ណុំ វណ្ណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៨ ខែកុម្ភៈ ថា លោកមកទីនេះ គឺដើម្បីគាំទ្រ កឹម សុខា។ លោកថា សវនាការលើកនេះ មានអ្នកមកគាំទ្រ តិចជាងមុនៗ ដោយសារតែស្ថានភាពនយោបាយពុំសូវល្អ ចំណែកការរឹតត្បិត ពីសំណាកកម្លាំងប៉ូលិស និងសន្តិសុខ ក៏កាន់តែអាក្រក់ជាងមុន។
លោក ណុំ វណ្ណា៖ «ខ្ញុំមកកាន់តុលាការនេះគ្រាន់តែចង់ដឹងឮរឿងក្ដីថា តើរឿងក្ដីរបស់គាត់នឹងវាដល់ណាហើយ។ នៅក្នុងចិត្តនឹងចង់ឱ្យខាងតុលាការនឹងលើកលែងទោស ឱ្យគាត់នឹងឆាប់បានមកធ្វើនយោបាយវិញ ព្រោះពលរដ្ឋជាច្រើនចង់ឱ្យ លោកប្រធានធ្វើនយោបាយវិញទាំងអស់គ្នា»។
ក្រៅពីអ្នកគាំទ្រលោក កឹម សុខា នោះ អ្នកអ្នកសារព័ត៌មានមកពីស្ថាប័ន សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (Camboja) និង សំឡេងសហរដ្ឋអាមេរិក វីអូអេ (VOA) ក៏អាជ្ញាធរពុំអនុញ្ញាតឱ្យចូលយកព័ត៌មាន ឬផ្ដិតរូបភាព នៅពីមុខសាលាឧទ្ធរណ៍ផងដែរ បើទោះអ្នកទាំងនោះ បានចុះ ឈ្មោះចូលស្ដាប់សវនាការហើយក៏ដោយ។
នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ប្រាប់វិទ្យុអាស៊ីសេរីថា ការហាមឃាត់ដល់អ្នកសារព័ត៌មានបែបនេះ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលព័ត៌មានពិតរបស់ពលរដ្ឋ និងសិទ្ធិសេរីភាពសារព័ត៌មានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ មាត្រា៤១។ លោកបន្តថា អាជ្ញាធរពាក់ព័ន្ធគួរតែពិចារណាឡើងវិញ ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវដើម្បីបម្រើផលប្រយោជន៍សាធារណជន។
លោក ណុប វី៖ «ខ្ញុំគិតថាចំណុចនេះអ្នកពាក់ព័ន្ធគួរតែមានការពិនិត្យ ហើយសម្របសម្រួលឱ្យធ្វើម៉េចឱ្យសារព័ត៌មាននឹងគឺថា គាត់អាចទទួលបានព័ត៌មានច្រើនតាមអ្វីដែលអាចធ្វើបាន ដើម្បីឱ្យគាត់អាចមានលទ្ធភាពបម្រើទៅដល់ការលើកស្ទូងសិទ្ធិក្នុងការទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋទូទៅ»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៨ ខែកុម្ភៈ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ក្នុងពេលសវនាការសំណុំរឿងលោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញកន្លងទៅ តុលាការ ក៏បានរឹតត្បិតសាធារណជនមិនឲ្យចូលរួមតាមដានដោយពេញលេញឡើយ ទោះបីជាសវនាការនោះត្រូវបានតុលាការប្រកាសធ្វើជាសាធារណៈក្ដី។
នៅពេលនោះ ក្រុមអង្គការសមាគមចំនួន ៨២ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមគ្នាទាមទារឱ្យតុលាការ ផ្សព្វផ្សាយដំណើរការសវនាការសំណុំរឿងរបស់លោក កឹម សុខា ឱ្យបានទូលំទូលាយ ដើម្បីធានាអំពីតម្លាភាព និងមានការចូលរួមដោយពេញលេញពីសាធារណជន ជាពិសេសក្រុមគ្រួសារ របស់លោក អ្នកសារព័ត៌មាន និងមន្ត្រីសង្គមស៊ីវិល។
ក្រុមអង្គការ-សមាគមទាំងនោះ លើកឡើងថា សាធារណជនទាំងក្នុង និងក្រៅប្រទេស មានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះសំណុំរឿងមេបក្សប្រឆាំងរូបនេះ ដោយសារតែពួកគេមើល ឃើញថា ការចោទប្រកាន់ពី “បទឃុបឃិតជាមួយបរទេសផ្ដួលរំលំរដ្ឋាភិបាល” គឺតុលាការមិនទាន់ បានបង្ហាញជាសាធារណៈនូវភស្តុតាងគួរឱ្យជឿទុកចិត្តណាមួយនៅឡើយ។ ម្យ៉ាងទៀត ការចោទប្រកាន់លោក កឹម សុខា នេះ មានការជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងការរំលាយគណបក្សសង្គ្រោះជាតិ ដែលជា គណបក្សជំទាស់ធំជាងគេនៅកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។
ករណីរារាំងអ្នកសារព័ត៌មានឯករាជ្យមិនឲ្យចូលយកព័ត៌មានអំពីដំណើរការសវនាការសំណុំរឿងលោក កឹម សុខា នៅពេលនេះ ក៏ឆ្លុះបញ្ចាំងពីការរឹតត្បិតសិទ្ធិសេរីភាពសារព័ត៌មាន ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍វាយតម្លៃរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) ដែរ។ អង្គការមួយនេះ រកឃើញថា សេរីភាពសារព័ត៌មាននៅកម្ពុជាស្ថិតក្នុងស្ថានភាពអាក្រក់ ដោយសារការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។