ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) ជំរុញឲ្យរដ្ឋាភិបាលទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ។ ការជំរុញនេះ ធ្វើឡើងនៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីថ្ងៃទី៩ កុម្ភៈ។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក នៅថ្ងៃទី១០ កុម្ភៈថា នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញ៉ារីទ្ធ កាលពីថ្ងៃទី៩ កុម្ភៈ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វ៊ី (Patrick Murphy) បានជំរុញឲ្យរដ្ឋាភិបាល ទម្លាក់ចោលរាល់បទចោទទាំងអស់ប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី។
ប្រតិកម្មនេះ កើតមានឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ទទួលស្គាល់ថា លោកឯកអគ្គរដ្ឋទូតពិតជាបានលើកឡើងពីបញ្ហានេះ នៅក្នុងជំនួបនោះមែន ក៏ប៉ុន្តែ លោកថា ពុំមានការជំរុញ ឬស្នើសុំឲ្យពន្លឿនសំណុំរឿងនេះឡើយ ដោយសារបញ្ហានេះ កំពុងស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ៖ « លោកបានកត់សម្គាល់អំពីចំណុចនេះថា ជាដំណើរការមួយដែលមានពេលវេលាមួយ ដែលវាអាចធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅរបស់អ្នកទាំងពីរហ្នុង។ ក៏ប៉ុន្តែ លោកបានបញ្ជាក់ជូនឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានថា នេះគឺជាកិច្ចការនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ លោកមិនជ្រៀតជ្រែកទៅលើការងារនេះទេ ហើយលោកក៏បានដឹងតាមរយៈក្រសួងយុត្តិធម៌ផងដែរ ដោយសារតែការកកស្ទះសំណុំរឿងនៅតុលាការ ហេតុដូច្នេះហើយបានជាកិច្ចការនេះ នឹងត្រូវបន្តធ្វើ » ។
ផ្ទុយពីការបកស្រាយរបស់អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ ក្រៅពីបានជំរុញឲ្យទម្លាក់ចោលរាល់បទចោទប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីទាំងពីរ លោកឯកអគ្គរដ្ឋទូតក៏ចង់ឃើញរដ្ឋាភិបាលចាត់វិធានការលើរឿងនេះ ជាបន្ទាន់ផងដែរ។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ក៏បានបញ្ជាក់ដែរថា ការទម្លាក់ចោលបទចោទទាំងអស់ប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី នឹងបង្ហាញឲ្យឃើញថា រដ្ឋាភិបាលកម្ពុជា នឹងបន្តប្ដេជ្ញាចិត្តជាថ្មីក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មាន ដូចដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។
គិតរហូតមកទល់នឹងពេលនេះ សំណុំរឿងព្រហ្មទណ្ឌប្រឆាំងនឹងអតីតអ្នករាយការណ៍អាស៊ីសេរី ២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ បានអូសបន្លាយអស់រយៈពេលជាង ៣ឆ្នាំហើយ ក្រោយពីអ្នកទាំងពីរត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៧ ហើយបានឃុំខ្លួនពួកលោកជាង ៩ខែទើបដោះលែងឲ្យនៅក្រៅឃុំ។ តុលាការបានចោទប្រកាន់ពួកលោកពីបទលួចផ្ញើព័ត៌មានសម្ងាត់ឲ្យរដ្ឋបរទេស និងបទចោទផលិត និងកាន់កាប់រូបភាពអាសអាភាស។ សំណុំរឿងប្រឆាំងនឹងអ្នកទាំងពីរ ត្រូវតុលាការកំពូលបញ្ជាឲ្យស៊ើបអង្កេតឡើងវិញ ដោយគ្មានកាលកំណត់ បន្ទាប់ពីរកពុំឃើញមានភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកលើអ្នកទាំងពីរ។ បទចោទប្រឆាំងនឹងអតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរី ទាំងពីររូបនេះ ត្រូវអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាត់ទុកថា ជាសំណុំរឿងបែបប្រឌិត និងជាការសងសឹកចំពោះវិទ្យុអាស៊ីសេរី ដែលហ៊ានផ្សព្វផ្សាយព័ត៌មានពិត និងលាតត្រដាងពីភាពអសកម្មរបស់មន្ត្រីនានាក្នុងជួររដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចំណាត់ការរបស់អាជ្ញាធរបែបនេះ ក៏ត្រូវគេមើលឃើញថា ជាការវាយប្រហារ និងរឹតត្បិតសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមុនពេលព្រឹត្តិការណ៍បោះឆ្នោតជាតិ កាលពីឆ្នាំ២០១៨។
អស់រយៈពេល ៤ឆ្នាំជាប់គ្នា សន្ទស្សន៍សេរីភាពសារព័ត៌មាននៅកម្ពុជាបន្តធ្លាក់ចុះយ៉ាងគំហុក ពីលេខ ១៣២ កាលពីឆ្នាំ២០១៧ មកដល់លេខ ១៤៤ ក្នុងឆ្នាំ២០២០ ក្នុងចំណោម ១៨០ ប្រទេសនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ មានន័យថា កម្ពុជានៅតែស្ថិតក្នុងចំណោមក្រុមប្រទេសដែលមានស្ថានភាពលំបាកលំបិនផ្នែកសេរីភាពសារព័ត៌មាន ខណៈអ្នកសារព័ត៌មាននូវតែរងការធ្វើទុក្ខបុកម្នេញ ស្ថិតក្រោមការរឹតត្បិត ការគំរាមកំហែង និងការចាប់ដាក់គុកជាដើម។ ទន្ទឹមនឹងនេះ កម្ពុជា នៅតែបន្តជាប់ឈ្មោះ ជាប្រទេស «ផ្ដាច់ការ» នៅលើពិភពលោក ក្នុងសន្ទស្សន៍ប្រជាធិបតេយ្យ ឆ្នាំ២០២០ របស់អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ (London) ចក្រភពអង់គ្លេស (UK)។
ក្រៅពីជំនួបជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ កាលពីពេលថ្មីៗ នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក ប៉ាទ្រីក ម័រហ្វ៊ី ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ។ ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានលើកឡើងពីកង្វល់នានា ជុំវិញបទចោទប្រឆាំងនឹងមន្ត្រី និងសកម្មជនបក្សប្រឆាំង។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិក មិនកាន់ជើងខាងណាឡើយ ក៏ប៉ុន្តែ សហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលបើកឡើងវិញនូវលំហនយោបាយ ដើម្បីនាំមកវិញនូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដមួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។