ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) លើកយកករណីសំណុំរឿងបទចោទព្រហ្មទណ្ឌប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ដែលតុលាការមិនទាន់ទម្លាក់ចោល ទៅជជែកជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងជំនួបរវាងលោកឯកអគ្គរដ្ឋទូត និងលោក ខៀវ កាញារីទ្ធ នៅទីស្ដីការក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ។ លោក ប៉ាទ្រីក ម័រហ្វ៊ី សរសេរនៅលើទំព័រទ្វីតធ័ររបស់លោក ក្រោយជំនួបនេះថា លោកបានជួបជាមួយលោក ខៀវ កាញារីទ្ធ ពិភាក្សាអំពីការអនុញ្ញាតឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បើកដំណើរការផ្សាយឡើងវិញ សារសំខាន់នៃសេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យ ព្រមទាំងករណីបទចោទព្រហ្មទណ្ឌប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ដែលមិនទាន់បិទបញ្ចប់នៅឡើយ។
Met with Information Minister Khieu Kanharith today: discussed 's successful return to air in , the importance of press freedom & expression in a democracy, and unresolved criminal charges against former reporters.
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់អាស៊ីសេរី នៅមុនម៉ោងផ្សាយនេះបន្តិចថា លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ពីបញ្ហានេះ នៅក្នុងជំនួបនេះមែន ក៏ប៉ុន្តែ ពុំមានការជំរុញ ឬស្នើសុំឲ្យពន្លឿនសំណុំរឿងនេះឡើយ ដោយសារបញ្ហានេះកំពុងស្ថិតក្នុងសមត្ថកិច្ចរបស់តុលាការ៖ « លោកបានកត់សម្គាល់អំពីចំណុចនេះថា ជាដំណើរការមួយដែលមានពេលវេលាមួយ ដែលវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅរបស់អ្នកទាំងពីរហ្នុង។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ជូនឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា នេះគឺជាកិច្ចការនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ លោកមិនជ្រៀតជ្រែកទៅលើការងារនេះទេ ហើយលោកក៏បានដឹងតាមរយៈក្រសួងយុត្តិធម៌ផងដែរ ដោយសារតែការកកស្ទះសំណុំរឿងនៅតុលាការ ហេតុដូច្នេះហើយបានជាកិច្ចការនេះ នឹងត្រូវបន្តធ្វើ » ។
លោក មាស សុភ័ណ្ឌ ឲ្យដឹងដែរថា លោក ខៀវ កាញារីទ្ធ បានឆ្លើយតបថា បញ្ហាសំណុំរឿងរបស់អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ជារឿងដែលមិនអាចជ្រៀតជ្រែកកិច្ចការរបស់តុលាការបានទេ។ ក្រៅពីបញ្ហានេះ អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះឲ្យដឹងថា នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មាន ដែលបានអនុញ្ញាតឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បើកការិយាល័យ និងបើកដំណើរការផ្សាយឡើងវិញតាមវិទ្យុ និងប្រព័ន្ធអ៊ីនធឹណែត។
គិតរហូតមកទល់នឹងពេលនេះ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអ្នករាយការណ៍អាស៊ីសេរី ២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំហើយ ក្រោយពីអ្នកទាំងពីរត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ ហើយបានឃុំខ្លួនពួកលោកជាង ៩ខែទើបដោះលែងឲ្យនៅក្រៅឃុំ។ តុលាការបានចោទប្រកាន់ពួកលោកពីបទលួចផ្ញើព័ត៌មានសម្ងាត់ឲ្យរដ្ឋបរទេស និងបទចោទផលិត និងកាន់កាប់រូបភាពអាសអាភាស។ សំណុំរឿងប្រឆាំងនឹងអ្នកទាំងពីរ ត្រូវតុលាការកំពូលបញ្ជាឲ្យស៊ើបអង្កេតឡើងវិញ ដោយគ្មានកាលកំណត់ បន្ទាប់ពីរកពុំឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។