សហរដ្ឋអាមេរិក បន្តលើកឡើងពីកង្វល់យ៉ាងខ្លាំងជុំវិញរឿងរ៉ាវនៃសកម្មភាពរបស់កងទ័ពរំដោះប្រជាជនចិននៅកំពង់ផែរាម។
អ្នកនាំពាក្យ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិក (អ៊ីមែល) កាលពីចុងសប្ដាហ៍នេះថា សហរដ្ឋអាមេរិក និងប្រទេសនានានៅក្នុងតំបន់ តែងតែលើកឡើងពីកង្វល់យ៉ាងខ្លាំងរបស់ខ្លួនជាទៀងទាត់ ជុំវិញចេតនាលក្ខណៈពិតប្រាកដ និងវិសាលភាពនៃការសាងសង់កំពង់ផែកងទ័ពជើងទឹករាម ព្រមទាំងតួនាទីរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិន (PRC) នៅក្នុងដំណើរការ និងការប្រើប្រាស់កំពង់ផែនេះនាពេលអនាគត។ ស្ថានទូតអាមេរិក សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជា ប្រទេសជិតខាង អាស៊ាន និងតំបន់ទាំងមូល នឹងទទួលបានអត្ថប្រយោជន៍ ប្រសិនបើមានតម្លាភាពជុំវិញសកម្មភាពនានារបស់សាធារណរដ្ឋប្រជាមានិតចិននៅកំពង់ផែរាម។
កង្វល់ និងការជំរុញរបស់អាមេរិកសារជាថ្មីនេះ កើតមានឡើងក្រោយពីស្ថាប័នស្រាវជ្រាវយុទ្ធសាស្ត្រអាមេរិក CSIS បានចេញផ្សាយអត្ថបទវិភាគមួយកាលពីថ្ងៃទី១៨ ខែមេសា ដោយសន្និដ្ឋានតាមរយៈការប្រើរូបភាពថតបានពីផ្កាយរណបពាណិជ្ជកម្មថា នាវាចម្បាំងរបស់ចិនពីរគ្រឿងបានចូលចតនៅកំពង់ផែរាមអស់រយៈពេលជាង៤ខែមកហើយដោយពុំទាន់ចាកចេញវិញនៅឡើយទេ។ នាវាចម្បាំងចិនពីរគ្រឿងនោះ ត្រូវគេឃើញជាលើកដំបូងកាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣។
ស្ថាប័នស្រាវជ្រាវ CSIS រកឃើញថា ផ្អែកតាមរូបភាពពីផ្កាយរណប នាវាចម្បាំងទាំងពីរគ្រឿងរបស់ចិននេះ មិនដែលចាកចេញពីកំពង់ផែរាមឡើយ ហើយបច្ចុប្បន្ន កំពុងបន្តមានវត្តមានជាទៀងទាត់អស់រយៈពេលជាង ៤ខែមកហើយនៅកំពង់ផែរាម។ ស្ថាប័ននេះ ចោទជាសំណួរថាតើវត្តមានរបស់នាវាចម្បាំងចិននេះ អាចនឹងនាំឱ្យមានការបង្កើតវត្តមានជាអចិន្ត្រៃយ៍របស់កងទ័ពចិននៅកំពង់ផែរាម ឬយ៉ាងណា។
កន្លងទៅ រដ្ឋាភិបាលកម្ពុជាតែងបដិសេធយ៉ាងដាច់អហង្ការជុំវិញការសង្ស័យរបស់អាមេរិកដែលថាកម្ពុជាលួចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានទ័ពនៅលើទឹកដីរបស់ខ្លួន ព្រោះថាការធ្វើដូច្នេះគឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។